ការព្យាករកំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ២០២០

IMF ព្យាករថា កម្ពុជា និងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» នៅឆ្នាំ២០២០!


សេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២០ នេះ ត្រូវបានអុកឡុក យ៉ាងខ្លាំងដោយសារតែបញ្ហាការរីករាលដាលនៃមេរោគ កូវីដ-១៩។ មិនថាតែ ប្រទេសសេដ្ឋកិច្ចយក្សៗ ឬប្រទេសមានសេដ្ឋកិច្ចតូចតាចទេ គឺសុទ្ធតែត្រូវទទួលរងផលប៉ះពាល់ដូចគ្នា ដោយមានប្រទេសខ្លះថមថយកំណើន និងខ្លះទៀតដាំក្បាលចុះរហូតដល់មានកំណើនដក ក្រោមសូន្យក៏មាន។ ជាក់ស្ដែង នៅតំបន់អាស៊ានយើងនេះ បើតាមការព្យាកររបស់ស្ថាប័ន IMF បានឲ្យដឹងថា មានប្រទេសចំនួន ៤ ដែលមានកំណើនសេដ្ឋកិច្ចធ្លាក់ដល់ដក ក្រោមសូន្យនៅឆ្នាំ ២០២០ ហើយក្នុងនោះ ក៏មានកម្ពុជាយើងផងដែរ។
កម្ពុជានិងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» (រូបភាព៖ ហេង ភារម្យ)
ដោយ

ប្រទេស​កម្ពុជា​នៅឆ្នាំ២០២០នេះ ត្រូវបាន​ស្ថានប័នរូបិយវត្ថុ​អន្តរជាតិ IMF ព្យាករថា កំណើន​សេដ្ឋកិច្ច​នឹងមាន​ការធ្លាក់ចុះ​រហូតដល់ -១,៥% ប៉ុន្ដែ នៅឆ្នាំ២០២១​ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា អាច​នឹង​ស្ទុះងើប​ឡើងវិញ​ដល់ទៅ ៦,១%។

មិនមែន​តែកម្ពុជាទេ ដែលមានកំណើន​ដក​នៅឆ្នាំ២០២០នេះ បើពិនិត្យ​មើលទៅលើ​របាយការណ៍​របស់ IMF ដដែលនេះ ឃើញថា ប្រទេស​នៅតំបន់អាស៊ាន​ចំនួន ៣ទៀត ក៏មាន​កំណើន​សេដ្ឋកិច្ច​ដាំក្បាលចុះ​រហូតដល់​ក្រោមសូន្យ​ផងដែរ។ តួយ៉ាង ប្រទេសថៃ ឆ្នាំនេះ ត្រូវបាន IMF ព្យាករថា នឹងមានសេដ្ឋកិច្ច -៦,៥%, សិង្ហបុរី​មាន -៣,៥% និង​ម៉ាឡេស៊ី​មាន​-១,៧%។

នៅក្នុងសន្និសីទ​អំពីរបាយការណ៍​សង្ខេប​ស្ដីអំពី​តំបន់អាស៊ី និងប៉ាស៊ីហ្វិក កាលពីពាក់​កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ លោក ឆាងយ៉ុង រី នាយក នាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក នៃស្ថាប័ន​ IMF បាន​ និយាយថា IMF បានធ្វើការកែប្រែ​នូវការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា មកនៅអត្រា -១,៥% នៅឆ្នាំ២០២០នេះ។ លោកបន្ថែមថា សេដ្ឋកិច្ច​កម្ពុជា ក៏មិនខុសពីសេដ្ឋកិច្ច​ប្រទេស​ក្នុងតំបន់​អាស៊ាន​មួយចំនួនទៀត ដូចជា មីយ៉ាន់ម៉ា និងវៀតណាមនោះទេ ពោលគឺ​ការនាំចេញ​និងវិស័យទេសចរណ៍​ដែលជា​ឆ្អឹងខ្នងដ៏សំខាន់​របស់សេដ្ឋកិច្ច​ ត្រូវបាន​បង្អាក់​ បើទោះបីជា​ប្រទេសទាំងនេះ ហាក់ដូចជា​មើលទៅ​ទើបតែ​កំពុងចាប់ផ្ដើម​នៃការ​រាតត្បាត​នៃមេរោគ​ក៏ដោយ។ 

លោក ឆាង យ៉ុង រី លើកឡើងយ៉ាងដូច្នេះ «នៅពេលនេះ ប្រទេស​កម្ពុជា គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការរាតត្បាត​នៃមេរោគកូវីដ-១៩ ប៉ុណ្ណោះ​គឺដូចជា​ប្រទេស​ផ្សេងទៀត​នៅតំបន់​អាស៊ីដែរ។ ទោះយ៉ាងណា ផលប៉ះពាល់​វា​បាន​កើតឡើងរួចទៅហើយ។ ហើយយើងបានឭមកថា​ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែលបាន​ធ្វើដំណើរ​មកកាន់​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់ទៅ ៦០%ហើយ ហើយ​វិស័យឧស្សាហកម្ម​កាត់ដេរ ដែលជា​ឆ្អឹងខ្នង​ដ៏សំខាន់​នោះ គឺត្រូវបាន​អ្នកបញ្ជាទិញ​ពីអឺរ៉ុប និងអាមេរិក លុបចោល​ការកម្ម៉ង់ផងដែរ ដូច្នេះ យើង​យល់ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ជួបការប៉ះទង្គិច​ធ្ងន់ធ្ងរ»។

លោក ឆាងយ៉ុង រី បានគូសបញ្ជាក់ទៀតថា ខុសពីសេដ្ឋកិច្ច​នៃបណ្ដាប្រទេស​ជឿនលឿន​ផ្សេងទៀត លំហគោលនយោបាយ​របស់ប្រទេស​កម្ពុជា គឺនៅមានកម្រិតនៅឡើយ ដូច្នេះ លោកយល់ថា វាជារឿងសំខាន់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​បំពេញ​តួនាទី​ដ៏ល្អបំផុត ហើយ​ទាក់ទង​នឹង​បញ្ហា​លំហគោលនយោបាយនេះ មិនមែន​សំខាន់សម្រាប់តែកម្ពុជាទេ ប្រទេស​សេដ្ឋកិច្ចជួរមុខ​ផ្សេងទៀត នៅអាស៊ី ក៏ត្រូវគិតគូពីវា​ដូចគ្នាដែរ។ ប្រទេសទាំងនេះ ត្រូវតែ​ផ្ដោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​ចំណុចណា ដែលជាអាទិភាព ហើយ​ធ្វើនូវរឿងណាដែលត្រូវធ្វើ សម្រាប់​អ្នកដែល​ពួកគេ​ត្រូវ​ការពារ​ជាចម្បង។ នៅ​ក្នុងពេលជាមួយគ្នានេះ  វាក៏ជាហេតុផលមួយ ដែល​សហគមន៍​អន្តរជាតិ​ គួរតែ​ឧបត្ថម្ភ​​នូវ​ធនធាន​បន្ថែមទៀត សម្រាប់បណ្ដា​ប្រទេស​ទាំងនេះ។ នេះបើតាម​ការគូសបញ្ជាក់​របស់ នាយក នាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក នៃស្ថាប័ន​ IMF។ 

បើទោះបីជា​ IMF បានព្យាករ​ទម្លាក់កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២០នេះ ថានឹងមានដកក្រោមសូន្យ​យ៉ាងនេះក្ដី  បើតាម​ការព្យាករ​របស់​ធនាគារ​ពិភពលោក​កាលពីពេល​ថ្មីៗនេះដែរ បាន​ឲ្យដឹងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២០នេះ អាចនឹង​រក្សាបាន​កំណើន២,៥% ខណៈដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ព្យាករដែរថា នឹងមានកំណើន ២,៣%។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ប៉ាន់ប្រមាណថា មានកំណើន​៧,១% ខណៈដែល​កាលពីឆ្នាំ២០១៨ មានកំណើន​រហូតដល់ទៅ ៧,៥%ឯណោះ។

សម្រាប់​ឆ្នាំ២០២០នេះដែរ បើតាម​ការអះអាង​របស់​លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា នាយិកា​គ្រប់គ្រង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ធ្លាប់បាន​មានប្រសាសន៍កាលពី​ខែមីនា​កន្លងទៅនេះថា ជំងឺរាតត្បាត Covid-19 អាចនឹង​បង្កឲ្យមាន​វិបត្តិសេដ្ឋកិច្ច​សកល​នៅឆ្នាំ២០២០នេះ ដែលវិបត្តិនេះ​អាចនឹង​ធ្ងន់ធ្ងរ​ជាងវិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ២០០៨-២០០៩ ទៅទៀត។ ប៉ុន្ដែ សេដ្ឋកិច្ច​ពិភពលោក អាចស្ទុះ​នឹងងើប​ឡើងវិញ​នៅក្នុង​ឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានៅមានអ្នកជំងឺ កូវីដ-១៩ កំពុងព្យាបាលតែចំនួន ១៥នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២០ ខែមេសានេះ!

ព័ត៌មាន
ក្រោយពីក្រសួងសុខាភិបាលបានប្រកាសនូវករណីជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់ ខណៈករណីឆ្លងថ្មីបានថយចុះ និងថ្ងៃខ្លះ ពុំមានរកឃើញករណីឆ្លងទៀតន…

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) វិនិយោគរាប់ម៉ឺនដុល្លារ សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ

ព័ត៌មាន
ដើម្បីអនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីអំពីការបើកបវេសនាកាល តាមរយៈការសិក្សាតាមប្រព័ន្ធអនឡាញ ឬហៅថា ការរៀនពីចម្ងាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ