ការប្រណាំងប្រជែងយោធារបស់ចិន និងអាមេរិក

តើយោធាចិននឹងឆ្លើយតបយ៉ាងដូចម្តេច ខណៈអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែស្រួចស្រាល់?


អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិមើលឃើញថា ប្រទេសចិននឹងពង្រីកវិស័យយោធារបស់ខ្លួនបន្ថែមទៀត ដើម្បីរារាំងកម្លាំងខាងក្រៅចូលមកដែនទឹក ដែលជាដែនឥទ្ធិពលរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកវិញនឹងរៀបចំដើម្បីពង្រីកវត្តមានយោធារបស់ខ្លួនដូចគ្នានៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្ត និងក្នុងតំបន់។ ទោះយ៉ាងណា អ្នកវិភាគមួយចំនួនទៀតយល់ឃើញថា ទីក្រុងប៉េកាំងប្រហែលជានឹងព្យាយាមដាក់សម្ពាធប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដើម្បីឱ្យពួកគេរក្សាគម្លាតឱ្យឆ្ងាយពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA។
អ្នកវិភាពមើលឃើញថា ការប្រណាំងប្រជែងយោធារបស់ចិន និងអាមេរិកនឹងកាន់តែមានភាពស្រួចស្រាល រូបភាព lowy institute

ទឡ្ហីករណ៍ទាំងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ចាត់ទុកប្រទេសចិនគឺជា «ការប្រកួតប្រជែងមួយដ៏លឿន» ហើយបានស្នើឱ្យបង្កើនថវិកាការពារជាតិអាមេរិកក្នុងទឹកប្រាក់ប្រមាណ ៨៦៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ ៨៤២ ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់ដោយមន្ទីរបញ្ជកោណអាមេរិក។ ប្រសិនបើកញ្ចប់ថវិកាការពារជាតិនេះ ត្រូវបានយល់ព្រមដោយសភាអាមេរិកតាមសំណើរបស់លោក ចូ បៃដិន មែននោះ វានឹងក្លាយជាការចំណាយជាប្រវត្តិសាស្ត្រដ៏ច្រើនបំផុតក្នុងពេលសន្តិភាពសម្រាប់យោធាអាមេរិក ដោយលើសពីការចំណាយ ៣,២% ធៀបនឹងឆ្នាំមុន។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា ការចំណាយថ្មីនេះនឹងក្លាយទៅជាការវិនិយោគដ៏ធំបំផុតសម្រាប់រក្សា និងពង្រឹងគុណសម្បត្តិយោធារបស់អាមេរិកលើប្រទេសចិន។ ដើម្បីរក្សាបានអត្ថប្រយោជន៍នេះ បញ្ជាការដ្ឋានប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិងកំពុងបង្កើនសមត្ថភាពការពារ និងរារាំងរបស់ខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំង រួមទាំងសព្វាវុធ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ព្រមទាំងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ផងដែរ។

យ៉ាងណាមិញ ប្រទេសចិនក៏មិនឈរឱបដៃនៅស្ងៀមមើលអាមេរិកនោះដែរ ដោយកាលពីកិច្ចប្រជុំសភាកាលពីដើមខែនេះ បានប្រកាសពីការចំណាយលើយោធាប្រចាំឆ្នាំដល់ទៅជាង ២២៤ ពាន់លានដុល្លារ លើការធ្វើទំនើបកម្ម និងពង្រីកបច្ចេកវិទ្យាយោធាទំនើបដើម្បីធ្វើយ៉ាងណា រត់តាមឱ្យទាន់មហាអំណាចយោធាផុតលេខអាមេរិក។

យោងតាមលោក Malcolm Davis អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបាននិយាយថា សហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមអភិវឌ្ឍយុទ្ធសាស្ត្រយោធាបន្ថែម ដើម្បីឆ្លើយតបនឹងប្រទេសចិន។

លោក ដាវីស បានគូសបញ្ជាក់ថា៖ គេកំពុងមើលឃើញពីការចាប់ផ្តើមនៃប្រកួតប្រជែងនៃការវាយប្រហារដោយមីស៊ីលនៅក្នុងតំបន់ ជាមួយនឹងអ្វីដែលសហរដ្ឋអាមេរិក ត្រូវតែធ្វើឱ្យប្រាកដថា ខ្លួនចាំបាច់ត្រូវតែការពារទីតាំងយុទ្ធសាស្ត្រក្នុងរយៈចម្ងាយមួយ ជាជាងកន្លែងដែលនាវាចម្បាំង និងយន្តហោះរបស់ខ្លួនកំពុងឈរជើងនៅក្នុងដែនអំណាចយោធាបិទជិតរបស់ចិន»។

ដោយឡែក បើតាមលោក Raymond Kuo អ្នកជំនាញផ្នែកសន្តិសុខតំបន់អាស៊ីបូព៌ាប្រចាំនៅវិទ្យាស្ថានស្រាវជ្រាវសិក្សា Rand Corporation របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រសិនបើកញ្ចប់ថវិកាយោធានោះនឹងចូលជាធរមានមែននោះ វានឹងមានសារៈសំខាន់ណាស់សម្រាប់យោធាអាមេរិកក្នុងការធ្វើឲ្យមានអាទិភាពចម្បងនៅអាស៊ីប៉ាស៊ីហ្វិក។ លោក រ៉ាយមុនដ៍ បានសង្កត់ធ្ងន់ថា៖ «នៅអំឡុងពេលសង្គ្រាមប្រឆាំងភេរវកម្ម» សហរដ្ឋអាមេរិកបានសំដៅ និងផ្តោតសំខាន់តែទៅលើតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ប៉ុន្តែឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងបង្កើន «ឥរិយាបទសកម្ម» នៅក្នុអាស៊ីប៉ាស៊ីហ្វិក រួមទាំងការពង្រីកមូលដ្ឋានយោធាជាដើម។

ទោះជាយ៉ាងណា លោកមើលឃើញថា ប្រទេសចិននឹងបន្តបណ្ដាក់ទុនលើការធ្វើទំនើបកម្មយោធារបស់ខ្លួនទាំងសមត្ថភាពវាយប្រហារធម្មតា ក៏ដូចជាផ្នែកលំហរអ៊ីនធឺណិត និងលំហរអាកាស។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ទីក្រុងប៉េកាំងក៏នឹងសម្លឹងមើលការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនៅក្នុងតំបន់មួយចំនួនផងដែរ ដើម្បីកាត់បន្ថយកិច្ចសហប្រតិបត្តិការរបស់ពួកគេជាមួយសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមមុខនឹងការកាត់រំសាយ ក្រោយធនាគារប្រកាសនឹងកាត់បន្ថយចំណាយ

ព័ត៌មាន
បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមនឹងហានិភ័យបាត់បង់ការងារធ្វើនៅពេល ធនាគារដ៏ធំរបស់ប្រទេសនេះគឺ UBS បណ្តាក់ទុន ជាមួយនឹង ធនាគារ…

តើលោក ស៊ី ជីនពីង បានពិភាក្សាជាមួយលោក ពូទីនអ្វីខ្លះ នៅវិមានក្រឹមឡាំង ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន?

ព័ត៌មាន
លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃចន្ទទី ២០ខែមីនា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅប្រទេសរុស្ស៊ី តបត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ