សេដ្ឋកិច្ចពិភពលោក

IMF ព្យាករទម្លាក់សេដ្ឋកិច្ចពិភពលោកជាថ្មី រហូតដល់ -៤,៩% ក្នុងឆ្នាំនេះ


តាមការព្យាករថ្មីចុងក្រោយបង្អស់ សម្រាប់ខែមិថុនានេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានទម្លាក់ការព្យាករពីសកម្មភាពសេដ្ឋកិច្ចសកល ជាថ្មីម្តងទៀត ថាអាចនឹងធ្លាក់ចុះប្រមាណ ៤,៩% នៅក្នុងឆ្នាំ ២០២០នេះ ដែលតួលេខនេះ អាក្រក់ជាងការព្យាករកាលពីខែមេសា កន្លងទៅ ដែលរំពឹងថា នឹងធ្លាក់ចុះតែ ៣% ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅក្នុងថ្ងៃនេះ។
សេដ្ឋកិច្ចពិភពលោកដាំក្បាល ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដោយសារបញ្ហាមេរោគកូវីដ១៩
ដោយ

លោកស្រី ជីតា ហ្គោ ភីណាត ប្រធានសេដ្ឋកិច្ច​វិទូនៃអង្គការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ បានពន្យល់​បង្ហាញថា បើធៀប​នឹងការព្យាករ​កាលពី​ខែមេសា ការព្យាករ​ថ្មី បានរកឃើញថា សេដ្ឋកិច្ច​សកល នឹងធ្លាក់ចុះ​កាន់តែ​ខ្លាំង ក្នុងឆ្នាំ ២០២០ ហើយការ​ងើបឡើងវិញ​នៃសកម្មភាព​សេដ្ឋកិច្ច​ក្នុងឆ្នាំ ២០២១ខាងមុខ គឺកាន់តែ​យឺត​ជាងមុនទៅទៀត។

លោកស្រី ជីតា បញ្ជាក់ថា តួលេខធ្លាក់​ចុះនេះ គឺបង្ហាញពីការ​ខាតបង់​របស់​សេដ្ឋកិច្ចសកល ពោលគឺ ខាតជាង ១២ទ្រីលាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល​ ២ឆ្នាំនេះ ដោយសារតែ​វិបត្តិ​មេរោគកូវីដ-១៩។

សេដ្ឋកិច្ចរបស់បណ្តា​ប្រទេស​ទូទាំងសកលលោក បង្ហាញពីលទ្ធផល​អវិជ្ជមាន​រួចទៅ​ហើយ ក្នុងឆមាស​ទី ១ ដើមឆ្នាំ ២០២០នេះ​ ហើយសម្រាប់​ឆមាសទី ២នេះ វានឹងកាន់​តែដុន​ដាប ដោយសារតែ ការកំណត់​យក​វិធានការ​គម្លាតសង្គម និងផលប៉ះពា​ល់ទៅដល់ ខ្សែចង្វាក់​ផ្គត់ផ្គង់​ទូទាំងសកល។

លើសពីនេះ សេដ្ឋកិច្ចរបស់ បណ្តាប្រទេស​ជឿនលឿន អាចនឹងធ្លាក់ចុះ ៨% នៅក្នុងឆ្នាំ ២០២០នេះ ក្នុងនោះ សេដ្ឋកិច្ចអាមេរិក​រំពឹង​នឹងធ្លាក់ចុះ ៨% ហើយសេដ្ឋកិច្ច​តំបន់​ប៉ែកអឺរ៉ុប នឹងធ្លាក់ចុះ ១០% ខណៈសេដ្ឋកិច្ច​ប្រទេស​ជប៉ុន អាចនឹងថមថយ​ប្រមាណ ៥,៨%។

ដោយឡែកសេដ្ឋកិច្ច​ទីផ្សារ​កំពុង​រីកចម្រើន និងប្រទេស​កំពុង​អភិវឌ្ឍន៍ ត្រូវបាន​ព្យាករ​ដែរថា អាចនឹង​ធ្លាក់ចុះ​ ៣% នៅក្នុងឆ្នាំ​២០២០នេះ រួមមាន​សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌា អាចថយចុះ ៤,៥% ខណៈដែល​ប្រទេសចិន មានភាពជឿជាក់​ក្នុងការរក្សា​កំណើន ១% សម្រាប់ឆ្នាំនេះ។

ទោះយ៉ាងណា សម្រាប់ឆ្នាំ​២០២១ សេដ្ឋកិច្ចសកល​រំពឹងថា នឹងកំណើន​មកវិញ​ប្រមាណ ៥,៤%។

ប្រធានសេដ្ឋកិច្ច​វិទូនៃអង្គការ IMF បានព្រមាន​ដែរថា វិបត្តិមេរោគនេះ នឹងបង្ក​ជាបញ្ហា​ប្រឈម​រយៈពេលមធ្យម ដែលរុញច្រាន​ឲ្យ​បំណុល​សាធារណៈ ក្នុងឆ្នាំនេះ កើនដល់​កម្រិត​មួយខ្ពស់​បំផុត ទាំងនៅក្នុង​ប្រទេស​អភិវឌ្ឍន៍ និងប្រទេស​កំពុងអភិវឌ្ឍន៍។

យ៉ាងណាក៏ដោយ ការព្យាករ​ថ្មីនេះ នៅមានភាព​ស្រពិច​ស្រពិល​ច្រើនណាស់ អាចនឹងធ្លាក់ចុះ ឬកើន​ឡើង អាស្រ័យទៅនឹង​ស្ថានភាព​ជាក់ស្តែង បើសិនជា​សេដ្ឋកិច្ចសកល​មានកំណើន លុះត្រាតែមាន វ៉ាក់សាំង និងគោលនយោបាយ​ថ្មីបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច ឲ្យបន្តបើកដំណើរការ​ឡើងវិញ​បានឆាប់រហ័ស។

បើសិនជា ស្ថានការណ៍នា​ពេលខាងមុខ កាន់តែអាក្រក់នោះ ដូចជា មានករណីឆ្លង​បន្ថែម​ទៀតនោះ វានឹងកាត់បន្ថយ​ការធ្វើដំណើរ និងការចំណាយ​របស់​ប្រជាពលរដ្ឋ រឹតបន្តឹងស្ថាន​ភាពហិរញ្ញវត្ថុ​ឲ្យកាន់តែ​ចង្អៀត​ជាងមុនទៅទៀត បង្កជា​បញ្ហាបំណុល​វ័ណ្ឌ ក ហើយភាព​តានតឹង​ផ្នែកជំនួញ​ពាណិជ្ជកម្ម នឹងកាន់តែអាក្រក់ ដែលអាចធ្វើឲ្យ​ជំនួញ​ពាណិជ្ជកម្ម​ទូទាំង​សកលលោក ធ្លាក់ចុះ ១២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិននឹងអាចរក្សាកំណើនបានកំណើនកម្រិតណាក្នុងឆ្នាំ ២០២០ អំឡុងពេលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច?

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនអាចនឹងសម្រេចរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានកម្រិតណា? ស្របពេលដែល បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានទាញទម្លាក់…

វៀតណាមចរចា៥ឆ្នាំជាមួយជប៉ុន ទម្រាំសម្រេចបានការនាំចេញផ្លែគូលែនទៅកាន់ប្រទេសជប៉ុន

ព័ត៌មាន
ប្រទេសវៀតណាមបានចាប់ផ្តើមនាំចេញផ្លែគូលែនស្រស់ទៅកាន់ ប្រទេសជប៉ុនហើយ បន្ទាប់ពីបានចរចាលើការរៀបចំ និងស្តង់ដារគុណភាព អស់រយៈពេលជាង ៥ឆ្នាំមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ