IMF-ស្រីលង្កា

គណៈប្រតិភូ IMF បំពេញទស្សនកិច្ចនៅស្រីលង្កា ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលស្ដីពីកិច្ចព្រមព្រៀងផ្ដល់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ច


ក្រុមមន្ត្រីរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទៅដល់ប្រទេសស្រីលង្កានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាពីកម្មវិធីផ្ដល់ថវិកាជួយសង្គ្រោះក្នុងអំឡុងពេលទស្សនកិច្ច១០ថ្ងៃ នៅប្រទេស្រីលង្កា នៅគ្រាដែលប្រទេសនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពិសេសការខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់តែម្ដង។
គណៈប្រតិភូ IMF បំពេញទស្សនកិច្ចនៅស្រីលង្កា ដើម្បីពិភាក្សាស្ដីពីកិច្ចព្រមព្រៀងផ្ដល់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ច
ដោយ

ប្រទេស​ស្រី​លង្កា កំពុង​នៅ​សល់​ប្រេង​ក្នុង​ស្ដុក​ដែល​អាច​ប្រើ​បាន​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ទទួល​បាន​ប្រាក់​ជំនួយ​ពី​មូលនិធិ IMF ក៏​ទំនងជា​ត្រូវ​រង់ចាំ​ជា​ច្រើន​ខែ​ខាង​មុខ​ទៀត​ឯណោះ បើ​ទោះបីជា IMF ពិតជា​មាន​បំណង​ជួយ​ដល់​ប្រទេស​នេះ​ក្ដី​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ប្រទេស​ស្រី​លង្កា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​មិន​ធ្លាប់​មាន​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក ដោយសារ​ការ​តែ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ត្រឹម​ត្រូវជា​ច្រើន​ទសវត្សរ៍​មកនេះ និង​កំហុស​គោលនយោបាយ​ថ្មី​ៗ គួប​ផ្សំ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩​ដល់​វិស័យ​ទេសចរណ៍ និង​បញ្ញើ​ប្រាក់​ពី​បរទេស ដែល​ធ្វើ​ឱ្យ​ទុនបម្រុង​បរទេស​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ហើយ​វា​ក៏​បាន​បង្ក​ឲ្យ​ប្រទេស​នេះ​ជួប​វិបត្តិ​ខ្វះខាត​ប្រេង ស្បៀងអាហារ និង​ថ្នាំសង្កូវ​ផង​ដែរ​។

ប្រទេស​កោះ​ដែល​មាន​ប្រជាជន​សរុប ២២ លាន​នាក់​នេះ​បាន​ផ្អាក​ការ​ទូទាត់​សងបំណុល ១២ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខែមេសា​។ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ការ​កើនឡើង​នូវ​អតិផរណា ការ​ធ្លាក់​រូបិយប័ណ្ណ និង​ការ​ខ្វះខាត​ប្រេងឥន្ធនៈ អាហារ និង​ថ្នាំពេទ្យ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​កើត​មាន​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ផង​ដែរ​។

មូលនិធិ IMF បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩​មិថុនា​ថា ក្រុម​មន្ត្រី​មូលនិធិ IMF ដែល​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កូ​ឡុំ​បូ​ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ​នឹង​បន្ត​កិច្ច​ពិភាក្សា​ថ្មី​ៗ​នេះ​ស្ដី​ពី​កម្មវិធី​ជួយ​សង្គ្រោះ​លើក​ទី​១៧​សម្រាប់​ប្រទេស​ស្រី​លង្កា​។ ទីភ្នាក់ងារ​ផ្ដល់​កម្ចី​ពិភពលោក​នេះ​និយាយ​ថា ពួក​គេ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ​ដើម្បី​គាំទ្រ​ប្រទេស​ស្រី​លង្កា​នៅ​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ ដែល​ស្រប​តាម​គោលនយោបាយ​របស់​មូលនិធិ IMF​។

ទីក្រុង​កូ​ឡុំ​បូ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អង្គការ​មូលនិធិ IMF ដែល​ត្រូវ​ពិភាក្សា​អំពី​ការ​រៀបចំ​រចនា​សម្ពន្ធ​បំណុល​ឡើង​វិញ​ផង​ដែរ​នោះ នឹង​ផ្តល់​កិច្ចព្រមព្រៀង​យ៉ាង​រហ័ស​មួយ​សម្រាប់​ការ​បញ្ចេញ​ថវិកា​របស់​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ IMF ប៉ុន្តែ​ជា​ធម្មតា​វា​ត្រូវ​ចំណាយពេល​ច្រើន​ខែ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ស្រី​លង្កា​កំពុង​ប្រឈម​បញ្ហា និង​ភាព​ចលាចល​នយោបាយ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

លោក ផេ​ទ្រី​ក ឃើ​រ៉ា​ន (Patrick Curran) សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ​វិនិយោគ​អា​មេ​រិ​ក Tellimer បាន​និយាយ​ថា បើ​ទោះជា​កិច្ចព្រមព្រៀង ត្រូវ​បាន​សម្រេច​ក៏​ដោយ​ចុះ ក៏​ការ​អនុម័ត​ចុង​ក្រោយ​នឹង​អាស្រ័យ​លើ​ការ​ធានា​ថា តើ​ម្ចាស់បំណុល​ផ្លូវការ​រួម​ទាំង​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បំណុល​បាន​គ្រប់គ្រាន់​សម្រាប់​ស្រី​លង្កា ដែរ​ឬ​យ៉ាងណា?

សេដ្ឋវិទូ​រូប​នេះ​បាន​បញ្ជាក់​ថា អ្វី​ៗ​ត្រូវ​ពិចារណា​ទាំងអស់ ហើយ​ការ​រៀបចំ​រចនា​សម្ពន្ធ​បំណុល​ឡើង​វិញ​ទំនងជា​នឹង​មានដំណើរ​ការ​អូស​បន្លាយពេល​យូរ​។

ម្ចាស់​បណ្ណ​បំណុល​រំពឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​មូលនិធិ IMF នេះ​នឹង​ផ្ដល់​ការ​បញ្ជាក់​ច្បាស់​ពី​ទំហំ​បំណុល ដែល​ប្រទេស​ស្រី​លង្កា​អាច​សង​បាន និង​កម្រិត​នៃ​ការ​កាត់​បន្ថយ​បំណុល​ដែល​ក្រុម​វិនិយោគិន​អាច​ទទួល​បាន​។

សូម​រំលឹក​ថា អង្គការសហប្រជាជាតិ​ក៏​បាន​បង្ហាញ​ពី​ផែនការ​ក្នុង​ការ​រៃ​អង្គាស​ថវិកា​ចំនួន ៤៧ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ស្រី​លង្កា​ចំនួន ១​លាន​៧​សែន​នាក់ ដែល​បាន​រង​គ្រោះ​ខ្លាំង​បំផុត ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​នេះ​ក្នុង​រយៈពេល ៤ ខែ​ខាង​មុខ​ទៀត​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនដាក់មហិច្ឆតាពង្រីកកន្លែងស្តុកថាមពលវារីអគ្គិសនីជាង២០០កន្លែងបន្ថែមទៀតនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីធំបំផុតនៅប្រទេសចិនគឺក្រុមហ៊ុន PowerChina បាននិយាយថា ប្រទេសចិននឹងចាប់ផ្ដើមយុទ្ធនាការសាងសង់ក្នុងពេលឆាប…

សហគ្រិនខ្មែរបើកយុទ្ធនាការបណ្តុះបណ្តាលសហគ្រិនភាពចល័តដំបូងបង្អស់ជាកាដូដល់សិស្សវិទ្យាល័យទាំង ៥ នេះ

ព័ត៌មាន
ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីសហគ្រិនភាព និងការអភិវឌ្ឍខ្លួនក្នុងវិស័យនេះ សហគ្រិនខ្មែរ ឬហៅថា Khmer Enterprise (KE) ក្រោមការគាំទ្រពីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ