វិស័យធានារ៉ាប់រង

អ្នកជំនាញ៖ វិស័យធានារ៉ាប់រងកម្ពុជា ត្រូវការយុទ្ធសាស្រ្តថ្មី ដើម្បីងើបឡើងពីវិបត្តិកូវីដ-១៩


វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងប្រឈមនឹងបញ្ហាគួរឲ្យកត់សម្គាល់នៅអំឡុងនៃវិបត្តិកូវីដ-១៩នេះ ពិសេសផលិតផលធានារ៉ាប់រងទូទៅ ដែលផ្ដោតសំខាន់លើវិស័យឧស្សាហកម្មផលិតក្នុងស្រុក ខណៈបច្ចុប្បន្នសហគ្រាសផលិតជាច្រើនកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺន និងស្រពេចស្រពិលក្នុងការសម្រេចចិត្តចាប់ផ្ដើមឡើងវិញ ឬបង្កើតថ្មីជាដើម។ អ្នកជំនាញ ក្នុងវិស័យធានារ៉ាប់រងកម្ពុជាអះអាងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ វិស័យធានារ៉ាប់រងកម្ពុជា ត្រូវការយុទ្ធសាស្ត្រថ្មី ដើម្បីងើបឡើងពីវិបត្តិនេះ។
អ្នកជំនាញ៖ វិស័យធានារ៉ាប់រងកម្ពុជា ត្រូវការយុទ្ធសាស្រ្តថ្មី ដើម្បីងើបឡើងពីវិបត្តិកូវីដ-១៩
ដោយ

លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ Forte បានឲ្យដឹងថា ក្នុងរយៈពេលបីខែ​ដើម​ឆ្នាំ២០២០ ដំណើរការ​ផ្តល់សេវា​ធានារ៉ាប់រង​នៅរក្សា​បានកំណើន​មួយ​ខ្ពស់​ជុំវិញ ២០ភាគរយ។ ប៉ុន្តែ ចូលមកដល់​ខែទី៤ និងទី៥កំណើននេះ បានបន្តធ្លាក់​ចុះទៅវិញ​ជាបន្ត​បន្ទាប់ពី ១៥ភាគរយ មកនៅ​ត្រឹម ៧ភាគរយ និងអាច​បន្តធ្លាក់ចុះ​តទៅទៀត​សម្រាប់​ខែកក្កដានេះ ក៏ដូចជា​ខែសីហា​ខាងមុខ​នេះ។

លោកបន្តថា ដោយសារ​តែ​មើលឃើញ​ពីសញ្ញា​នៃការធ្លាក់ចុះ​នេះ បានជំរុញឲ្យ​ក្រុមអ្នក​ជំនួញ​នៅក្នុងវិស័យ​ធានារ៉ាប់រង និងវិស័យ​ផ្សេងៗ​បានផ្លាស់​ប្តូរយុទ្ធសាស្រ្ត​របស់​ខ្លួន​ដោយខ្លះ​បានបង្កើត​ផលិតផល​ថ្មី​បន្ថែម​ដែលតម្រូវ​ទៅតាម​ស្ថានភាព​នៃវិបត្តិ​កូវីដ-១៩ និងពិសេស​គឺពង្រីក​យុទ្ធសាស្រ្ត​ទីផ្សារ​អនឡាញ។

អ្នកជំនាញ​ក្នុងវិស័យ​ធានារ៉ាប់រង​រូបនេះ បាន​បញ្ជាក់​បន្ថែមថា នៅក្នុង​វិបត្តិ គឺតែងតែ​មានឱកាស​ដូច្នេះ យើងចាំបាច់​ត្រូវចេះ​ចាប់យក​ឱកាស​ដោយបាន​កែប្រែយុទ្ធសាស្រ្ត​ស្របតាម​ស្ថានភាព​ដូចជា​បង្កើត​នូវ​ផលិតផល​ថ្មីៗ​បន្ថែមរួមមាន ផលិតផល​ធានារ៉ាប់រង​លើកូវីដ-១៩ សម្រាប់អ្នក​វិនិយោគ​បរទេស​ស្របតាម​ការចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ តាមរយៈ​ក្រសួង​សុខាភិបាល និងក្រសួង​សេដ្ឋកិច្ច។

លោក​ចំរើនឫទ្ធិ​ បានបន្តឲ្យ​ដឹងទៀតថា ស្ថិតនៅក្នុង​ដំណាក់កាល​នៃវិបត្តិ​កូវីដ-១៩ នេះ ផលប៉ះពាល់​សម្រាប់​សេដ្ឋកិច្ច​សកល គឺមាន​សម្ពាធ​ខ្លាំង ខណៈមើល​ឃើញថា ប្រទេស​មួយចំនួន​នៅបន្ត​បិទទ្វារ និងបើទោះបី បើកទ្វារ​ក៏មិនទាន់​សកម្មភាព​សេដ្ឋកិច្ច​ល្អនៅ​ឡើយ ហើយស្ថិតនៅ​ក្នុងដំណាក់កាលនេះដែរ អ្នកវិនិយោគ​មួយចំនួន​ក៏កំពុងតែ​ពិចារណា​ឡើងវិញ​អំពីគោលនយោបាយ​វិនិយោគ​របស់​ពួកគាត់ថា តើនឹង​ត្រូវចាប់​យកវិស័យ​ណា​មកជំនួស និងក៏សង្ឃឹម​ផងដែរថា​វិស័យថ្មី​ដែលអ្នក​វិនិយោគ​ទាំងនោះ នឹងច្បាមយក​ពេលនេះ គឺវិស័យ​ឌីជីថល​នឹងមាន​ការរីក​ចម្រើនខ្លាំង។

របាយការណ៍​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​បង្ហាញថា​ ក្នុងរយៈពេល​បីខែដំបូង​ដើម​ឆ្នាំ២០២០ នេះ ទាំងធានារ៉ាប់រង​ទូទៅ និងធានារ៉ាប់រង​អាយុជីវិត​នៅតែរក្សា​បានកំណើន​ល្អដដែល ក្នុងនោះ បុព្វលាភ​សរុប​របស់​ធានារ៉ាប់រង​ទូទៅ​មានចំនួន​ប្រមាណ ៤២,៨ លានដុល្លារ​អាមេរិក កើនឡើង​ជាង ២១ ភាគរយ ធានារ៉ាប់រង​អាយុជីវិត​ទទួល​បានបុព្វលាភ​សរុប​មាន​ប្រមាណ ៣៧,៦លានដុល្លារ កើនឡើង​ជាង ១៨ភាគរយផងដែរ។

លោក យក់ ចំរើនប្ញទ្ធិ បានឲ្យដឹង​ទៀតថា វិស័យធានារ៉ាប់រង​នៅកម្ពុជា​នឹងនៅតែ​បន្តរង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺកូវីដ-១៩  ហើយក៏នឹង​ធ្វើឲ្យប៉ះពាល់​ខ្លាំង​ទៅដល់ចំណូល ដែលនឹងធ្វើ​ឲ្យចំណូល​ធ្លាក់ចុះ​បន្តទៀត ខណៈចំណូ​លបានមក​វិស័យ​ដឹកជញ្ជូន ចំណូលបានមក​ពីវិស័យ​អចលនទ្រព្យ និងចំណូល​នៃអាជីវកម្ម​ផ្សេងៗ​កំពុង​ត្រូវបាន​ធ្លាក់ចុះផងនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀតហើយ មកពី៣ប្រទេសផ្សេងគ្នា

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី លើបុរសជនជាតិខ្មែរ២៦នាក់ទៀតហើយ ដែលក្នុងនោះ ទើបតែត្រលប់មកពីប្រទ…

ចិនថាសេដ្ឋកិច្ចខ្លួននៅឆមាសទី១ឆ្នាំនេះ ធ្វើបានល្អលើសការរំពឹងទុកទៅទៀត!

ព័ត៌មាន
បើទោះបីជាប្រទេសចិន ជាប្រទេសដែលមានផ្ទុះកើតឡើងមេរោគកូវីដ-១៩ដំបូងគេ នឹងបានរីករាលដាលខ្លាំងនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ប៉ុន្ដែរដ្ឋាភិបាលចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ