ជើងហោះហើរ​កម្ពុជា-ចិន

សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនបិទជើងហោះហើរពីចិនទេ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាមេរោគកូរ៉ូណា


ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស នៅថ្ងៃនេះថា កម្ពុជាមិនបិទជើងហោះហើរពី ប្រទេសចិន ដោយសារជម្ងឺរលាកផ្លូវដង្ហើមកូរ៉ូណានោះទេ ព្រោះធ្វើដូច្នេះ អាចនឹងសម្លាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ហើយកាត់បន្ថយទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មិនបានត្រៀមកញ្ចប់ថវិកាពិសេសនោះទេ តែរដ្ឋ នឹងដោះស្រាយទៅតាម ផលប៉ះពាល់ជាក់ស្តែង នៃបញ្ហានេះ ទោះបីជាត្រូវចំណាយទឹកប្រាក់ រាប់ពាន់លានដុល្លារក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា អាចចំណាយបានដែរ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន)

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា សម្តេច​ពិតជា​ទទួល​បាន​សំណើ​បិទ​ជើងហោះហើរ​ទាំង​អស់ពី​ចិន តែ​យ៉ាងណា ប្រទេស​ចិន ជា​ប្រទេស​ដ៏​ធំ និង​មាន​ប្រជាជន​រាប់​ពាន់​លាន​នាក់ ដូច្នេះ សម្តេច​មិន​ទទួលយក​សំណើ​នេះ​ទេ ព្រោះ​ចំនួន​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ចិន មក កម្ពុជា មាន​ចំនួន​ច្រើន​ណាស់ បើសិនជា កម្ពុជា បិទផ្លូវ វា​អាច​សម្លាប់​ដល់​សេដ្ឋកិច្ចជាតិ​។

លើស​ពី​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ពន្យល់​បន្ថែម​ថា រដ្ឋាភិបាល​ចិន បាន​យកចិត្តទុកដាក់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់​លើ​បញ្ហា​នេះ ហើយ​ខាង​ចិន ក៏​បាន​សម្រេច​បិទ​ជើងហោះហើរ រួច​ជា​ស្រេច​ទៅ​ហើយ ជា​ពិសេស​នៅ​ទីក្រុង​វូ​ហាន រួម​ទាំង​ផ្លូវដែក និង​ផ្លូវគោក​ផង​ដែរ​។

ទោះ​យ៉ាងណា សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា កម្ពុជា ត្រូវ​តែ​បន្ត​ផ្តល់​សេវា​នានា​ទាំង​សេវា​ទេសចរណ៍ ការ​ដឹក​ជញ្ជូន​ផ្លូវអាកាស និង​ផ្លូវទឹក ដល់​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន ដោយ​មិន​មានការ​រើសអើង​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា ចំពោះ​ផល​ប៉ះពាល់​នៃ​បញ្ហា​នេះ នឹង​ត្រូវ​បាន​វាយតម្លៃ​ទៅ​តាម វិស័យ​នីមួយ​ៗ ហើយ​បើ​ទោះបីជា បញ្ហា​ធំ​ប៉ុនណា​ក៏​ដោយ ត្រូវ​ចំណាយ​ទឹកប្រាក់ ១០០​លាន​ដុល្លារ ២០០​លាន​ដុល្លារ ឬ ១​ពាន់​លាន​ដុល្លារ​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា អាច​ចំណាយ​បាន​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ត្រឹមតែ​ក្រសួងសុខាភិបាល អាច​ដោះស្រាយ​បាន​ហើយ​។

ជា​ចុង​ក្រោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ហួស​ពី​ការ​ពិត ដែល​ធ្វើ​ឲ្យ​បាត់បង់​ពេលវេលា​ធ្វើការ និង​ធ្វើ​អាជីវកម្ម ហើយ​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្ងឺឆ្លង​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង មិនមែន​តែ វីរុស​កូ​រ៉ូ​ណាមួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ការពារ​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ អនាម័យ​ល្អ ការ​រស់នៅ​ស្អាត​ជាដើម​។

សូម​បញ្ជាក់​ថា បើ​តាម​អាជ្ញាធរ​សុខាភិបាល​ចិន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ Corona បាន​កើន​ដល់​ជាង ៧.៨០០​នាក់ និង​សម្លាប់​មនុស្ស​អស់ ១៧០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ហើយ​សម្រាប់​កម្ពុជា ក៏​មាន​ករណី​ឆ្លង​ចំនួន ១​ករណី នៅ​ខេត្ត​ព្រះ​សីហ​នុ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅ នៅលើទីផ្សារសកលងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះដោយសារឥទ្ធិពលមេរោគកូរ៉ូណា

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានងើបឡើងវិញបន្តិចហើយ បន្ទាប់ពីបានធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភពី ការចុះទន់ខ្សោយនូវតម្រូវការប្រេង ក្រោ…

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បង្ហើបថា EBA អាចនឹងត្រូវដកតែក្នុងចំណែកខ្លះប៉ុណ្ណោះ ខណៈផលប៉ះពាល់អាចមានប្រមាណ ៥០០ លានដុល្លារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហើបឲ្យដឹងថា តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានមក ប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ