វីរុសកូរ៉ូណា​នៅហុងកុង

មេដឹកនាំហុងកុង ចេញបញ្ជា «ហាមមន្ត្រីរដ្ឋាភិបាលពាក់ម៉ាស់» ដើម្បីសន្សំទុកឲ្យបុគ្គលិកពេទ្យប្រើវិញ


មេដឹកនាំកំពូលរបស់ហុងកុង លោកស្រី Carrie Lam បានបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ មិនត្រូវពាក់ម៉ាស់នោះទេ លើកលែងតែកាលៈទេសៈតម្រូវ។ ការបញ្ជាមិនឲ្យមន្ត្រី ពាក់ម៉ាស់នេះ គឺដើម្បី ជួយសន្សំសំចៃម៉ាស់ទាំងនោះ ទុកឲ្យបុគ្គលិកពេទ្យប្រើប្រាស់ ដែលពួកគេនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា តាមរយៈការចុះជួយអ្នកឆ្លង និងផ្ទុកមេរោគនេះយ៉ាងសស្រាក់សស្រាំ។
មេដឹកនាំហុងកុង ចេញបញ្ជាហាមមន្ត្រីរដ្ឋាភិបាលពាក់ម៉ាស់ ដើម្បីសន្សំទុកឲ្យបុគ្គលិកពេទ្យប្រើវិញ (រូបភាព៖ SCMP)
ដោយ

បើតាមសារព័ត័មាន South China Morning Post បាន​រាយការណ៍ថា លោកស្រី Carrie Lam មិនបាន​ពាក់ម៉ាស់​​ពីរថ្ងៃជាប់គ្នាហើយ នៅពេល​លោកស្រី បានបង្ហាញខ្លួន​នៅមុខ​សន្និសីទ​សារព័ត៌មាន នៅថ្ងៃអង្គារទី ៤ កុម្ភៈនេះ ដោយលោកស្រី បាន​លើកឡើងថា រដ្ឋាភិបាល​លោកស្រី នឹងកាត់បន្ថយ​ការប្រើប្រាស់ម៉ាស់ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​សកលកំពុងកើនឡើង សម្រាប់ផលិតផល​សុខភាព។

លោកស្រី Carrie Lam បាននិយាយថា «យើង​ជឿជាក់ថា រដ្ឋាភិបាល​គួរតែ​ធ្វើជាគំរូនាំមុខ ដូច្នេះយើង​បាន​ដាក់ចេញ​នូវសេចក្ដី​ណែនាំផ្ទៃក្នុង​ ដោយស្នើ​ឲ្យ​គ្រប់​នាយកដ្ឋាន​ទាំងអស់​ អនុវត្តតាម​នេះក្នុងការពាក់ម៉ាស់។» លោកស្រី បន្ថែមទៀតថា «​គោលដៅ ដើម្បីជួយសន្សំសំចៃ​ម៉ាស់​សម្រាប់ទុកឲ្យ​បុគ្គលិកពេទ្យយកទៅប្រើប្រាស់»។

បើតាម​ការគូសបញ្ជាក់​របស់​មេដឹកនាំ​កំពូល​របស់ហុងកុង​រូបនេះ បាន​ឲ្យដឹងថា មន្ត្រីដែល​អាច​យកម៉ាស់​ប្រើប្រាស់បាន លុះត្រាតែ​ពួកគេ​មានសុខភាព​មិនល្អ, ធ្វើការងារ​នៅ​ក្នុងការ​ផ្ដល់សេវា​ជួរមុខ​ប្រឈម​នឹង​ការឆ្លងវីរុស និង​ចូលរួម​នៅក្នុង​កម្លែង​ដែលមានមនុស្សច្រើន ដែលគួរតែ​ពាក់ម៉ាស់។

លោកស្រី Lam និយាយយ៉ាងដូច្នេះថា «យើង​នឹង​មើលទៅលើ​មន្ត្រីទាំងអស់ ដែល​កំពុងនឹង​ជួបជាមួយ​អ្នកសារព័ត៌មាន ហើយ​និង​នៅក្នុង​ភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ។ ប្រសិនបើ​ពួកគេ​មិនត្រូ​នឹង​លក្ខណៈវិនិច្ឆ័យ​ទាំងនោះទេ ពួកគេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យពាក់ម៉ាស់ទេ។»។ លោកស្រី បានគូសសង្ងត់ធ្ងន់ទៀតថា «ខ្ញុំពិតជាបាន​ប្រាប់ទៅពួកគេ​ថា មិនអាចពាក់ម៉ាស់ទេ ហើយពួកគេ​ត្រូវដោះ​ម៉ាស់ចេញ ទោះបីជាពួកគេ​កំពុងពាក់វាក៏ដោយ»។ 

បើតាមការអះអាងរបស់លោកស្រី Lam ប្រសិនបើ​ម្នាក់ៗ​ប្រើម៉ាស់ ២ទៅ ៣ ក្នុងមួយថ្ងៃ វានឹង​ធ្វើឲ្យមានសម្ពាធ​កាន់តែខ្លាំង​ទៅលើ​ការផ្គត់ផ្គង់ម៉ាស់ ហើយ​អ្នកសារព័ត៌មាន​ក៏គួរតែ​ពិចារណា​អនុវត្ត​តាមវិធានការដូចគ្នានេះដែរ។

ទោះយ៉ាងណា លោកស្រី Carrie Lam ត្រូវបានគេប្រទះឃើញពាក់ម៉ាស់​នៅព្រឹកថ្ងៃអង្គារនេះ នៅពេលទទួល​ញ្ញត្តិខាងក្រៅ​ការិយាល័យ របស់លោកស្រី ពីក្រុមអ្នកតវ៉ា ដែលបាន​ខឹង​នឹងការ​ឆ្លើយតប​របស់រដ្ឋាភិបាលរបស់​លោកស្រីចំពោះ​ការផ្ទុះឡើង​នៃវីរុសកូរ៉ូណា មុនពេលលោកស្រី​បានជួបជាមួយអ្នកសារព័ត៌មាន។ 

គិតត្រឹមថ្ងៃទី ៤ កុម្ភៈនេះ បើតាមរបាយការណ៍ពី គណៈកម្មាធិការសុខាភិបាលចិន គិតត្រឹមព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ករណីមនុស្សឆ្លងមេរោគ កូរ៉ូណា កើនដល់ជាង ២ម៉ឺននាក់ និងសម្លាប់មនុស្សអស់ ៤២៧នាក់ នៅក្នុងប្រទេសចិន ក្រៅពីនោះក៏មាន ការព្យាបាលបានជាសះស្បើយ ប្រមាណ ៦៥០នាក់។ ក្នុងនោះដែរ ហុងកុង មានករណី​ឆ្លងវីរុស​កូរ៉ូណានេះ ចំនួន ១៥ ករណី និងបាន​ស្លាប់​មនុស្សចំនួន​ម្នាក់ផងដែរ។

សូមបញ្ជាក់ដែរថា នៅកម្ពុជាយើងវិញ នៅប៉ុន្មានថ្ងៃមុននេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅក្នុង​ពេលពិធី​ថ្លែងសារ​នៅចំពោះមុខ​អ្នកសារព័ត៌មាន ក៏បានគំរាម​ដេញ​មន្ត្រី និងអ្នកសារព័ត៌មាន​ដែលពាក់​ម៉ាស់​នៅក្នុង​ពិ​ធីនោះ ឲ្យចេញក្រៅផងដែរ ដោយសម្ដេច បាននិយាយថា «នាយករដ្ឋមន្ត្រីអត់ទាំងពាក់ម៉ាស់ផង រួចមកពាក់ម៉ាស់អី​នៅក្នុងកន្លែងហ្នឹង? នេះអត់មាននរណាពាក់ម៉ាស់ទេ បើសិនណាពាក់ម៉ាស់ ខ្ញុំដេញចេញហើយ អត់ឲ្យនៅណេះទេ! អ្ហែងទៅស៊ីជាមួយម៉ាស់ ទៅនៅជាមួយម៉ាស់ទៅ!»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ប្រទេស

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly) គ្រប់ខួប១០០ឆ្នាំ នៅសាធារណរដ្ឋកូរ៉េនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន…

ការរកស៊ី​របស់ SCG នៅ​កម្ពុជា​នៅតែកើន​ចំណូល ខណៈ​ដែលប្រតិបត្តិការសាកល​មានការថមថយចុះ

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និង​គ្រឿង​សំណង់​ដ៏ធំបំផុត​មួយ នៅក្នុង​តំបន់​អាស៊ាន គឺក្រុមហ៊ុន SCG ដែលមាន​មូលដ្ឋាន​ធំនៅប្រទេសថៃ បានចេញ​របា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ