វិបត្តិសេដ្ឋកិច្ចពិភពលោក ២០២០

IMF ៖ ឆ្នាំ២០២០ វិបត្តិសេដ្ឋកិច្ចសកល អាចនឹងកើតឡើង ហើយអាច​អាក្រក់ជាងកាលពីឆ្នាំ២០០៨-២០០៩ ទៅទៀត


សេដ្ឋកិច្ចពិភពលោក បានចាប់ផ្ដើមទ្រោមខ្លាំង តាំងពីមានផ្ទុះរាលដាលនៃមេរោគ Covid-19 ហើយរហូតមកទល់ពេលនេះ បញ្ហាមេរោគឆ្លងនេះ នៅតែបន្តរីករាលដាលកាន់តែខ្លាំងនៅជុំវិញពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃទី ២៣ មីនាបានអះអាងថា ជំងឺរាតត្បាត Covid-19 អាចនឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ ដែលវាអាចនឹងធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨-២០០៩ ទៅទៀត។ ប៉ុន្ដែ IMF បញ្ជាក់ថា សេដ្ឋកិច្ចពិភពលោក អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២១។
លោកស្រី Kristalina Georgieva នាយិកា​មូលនិធិ​រូបិវត្ថុអន្តរជាតិ (IMF) (រូបភាព៖https://en.mercopress.com)

លោកស្រី Kristalina Georgiveva នាយិកា​គ្រប់គ្រង​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ដែលត្រូវបាន​ស្រង់សម្ដី​ដោយ​សារព័ត៌មាន CNA បាន​ឲ្យដឹងថា លោកស្រី​ស្វាគមន៍​ចំពោះ​វិធានការ​សារពើពន្ធវិសាមញ្ញ ដែល​ត្រូវបានអនុវត្ត​ដោយប្រទេស​ជាច្រើន​ ក្នុងការជំរុញ​ប្រព័ន្ធ​សុខាភិបាល និងការពារ​ក្រុមហ៊ុន និងកម្មករនយោជិត ដែលរងផលប៉ះពាល់ ពីបញ្ហា Covid-19។ ព្រមជាមួយគ្នានេះ IMF ក៏ស្វាគមន៍ផងដែរ ចំពោះ​ការអនុវត្ត​របស់ធនាគារកណ្ដាល ដើម្បីបន្ថូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ។ ទោះយ៉ាងណា លោកស្រី Kristalina បញ្ជាក់ថា វានៅតែមាន ការ​ត្រូវការ​អនុវត្តបន្ថែមទៀត ពិសេស​នៅលើ​ផ្នែកសារពើពន្ធនេះតែម្ដង។

នាយិកាគ្រប់គ្រង​ស្ថាប័នអន្តរជាតិ IMF រូបនេះ បាន​លើកឡើងយ៉ាងដូច្នេះថា «ការចំណាយ​របស់មនុស្ស​នៃការរីករាលដាលនៃមេរោគកូរ៉ូណានេះ គឺ​មិនអាចវាស់វែងបានទេ ហើយប្រទេសទាំងអស់ ត្រូវការ​ធ្វើការងារ​រួមគ្នា ដើម្បីការពារ​ប្រជាជន និងកំណត់​ការខូចខាត​សេដ្ឋកិច្ច»។

មានប្រទេសកាន់តែច្រើន​ឡើងហើយ បាន​ដាក់វិធានការ​បិទ​ប្រទេស​របស់ខ្លួន ដើម្បីគ្រប់គ្រង​ការឆ្លងរីករាលដាល​នៃមេរោគ​ Covid-19នេះ ដែលបានបច្ចុប្បន្នមានអ្នកឆ្លង​មេរោគនេះ ជាង ៣០ម៉ឺននាក់ និងអ្នកស្លាប់​បាត់បង់ជីវិតមាន​ជិត១ម៉ឺន ៥ពាន់នាក់។

IMF បាន​បញ្ជាក់ថា ចក្ខុវិស័យ​សម្រាប់កំណើន​សេដ្ឋកិច្ចសកល គឺបង្ហាញនូវ​ភាព​អវិជ្ជមាន ហើយឥឡូវនេះ IMF រំពឹងថា វិបត្តិសេដ្ឋកិច្ច យ៉ាងហោចណាស់ នឹងមាន​អាក្រក់​ដូច​ អំឡុង​ពេលមានវិបត្តិ​ហិរញ្ញវត្ថុ​សកល​ ឬអាច​អាក្រក់ជាង​នេះទៅទៀត។

នៅដើមខែមីនានេះ IMF បានព្រមាន​ថា នៅឆ្នាំ២០២០ កំណើន​សេដ្ឋកិច្ច​ពិភពលោក អាចនឹង​មានក្រោម ២,៩% ដែលជា​កំណើនកាល​ពីឆ្នាំ​២០១៩ទៅទៀត។ 

ទោះយ៉ាងណា លោកស្រី Kristalina បាន​និយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ច​ពិភពលោក ត្រូវបានរំពឹងថា គឺនឹងប្រសើរឡើងនៅឆ្នាំ២០២១ ប៉ុន្ដែ ដើម្បីអាចសម្រេច​បែបនេះបាន លុះត្រាតែ ប្រទេស​នានា ត្រូវផ្ដល់អាទិភាព​ដល់ការ​គ្រប់គ្រង និង​ពង្រឹងប្រព័ន្ធ​សុខាភិបាល។

បើតាមការអះអាង​របស់​លោកស្រី Kristalina ស្ថាប័ន​ IMF នឹងបង្កើន​ហិរញ្ញប្បទាន បន្ទាន់​ជាបន្តបន្ទាប់ ដោយបានសម្គាល់​ឃើញថា មាន​ប្រទេស​ចំនួន ៨០ហើយ បាន​ដាក់សំណើ ដើម្បីស្វែងរកជំនួយនេះ ហើយលោកស្រី​បញ្ជាក់​ទៀតថា IMF ក៏បានត្រៀម​រួចជាស្រេច ក្នុងការដាក់ពង្រាយ​សមត្ថភាព​ផ្ដល់កម្ចី​ទាំងអស់​ដែលមានតម្លៃ​សរុប ១ទ្រីលាន​ដុល្លារអាមេរិក។ 

សម្រាប់​ប្រទេស​មានសេដ្ឋកិច្ចជឿនលឿន ជាទូទៅ​គឺមានភាពងាយស្រួល​ក្នុងការ​ប្រឈម​នឹងការដោះស្រាយ​វិបត្តិនេះ ប៉ុន្ដែ សម្រាប់​ប្រទេស​មានទីផ្សារកំពុងរីកចម្រើន និង​មានប្រាក់​ចំណូល​ទាបវិញ គឺប្រឈមនឹងបញ្ហាយ៉ាងខ្លាំង រួមទាំង​លំហូរមូលធនទៅ​ខាងក្រៅ​ផងដែរ។

IMF បញ្ជាក់ថា វិនិយោគិន បានដកយកចេញ​នូវទឹកប្រាក់ទំហំ ៨៣ ពាន់លានដុល្លារអាមេរិក ពី​ប្រទេសមាន​ទីផ្សារ​កំពុងរីកចម្រើន តាំងពី​វិបត្តិនេះ​បានចាប់ផ្ដើមឡើងម្ល៉េះ ដែលវាជា​លំហូរមូល​ធនចេញ​ដ៏ធំបំផុត​មិនធ្លាប់មានឡើយ។ ទន្ទឹមគ្នានេះ IMF ក៏ព្រួយបារម្ភ ជាពិសេស​ចំពោះ​បណ្ដាប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប នៅក្នុង​វិបត្តិបំណុល​ ហើយ​IMF ក៏បាននិងកំពុង​ធ្វើការយ៉ាងជិតស្និទ​ជាមួយប្រទេស​ទាំងនោះ ដើម្បី​ដោះស្រាយ​កង្វល់ទាំងនេះផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនផ្តល់ហិរញ្ញប្បទានជាង៣០០លានដុល្លារអាមេរិកបន្ថែម ដល់គម្រោងចំនួន៥នៅកម្ពុជា

ព័ត៌មាន
នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ ប្រទេសជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានប្រមាណ ៣១២,៣៧ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីជួយដល់គម្រោងចំនួន០៥…

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវភាគីពាក់ព័ន្ធទាំងអស់«រួមដៃគ្នា ដើម្បីអាចបន្ដរស់បានទាំងអស់គ្នា»

ព័ត៌មាន
អំឡុងពេលស្ថានការណ៍វិវត្តន៍នៃការរីករាលដាលនៃមេរោគ Covid-19 កាន់តែយ៉ាប់យឺននៅទូទាំងសកលលោក បច្ចុប្បន្ននេះ វាក៏បានធ្វើឲ្យមានភាពចលាចលដល់ជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ