សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០

IMF៖ សេដ្ឋកិច្ចពិភពលោកនឹង​ដាំក្បាល​ចុះយ៉ាងខ្លាំង​ក្នុងឆ្នាំ២០២០ ដោយសារ បញ្ហាមេរោគកូវីដ-១៩


កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលនៅក្នុងឆ្នាំនេះ បានបង្ហាញពីភាព ទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារតែ បញ្ហាជំងឺកូវីដ-១៩។ នៅក្នុងការព្យាករចុងក្រោយបង្អស់មួយរបស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានគូសបញ្ជាក់ឲ្យឃើញថា សកម្មភាពសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០នេះ នឹងមានការធ្លាក់ចុះប្រមាណ ៣% ដោយសារតែផលប៉ះពាល់ពី មេរោគកូវីដ១៩ ហើយនៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ចសកល នឹងមានការងើបឡើងវិញប្រមាណ ៥,៨% ក៏ប៉ុន្តែវាជាការងើបឡើងវិញមួយផ្នែកប៉ុណ្ណោះ មិនបានពេញលេញនោះឡើយ។
សេដ្ឋកិច្ចពិភពលោកដាំក្បាល ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដោយសារបញ្ហាមេរោគកូវីដ១៩
ដោយ

លោកស្រី ជីតា ហ្គោ ភីណាត ប្រធាន​សេដ្ឋកិច្ចវិទូ​នៃអង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បានបញ្ជាក់ថា សេដ្ឋកិច្ច​សកលលោក មិនអាច​ប្រសើរឡើងវិញ​បាន​ពេញលេញ នៅក្នុងឆ្នាំ ២០២១នោះឡើយ ដោយសារតែ​មេរោគ​ដ៏កាចសាហាវនេះ បានប៉ះពាល់​ដល់​មនុស្ស​លើសពី ២លាន​នាក់​ជុំវិញ​សកលលោក ដែលឈានដល់​ការបិទ​សាលារៀន និងបិទ​អាជីវកម្ម​ជាដើម ធ្វើឲ្យសកម្មភាព​សេដ្ឋកិច្ច​ជាច្រើន បានជាប់គាំង។

លោកស្រី បន្តថា រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ​នៃប្រទេស​នីមួយៗ បានព្យាយាម​ចាត់វិធានការណ៍​ពិសេស​ភា្លមៗ ដើម្បីជួយ​សង្គ្រោះ​ដល់អាជីវកម្ម និងប្រជាពលរដ្ឋ​របស់ខ្លួន ដែលបានធ្វើឲ្យ កញ្ចប់​ថវិកា​ពិសេស​ទូទាំងសកល កើនដល់ ៨ទ្រីលាន​ដុល្លារ​អាមេរិក សម្រាប់ដោះស្រាយ​វិបត្តិកូវីដ-១៩​ក៏ប៉ុន្តែលោកស្រី ជីតា នៅមាន​ការព្យួយ​បារម្ភខ្ពស់ ចំពោះប្រទេស​កំពុងអភិវឌ្ឍន៍ ​ដែលពុំមាន​ថវិកា​គ្រប់គ្រាន់ ដើម្បីជួយ​ស្រោចស្រង់​ស្ថានការណ៍​ដ៏លំបាកនេះ។

ទោះបីជាយ៉ាងណា​ក៏ដោយ អង្គការមូល​និធិរូបិយវត្ថុ​អន្តរជាតិ បានស្នើដល់​បណ្តាប្រទេស​ទាំងអស់​ជុំវិញសកលលោក ឲ្យនៅ​រក្សាការ​បើក​ចំហ​ពាណិជ្ជកម្ម ជាមួយ​ប្រទេសដទៃ ក្នុងអំឡុង​ពេលដ៏​លំបាកនេះ ចៀសវាង​ការរឹត​បន្តឹងលើ ទំនិញនាំចេញ​នាំចូល ជាពិសេស​សម្ភារៈ​បរិក្ខារពេទ្យ និងឧបករណ៍​សំខាន់ៗ សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​នឹង មេរោគកូវីដ-១៩។

មន្រ្តីនៅអង្គការ IMF ក៏បាន​បញ្ជាក់ដែរថា បណ្តាប្រទេស​ទាំងអស់ គួរតែ​សហការគ្នា កាត់បន្ថយ​របាំងពន្ធ និងរបាំង​មិនមែនពន្ធ នៅក្នុង​ជំនួញ​ពាណិជ្ជកម្ម​ឆ្លងដែន​របស់ខ្លួន និងពង្រឹង​ការវិនិយោគ​ពីក្រៅប្រទេស​បន្ថែម ដើម្បីរក្សា​បាននូវ ខ្សែច្រវាក់​ផ្គត់ផ្គង់ និងផលិតកម្ម​សកល។

លើសពីនេះ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ IMF​ បានគូសបញ្ជាក់​បន្ថែមថា បណ្តា​ប្រទេសជាង ១០០ប្រទេស សឹងតែពាក់កណ្តាល​ផែនដី​ទៅហើយ បានស្នើសុំ កម្ចីសង្គ្រោះ​បន្ទាន់ពី IMF ​ដើម្បីដោះស្រាយ​បញ្ហានេះ ដោយ IMF ​បានត្រៀម​ខ្លួនរួច​ជាស្រេច ក្នុងការប្រើប្រាស់​កញ្ចប់​ថវិកាជាង ១ទ្រីលាន​ដុល្លារអាមេរិក សម្រាប់​ប្រើប្រាស់ជាកម្ចី។

លោកស្រី បញ្ជាក់ថា បើទោះបីជា លក្ខខណ្ឌស្នើ​សុំកម្ចីថវិកា​សង្គ្រោះពី​ IMF​ មានភាព​តឹងរ៉ឹង​ក៏ដោយ ​IMF ស្នើដល់ប្រទេស​ដែលត្រូវ​ការកម្ចីនេះ កំណត់​អាទិភាព​ដំបូងបំផុត គឺប្រើប្រាស់​សម្រាប់​ជួយដល់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលជា​ទ័ពជួរមុខ ប្រយុទ្ធ​នឹងមេរោគ​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) វិនិយោគរាប់ម៉ឺនដុល្លារ សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ

ព័ត៌មាន
ដើម្បីអនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីអំពីការបើកបវេសនាកាល តាមរយៈការសិក្សាតាមប្រព័ន្ធអនឡាញ ឬហៅថា ការរៀនពីចម្ងាយ…

តម្លៃប្រេងឆៅអាមេរិក ធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង២០ឆ្នាំមកនេះ

ព័ត៌មាន
តម្លៃទីផ្សារប្រេងឆៅនៅលើទីផ្សារសកលលោក កំពុងតែបន្តធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបញ្ហាជាច្រើនកំពុងកើតមាន ដូចជា វិបត្តិមេរោគកូវីដ១៩ ទាញទម្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ