សង្គ្រាម​ពាណិជ្ជកម្ម​ អាមេរិក-ចិន

ស្ថាបនិក Huawei៖ ការយក Apple មកធ្វើការសងសឹកអាមេរិក ទំនងមិនអាចកើតឡើងទេ


បញ្ហារបស់ក្រុមហ៊ុន Huawei នៅតែជាចំណុចក្ដៅ ក្នុងសង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន ដែលពិភពលោកចាប់អារម្មណ៍ និងត្រូវបានអ្នកវិភាគជាច្រើន បានលើកឡើងថា ចិនអាចនឹងបើកការសងសឹងទៅអាមេរិកវិញនាពេលឆាប់ៗ ។ ហើយបើបែបនេះមែន នោះ ក្រុមហ៊ុនអាមេរិក Apple អាចនឹងត្រូវរងទុក្ខធំ។ ទោះយ៉ាងណា ស្ថាបនិក ក្រុមហ៊ុន Huawei លោក រ៉េន សេងហ្វៃ បានចេញមុខ អះអាងថា ការសងសឹកលើក្រុមហ៊ុន Apple ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺទំនងនឹងមិនអាចកើតឡើងនោះឡើយ ហើយបើសិនជារដ្ឋាភិបាលចិន ធ្វើបែបនេះ លោកនឹងចេញមុខជំទាស់តវ៉ាមុនគេតែម្ដង។
ស្ថាបនិក Huawei៖ ការយក Apple មកធ្វើការសងសឹកអាមេរិក ទំនងមិនអាចកើតឡើងទេ

សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន ត្រូវបានគេមើលឃើញថា ដើរដល់​ដំណាក់កាល​ក្ដៅ​គគុកមួយ នៅពេលដែលអាមេរិក បាន​សម្រេច​ដាក់​ក្រុមហ៊ុនចិន Huawei ចូលក្នុងបញ្ជីខ្មៅ កាលពីថ្ងៃទី ១៦ ឧសភាកន្លងទៅ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល​អាមេរិក ក៏បាន​ចេញ​បញ្ជា​ឲ្យក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់ខ្លួន​ជាច្រើន កាត់ផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ចិន Huawei នេះផងដែរ។  ​សារព័ត៌មាន​អន្តរជាតិ​ធំៗជាច្រើន បាន​ស្រង់គំនិត​របស់​អ្នកវិភាគមួយចំនួន បានឲ្យដឹងថា ការសម្រេច​របស់អាមេរិក​លើក្រុមហ៊ុន Huawei នេះ​ គឺជាល្បែង​ខាតបង់ទាំងសងខាង ព្រោះខ្សែច្រវ៉ាក់​ផ្គត់ផ្គង់​នាំចេញ​របស់​អាមេរិកក៏រងផលប៉ះពាល់មិនតិចដែរ។

អ្នកវិភាគខ្លះទៀតថា បើ ចិន ចង់​សងសឹកវិញនោះ ក្រុមហ៊ុន Apple របស់អាមេរិក ក៏រងទុក្ខ​មិនចាញ់ Huawei នាពេលនេះដែរ។

ប៉ុន្ដែ ថ្នាក់ដឹកនាំកំពូល​របស់ Huawei បែរជាចេញមុខ ការពារ ក្រុមហ៊ុន Apple ទៅវិញ ប្រសិនបើ​រដ្ឋាភិបាលចិន ពិតជា​មានវិធានការណ៍​វាយបកទៅអាមេរិក​ ដោយយក Apple ជាគោលដៅមែននោះ។ 

នៅក្នុងបទសម្ភាសន៍​ជាមួយនឹង សារព័ត៌មានអន្តរជាតិ Bloomberg កាលពីពេលថ្មីៗនេះ លោក រ៉េង សេងហ្វៃ ស្ថាបនិក និជា​ប្រធាន​ក្រុមហ៊ុន Huawei បាន​បញ្ជាក់ថា លោក នឹង​ចេញមុខជំទាស់ មុនគេ ប្រសិនបើ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង មានវិធានការណ៍​សកសឹកអាមេរិក តាមរយៈ​ការធ្វើ​ទុក្ខបុកម្និញ​ក្រុមហ៊ុន Apple ដែលបច្ចុប្បន្នកំពុង​មានរោងចក្រ​ផលិត​នៅក្នុងប្រទេសចិននេះ។

លោក រ៉េន សេងហ្វៃ និយាយក្នុងបទសម្ភាសន៍​យ៉ាងដូច្នេះថា « ក្រុមហ៊ុន Apple គឺជាគ្រូរបស់ខ្ញុំ គឺជាអ្នកនាំផ្លូវរបស់ខ្ញុំ។ ក្នុងនាម​ជាកូនសិស្សម្នាក់ ហេតុអីខ្ញុំត្រូវ​ប្រឆាំងនឹង​គ្រូរបស់ខ្លួនឯង គឺគ្មានថ្ងៃទេ!»។

មិនតែប៉ុណ្ណោះ បើតាម​ការ​បញ្ជាក់របស់​លោក រ៉េន សេងហ្វៃ ក្រុមហ៊ុន Huawei ទំនង​ជាគ្មាន​ការចរចា​ណាមួយ​ ជាមួយនឹង​អាមេរិកនោះឡើយ បើទោះបីលោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់​បើកចំហរទ្វារ​ចរចា​ក៏ដោយ។ 

លោកបញ្ជាក់​យ៉ាងច្បាស់ៗ នៅក្នុង កិច្ចសម្ភាសន៍ ជាមួយ Bloomberg យ៉ាងដូច្នេះថា «ប្រសិនបើ លោក ត្រាំ ហៅខ្ញុំ ខ្ញុំនឹង​ធ្វើ​មិនឃើញគាត់ អញ្ចឹងសួរថា តើនរណា​នឹងអាចទៅចរចា​ជាមួយគាត់បាន? បើ​គាត់ហៅខ្ញុំ ខ្ញុំអាចនឹង​មិនឆ្លើយតបទៅគាត់វិញទេ។ ហើយគាត់​ក៏គ្មានលេខទូរស័ព្ទខ្ញុំដែរ»។

ស្ថាបនិក​ក្រុមហ៊ុន Huawei រូបនេះ ចាត់ទុក​ចំណាត់​ការ​របស់​អាមេរិក មកលើ​ក្រុមហ៊ុន​របស់ខ្លួនថា វា​ជារឿង​ដ៏គួរឲ្យអស់សំណើចបំផុត ហើយថា​វាមិនជាប់ពាក់ព័ន្ធនឹង​រឿងនយោបាយអ្វីនោះទេ ហើយក៏មិនពាក់ព័ន្ធនឹងសង្គ្រាម​ពាណិជ្ជកម្មអ្វីនោះដែរ។

បែបនេះក្ដី លោក ដូណាល់ ត្រាំ ធ្លាប់បាន​លើកឡើងថា ក្រុមហ៊ុន Huawei អាចក្លាយជា​ផ្នែកមួយ​នឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន ហើយអាមេរិក​ក៏មានបំណង​ចំហរទ្វារចរចាផងដែរ។ ​

យ៉ាងណាក៏ដោយចុះ លោក រ៉េន សេងហ្វៃ គូសបញ្ជាក់ទៀតថា លោកជឿថា ការ​ដាក់គំនាប​នាំចេញ​ពីសំណាក់​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ នឹង​ចំណាយ​ពេល​២ ឆ្នាំ ទើបអាច​កាត់ឥទ្ធិពល​ដែល Huawei កំពុង​មានប្រៀប​លើគូប្រជែង​របស់ខ្លួនបាន។ ប៉ុន្ដែ លោកថា ក្រុមហ៊ុន Huawei នឹង​ស្វែងរក​ការផ្គត់ផ្គង់​គ្រឿងបង្គុំ ឈីប សម្រាប់ផលិតផល​ទូរស័ព្ទ​របស់ខ្លួន ពីសំណាក់​ក្រុមហ៊ុន​នៅប៉ែកអឺរ៉ុប ជំនួស​ក្រុមហ៊ុន​អាមេរិកវិញ ដើម្បីធានាឲ្យបាន​នូវ​ភាពនាំមុខគេ​នៃបណ្ដាញ 5G ដែលក្រុមហ៊ុននេះ បានប្រកាស​ដាក់ដំណើរការ។ តែយ៉ាងណា ក៏មាន​ក្រុមហ៊ុនផលិត​បន្ទះឈីប និងបណ្ដាញទូរស័ព្ទ​នៅអឺរ៉ុប​មួយចំនួន​ក៏បាន​ប្រកាស​មិនរកស៊ី​ជាមួយ​ Huawei រួចហើយ ក្រោយពី លោកត្រាំដាក់ក្រុមហ៊ុនចិន​មួយនេះ ចូលបញ្ចីខ្មៅ។ 

តាម​សារព័ត៌មាន Yahoo បាន​ឲ្យដឹងថា មានក្រុមហ៊ុន​អាមេរិក​ផលិតគ្រឿង​បង្គុំ​សម្រាប់​ផ្គត់ផ្គង់ទៅឲ្យ​ក្រុមហ៊ុន Huawei ចំនួន ២០ ត្រូវបាន​កាត់ផ្ដាច់​ទំនងទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Huawei។ ហើយក្រុមហ៊ុន​ទាំងនោះក៏មានការ​ខាតបង់​ចំណូល​របស់ខ្លួនច្រើនគួរសមដែរ។

ថ្មីៗនេះដែរ មានក្រុមហ៊ុន​លំដាប់កំពូល​ធំៗចំនួន​៨ ហើយ ដែលខ្លះ​ជាក្រុមហ៊ុនអាមេរិក អឺរ៉ុប និងជប៉ុន ផងដែរ បាន​ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​រកស៊ីជាមួយ ក្រុមហ៊ុន Huawei។ ក្នុងនោះ. រួមមាន ក្រុមហ៊ុន Google ដែលជាអ្នក​ផ្គត់ផ្គង់​ប្រព័ន្ធប្រតិបត្តិការ Android ព្រមទាំង Software និង Hardware មួយចំនួន ទៅឲ្យ Huawei ក្រុមហ៊ុនផលិត​ឈីប Qualcomm និងក្រុមហ៊ុន Intel ក្រុមហ៊ុន​ជប៉ុន Panasonic ក្រុមហ៊ុន​ផលិតឈីប​របស់​អឺរ៉ុប​Arm ក្រុមហ៊ុនបណ្ដាញទូរស័ព្ទរបស់ អង់គ្លេស Vodafone និង ក្រុមហ៊ុន EE រួមទាំងក្រុមហ៊ុន Microsoft របស់អាមេរិកផងដែរ។  

ក្រុមហ៊ុន​ Huawei បានចេញមុខ​អះអាងរួចហើយថា ទោះបី Google ដក​ ប្រព័ន្ធ Android ចេញពីទូរស័ព្ទ​របស់ខ្លួនក៏ដោយ ក៏មិនថ្វីដែរ ព្រោះខ្លួន​ក៏បាន​ត្រៀម​គម្រោង​បន្ទាប់​ (Plan B) របស់ខ្លួន​រួចតាំងមុន​មកហើយ ដើម្បី​ទប់ទល់​នឹង​ការ​ធ្វើទុកបុកម្និញ ពីសំណាក់​រដ្ឋាភិបាល​អាមេរិក ដោយខ្លួន​បាន​សម្ងំ​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ដំណើរ​ការ​លើទូរស័ព្ទ​ជារបស់ខ្លួន​ឯង​ ដែលកម្មវិធីនេះ មានឈ្មោះ Hongmeng OS ជំនួសឲ្យ​ការប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុង​ប្រើ​នាពេលបច្ចុប្បន្ន។

បើតាម​ក្រុមហ៊ុន​Huawei ប្រព័ន្ធប្រតិបត្តិការ​ថ្មីរបស់ខ្លួននេះ អាចនឹង​អភិវឌ្ឍរួចរាល់ ដាក់ឲ្យប្រើប្រាស់​នៅក្នុងប្រទេសចិន​នៅចុងឆ្នាំនេះ និងពង្រីកប្រើប្រាស់​ទូទាំងពិភពលោក នៅ​ឆ្នាំ២០២០ខាងមុខ។

ទោះជាយ៉ាងនេះក្ដី ព្យុះភ្លៀង​លើកនេះ គេនៅមិនទាន់ដឹងថា​ច្បាស់​នៅឡើយទេ​ ថា វានឹង​ធ្វើឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei នេះ អាចនឹងត្រូវ​រអិល​ធ្លាក់ពីតំណែង​ក្នុងចំណោម​កំពូល​Smartphone របស់ពិភពលោក ដែរយ៉ាងណា ​? ព្រោះថា ការអភិវឌ្ឍ ប្រព័ន្ធ​ប្រតិបត្តិការ​លើទូរស័ព្ទ​នីមួយៗ​ជោគជ័យ​ គឺវា​មិនមែនជារឿងងាយ​ស្រួលប៉ុន្មានទេ។ ជាក់ស្ដែង គេនៅចាំបានថា កាលពី​ប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Microsoft បាន​អភិវឌ្ឍ​ប្រព័ន្ធប្រតិបត្តិការ WindowPhone ថ្មី​សម្រាប់ប្រើ​ជាមួយ​ទូរស័ព្ទម៉ាក Nokia ប៉ុន្ដែ ត្រូវបរាជ័យ​ហើយក្រុមហ៊ុន​ Nokia ក៏ងាក​មកប្រើ Android ជំនួសវិញ។ 

កាលពីឆ្នាំមុន Huawei ប្រជែងបានតំណែង​ iPhone ដោយ​ឈរលំដាប់​លេខពីរ បន្ទាប់ពី​Samsung ដែលជាម៉ាកទូរស័ព្ទ​លក់ដាច់បំផុត​លើពិភពលោក។  

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Huawei នេះ បានក្លាយ​ជា​គោលដៅ របស់អាមេរិក​ក្នុងការ​វាយបក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយចិន ជាយូរមកហើយ តាំងតែពី​ក្រុមហ៊ុននេះ បាន​ប្រកាស​បញ្ចេញ​បណ្ដាញ​បច្ចេកវិទ្យា​អ៊ីធើណែត 5G ដំបូងគេ ប៉ុន្ដែ អាមេរិក​មិនសប្បាយចិត្ត​នឹង​ក្រុមហ៊ុននេះ នោះទេ ហើយក៏ធ្លាប់​បាន​ប្រកាស​ក្ដែងៗ​ប្រាប់​ប្រទេសជា​សម្ព័ន្ធមិត្តនានារបស់ខ្លួន ឲ្យប្រុងប្រយ័ត្ន​ក្នុងការ​នាំយក​ប្រព័ន្ធ 5G នេះ មកប្រើ ព្រោះអាមេរិក​ចាត់ទុកថា ប្រព័ន្ធនេះ គ្មានសុវត្ថិភាព និងអាច​ប៉ះពាល់​ដល់​សន្តិសុខជាតិផងដែរ។ ជាក់ស្ដែង ការសម្រេច​ដាក់ក្រុមហ៊ុន Huawei ចូល​បញ្ជីខ្មៅកាលពីពេលថ្មីៗនេះ ក្រោមហេតុផលថា ផលិតផល​របស់ក្រុមហ៊ុននេះ ធ្វើឲ្យប៉ះពាល់​ដល់​សន្ដិសុខជាតិអាមេរិក។ 

ថ្វីបើ​ក្រុមហ៊ុន Huawei កំពុង​ស្ថិតក្នុង​សមុទ្រទុក្ខពិបាកស្មានដល់​នាពេលនេះ​ក្ដី ប៉ុន្ដែ មន្ត្រីនាំពាក្យ​ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មាន នៃប្រទេសចិន បានអះអាងប្រាប់បណ្ដាញ សារព័ត៌មានចិន នាពេលថ្មីៗនេះថា ប្រព័ន្ធបណ្ដាញ 5G ដែលប្រទេសចិន​បានចំណាយ​ពេលអភិវឌ្ឍឡើង និងបានធ្វើឲ្យ​ពិភពលោក​កំពុងដាក់ការ​ចាប់អារម្មណ៍ខ្លាំងនោះ មកទល់ពេលនេះ ត្រូវបានអភិវឌ្ឍរួចរាល់ហើយ សម្រាប់​ការប្រើប្រាស់​ជាលក្ខណៈពាណិជ្ជកម្ម។ ដោយក្នុងនោះ ក្រុមហ៊ុន Huawei គឺទទួលបាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រងចែក​បណ្ដាញ 5G នេះទៅកាន់ពិភពលោក។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកំពូល​របស់ Huawei ក៏ធ្លាប់បាន​បញ្ជាក់​នៅក្នុង​សន្និសីត​សារព័ត៌មានដែរថា វិធានការក្ដៅ​របស់អាមេរិក​មើល ក្រុមហ៊ុន​ Huawei នាពេលនេះ គឺនឹង​មិនធ្វើឲ្យប៉ះពាល់​ដល់​មហិច្ឆតា​អភិវឌ្ឍន៍​បណ្ដាញ​5G របស់ខ្លួន​នោះឡើយ។

តែយ៉ាងណា ក្នុងកាលៈទេសៈ​ដ៏ច្របូកច្របល់នេះ ក៏មានប្រទេស​ធំៗមួយចំនួន​ហាក់មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់ថា ​នឹង​នាំយក​បណ្ដាញ 5G ដែលបង្កើតឡើង​ដោយប្រទេសចិននេះ យកមកប្រើប្រាស់​នៅឡើយទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋីកាក់ល្អិត ឧកញ៉ា លី ហួរ៖ គ្មានឱកាសណា ធ្លាក់មកពីលើមេឃទេ!

ព័ត៌មាន
ឧកញ៉ា លី ហួរ ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាកំពូលមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗនៅកម្ពុជា។ ប៉ុន្ដែ មិនមានមនុស្សច្រើននោះទេដែល…

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​៖ ការ​ហូប​នំ​បញ្ចុក​ជជែក​គាំទ្រ​អតីត​បក្ស​ប្រឆាំង គឺ​ខុស​ច្បាប់

ព័ត៌មាន
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ហូប​នំ​បញ្ចុក ហើយ​ជជែក​គ្នា​គាំទ្រ​អតីត​សមាជិក​គណបក្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ