បញ្ហា​សំរាម​ប្លាស្ទិក

ហេតុ​អ្វី​សំរាម​ប្លាស្ទិក​មក​ដល់​កម្ពុជា? មេគយ​ផ្តល់​ការ​វិភាគ​ពីរ​យ៉ាង!


អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​ថា ខ្លួន​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ថា ហេតុអ្វី​កាក​សំណល់​ប្លាស្ទិក​ដែល​មាន​ចំនួន​ដល់​ទៅ ១៦០០​តោន បាន​មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​នោះ​ទេ ក៏​ប៉ុន្តែ បាន​ផ្តល់​ការវិភាគ​ទៅ​លើ​សេណារីយ៉ូ (scenario) ពីរ​យ៉ាង។
រូបភាពកុងតឺន័រ​ផ្ទុកសំណល់​ផ្លាស្ទិក ដែល​អាជ្ញាធរ​បានរកឃើញ​នាំចូលមកទុកនៅ​កំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ។ រូបភាព ទំព័រ ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
ដោយ

អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​រួច​ហើយ​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា​ថា បាន​ដាក់​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១.០៣៧.៥០០.០០០រៀល លើ​ក្រុមហ៊ុន​ជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ ឯក (Chungyuen Plastic Manufacture Co, Ltd) ដែល​បាន​នាំ​ចូល​សំរាម​ប្លាស្ទិក​ចំនួន ៨៣​កុងតឺន័រ ពី​សហរដ្ឋ​អាមេរិក និង​កាណាដា ដោយ​ខុស​ច្បាប់។

សេណារីយ៉ូ​​ទី​មួយ បើ​តាម​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ គឺ​ជា «វិបត្តិ​សំណល់​ប្លាស្ទិក​ក្នុង​តំបន់» ក្រោយពី​ប្រទេស​ចិន​បិទ​ឬ​ហាម​ឃាត់​ការ​នាំចូល​សំណល់​ប្លាស្ទិក​ដើម្បី​កែច្នៃ​ឡើង​វិញ ហើយ​ដែល​បណ្តាល​ឲ្យ​សំណល់​ប្លាស្ទិក រាប់​ម៉ឺន​តោន នៅ​ច្រាល​ចុះ ច្រាល​ឡើង ខណៈ​ដែល​ចំនួន​ខ្លះ​បាន​ធ្លាយ​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។

លោក គុណ ញឹម បាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ដូច្នេះ​ថា ៖ «នេះ​អាច​ជា​ការ​ដឹក​ចូល​មក​កម្ពុជា​នៅពេល​រក​ប្រទេស​ទទួល​មិន​ទាន់​ឃើញ, សំចត​បណ្តោះ​អាសន្ន​ហើយ​អាច នៅ​ពេល​រក​ប្រទេស​ដែល​នាំចូល​ឃើញ គឺ​អាច​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​នោះ​វិញ។»

​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ។ (ហេង ភារម្យ)

លោក គុណ ញឹម បាន​អះអាង​ថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក នេះ​ បាន​ដាក់​ពាក្យ​ម្តង​ហើយ កាល​ពី​ខែ​មេសា​កន្លង​ទៅ ដើម្បី​សុំ​នាំចេញ​សំរាម​ប្លាស្ទិក​នេះ​ទៅ​ប្រទេស​ទីបី គឺ​ប្រទេស​ផ្សេង​ពី​កម្ពុជា និង​ប្រទេស​ដើម​ដែល​នាំ​ចេញ។

លោក គុណ ញឹម បាន​និយាយ​បន្ត​ដូច្នេះ​ថា ៖ «ហើយ​ប្រហែល​ជា​ដឹង​ទំនិញ​នេះ ជា​ទំនិញ​ហាម​ឃាត់​ ហេតុដូច្នេះ​ហើយ បាន​ជា​វា​ស្ថិត​ក្នុង​ទីលាន​កំពង់ផែ​រយៈពេល​យូរ​ដូច្នេះ។»

ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក ចុះ​បញ្ជី​ក្រោម​ឈ្មោះ​ជនជាតិ​ខ្មែរ ឈ្មោះ សួង ឡុក ហើយ​ដែល​បាន​ជួល​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ជីចាង ដែល​កំពុង​សាងសង់​នៅ វាលរិញ ខេត្ត​ព្រះសីហនុ។

គយ​ក៏​បាន​បញ្ជា​ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក ឲ្យ​ដឹក​ទំនិញ​កាក​សំណល់​ប្លាស្ទិក​ទាំង​៨៣​កុងតឺន័រ​នេះ ត្រឡប់​ទៅ​អាមេរិក និង​កាណាដា វិញ ឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែ​សីហា នេះ​ផង​ដែរ។

សេណារីយ៉ូ​ទីពីរ, បើ​តាម​លោក គុណ ញឹម ដដែល, គឺ​ថា អាច​ថា​ក្រុមហ៊ុន​ ជុងយៀន ប្លាស្ទិក​នេះ មាន​គោល​បំណង​បើក​រោងចក្រ​កែ​ច្នៃ។

លោក គុណ ញឹម បាន​និយាយ​ដូច្នេះ​ថា ៖ «គាត់​ក៏​មាន​បំណង​ជួល របៀប​ជា​ឃ្លាំង ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ក៏​ប៉ុន្តែ តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​កសាង វា​មិន​ទាន់​ហើយ។»

លោក គុណ ញឹម ក៏​បាន​និយាយ​ផង​ដែរ ថា គាត់​មិន​មាន​ព័ត៌មាន​ស្រាវជា្រវ​ថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក បាន​ទទួល​លុយ​ពី​ការ​ដឹក​សំរាម​ប្លាស្ទិក​នេះ​ចំនួន​ប៉ុន្មាន​នោះ​ទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គយ​កម្ពុជា​ពិន័យ​ក្រុមហ៊ុន​នាំ​ចូល​សំរាម​ប្លាស្ទិច​ជា​ប្រាក់​ជាង​១​ពាន់​លាន​រៀល

ព័ត៌មាន
អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​កក្កដា​នេះ​ថា បាន​ដាក់​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១.០៣៧.៥០០.០០០​រៀល…

មានតែ ១០ ម៉ឺនរៀល ក៏អាចទិញបណ្ណបំណុលពីធនាគារ ABA បានដែរ!

ព័ត៌មាន
ធនាគារ ABA រំពឹងនឹងអាចធ្វើការបោះផ្សាយលក់មូលបត្របំណុលនៅក្នុងផ្សារមូលបត្រកម្ពុជា នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីធនាគារនេះ បានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ