កូវីដ១៩នៅប្រទេសក្បែរខាងឥណ្ឌា

ប្រទេសក្បែរខាងឥណ្ឌាជាច្រើនចាប់ផ្ដើមរងទុក្ខនឹងមេរោគឆ្លងរាតត្បាតកាន់តែខ្លាំង


អស់រយៈពេលជិតមួយខែមកហើយ ដែលរលកឆ្លងកូវីដ-១៩នៅឥណ្ឌាបានផ្ទុះឡើង ហើយមិនទាន់បង្ហាញពីសញ្ញាថមថយនោះទេ ពោលគឺចំនួនឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម៉ឺននាក់ដដែល។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺឥឡូវនេះ មិនមែនតែឥណ្ឌាទេ ដែលរងទុក្ខខ្លាំង ប្រទេសក្បែរខាងជាច្រើនទៀត ដែលជាប់នឹងឥណ្ឌា ក៏កំពុងផ្ទុះរលកឆ្លងមេរោគបំប្លែងថ្មីនេះយ៉ាងសម្បើមដែរ តួយ៉ាង ប្រទេសបង់ក្លាដេស ប៉ាគីស្ថាន និងនេប៉ាល់ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌ធំៗជាច្រើន។
អ្នកជំងឺកូវីដ១៩ក្នុងប្រទេសនេប៉ាល់កំពុងខ្វះខាតអុកស៊ីហ្សែនដូចនៅឥណ្ឌាដែរ - Xinhua

ប្រទេស​ប៉ា​គី​ស្ថាន​មាន​អ្នក​ស្លាប់​ជា​មធ្យម​ជាង​១០០​នាក់

ដោយ​ការ​រាលដាល​នៃ​កូ​វី​ដ​-១៩​កាន់តែ​ច្រើន​ឡើង​ៗ ប៉ា​គី​ស្ថាន​បាន​សម្រេច​បិទ​ខ្ទប់​ប្រទេស​សម្រាប់​រយៈពេល​១០​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ទី​៨ ឧសភា ដល់​ថ្ងៃ​ទី​១៧​ឧសភា​។ ពុំ​មានការ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ នោះ​ទេ បើសិន​មិន​មាន​ករណី​ចាំបាច់​អំឡុង​ការ​បិទ​ខ្ទប់​។

ទោះបី​ប៉ា​គី​ស្ថាន មិន​មាន​អ្នក​ឆ្លង​ច្រើន​ប៉ុន្មាន បើ​ធៀប​នឹង​ឥណ្ឌា ប៉ុន្តែ​តួលេខ​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ឈឺក្បាល និង​ព្រួយបារម្ភ​ពី​មេរោគ​បំប្លែង​ថ្មី ដែល​បាន​រក​ឃើញ​នៅ​ឥណ្ឌា​នេះ​ជា​ខ្លាំង​។

គួរ​ជម្រាប​ថា ប៉ា​គី​ស្ថាន​មាន​អ្នក​ស្លាប់​ជា​មធ្យម​ជិត ១០០​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ក្បែរ​២​ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​គិត​មក​ដល់​ពេល​នេះ មាន​ជិត​៩០​ម៉ឺន​នាក់​ហើយ ចំណែក​អ្នក​ស្លាប់​វិញ​មាន​ជិត ២០​ម៉ឺន​នាក់​។

ការយកសំណាកកូវីដ១៩នៅលើផ្លូវ ក្នុងក្រុងអីស្លាមអាបាត ប្រទេសប៉ាគីស្ថាន - Xinhua

នេ​ប៉ា​ល់​កើន​ឡើ​អ្នក​ឆ្លង​កាន់តែ​ច្រើន និង​កំពុង​ខ្វះ​បំពង់​អុកស៊ីហ្សែន

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ ប្រទេស​នេ​ប៉ា​ល់​ក៏​កំពុង​ដើរ​អូស​ជើង​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ដូច​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ទៀត​ផង​ដែរ​។ មិន​ខុស​ពី​ឥណ្ឌា​ប៉ុន្មាន​នោះ​ទេ ពេល​នេះ​នេ​ប៉ា​ល់កំ​ពុង​ខ្វះខាត​បំពង់​អុកស៊ីហ្សែន​ជា​ច្រើន​។ ខ្វះខាត​ដល់​ថ្នាក់ អាជ្ញារ​ធរ​នេ​ប៉ា​ល់​បាន​ស្នើ​សុំ​អ្នក​ឡើង​ភ្នំ​អេ​វើ​រេស (Everest) មេត្តា​កុំ​បោះចោល​បំពុង​នៅ​លើ​ភ្នំ​ពេល​គេ​ប្រើ​រួច​។ អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ពួក​គេ​ជួយ​យក​បំពង់​ទាំងនោះ ចុះ​មក​ក្រោម​វិញ ដើម្បី​អាច​ឲ្យ​មន្ទីរពេទ្យ​ប្រើប្រាស់​សម្រាប់​ផលិត​អុកស៊ីហ្សែន​ស្តុក​ទុក​ថ្មី​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ព័ត៌មាន​សម្លេង​សហរដ្ឋអាមេរិក VOA អន្តរជាតិ​។

មន្ត្រី​សុខាភិបាល​នេ​ប៉ា​ល់​ឲ្យ VOA ដឹង​ថា សម្រាប់​ពេល​នេះ ពួក​គេ​ត្រូវការ​បំពុង​អុកស៊ីហ្សែន​យ៉ាង​ហោច​ណាស់ ២​ម៉ឺន​៥​ពាន់​បំពង់ សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩​។

បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចាប់តាំងពី​ខែឧសភា​មក នេ​ប៉ា​ល់​មាន​អ្នក​ឆ្លង​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ៨​ពាន់​នាក់ ដែល​ចំនួន​នេះ​កើនឡើង ៣០​ដង ធៀប​នឹង​ដើម​ខែមេសា​។

គួរ​ជម្រាប​ថា អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​នេ​ប៉ា​ល់​សរុប​មាន​ជិត ៤០​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​មាន​ជិត ៤​ពាន់​នាក់​។ 

កន្លែងបូជាសពដែលស្លាប់ដោយកូវីដ១៩នៅប្រទេសនេប៉ាល់ - Xinhua

បង់​ក្លា​ដេ​ស​កំពុង​ប្រឈម​ការ​ឆ្លង​ខ្ពស់ ក្រោយ​ពលរដ្ឋ​សម្រុក​ទៅ​លេង​ស្រុក​កំណើត 

បង់​ក្លា​ដេ​ស ក៏​ជា​ប្រទេស​មាន​អ្នក​កាន់សាសនា​ម៊ូ​ស្លី​ម​ច្រើន​ណាស់​ដែរ ហើយ​នៅ​ស​ប្តា​ហ៍​នេះ ពលរដ្ឋ​ប្រទេស​នេះ បាន​សម្រុក​ចាក​ចេញពី​ទីក្រុង​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ក្នុង​ថ្ងៃ​សម្រាក​អបអរ​បុណ្យ​សាសនា​ម៊ូ​ស្លី​ម ដែល​គេ​ហៅ​ថា អ៊ី​ត​(Eid)​។

តាម​រយៈ​រូបភាព​ពី​ទីភ្នាក់ងារ Reuters គេ​ឃើញ​មាន​ពលរដ្ឋ​បង់​ក្លា​ដេ​សរាប់​ពាន់​នាក់ មក​ប្រជុំ​គ្នា​យ៉ាង​កកកុញ ដើម្បី​រង់ចាំ​ឆ្លង​សា​ឡង​ធំ​ៗ ក្នុង​គោលដៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​។

រដ្ឋមន្ត្រី​សុខាភិបាល បង់​ក្លា​ដេ​សបាន​ព្រមាន​ថា ពួក​គេ​នឹង​ពាំនាំ​យក​មេរោគ​កូ​វី​ដ​-១៩ ទៅ​ដល់​អ្នក​ផ្ទះ​ពួក​គេ​ជាក់​ជា​មិន​ខាន​។ មន្ត្រីជាន់ខ្ពស់​រូប​នេះ ព្រមាន​ចំ​ៗ​ទៀត​ថា មិនយូរ​មិនឆាប់​នោះ​ទេ​បង់​ក្លា​ដេ​ស​ប្រាកដជា​ធ្លាក់​ក្នុង​មហន្តរាយ​ដូច​ឥណ្ឌា និង​នេ​ប៉ា​ល់ បើសិនជា​ពលរដ្ឋ​មិន​មានការ​ការពារ​ខ្លួន និង​បន្ដ​ចេញ​ធ្វើ​ដំណើរ​ប្រមូលផ្ដុំ​គ្នា​ខ្នាន់ខ្នាប់​យ៉ាង​ដូច្នេះ​។

អាជ្ញាធរ​បង់​ក្លា​ដេ​ស​នៅ​តាម​ព្រំដែន​ជាមួយ​ឥណ្ឌា ក៏​បាន​បង្កើន​ការ​យាមកាម ពី​ការ​ឆ្លង​ដែន​ខុសច្បាប់ ដើម្បី​បញ្ជៀ​ស​ពី​ការ​ចម្លង​មេរោគ​កូ​វី​ដ​ពី​ឥណ្ឌា​ចូល​មក​បង់​ក្លា​ដេ​ស​ផង​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ មេរោគ​ដែល​បំប្លែង​ខ្លួន​ដ៏​កាច​សាហាវ​នោះ បាន​បង្ហាញខ្លួន​នៅ​បង់​ក្លា​ដេ​សរួច​ហើយ​។ 

គិត​មក​ទល់​ថ្ងៃ​ទី ១១ ខែឧសភា​នេះ បង់​ក្លា​ដេ​សមាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​ជាង ៧៧​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន ១​ម៉ឺន​២​ពាន់​នាក់​ហើយ​។

សូម​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​ទាញ​សញ្ញា​អាក្រក់​ថា មេរោគ​បំប្លែង​ខ្លួន​នៅ​ឥណ្ឌា កំពុង​ក្លាយជា​ក្តី​បារម្ភ​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​ហើយ ខណៈ​ដែល​ប្រទេស​ជា​ច្រើន ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី​រួម​មាន​ថៃ សិង្ហ​បុរី កម្ពុជា និង​អូស្ត្រាលី​ផង​នោះ បាន​ផ្តើម​ផ្អាក​ជើងហោះហើរ​ជាមួយ​ប្រទេស​ឥណ្ឌា ស្រប​ពេល​ដែល​មួយ​ចំនួន​ទៀត​ផ្អាក​ទាំង​ជើងហោះហើរ​ជាមួយ​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា​ផង​ដែរ​ដូច​ជា នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស ប៉ា​គី​ស្ថាន​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនកំពុងកាក់កបលក់បរិក្ខារពេទ្យ និងអុកស៊ីហ្សែនទៅឲ្យឥណ្ឌា

ព័ត៌មាន
ក្រុមហ៊ុនឯកជនក្នុងប្រទេសចិន ដែលផលិត និងចែកចាយសម្ភារបរិក្ខារពេទ្យ ជាពិសេស គឺអុកស៊ីហ្សែនតែម្តង កំពុងត្រូវប៉ាន់ខ្លាំងមែនទែន ក្រោយពីមានតម្រូ…

អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន !

ព័ត៌មាន
ពិតជាដំណឹងគួរឲ្យរីករាយសម្រាប់មិត្តអ្នកគាំទ្រ និងស្រឡាញ់រថយន្តម៉ាក Ford ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ