Advertisement
សមាគម​​ហាង​បញ្ចាំ​មាន​តួនាទី​អ្វី​ខ្លះ?

សមាគម​ហាង​បញ្ចាំ​កម្ពុជា​ដើរ​តួនាទី​សំខាន់​អ្វី​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ?


បើ​និយាយ​ពី​សមាគម​ហាង​បញ្ចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ទាំង​អស់​គ្នា​ដែល​កំពុង​អាន​រឿង​នេះ​ប្រហែល​ជា​មិន​សូវ​ស្គាល់​នោះ​ទេ ថា​តើ​សមាគម​ហាង​បញ្ចាំ​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​អ្វី​ខ្លះ​ក្នុង​ការ​ជួយ​ដោះ​ទ័ល​ជា​​បន្ទាន់ អ្នក​ដែល​ត្រូវការ​ហិរញ្ញ​វត្ថុ​ក្នុង​រយៈពេល​ខ្លីៗ ហើយ​វា​ជួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ នៅ​ប្រទេស​កម្ពុជា​យ៉ាង​ណា​ខ្លះ?
លោក កែវ និមិត្ត ប្រធាន​សមាគម​ហាង​បញ្ចាំ​កម្ពុជា។ រូបថត៖ ខេមបូណូមីស
ដោយ
Advertisement

ជាង​នេះ​ទៅ​ទៀត សមាគម​មួយ​នេះ​បាន​ចូលរួម​ចំណែក​​អ្វី​ខ្លះ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ? លោក សាយ សមិទ្ធិ ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមីស បាន​ជួប​ធ្វើ​បទ​​សម្ភាសន៍​ជាមួយ​នឹង​លោក កែវ និមិត្ត អគ្គលេខាធិការ​សមាគម​ហាង​បញ្ចាំ​កម្ពុជា។ 

លោក កែវ និមិត្ត៖ បាទ! សូម​អរគុណ ខេមបូណូមីស ដែល​បាន​មក​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ! មុន​នឹង​ឆ្លើយ​សំណួរ​ទាំង​អស់​នេះ ខ្ញុំ​សូម​អនុញ្ញាត​ទាញ​ចំណាប់​អារម្មណ៍​បង​ប្អូន​ទាំង​អស់​គ្នា​មក ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​មួយ​ចំនួន រួច​ហើយ​យើង​នឹង​ធ្វើការ​សន្និដ្ឋាន​រួម​គ្នា ថា​តើ​សមាគម​បាន​ដើរ​តួនាទី​សំខាន់​បែប​ណា​ខ្លះ នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ជាតិ។

ទី១ សមាគ​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​លើក​ស្ទួយ​និង​អភិវឌ្ឍ​វិស័យ​ទទួល​បញ្ចាំ​ឲ្យ​ដំណើរការ​ទៅ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​ស្តង់ដារ​ត្រឹមត្រូវ។ ទី២ សមាគម​មាន​បំណង​ចង់​កែប្រែ​ទស្សនៈ អវិជ្ជមាន​មួយ​ចំនួន​​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ដែល​តែងតែ​យល់​ថា មុខ​របរ​ហាង​បញ្ចាំ​ជា​មុខ​របរ​បង​ធំ ជា​មុខ​របរ​មិន​ថ្លៃ​ថ្នូរ ជា​មុខ​របរ​ដែល​ទទួល​ផល​ពី​ចោរកម្ម​ជា​ដើម។

តាម​ពិត​ទៅ នៅ​ប្រទេស​ជឿន​លឿន​ជា​ច្រើន មុខ​របរ​មួយ​នេះ​ជា​មុខ​របរ​សុចរិត និង​បាន​ជួយ​ដល់​សេដ្ឋកិច្ច​និង​សង្គម​ច្រើន​ខ្លាំង​ណាស់។ ថ្វី​ត្បិត​តែ​អាជីវកម្ម​មួយ​នេះ​ស្តាប់​មើល​ទៅ​ហាក់​ដូចជា​តូច​តាច ប៉ុន្តែ ជាក់ស្តែង ​វិស័យ​មួយ​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ជាតិ ដោយ​បាន​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​កង្វះ​ខាត​សាច់​ប្រាក់​សម្រាប់​ប្រើ​ប្រាស់​ជា​បន្ទាន់ ជា​លក្ខណៈ​គ្រួសារ​ក្តី ជា​ការដោះស្រាយ​ក្នុង​អាជីវកម្ម​ក្តី ជូន​ដល់​អតិថិជន​ក៏​ដូចជា​មហាជន​ទូទៅ គ្រប់​ស្រទាប់​វណ្ណៈ មិន​ថា​អ្នក​មាន អ្នក​ក្រ ឬ​អ្នក​មធ្យម​នោះ​ទេ។

ជា​ការ​សន្និដ្ឋាន ខ្ញុំ​យល់​ឃើញ​ថា អាជីវកម្ម​មួយ​នេះ​បាន​ចូលរួម​ចំណែក​សំខាន់​ខ្លាំង​ណាស់ នៅ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញ​វត្ថុ​និង​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ទទួល​បញ្ចាំ​ទ្រព្យ ដូចគ្នា​ទៅ​នឹង​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញ​វត្ថុ​ដែរ។

សាយ សមិទ្ធិ៖  ហេតុអ្វី​បាន​ជា​សម្រេច​ចិត្ត​បង្កើត​សមាគម​បញ្ចាំ​នេះ​ឡើង ក្នុង​គោល​បំណង​អ្វី​ខ្លះ​ទៅ?

លោក កែវ និមិត្ត៖ បាទ! ខ្ញុំ​សូម​ជម្រាប​លោក​ថា ការ​បង្កើត​សមាគម​ហាង​បញ្ចាំ​នេះ​ឡើង គឺ​មាន​ហេតុផល​ច្រើន​យ៉ាង​ណាស់ ខ្ញុំ​សុំ​លើក​យក​តែ​ចំណុច​សំខាន់ៗ​ដើម្បី​ជម្រាប​ជូន​ប្រជាជន​ខ្មែរ​យើង​ដឹង​ថា ការ​បង្កើត​សមាគម​នេះ​ឡើង​គឺ​ដើម្បី​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​សមាជិក​សមាគម។ លើក​កម្ពស់​សុចរិត​ភាព​វិជ្ជាជីវៈ​របស់​សមាជិក​នៅ​ក្នុង​សមាគម ពង្រឹង​​ក្រម​​សីលធម៌​​វិជ្ជាជីវៈ​​របស់​​សមាជិក​​ឲ្យ​​ស្រប​​ទៅ​តាម​​និយាម​​អន្ដរជាតិ ធ្វើ​ទំនើប​កម្ម​ប្រតិបត្ដិការ​ទទួល​បញ្ចាំ​ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន បង្រួប​បង្រួម និង ពង្រឹង​ចំណង​មិត្ដ​ភាព​សមាជិក​ទាំង​អស់​ក្នុង​សមាគម។ យើង​ចង់​ប្រមូល​ផ្តុំ​ឲ្យ​មាន​ការ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

សមាគម​នឹង​ផ្ដល់​ការ​ប្រឹក្សា​យោបល់ និង​សម្រប​សម្រួល​រាល់​បញ្ហា​ទាក់ទង​នឹង​អាជីវកម្ម​របស់​សមាជិក​នៅ​ក្នុង​សមាគម ដើម្បី​បង្កើន​ទំនាក់​ទំនង​សហប្រតិបត្ដិការ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​​សមាជិក​សមាគម​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

ផ្ដល់​នូវ​វេទិកា​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ប្រកប​ដោយ​សុខដុមកម្ម ពាក់ព័ន្ធ​ទៅ​នឹង​វិជ្ជាជីវៈ​ទទួល​បញ្ចាំ​និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ទៅតាម​ការ​វិវឌ្ឍ​ជាក់​ស្តែង​នៃ​សង្គម​និង​សេដ្ឋកិច្ច។ ជំរុញ​នូវ​ការ​ផ្លាស់​ប្ដូរ​និង​ការ​ចែក​រំលែក​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​និង​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​វិស័យ​ទទួល​បញ្ចាំ និង ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។

មិនតែ​ប៉ុណ្ណោះ ចូលរួម​រៀបចំ​កិច្ច​ប្រជុំ សិក្ខា​សាលា បុរេ​សមាជ សមាជ សន្និសីទ និង​រៀបចំ​តាំង​ពិព័រណ៍​នានា​ក្នុង​កម្រិត​ថ្នាក់​ជាតិ​និង​អន្ដរជាតិ។ ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​អង្គការ​ជាតិ និង​អន្ដរជាតិ​នានា ដើម្បី​​ធ្វើ​ឲ្យ​សម្រេច​នូវ​គោល​បំណង​ដូច​បាន​រៀបរាប់​ខាង​លើ។

សាយ សមិទ្ធិ៖  អ្វី​​ជា​ការ​មើល​ឃើញ​របស់​លោក​ចំពោះ​អាជីវកម្ម​ហាង​បញ្ចាំ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ?

លោក កែវ និមិត្ត៖ ខ្ញុំ​មើល​ឃើញ​ថា ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​ការលំបាក​សម្រាប់​អតិថិជន​មួយ​ចំនួន​ដែល​គាត់​ចង់​បាន​ប្រាក់​កម្ចី​លឿន​រហ័ស អតិថិជន​ខ្លះ​ចង់​រក​កន្លែង​ដាក់​បញ្ចាំ​ ដែល​ងាយ​ស្រួល ចំណាយ​តិច ​បាន​លុយ​ភ្លាម​ដើម្បី​បាន​ប្រាក់​យក​មក​ប្រើ​ប្រាស់​ជា​បន្ទាន់។

ហាង​បញ្ចាំ​ជា​កន្លែង​ជួយ​សម្រួល​ដល់​អតិថិជន ដែល​គាត់​ត្រូវការ​កម្ចី​បន្ទាន់​ ដែល​​ធនាគារ​មិន​អាច​ផ្តល់​ឲ្យ​បាន។ អ្នក​ខ្លះ​ត្រូវការ​​ប្រាក់​​យក​​ទៅ​ប្រើប្រាស់​បង្វិល​ក្នុង​មុខ​ជំនួញ។ អ្នកខ្លះ​យក​ទៅ​ប្រើប្រាស់​ដោះស្រាយ​​បញ្ហា​គ្រួសារ ឧទាហរណ៍ បង់​ថ្លៃ​សាលា​កូន​រៀន បង់​ថ្លៃ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ជាដើម ដែល​ការ​ទៅ​ទទួល​សេវា​ពី​ហាង​បញ្ចាំ​ គាត់​អាច​ទទួល​បាន​ប្រាក់​ភ្លាមៗ មិន​លើស​ពី ២​ម៉ោង។ នេះ​ជា​ការចូលរួម​ចំណែក​ដោះស្រាយបញ្ហា​សង្គម​មួយ​យ៉ាង​សំខាន់។

សាយ សមិទ្ធិ៖ ក្នុង​នាម លោក​ជា​អគ្គលេខាធិការ​សមាគម​នេះ តើ​លោក​អាច​ជម្រាប​បន្តិច​បាន​ទេ ថា​តើ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ហាង​បញ្ចាំ​ទូទាំង​ប្រទេស​ប៉ុន្មាន​ក្រុមហ៊ុន?

លោក កែវ និមិត្ត៖ បាទ! រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បើ​តាម​តួលេខ​ដែល​យើង​ទទួល​បាន​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០១៧​នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ហាង​បញ្ចាំ សរុប​ចំនួន ៤៥៨​ទីតាំង បាន​ចុះ​បញ្ជីការ​ស្រប​ច្បាប់។ នេះ​ខ្ញុំ​និយាយ​តែ​មាន​ច្បាប់​ទេ ដោយឡែក​ហាង​បញ្ចាំ​អត់​ច្បាប់​វិញ​ក៏​មិន​ខ្វះ​ដែរ។

សាយ សមិទ្ធិ៖  តើ​ចំនួន​នេះ វា​ច្រើន​ពេក​​ឬ​ទេ? ហើយ​វា​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​ដែរ​ឬ​ទេ ក្នុង​ការ​ស្វែងរក​សេវាកម្ម​បញ្ចាំ​នេះ​? 

លោក កែវ និមិត្ត៖ បាទ ខ្ញុំ​គិត​ថា ចំនួន​នេះ​នៅ​មិន​ទាន់​ច្រើន​ល្មម​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​យើង​នៅ​ឡើយ​ទេ។ ហើយ​ជា​ពិសេស ទីតាំង​អាជីវកម្ម​ទាំង​នេះផ្តុំ​តែ​នៅ​ទីប្រជុំ​ជន​ធំៗ។ 

ដូច្នេះ​នៅ​ពេល​ខាង​មុខ យើង​នៅ​មាន​លទ្ធភាព​ពង្រីក​សាខា​ច្រើន​បន្ថែម​ទៀត។ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រតិបត្តិករ​ផ្សេង​ទៀត យើង​មាន​ចំនួន​ស្មើ​នឹង​ពាក់​កណ្តាល​ចំនួន​សាខា​ធ​នាគារ​ទូទាំង​ប្រទេស និង​​ស្មើ​​នឹង​១ ភាគ ៤ នៃ​ចំនួន​គ្រឹស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទូទាំង​ប្រទេស។

សាយ សមិទ្ធិ៖ តើ​សមាគម​ធ្លាប់​បាន​ចាត់​វិធានការ​អ្វី​ខ្លះ​ទៅ​ហាង​បញ្ចាំ​ខុស​ច្បាប់ ឬ​ក៏​នឹង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ហាង​បញ្ចាំ​ណា​ដែល​ប្រតិបត្តិការ​អាជីវកម្ម​គ្មាន​ច្បាប់ គ្មាន​គុណភាព មិន​គោរព​តាម​ច្បាប់​ដែរ ឬ​ទេ?

Advertisement

លោក កែវ និមិត្ត៖ ខ្ញុំ​សូម​ជម្រាប​ថា កន្លង​មក សមាគម​មិន​ធ្លាប់​បាន​ចាត់វិធានការ​ចំពោះ​អាជីវកម្ម​ខុស​ច្បាប់​ណា​មួ​យ​នៅ​ឡើយ​ទេ ព្រោះ​មិនមែន​ជា​សមត្ថកិច្ច​របស់​សមាគម។ តែ​សមាគម​នឹង​សហការ​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច តាមដាន​និង​រាយការណ៍​ជូន​អំពី​សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ​ដើម្បី​រួមគ្នា​ទប់ស្កាត់​និង​លុប​បំបាត់​អាជីវកម្ម​ខុស​ច្បាប់​នេះ ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ​ ត្រឹម​ត្រូវ និង​ស្រប​ច្បាប់​ជូន​ដល់​សមាជិក​សមាគម។

សាយ សមិទ្ធិ៖ តើ​សមាគម​បាន​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​យ៉ាង​ណា​ខ្លះ ដើម្បី​សម្រប​សម្រួល​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ដែល​មាន​ផ្នែក​បញ្ចាំ​មួយ​ផង​ដែរ​នោះ?

លោក កែវ និមិត្ត៖ ជា​ការ​ពិត​ណាស់ សព្វ​ថ្ងៃ​នេះ សមាគម​ហាង​បញ្ចាំ​កំពុង​ធ្វើការ​យ៉ាង​ជិត​ដិត​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ពិសេស នាយកដ្ឋាន​គ្រប់គ្រង​អចលនៈ​ទ្រព្យ បញ្ចាំ និង ប្រាតិភោគ​ដោយ​អនុប្បទាន ដើម្បី​សម្រប​សម្រួល និង​គ្រប់គ្រង​វិស័យ​មួយ​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ហើយ​ទី​២ សំខាន់​ទៀត​នោះ គឺ សមាគម​បន្ត​កិច្ច​សហប្របត្តិការ​យ៉ាង​ជិត​ដិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់ ចូលរួម​ទប់​ស្កាត់​និង​លុប​បំបាត់​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

សាយ សមិទ្ធិ៖ សមាគម​នេះ​បង្កើត​ជា​យូរ​មក​ហើយ ប៉ុន្តែ ហាក់​បី​ដូចជា​ស្ងប់​ស្ងាត់ មិន​សូវ​ជា​មាន​ផែនការ​សកម្មភាព​អ្វី​នោះ​ទេ ទើបតែ​ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ ដែល​សមាគម​មួយ​នេះ​ហាក់​ដូច​ជា​ចង់​ពង្រឹង​និង​​ពង្រីក​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ តើ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ សមាគម​មាន​ផែនការ​អី្វ​ខ្លះ​សម្រាប់​ជំរុញ​សេវាកម្ម​ហាង​បញ្ចាំ​នៅ​កម្ពុជា?

លោក កែវ និមិត្ត៖ យើង​នឹង​ខិតខំ​ជំរុញ​ផ្សព្វ​ផ្សាយ​សកម្មភាព​សមាគម​និង​សែ្វងរក​ដៃគូ​សហការ។ ការពារ​ផល​ប្រយោជន៍​អាជីវកម្ម​របស់​សមាជិក និង​ពង្រឹង​បរិយាកាស​អាជីវកម្ម​លើ​វិស័យ​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន។ អភិវឌ្ឍ​និង​ពង្រឹង​វិស័យ​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា។ ពិសេស យើង​នឹង​ខិតខំ​សម្រប​សម្រួល​ប្រព័ន្ធ​ទីផ្សារ និង​អភិវឌ្ឍ​វិស័យ​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន។ សម្រប​សម្រួល​ការងារ​វិនិយោគ​លើ​វិស័យ​ទទួល​បញ្ចាំ ​និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន។

Advertisement

សាយ​ សមិទ្ធិ៖ សមាជិក​ដែល​ចូល​សមាគម​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ? តើ​ត្រូវ​មាន​លក្ខខណ្ឌ​បែប​ណា​ខ្លះ​ដើម្បី​ក្លាយ​ជា​សមាជិក​របស់​សមាគម?

លោក កែវ និមិត្ត៖ បាទ ហាង​បញ្ចាំ​ដែល​ចូល​ជា​សមាជិក​របស់​សមាគម ពិត​ជា​ទទួល​បាន​ប្រយោជន៍ច្រើន​​ណាស់ គឺ​ទទួល​បាន​ការ​ការពារ​ពី​ការ​រំលោភ​បំពាន​ណា​មួយ​ទៅ​លើ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ពួក​គាត់ ទទួល​បាន​ចំណេះដឹង​និង​បទ​ពិសោធន៍​ល្អៗ​ពី​អាជីវករ​ផ្សេង​ទៀត​ដែល​ជា​សមាជិក​របស់​សមាគម និង​បាន​ចូលរួម​រាល់​សកម្មភាព​ដែល​ផ្តួចផ្តើម និង​រៀបចំ​ឡើង​ដោយ​សមាគម ទទួល​បាន​ការ​ដោះស្រាយ និង​សម្រុះ​សម្រួល បើ​មាន​វិវាទ​កើត​ឡើង។

ហើយ​ពិសេស​ជាង​នេះ​ទៅទៀត បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​បន្ថែម​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ក្រុមហ៊ុន។ ហើយ​លក្ខខណ្ឌ​ដើម្បី​ចូល​ជា​សមាជិក​របស់​សមាគម គឺ​គាត់​ត្រូវ​តែ​ជា​ក្រុមហ៊ុន​ដែល​រកស៊ី​ស្រប​ច្បាប់ មាន​ន័យ​ថា គាត់​ត្រូវតែ​ទៅ​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវតែ​បង់​ពន្ធ​ត្រឹមត្រូវ សុំ​ច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​បំពេញ​សំណុំ​បែប​បទ​សុំចូល​ជា​សមាជិក​សមាគម និង​បាន​បង់​វិភាគទាន​ត្រឹម​ត្រូវ។

សាយ សមិទ្ធិ៖ តើ​អាជីវកម្ម​ហាង​បញ្ចាំ​មាន​ហានិភ័យ​អ្វី​ខ្លះ? ការ​គ្រប់គ្រង​ហានិភ័យ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ?

លោក កែវ និមិត្ត៖ អាជីវកម្ម​នេះ​មាន​ហានិភ័យ​ច្រើន ដូចជា ពួក​ជន​ខិល​ខូច​កែ​ឯកសារ បន្លំ​ឯកសារ​ឡាន​និង​ម៉ូតូ​ មាស​និង​ពេជ្រ​មិន​ពិត ហើយ​ក៏​មាន​ករណី​ដែល​អតិថិជន​មិន​មាន​លទ្ធភាព​មក​លោះ​ទ្រព្យ​បញ្ចាំ​ពី​យើង​វិញ​ដែរ។ ជា​គោលការណ៍​របស់​ក្រុមហ៊ុន​ យើង​មិន​ចង់​បាន​ទ្រព្យ​បញ្ចាំ​ដាច់​របស់​អតិថិជន​ទេ។ យើង​ព្យាយាម​រក​មធ្យោបាយ​ឲ្យ​អតិថិជន​មក​លោះ​របស់​ទ្រព្យ​គាត់​ទៅ​វិញ។ ក្នុង​មួយ​ឆ្នាំ មាន​មិន​លើស​ពី ៥% ទេ។ ហើយ​ក្នុង​ករណី​ដែល​គាត់​មិន​មក​លោះ យើង​រក​អតិថិជន​មក​ទិញ​ទ្រព្យ​របស់​គាត់​​ទៀត ឲ្យ​គាត់​បាន​ចំណេញ ហើយ​យើង​យក​តែ​លុយ​ថ្លៃ​បញ្ចាំ​យើង​មក​វិញ​ទេ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​កំពុង​ព្រួយ​បារម្ភ​ពី​កំណើន​គម្រោង​ពុះ​ដី​ឡូត៍​លក់​យ៉ាង​គំហុក

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​និង​អ្នក​អភិវឌ្ឍ​​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ នៅ​កម្ពុជា បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​រីក​ដុះដាល​យ៉...

ថៃ ជាប់ឈ្មោះជាប្រទេស ដែលភ្ញៀវទេសចរ បានចំណាយលុយដើរលេងច្រើនជាងគេបំផុត នៅអាស៊ី

ព័ត៌មាន
ប្រទេសថៃ ត្រូវបានស្ថាប័នអន្តរជាតិដ៏ធំមួយ ចាត់ចំណាត់ថ្នាក់ថា ជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើននៅអាស៊ី ដែលមានភ្ញៀវទេសចរបរទេស បានចំណា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ