សម្ដេច​ប្ដេជ្ញា​កាន់​អំណាច​ដល់​ឆ្នាំ២០៣០

តប​នឹង​ការ​បិណ្ឌ​បាត​ពី​ព្រះសង្ឃ១​អង្គ​ឲ្យ​ចូល​និវត្តន៍ សម្តេច ហ៊ុន សែន ប្តេជ្ញា​បន្ត​កាន់​អំណាច​ដល់​ឆ្នាំ​២០៣០


នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​​ប្តេជ្ញា​ថា នឹង​បន្ត​កាន់​អំណាច​របស់​លោក រហូត​ដល់​ឆ្នាំ​​២០៣០ នៅ​ក្នុង​សារ​ថ្មី​មួយ​ចុង​ក្រោយ ដែល​ឆ្លើយតប​ទៅ​នឹង​ការ​ការ​បិណ្ឌ​បាត​របស់​ព្រះសង្ឃ​១​អង្គ​ ឲ្យ​សម្តេច​លះបង់​អំណាច​និង​បុណ្យ​ស័ក្តិ​ទាំង​ឡាយ។
ដោយ

ដោយ comment (អត្ថាធិប្បាយ) នៅ​លើ​រូប​ហ្វេសប៊ុក​សមេ្តច ហ៊ុន សែន និង​លោក​ជំទាវ ប៊ុន រ៉ានី ដែល​និយាយ​ពី​ការ​ដាំដុះ​ដំណាំ​សម្រាប់​គ្រួសារ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ព្រះសង្ឃ​ដែល​មាន​ព្រះនាម Ouk Sitha បាន​អរគុណ​សម្តេច​ទាំងពីរ ដែល​បាន​លះបង់​អំណាច​និង​បុណ្យ​ស័ក្តិ​ឲ្យ​អ្នកដទៃ​បន្ត​វេន​ ហើយ​ងាក​មក​រក​ការ​ដាំ​ដំណាំ​វិញ។

ព្រះសង្ឃ Ouk Sitha បាន​សរសេរ​ដូច្នេះ​ថា «សូម​បិណ្ឌបាត​ដល់​ញោម​ឧបាសក ហ៊ុន សែន មេត្តា​ឆាប់​ចូល​និវត្តន៍​ដើម្បី​សុខភាព​រឹងមាំ និង​កាន់តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ក្រុម​គ្រួសារ​ថែម​ទៀត ប្រសិន​បើ​នៅ​បន្ត​ស្រឡាញ់​អំណាច​បន្ត​ទៀត ប្រាកដ​ណាស់​នឹង​កាន់​តែ​ទ្រុឌ​ទ្រោម​ថែម​ទៀត សង្ឃឹម​ថា ញោម​ឧបាសក នឹង​ទទួល​យក​ការ​បិណ្ឌបាត​ពី​អាត្មា»។

សម្ដេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថតរូប​ក្នុង​ពេល​លេង​កូនគោល ដើម្បីសុខភាព។ រូបភាព៖ ទំព័រ​ហ្វេសប៊ុក នាយករដ្ឋមន្ត្រី

ព្រះសង្ឃ Ouk Sitha ក៏​បាន​សរសេរ​ផង​ដែរ​ថា នេះ​គឺ​ជា​ការ​ប្រពៃ​ណាស់​សម្រាប់​សុខភាព មិន​ថា​ឡើយ​អំណាច​ទេ សូម្បី​តែ​របស់​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ក៏​ដោយ ក៏​មិន​អាច​យក​ទៅ​តាម​ខ្លួន​បាន​ដែរ អ្វី​ដែល​យក​ទៅ​តាម​ខ្លួន​បាន​ គឺ កុសលកម្ម និង អកុសលកម្ម ហើយ​បាន​សំណូមពរ​ដល់​ឧបាសក​-ឧបាសិកា​ទាំងពីរ រៀន​ធម៌​ និង​​ពិចារណា​អំពី អនិច្ចំ ទុក្ខំ អនត្តា ជាង​នេះ​ទៅ​ទៀត សូម​ប្រកាន់​ឲ្យ​ខ្ជាប់​នូវ​កុសលកម្ម​បថ ១០ និង ព្យាយាម​ហ្វឹក​ហាត់​ធ្វើ​សមាធិ​រាល់​ថ្ងៃ ទើប​ប្រពៃ។

ជាការ​ឆ្លើយ​តប​ សម្តេច ហ៊ុន សែន បាន​សរសេរ​ថា «ហុត​ទឹក​សម្លឹង​កាក ទាញ​ច្រវ៉ា​ក្រាក​សម្លឹង​ជ្រោយ។ ការ​បិណ្ឌ​បាត​របស់​តេជគុណ ខ្ញុំ​ព្រះ​ករុណា​សូម​ប្រគេន​តាម​សំណូមពរ​ព្រោះ​ខ្ញុំ​ព្រះករុណា​ក៏​គ្មាន​ជីវិត​អមតៈ​ដែរ តែ​ត្រូវ​រង់ចាំ​រហូត​ឆ្នាំ​២០២៨ ឬ ២០៣០ ក្រោយ​ពេល​ដែល​ខ្ញុំ​ព្រះ​ករុណា​កម្ចាត់​ពួក​ក្បត់​ជាតិ​ឲ្យ​អស់​សិន។»

សម្តេច​បាន​បន្ត​ថា «ពេល​នោះ តេជគុណ អាច​សឹក​មក​ធ្វើ​នាយករដ្ឋមន្ត្រី ជំនួស​ខ្ញុំ​ព្រះករុណា​បាន​ហើយ។ ព្រះសង្ឃ​ជា​ច្រើន​បាន​បិណ្ឌបាត​​ឲ្យ​ខ្ញុំ​ព្រះករុណា​បន្ត ខ្ញុំ​ករុណា​និយាយ​ដូច​គ្នា ២០២៨ ឬ ២០៣០។ យល់​ទេ​ តេជគុណ?»។

សម្តេច ហ៊ុន សែន បាន​ធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥ ដែល​ធ្វើ​ឱ្យ​សម្ដេច​ស្ថិត​ក្នុង​ចំណោម​នាយករដ្ឋមន្ត្​រីផ្សេង​ទៀតដែលកាន់អំណាច​យូរ​បំផុត​នៅ​លើ​ពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹង​បើកដំណើរការ​​ពេញលេញ​នៅដើមឆ្នាំ ២០២១

ព័ត៌មាន
កំពង់ផែទេសចរណ៍អន្តរជាតិ​ខេត្តកំពត តម្លៃជិត ១០ លានដុល្លារអាមេរិក ដែលបានប្រកាស​បើកដំណើរការសាងសង់កាលពីខែ សីហា ឆ្នាំ២០១៨នោះ ត្រូវបានអាជ្…

ចំណូលពន្ធដារ កើនដល់ជាង ១,១ ពាន់លានដុល្លារអាមេរិក នៅ ៤ខែដើម ឆ្នាំ២០១៩

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ចេញរបាយការណ៍ជាសាធារណៈឱ្យដឹងថា ចំណូលពន្ធដារនៅត្រឹមរយៈពេលបួនខែដើមឆ្នាំ២០១៩ មានចំនួន ៤.៦០០ពាន់លានរៀលឬប្រមាណជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ