សម្តេចហ៊ុនសែន-កម្ពុជា

សម្ដេច ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគ និងធុរជន ទាំងអស់ឲ្យ «បន្តជឿជាក់» ក្នុងការរកស៊ីនៅកម្ពុជា


ស្របពេលដែល ប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុងស្ថិតនៅភាពមិនច្បាស់លាស់ ដោយសារតែ សហភាពអឺរ៉ុប ទើបប្រកាសពីការបើកនីតិវិធី ក្នុងការឆ្ពោះទៅរកការដកជាផ្លូវការនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស អំពាវនាវ ដល់អ្នកវិនិយោគ និងធុរជនទាំងជាតិ និងអន្តរជាតិ ទាំងអស់ ឲ្យបន្តជឿជាក់ក្នុងការរកស៊ីនៅកម្ពុជា ខណៈកម្ពុជាកំពុង ធ្វើកំណែ ទម្រង់លើសេវា ផ្សេងៗ ជាច្រើនទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេច បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការដក EBA គឺនឹងមិនធ្វើឲ្យកម្ពុជាស្លាប់នោះឡើយ។
សម្ដេច ហ៊ុន សែន នាឱកាសចូលរួម ពីធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅភារកិច្ចការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ (រូបភាព ពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)

ក្នុងពីធី​បិទ​សន្និបាតត្រួត​ពិនិត្យ​ការងារ​ឆ្នាំ​២០១៨ និងលើក​ទិសដៅ​ភារកិច្ច​ការងារ ឆ្នាំ២០១៩ របស់​ក្រសួង​មហាផ្ទៃ សម្តេច ហ៊ុន សែន បាន​បញ្ជក់ថា បរិយាកាសនៃការវិនិយោគ ក៏ដូចជា​កំណើន​​សេដ្ឋកិច្ច នៅកម្ពុជា នៅតែ​បង្ហាញ ពីភាពល្អ​ប្រសើរ តួយ៉ាង​កាលពីឆ្នាំ២០១៨ តាមរយៈ​ការវាយ​តម្លៃ ជាថ្មី​​របស់​​ស្ថាប័ន​អន្តរជាតិ​ធំៗ រកឃើញថា កំណើន សេដ្ឋកិច្ច​របស់​កម្ពុជា​នៅឆ្នាំនេះ គឺមាន​រហូតដល់​ទៅ ៧,៥ ភាគរយ​ឯណោះ ខណៈដែល​ការ​វាយតម្លៃ​​ពីមុន​របស់​រាជរដ្ឋាភិបាល​ថា មាន​៧,៣ ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំក៏​សូម​ជម្រាប​ជូន​ធុរជន និងវិនិយោគិន​ទាំងឡាយ ទាំងអ្នក​ដែលកំពុង​មាន​ការ​វិនិយោគ និងការ​ប្រកប​អាជីកម្ម​នៅ​កម្ពុជា ទាំងអ្នក​ដែលមាន​បំណង​មក​ដាក់ទុន ឬកំពុងសិក្សា ដាក់ ទុនវិនិយោគ​នៅកម្ពុជា ជាមួយ​នឹងការ​ប្ដូរផ្ដាច់​រក្សា​ឱ្យបាន​ល្អប្រសើរ​នូវសុខ​សន្តិភាព និង ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស រាជរដ្ឋាភិបាល កំពុងតែ​ចាត់​វិធានការណ៍​កែ​ទម្រង់​​ដ៏មុតស្រួច និងស៊ីជម្រៅ សំដៅកែ​លម្អ និងលើក​ស្ទួយភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា ​ពិសេសវិធានការណ៍ សម្រួល​ពាណិជ្ជកម្ម និងការកាត់​បន្ថយ​ថ្លៃដើម​ធ្វើ​ធុរកិច្ច ជាអាទិ៍ ការ​លុប​​បំបាត់ ​វិញ្ញាបន បត្រប្រភព​ដើម​ទំនិញ ការកែ​សម្រួល​មុខនាទី​របស់​កាំកុងត្រូល ចេញពី​មុខនាទី​ត្រួត ពិនិត្យ ទំនិញ​នាំចេញ នាំចូល ការរំសាយ​អង្គភាព​កាំសាប ការកាត់​បន្ថយ​ថ្លៃស្គែន​កុងទីណ័រ និងថ្លៃ​សេវា​មួយចំនួន​ទៀត ការកែ​លម្អ​សេវា​ពាក់ព័ន្ធ ការលើក​ទឹកចិត្ត​ផ្នែក​សារពើពន្ធ ដល់​សហគ្រាស​ធុនតូច និងមធ្យម និង​វិធានការណ៍​សំខាន់ៗ​ជាប្រព័ន្ធជា​ច្រើន​ទៀត ដែល សហគមន៍​ធុរកិច្ច​នឹង​បាន​ឃើញ ព្រមទាំងបាន​​ទទួល​ផល​ប្រយោជន៍​ជាក់ស្ដែង បន្ថែម​ជាបន្ត​បន្ទាប់​ក្នុងពេល​ដ៏ខ្លី​ខាងមុខ»។

បន្ថែមពីនេះ​ទៀត សម្ដេច តេជោ ហ៊ុន សែន ក៏បាន​ស្នើឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រៀបចំ​វេទិការ​រវាងរាជ​រដ្ឋាភិបាល និងវិស័យ​ឯកជន​​នៅ​ខែ​​​មីនា​ខាងមុខ​នេះផងដែរ  ដើម្បី​ពិភាក្សា​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែមទៀត។

ដោយឡែក ជុំវិញ​នឹងរឿង​សហភាព​អឺរ៉ុប​​បើក​នីតិ​វិធីលើ​​ដំណើរ​​ការ​ដក EBA ពីកម្ពុជា​វិញ ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន​ សែន បានអះអាងថា វានឹង​មិនធ្វើឲ្យកម្ពុជា​ស្លាប់នោះឡើយ។ បើតាម ការបញ្ជាក់​ពី លោកនាយករដ្ឋមន្ត្រីកម្ពុជា ប្រសិនបើ​ប្រព័ន្ធ អនុគ្រោះពន្ធ EBA នេះ នឹងត្រូវ​ដកមែននោះ កម្ពុជា គ្រាន់តែអាចបាត់បង់​ចំណូល​មួយចំនួន​ប៉ុណ្ណោះ។ សម្ដេចហ៊ុនសែនមានប្រសាសន៍ថា «ទោះ​មាន ​ឬ​គ្មាន​ EBA វា​ក៏​​មិន​ធ្វើ​​ឲ្យ​​យើង​​ស្លាប់ តែ​វា​​ក៏​មិន​ធ្វើ​ឲ្យ​​យើង​ក្លាយ​​ទៅ​ជា​​អ្នក​​មាន​​បាន​ដែរ យើង​មិន​ចង់​​ឲ្យ​អ្នកណា​​ ដែល​ប្រើ​ប្រាស់​​ភាព​​អនុគ្រោះហើយ​ បែរ​មក​​បង្វិល​​ក្បា​ល​​យើង​​តាម​ចិត្ត​​ចង់​នោះ​ទេ។ បើ​អ្នក​​ឯង​មិន​​ដក​​ខ្ញុំ​កាន់​​តែ​ខ្លាំង បើ​អ្នក​​ឯង​​​ដក​​​ខ្ញុំ​​ក៏​មិន​ងាប់​ដែរ»។ 

ទោះយ៉ាងណា សម្តេច ហ៊ុន​ សែន បាន​គូសបញ្ជាក់ថា កម្ពុជា​​​នៅតែបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយសហភាព​អឺរ៉ុប និងជាម្ចាស់​ផ្ទះក្នុង​កិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដោយមិនធ្វើឲ្យបញ្ហា EBA ប៉ះពាល់ដល់ ទំនាក់ទំនង កម្ពុជា-អឺរ៉ុបនោះឡើយ។ ដូច្នេះ សូមឲ្យ​ក្រុមហ៊ុន មកពីបណ្តា ប្រទេសនៅតំបន់​អឺរ៉ុប​ទាំងអស់ ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយ ក្រោមម្លប់ សុខសន្តិភាពរបស់កម្ពុជា។

ដ្បិតតែយ៉ាងនេះក្ដី បើតាម​​លោក ប្លេស នាយកប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំកម្ពុជា បាន​លើកឡើងដែរថា ការ​បើក​​និតីវិធី​​សិក្សា​ពីដំណើរ​ការ​ដក ឬមិនដក EBA ពីកម្ពុជា វា​នឹង​អាច​ធ្វើឲ្យ​​ប៉ះពាល់​ដល់​ការវិនិយោគនៅកម្ពុជា​។ ប៉ះពាល់ ត្រង់ថា អ្នក​ដែល​ចង់​ពង្រីកការវិនិយោគ​បន្ថែម​នឹង​ផ្អាកការពង្រីកអាជីវកម្មរបស់ខ្លួន ខណៈដែល​វិនិយោគិន​ថ្មីៗ ដែល​ចង់​មក​បណ្ដាក់​ទុន​រកស៊ី​នៅកម្ពុជា ក៏អាច​នឹងនៅរារែកចិត្តដែរ ដោយសារតែស្ថានការណ៍​ហាក់​មានភាព​ស្រពិច​ស្រពិល។

យ៉ាងណា​ក៏ដោយចុះ បើតាម​ការបញ្ជាក់ ពីនាយកប្រតិបត្តិ​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​នៅកម្ពុជារូបនេះ ដ្បិតតែ​ បញ្ហា​ EBA ត្រូវបាន​​រង​នូវភាព​រង្គោះ​រង្គើ​មួយរយៈ​មកនេះក៏ដោយ (មុនការចេញសេចក្ដី​សេចក្ដី​សម្រេច​ពីការ​បើក​នីតិវិធី​​ឆ្ពោះ​ទៅរក​ការដក EBA) ប៉ុន្ដែ ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប ក៏ដូចជា​វិនិយោគ​ពីក្រៅ​ប្រទេស​មកកម្ពុជា គឺមិនមាន​ទាន់​មានឃើញ​សញ្ញា​ប្រែ​ប្រួល​អវិជ្ជមាន​អ្វីឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ បញ្ចេញកញ្ចប់ថវិកាប្រចាំឆ្នាំ ៤០លានដុល្លារ សម្រាប់វិស័យ SME នៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលថៃ បានកំណត់បែងចែកកញ្ចប់ថវិកាប្រចាំឆ្នាំ ប្រមាណ ជាង ១.២០០ លានបាត ឬស្មើនឹងប្រមាណ ៤០លានដុល្លារអាមេរិក សម្រា…

បញ្ចុះ​តម្លៃ​៣% ទិញ​ភ្លាម រស់​នៅ​ភ្លាម! វីឡាភ្លោះ​ក្នុង​គម្រោង​បុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល

ព័ត៌មាន
បច្ចុប្បន្ន​នេះ ផ្លូវ​លេខ​៣៧១ គឺ​ជា​ច្រក​ផ្លូវ​មមាញឹក​ដ៏​សំខាន់​មួយ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​តភ្ជាប់​ពី​ផ្លូវ​លេខ ២១៧ មក​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ