ប​ទវិភាគ

តើ​ធ្វើ​ដូចម្ដេច​ទើប​ជួយ​ពលរដ្ឋ​ខ្មែរ​ចាក​ផុត​បំណុល​វ័ណ្ឌ​ក​បាន?


បេសកកម្ម​ស្នូល​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ គឺ​ផ្តល់​ទុន(កម្ចី) ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​យក​ទៅ​ប្រកប​អាជីវកម្ម​ដើម្បី​ចិញ្ចឹម​គ្រួសារ។ ប៉ុន្តែ សេវា​ប្រាក់​កម្ចី​ក៏​ជា​អាវុធ​មុខ​ពីរ​ដូច​ថ្នាំ​ពេទ្យ​ដែរ ពោល​គឺ បើ​ប្រើ​ត្រូវ អាច​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង តែ​បើ​ប្រើ​ខុស ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវភាព​ទៅ​វិញ​ដោយ​បង្ក​ជា​បំណុល​វ័ណ្ឌក។
កសិករ​ខ្មែរ​មួយ​ចំនួន ធ្លាក់​ខ្លួន​ជាប់​បំណុល​ដោយសារ​តែ​កសិផល​លក់​មិន​ដាច់ ឬ​លក់​ដាច់​តែ​មិន​រួច​ថ្លៃ​ដើម នាំ​ឲ្យ​ខាត។ រូបភាព៖ ហេង ភារម្យ
ដោយ

និយាយ​រឿង​បំណុល​វ័ណ្ឌ​ក ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។ តើ​មាន​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ដែល​ជា​ដំណោះស្រាយ​អាច​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាក​ផុត​ពី​បំណុល​វ័ណ្ឌក? ខ្ញុំ​សូម​ផ្តោត​ការ​វិភាគ​និង​ផ្តល់​ជា​ដំណោះស្រាយ​ចំនួន​ ៤​ចំណុច តាមរយៈ​តឹកតាង​ឬ​ទិន្នន័យ​ដែល​បាន​ស្រាវជ្រាវ​កន្លង​មក​ដូច​តទៅ៖

១. កសាង​​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​កូន​បំណុល (អ្នក​ខ្ចី​ប្រាក់)

ការ​ស្រាវជ្រាវ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា បាន​ផ្តល់​ជា​តឹកតាង​ដ៏​រឹងមាំ​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​តិចតួច​ដែល​មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ (តាម​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន Standard&Poor របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ត្រឹម​១៨% ប៉ុណ្ណោះ ដែល​មាន​ការ​យល់ដឹង​ពី​មូលដ្ឋាន​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ) ហើយ​នេះ​ជា​កត្តា​ចម្បង​ដែល​ជា​ដើម​ចម​នៃ​បំណុល​វ័ណ្ឌ​ក (យោង​តាម​របាយការណ៍​សិក្សា​ពី​បំណុល​វ័ណ្ឌ​ក របស់​ស្ថាប័ន​វិនិយោគ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ Blue Orchard, Incofin IM និង Oikocredit នៅ​ឆ្នាំ​២០១៣ ចំនួន​ចន្លោះ​ ៥១% ទៅ ៥៦% នៃ​អតិថិជន​ដែល​ជា​កូន​បំណុល​បញ្ជាក់​ថា មាន​ការ​លំបាក​ក្នុង​ការ​សង​ត្រឡប់។ 

កាល​ណា​មាន​ចំណេះដឹង​ហិរញ្ញ​វត្ថុ​ទាប អាច​មាន​កម្ចី​ត្រួត​គ្នា​ច្រើន កាល​ណា​មាន​កម្ចី​ត្រួត​គ្នា​ច្រើន​នឹង​ឈាន​ដល់​ជួប​ផល​លំបាក​ក្នុង​ការ​សង​ត្រឡប់)។ ដូច្នេះ ការ​កសាង​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​កូន​បំណុល​ជា​ការ​ចាំបាច់។ បើ​មាន​ទីផ្សារ​លក់​រថយន្ត ក៏​ត្រូវ​មាន​សាលា​បង្រៀន​បើក​បរ​រថយន្ត​ដែរ។

២. រដ្ឋ​ត្រូវ​មាន​គោល​នយោបាយ​ការពារ​សង្គម (social protection policy) ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់

ការ​បញ្ចុះ​ការ​ប្រាក់​មក​ត្រឹម​១៨%​ក្នុង​១​ឆ្នាំ ជា​ការ​ល្អ​សម្រាប់​កសិករ​និង​អាជីវករ​ខ្នាត​តូច (ប្រសិន​បើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​មាន​និរន្តរភាព) ប៉ុន្តែ ត្រូវ​ចោទ​សួរ​ថា តើ​អតិថិជន​ទាំង​អស់​ពិត​ជា​ខ្ចី​ប្រាក់​យក​ទៅ​ប្រកប​អាជីវកម្ម?

តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC) សម្រាប់​ USAID នៅ​ឆ្នាំ​២០១៦ មាន​កូន​បំណុល​ប្រមាណ​ ២៧% ខ្ចី​ប្រាក់​យក​ទៅ​ចំណាយ​លើ​បញ្ហា​សុខភាព។ ការ​បញ្ចុះ​ការ​ប្រាក់​១៨%​មិន​មាន​ប្រសិទ្ធ​ភាព​ចំពោះ​អតិថិជន​ក្រុម​នេះ​ទេ ដូច្នេះ រដ្ឋ​ត្រូវ​មាន​គោល​នយោបាយ​ការពារ​សង្គម​ដែល​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ពោល​គឺ​ផ្តល់​នូវ​សេវា​សុខាភិបាល​សាធារណៈ​ឲ្យ​បាន​ទូលំ​ទូលាយ ដោយ​មិន​ផ្តោត​តែ​អ្នក​មាន​ប័ណ្ណ​ក្រីក្រ​នោះ​ទេ។ បន្ថែម​លើ​នេះ ប្រសិន​បើ​រដ្ឋ​ខ្វះ​លទ្ធភាព រដ្ឋ​អាច​ពិចារណា​លើក​កម្ពស់​ការ​វិនិយោគ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​សុខភាព​ខ្នាត​តូច។

លោក ង៉ែត ជូ

លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។

៣. ពង្រឹង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី 

តាម​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៣​ដដែល បាន​បង្ហាញ​ថា កាល​ណា​មាន​កម្ចី​ត្រួត​គ្នា​ច្រើន នឹង​ឈាន​ដល់​ការ​ជួប​ផល​លំបាក​ក្នុង​ការ​សង​ត្រឡប់។ ក្នុង​នោះ​អតិថិជន​ប្រមាណ​ជា​២១% មាន​បំណុល​ច្រើន​ជាង​១។ 

ដូច្នេះ និយ័តករ (ធនាគារ​ជាតិ) គួរ​ពិចារណា​ដាក់​កំហិត​លើ​ចំនួន​កម្ចី​ត្រួត​គ្នា​ច្រើន។ 

បន្ថែម​លើ​នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​និង​វិន័យ​ក្នុង​ការ​វាយ​តម្លៃ​កម្ចី​របស់​មន្រ្តី​ឥណទាន​ផង​ដែរ។

៤. លើក​កម្ពស់​ផលិតភាព​និង​ទីផ្សារ​កសិផល​ដើម្បី​ធានា​បាន​នូវ​ប្រាក់​ចំណេញ

របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៣​ដដែល បង្ហាញ​ថា ១៦% នៃ​អតិថិជន​មាន​អាជីវកម្ម​ដែល​មិន​មាន​ប្រាក់​ចំណេញ​គ្រប់​គ្រាន់​សម្រាប់​សង​ត្រឡប់។ ក្នុង​នោះ ពាក់​កណ្តាល​នៃ​អតិថិជន​ទាំង​នេះ​ពុំ​មាន​លទ្ធភាព​សង​ត្រឡប់​នោះ​ទេ។ ដូច្នេះ ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ផលិត​កម្ម​កសិកម្ម​និង​ទីផ្សារ​កសិផល​គឺ​ជា​ការ​ចាំបាច់​ដើម្បី​ធានា​បាន​នូវ​លទ្ធភាព​នៃ​ការ​សង​ត្រឡប់​របស់​អតិថិជន៕




អត្ថបទបន្ទាប់


គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​កំពុង​ដង្ហោយ​ស្វែងរក​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ ជៀសវាង​បិទ​ទ្វារ

ព័ត៌មាន
បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ដ…

តើ​ដឹង​ទេ អង្ករ​ខ្មែរ​នាំ​ចេញ​ទៅ​ប្រទេស​ណា​ច្រើន​ជាង​គេ​បំផុត?

ព័ត៌មាន
រយៈពេល​ចាប់​ផ្ដើម​នៃ​ឆ្នាំ​២០១៧​នេះ ហាក់ដូច​ជា​វិជ្ជមាន​សម្រាប់​ការនាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ពិភព​លោក។ តួលេខ​ថ្មី​បំផុត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ