កូវីដ១៩ នៅ​កម្ពុជា-ផល​ប៉ះពាល់​លើ​វិស័យធានារ៉ាប់រង

នៅ​ត្រីមាសទី២​ ឧស្សាហកម្ម​ធានា​រ៉ាប់រង​កម្ពុជា​នឹង​​រង្គោះ​រង្គើ ដោយសារ​ឥទ្ធិពល​កូវីដ១៩


ក្រុម​អ្នក​ជំនួញ និង​អ្នក​ជំនាញ​នៅក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា បាន​ព្រមាន​ថា ចាប់ពី​ត្រីមាស​ទី២​ ឆ្នាំ​២០២០​នេះ​តទៅ វិស័យ​ធានា​រ៉ាប់រង​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ឥទ្ធិពល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ខណៈ​សកម្មភាព​សេដ្ឋកិច្ច​​សព្វថ្ងៃ​នេះ មិនទាន់​មាន​ភាព​ល្អ​ប្រសើរ​ដូចមុន​នៅ​ឡើយ​ ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ចំនួន​នៅតែ​បន្ត​បិទទ្វារ។
នៅ​ត្រីមាសទី២​ ឧស្សាហកម្ម​ធានា​រ៉ាប់រង​កម្ពុជា​នឹង​​រង្គោះ​រង្គើ ដោយសារ​ឥទ្ធិពល​កូវីដ១៩។ រូបភាពឯកសារ ៖ ហេង ភារម្យ

ប៉ុន្តែ ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ធានារ៉ាប់រង​កម្ពុជា​បាន​បញ្ជាក់​អះអាង​ថា សុខភាព​អាជីវកម្ម​ធានា​រ៉ាប់រង​ទូទៅ និង​ធានា​រ៉ាប់រង​អាយុ​ជីវិត ក្នុង​រយៈពេល​៣​ខែ​ដំបូង ដើម​ឆ្នាំ​២០២០ នៅតែ​រក្សា​បាន​កំណើន​ល្អ​ដដែល។ 

ជាក់ស្តែង បើ​តាម​របាយការណ៍​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បាន​បង្ហាញ​ថា ៣ខែ​ឆ្នាំ​នេះ បុព្វលាភ​សរុប​របស់​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​ប្រមាណ ៤២,៨​លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង ២១​ភាគរយ បើធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩។ ចំណែកឯ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​វិញ បុព្វលាភ​​សរុប​មាន ៣៧,៦​លាន​ដុល្លារអាមេរិក កើន​ឡើង​ជាង ១៨​ភាគរយ។

លោក ហ៊ុយ វ៉ាតថារ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បញ្ជាក់​អះអាង​ថា កំណើន​នេះ​យើង​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ថា វិស័យនេះ​នឹង​នៅតែ​បន្ត​កើន​ឡើង​សម្រាប់​ត្រីមាស​ទី២ ខាងមុខ ឬយ៉ាងណានោះ។ លោក​ថា កំណើន​នៅ​ត្រីមាស​ទី១ គឺ​ភាគច្រើន​បាន​មក​ពី​អតិថិជន​ទិញ​ធានា​រ៉ាប់រង​ចាស់ៗ មក​បន្ត​សុពលភាព​របស់​ខ្លួន​ឡើងវិញ។ ចំណែក​អតិថិជន​ថ្មី​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ពីព្រោះតែ​ឥទ្ធិពល​កូវីដ​១៩ ចាប់​ផ្តើម​ប៉ះពាល់​ខ្លាំង​លើ​វិស័យ​ធានា​រ៉ាប់រង ចាប់ពី​ខែ​មីនា រហូត​មក​ដល់​ពេល​នេះ។

លោក ហ៊ុយ វ៉ាតថារ៉ូ បញ្ជាក់​ថា វិស័យ​ធានារ៉ាប់រង​នៅ​ឆ្នាំ​២០២០​នេះ នឹង​មិន​អាច​ជៀសផុត​បាន​ឡើយ​ពី​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ បើសិន​ជា​ស្ថានភាព​នៅតែប​ន្ត​ដូច​បច្ចុប្បន្ន គឺ​នៅ​ត្រីមាស​ទី២​ខាងមុខ វិស័យនេះ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន។ រង្គោះរង្គើ​ដោយសារតែ​សកម្មភាព​សេដ្ឋកិច្ច ការធ្វើ​អាជីវកម្ម​ទាំងឡាយ ហាក់​ដូចជា​មិន​មាន​ការកើន​ឡើង​ដូច​មុន​ឡើយ សកម្មភាព​លក់​សេវាកម្ម​របស់​ភ្នាក់ងារ​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​ក៏​មិន​អាច​ទៅ​ជួប​នឹង​អតិថជន​បាន​ដូចមុន ដោយសាតែ​ការគោរព​តាម​វិធានការ​របស់​រដ្ឋាភិបាល រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា និង​មិន​អាច​ជួប​ជា​សាធារណៈ​បាន។ 

លោក​ ហ៊ុយ វ៉ាតថារ៉ូ បញ្ជាក់​ទៀត​ថា សកម្មភាព​អាជីវកម្ម​ក៏​មាន​ការថមថយ ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ធ្លាក់​ចុះ ហើយ​សកម្មភាព​ផលិតកម្ម​ផ្សេងៗ​នៃ​ឧស្សាហកម្ម​រោងចក្រ សហគ្រាស​ក៏​មាន​ការ​ថយចុះ ដែល​ការថមថយ​នៃ​សកម្មភាព​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ដែរ។

ជុំវិញទៅនឹង​បញ្ហា​នេះ​ដែរ លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដ៏​ធំជាង​គេ​មួយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ​១៩  បើជំងឺ​នេះ​នៅតែ​បន្ត​អូស​បន្លាយ​យូរ​តទៅមុខ​ទៀត​នោះ ច្បាស់​ណាស់ វា​នឹង​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ប្រាក់​ចំណូល​ក្រុមហ៊ុន​ ខណៈ​ប្រាក់​ចំណូល​បាន​មក​វិស័យ​ដឹក​ជញ្ជូន វិស័យ​អចលនទ្រព្យ​សំណង់ និង ចំណូល​អាជីវកម្ម​ផ្សេងៗ​កំពុង​ត្រូវ​បាន​ធ្លាក់​ចុះ​ដូចគ្នា​ផងនោះ។

លោក យក់ ចំរើនប្ញទ្ធិ បញ្ជាក់​បន្ថែម​ថា វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ ពិត​ណាស់​វិស័យ​នេះ នឹង​មិន​អាច​មាន​កំណើន​នោះ​ទេ ដោយសារ​ឥទ្ធិពល​ជំងឺ​កូវីដ​១៩​នេះ។  ប៉ុន្តែ យ៉ាងណា​ក៏​ដោយ​ចុះ នៅក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២០ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វតតេ ទទួល​បាន​បុព្វលាភ​សរុប ជាង​១៧​លាន​ដុល្លារ កើន​ឡើង ២០ភាគរយ។

គួរបញ្ជាក់​ថា បើ​តាម​ប្រធាន​សមាគ​ម​ធានា​រ៉ាប់រង​កម្ពុជា សម្រាប់​ត្រីមាសទី​១ ឆ្នាំ​២០២០​នេះ ប្រាក់​សំណង​ដែល​បាន​ទូទាត់​ឲ្យ​អតិថិជន​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​ទូទៅ មាន​សរុប​ជិត ៦​លាន​ដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៩ កើន​ឡើង​ប្រមាណ ៣៧​ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្សារទំនើប Parkson ចាញ់ក្ដីនៅតុលាការភ្នំពេញ និងតម្រូវឲ្យបង់ប្រាក់ជាង១៤៤ លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់ គម្រោង

ព័ត៌មាន
ក្រុមហ៊ុន Parkson Cambodia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Parkson Retail Asia Ltd ដែលបានចុះបញ្ចីផ្សារហ៊ុននៅសិង្ហបុរីនោះ បានចា…

សម្តេច ស ខេង៖ សូមកុំមានទស្សនៈថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាការឆ្លៀតយកឱកាសធ្វើបាបប្រជាជន

ព័ត៌មាន
ស្របពេលដែលការរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តនៅថ្ងៃទី០១ ឧសភានេះ សម្ដេច ស ខេងបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ