កិច្ចពិភាក្សាក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រេចបានកិច្ចព្រមព្រៀងថ្មី!

ក្រុមប្រទេសក្របខណ្ឌ IPEF បញ្ចប់កិច្ចចរចាបឋមអំពី កិច្ចព្រមព្រៀងពង្រឹងភាពធន់ខ្សែចង្វាក់ផ្គត់ផ្គង់


រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំង ១៤ ដែលជាសមាជិកក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ចប់ជាស្ថាពរនូវការចរចាស្ដីពីកិច្ចព្រមព្រៀងមួយសម្រាប់ធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់មានភាពធន់ និងសុវត្ថិភាព។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) ដែលបាននិយាយកាលពីថ្ងៃសៅរ៍ ទី២៧ ឧសភា។
ក្រុមប្រទេសក្របខណ្ឌ IPEF បញ្ចប់កិច្ចចរចាបឋមអំពី កិច្ចព្រមព្រៀងពង្រឹងភាពធន់ខ្សែចង្វាក់ផ្គត់ផ្គង់

លោកស្រី រៃមុនដូ បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង ឌីត្រយ (Detroit) ថា កិច្ចព្រមព្រៀងដំបូងនេះនឹងតម្រូវឱ្យប្រទេសនានាបង្កើតក្រុមប្រឹក្សាមួយដើម្បីសម្របសម្រួលសកម្មភាពខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្កើតបណ្តាញឆ្លើយតបវិបត្តិ ដើម្បីផ្តល់ការព្រមានបឋមដល់ប្រទេសសមាជិក IPEF អំពីការរំខានការផ្គត់ផ្គង់ដែលអាចកើតមានក្នុងពេលណាមួយ។

កិច្ចព្រមព្រៀងថ្មីនេះបង្កើតបណ្តាញទំនាក់ទំនងបន្ទាន់សម្រាប់បណ្តាប្រទេសសមាជិក IPEF ដើម្បីស្វែងរកការគាំទ្រក្នុងអំឡុងពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់, ដើម្បីសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធក្នុងអំឡុងពេលមានវិបត្តិ និងដើម្បីធ្វើឱ្យមានការងើបឡើងវិញបានលឿនជាងមុន។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិករូបនេះបានលើកឡើងថា កង្វះខាតបន្ទះឈីបក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩កាលពីពេលកន្លងទៅ បានធ្វើឱ្យរោងចក្រផលិតរថយន្តនៅសហរដ្ឋអាមេរិកបិទទ្វារ និងបានបណ្តាលឱ្យកម្មករអត់ការងារធ្វើជាច្រើនពាន់នាក់។ ដូច្នេះហើយលោកស្រី វៃមុនដូ បានគូសបញ្ជាក់ថា ប្រសិនបើមានបណ្តាញឆ្លើយតបវិបត្តិបែបនេះកាលនោះ វាទំនងជាបានជួយធានាការងាររបស់ប្រជាជនអាមេរិក ហើយរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យនៅមានដំណើរការ។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងស្ដីពីខ្សែសង្វាក់ផ្គត់ផ្គង់ក៏រួមបញ្ចូលផងដែរនូវក្រុមប្រឹក្សាភិបាលសិទ្ធិការងារថ្មីដែលមានគោលបំណងបង្កើនស្តង់ដារការងារនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងក្រុមប្រឹក្សាភិបាលនេះមានតំណាងរដ្ឋាភិបាល តំណាងកម្មករ និងតំណាងនិយោជក។

មែនទែនទៅ កិច្ចព្រមព្រៀងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសនឹងប្រទេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្មអាមេរិកនេះ ចាត់ទុកថាជាលទ្ធផលជាក់ស្តែងដំបូងបង្អស់បន្ទាប់ពីមានការពិភាក្សាគ្នារយៈពេលមួយឆ្នាំកន្លងទៅ។ ប៉ុន្តែវាគ្រាន់តែជា«សសរស្តម្ភ»មួយក្នុងចំណោមសរសរស្ដម្ភចំនួន ៤ ក្នុងក្របខណ្ឌសេដ្ឋកិច្ចនេះប៉ុណ្ណោះ។ និយាយឱ្យចំ ក្រៅពីខ្សែចង្វាក់ផ្គត់ផ្គង់ នៅមានពាណិជ្ជកម្ម, បម្រែបម្រួលអាកាសធាតុ, ព្រមទាំងការងារនិងបរិយាប័ន្នទៀត។

សូមជម្រាបថា ក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានសមាជិកស្ថាបនិកចំនួន ១៤ ប្រទេស ក្នុងចំណោមនោះរួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង ឥណ្ឌា ហ្វីជី និងប្រទេសអាស៊ានចំនួនប្រាំពីរដូចជាប្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕




អត្ថបទបន្ទាប់


បង់សង់ប្រាក់កម្ចីធនាគារជាដៃគូ យ៉ាងងាយស្រួលតាមភ្នាក់ងារ លី ហួរ វេរលុយ ឬ Ly Hour App

ព័ត៌មាន
មិនថាថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ លោកអ្នកក៏អាចធ្វើកាបង់កម្ចីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ឬ Ly Hour App …

អ្នកជំនាញថៃសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងបន្តគាំទ្រគម្រោងសំខាន់ចំនួន៤ ជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា

ព័ត៌មាន
ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) បាននិយាយថាខ្លួននឹងស្នើឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ជួយគាំទ្រដល់គម្រោងហេដ្ឋារចនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ