តើវិស័យសំណង់កម្ពុជារំពឹងកំណើនលូតលាស់?

តើវិស័យសំណង់កម្ពុជារំពឹងកំណើនលូតលាស់ ឬដាំក្បាលចុះកម្រិតណានៅឆ្នាំ២០២២?


របាយការណ៍ពីក្រសួងសេដ្ឋកិច្ចបង្ហាញធា វិស័យសំណង់ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារការផ្តល់ឥណទានដល់វិស័យសំណង់បានបន្តកើនឡើង។ ជាក់ស្តែង នៅត្រឹមតី្រមាសទី៣ ឆ្នាំ២០២២នេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យសំណង់មានប្រមាណ ៤ពាន់៧រយលានដុល្លារអាមេរិក។
តើវិស័យសំណង់កម្ពុជារំពឹងកំណើនលូតលាស់ ឬដាំក្បាលចុះកម្រិតណានៅឆ្នាំ២០២២?

អ្នកឧកញ៉ លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានគូសបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅតែរក្សាបាននូវភាពធន់ រឹងមាំរបស់ខ្លួន ទោះបីជា​រយៈពេលចុងក្រោយនេះការប្រែប្រួល​នៃស្ថានការណ៍ពិភពលោក​ទាំងបញ្ហាវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន​បានគំរាមកំហែងដល់វិស័យនេះយ៉ាងណាក្ដី។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំវិសាមញ្ញ ពិភាក្សាអំពីវិស័យសំណង់នៅកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ និងស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់​វិស័យសំណង់​ និងអចលនទ្រព្យ​។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិការជាច្រើនរូបទៀតផងដែរ។

បើតាម អ្នកឧកញ៉ លី ហួរ ការរៀបចំកិច្ចប្រជុំវិសាមញ្ញនេះឡើង ក្នុងគោលបំណង់ពិភាក្សាលើបញ្ហាប្រឈមជាច្រើនក្នុងវិស័យសំណង់ ដែលត្រូវយកមកដោះស្រាយឱ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ អ្នកឧកញ៉ លី ហួរ បានគូសបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ក៏ដូចនៅបណ្តាប្រទេសដ៏ទៃទៀតនៅលើសកលោក ហាក់មានការធ្លាក់ចុះដូចគ្នាផងដែរ។ ការធ្លាក់ចុះបែបនេះ ក្រោយពីមានការរីករាលដាលជម្ងឺកូវីដ១៩ នៅលើសកលលោក បូករួមជាមួយបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន​ ដែលសង្រ្គាមនៅប្រទេសទាំងពីរនេះ បានជះឥទ្ធិពល និងបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោកតែម្តង រួមទាំង​កម្ពុជាដែរ។

យ៉ាងណាក៏ដោយចុះ អ្នកឧកញ៉ាលីហួរ បានគូសបញ្ជាក់ថា វិស័យសំណង់​ និងអចលនទ្រព្យ​នៅកម្ពុជា នៅតែរក្សាបាននូវភាពធន់ រឹងមាំរបស់ខ្លួន ទោះបីជា​មានជួបបញ្ហាគំរាមកំហែងជាសកល​យ៉ាងណាក្ដី។

បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់បានបន្តកើនឡើង។ ជាក់ស្តែង គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យសំណង់មានចំនួនប្រមាណ ៤ពាន់៧រយលានដុល្លារអាមេរិក ក្នុងនោះ គ្រឹះស្ថានធនាគារបានផ្តល់ឥណទានចំនួន ប្រមាណ ៤ពាន់៣រយលានដុល្លារ មានការកើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានចំនួនជាង ៤រយលានដុល្លារ កើនឡើង ៣៥% ផងដែរ។

របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា នៅត្រីមាសទី៣ ឆ្នាំ២០២២នេះ ការអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥ គម្រោង បានកើនឡើងចំនួន ១៤៧ គម្រោង ស្មើនឹងជាង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្ដែ តម្លៃគម្រោងសាងសង់សរុប​បានធ្លាក់ចុះប្រមាណ ៦០% មកនៅត្រឹមតែជាង​៧៥០លានដុល្លារអាមេរិកប៉ុណ្ណោះ។ គម្រោងសំណង់ដែលមានការធ្លាក់ចុះភាគច្រើន គឺជា​សំណង់​ទេសចរណ៍ និង​សំណង់ពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តលើកទឹកចិត្តដល់វិនិយោគិនបរទេសទាំងអស់ ឲ្យបង្កើនឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិ…

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងសម្រេចការសាងសង់បាន៧០% នៅត្រឹមដំណាច់ឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពកំណត់យកឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»ជាឈ្មោះផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលកំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ