ការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល

ប្រធានមូលនិធិ IMF៖ លទ្ធភាពនៃការឈានទៅរកការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលនៅតែមាន


ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធបាននិយាយថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក«មានភាពងងឹតសូន្យសុង»នៅឡើយទេ ចាប់តាំងពីខែមេសាមក ហើយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានអះអាងទៀតថា គេក៏មិនប្រាកដច្បាស់ថា តើសេដ្ឋកិច្ចពិភពលោកអាចនឹងគេចផុតពីការធ្លាក់ចុះនៅក្នុងវិបត្តិបាន ឬក៏អត់នៅឡើយដែរ ដ្បិតថាបច្ចុប្បន្ននេះ ហានិភ័យបានបន្ដកើនឡើងឥតឈប់ឈរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានមូលនិធិ IMF៖ លទ្ធភាពនៃការឈានទៅរកការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលនៅតែមាន

នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី គ្រីស្តាលីណា ចចហ្គីវ៉ា (Kristalina Georgieva) បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតនេះមូលនិធិ IMF នឹងបន្ទាបការព្យាករណ៍នៅឆ្នាំ២០២២របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត ដែលវានឹងក្លាយជាការព្យាករលើកទី៣ហើយរបស់ IMF នៅឆ្នាំនេះ ខណៈការព្យាករចុងក្រោយនាពេលកន្លងនេះ ធ្លាប់រំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងរក្សាបានកំណើន ៣,៦% នៅឆ្នាំ២០២២នេះ។

មូលនិធិ IMF ត្រូវគេរំពឹងថា នឹងចេញផ្សាយការព្យាករណ៍ដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣នៅចុងខែកក្កដានេះ បន្ទាប់ពីកាត់បន្ថយការព្យាករណ៍របស់ខ្លួនជិតមួយភាគរយពេញកាលពីខែមេសា។ សេដ្ឋកិច្ចពិភពលោកបានកើនឡើង ៦,១% នៅឆ្នាំ ២០២១ ប៉ុន្ដែ ឆ្នាំ២០២២នេះ កំពុងប្រឈមនឹងបញ្ហាផ្ទួន។

លោកស្រី ចចហ្គីវ៉ា បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា ទស្សនវិស័យចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់មូលនិធិ IMF នៅក្នុងខែមេសាមកហាក់មានងងឹតសូន្យសុង ដែលបណ្ដាលមកពីការរាលដាលនៃអតិផរណាជាសកល ការដំឡើងអត្រាការប្រាក់កាន់តែច្រើន ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងការកើនឡើងនូវទណ្ឌកម្មទាក់ទងនឹង សង្គ្រាមរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនជាដើម។

លោកស្រីបានបន្ថែមថា ពួកគេហាក់ដូចជាស្ថិតក្នុងទឹកដ៏ច្របូកច្របល់អ៊ីចឹងនាពេលនេះ ហើយនៅពេលគេសួរថា តើលោកស្រីអាចកំចាត់វិបត្តិសេដ្ឋកិច្ចសកលនេះបានដែរ ឬទេនោះ លោកស្រីបានឆ្លើយថា ហានិភ័យបានកើនឡើង ដូច្នេះហើយគេមិនអាចបដិសេធទាំងស្រុងថា វិបត្តិសេដ្ឋកិច្ចសកលនឹងមិនកើតឡើងនោះទេ។

លោកស្រីបាននិយាយថា ទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះបានបង្ហាញពីសេដ្ឋកិច្ចធំៗមួយចំនួនរួមទាំងសេដ្ឋកិច្ចប្រទេសចិន និងរុស្ស៊ីផងដែរ បានធ្លាក់ចុះនៅត្រីមាសទី២ឆ្នាំនេះធ្វើឱ្យលោកស្រីកត់សម្គាល់ឃើញថា ហានិភ័យមានកាន់តែខ្ពស់នៅឆ្នាំ២០២៣។ លោកស្រីបានបញ្ជាក់ថា វានឹងក្លាយជាឆ្នាំ២០២២ដ៏តានតឹងមួយ ប៉ុន្តែប្រហែលជានឹងតានតឹងជាងនេះទៀតនៅឆ្នាំ២០២៣ ព្រោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចបានកើនឡើងនៅឆ្នាំ២០២៣នោះ។

ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell កាលពីខែមុនបាននិយាយថា ធនាគារកណ្តាលអាមេរិកមិនអាចទប់កុំឱ្យមានវិបត្តិសេដ្ឋកិច្ចបានឡើយ ប៉ុន្តែបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងព្យាយាមគ្រប់គ្រងតម្លៃឱ្យបាន បើទោះជាការធ្វើបែបនេះ ជាការប្រថុយប្រថាននឹងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ។

លោកស្រី Georgieva បាននិយាយថា ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែយូរនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងផងដែរ ប៉ុន្តែលោកស្រីបានបន្ថែមថាវាមានសារៈសំខាន់ណាស់ដែលអាចគ្រប់គ្រងបាននូវតម្លៃដែលចេះតែកើនឡើងនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តម្លៃមាសពិភពលោកធ្លាក់ចុះ ខណៈប្រាក់ដុល្លារកំពុងកើនឡើងដល់កម្រិតខ្ពស់

ព័ត៌មាន
តម្លៃមាសពិភពលោកបានធ្លាក់ចុះ ស្របពេលដែលប្រាក់ដុល្លារអាមេរិកកំពុងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ដែលបង្កឱ្យមា…

អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទទួលមរណភាពហើយ ក្រោយខ្មាន់កាំបាញ់ប្រហារ

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុន វ័យ៦៧ឆ្នាំ លោក ហ៊ីនហ្សូអាបេ (Shinzo Abe) បានទទួលមរណភាពហើយនៅរសៀលថ្ងៃទី ៨ខែកក្កដានេះ បន្ទាប់ពីលោកត្រូវបានបញ្ជូន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ