អ៊ីរ៉ង់និងរុស្ស៊ីព្រមព្រៀងគ្នាលើកិច្ចសន្យាទិញឧស្ម័ន!

អ៊ីរ៉ង់និងរុស្ស៊ីព្រមព្រៀងគ្នាលើកិច្ចសន្យាទិញឧស្ម័នក្នុងតម្លៃ ៦,៥ពាន់លានដុល្លារ ខណៈទីផ្សារអឺរ៉ុបកំពុងជាប់គាំង


ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ថ្មីៗនេះបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យឧស្ម័នដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៦ពាន់៥រយលានដុល្លារ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានចិន ស៊ិនហួរ ដែលបានស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកការទូតសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសអ៊ីរ៉ង់មានផែនការនឹងនាំចូលឧស្ម័នពីរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយនាំចេញឧស្ម័នរបស់ខ្លួនទៅកាន់ទីផ្សារបរទេសជំនួសវិញ។
អ៊ីរ៉ង់និងរុស្ស៊ីព្រមព្រៀងគ្នាលើកិច្ចសន្យាទិញឧស្ម័នក្នុងតម្លៃ ៦,៥ពាន់លានដុល្លារ ខណៈទីផ្សារអឺរ៉ុបកំពុងជាប់គាំង

ស្របពេលដែលរុស្ស៊ី កំពុងត្រូវបានញែកផាត់ចេញពីការផ្គត់ផ្គង់ថាមពលសម្រាប់ទីផ្សារអឺរ៉ុបនោះ វាបានធ្វើឲ្យទីក្រុងម៉ូស្គូ បាននិងកំពុងងាកទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតកាន់តែស្អិតល្មួតជាមួយប្រទេសអ៊ីរ៉ង់។

ជាក់ស្ដែង ថ្មីៗនេះ ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃដល់ទៅ ៦ពាន់៥រយលានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យឧស្ម័ននៃប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកការទូតសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ លោក Mehdi Safari បានអះអាងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីៗនេះ គឺជាផ្នែកនៃការចុះអនុស្សរណៈយោគយល់គ្នា ដែលមានតម្លៃសរុប ៤០ពាន់លានដុល្លារអាមេរិក រវាងក្រុមហ៊ុនប្រេងជាតិរបស់អ៊ីរ៉ង់ (NIOC) និងក្រុមហ៊ុន Gazprom របស់រុស្ស៊ី។

លោក Safari បានលើកឡើងពីក្ដីសង្ឃឹមថា ផ្នែកដែលនៅសេសសល់នៃការចុះអនុស្សរណៈនាពេលកន្លងមក នឹងអាចសម្រេចបាននៅក្នុងកិច្ចសន្យាជាបន្ដបន្ទាប់ទៀត នៅក្នុងរយៈពេល១ខែខាងមុខ ដ្បិតថា បច្ចុប្បន្នការចរចារវាងភាគីទាំងពីរ គឺកំពុងបន្ដធ្វើនៅឡើយ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានគូសបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដោះដូរឧស្ម័នរវាងអ៊ីរ៉ង់ និងរុស្ស៊ី កំពុងត្រូវបានបញ្ចប់ហើយ ហើយបញ្ហានៅសល់តែមួយប៉ុណ្ណោះ គឺការជ្រើសរើសប្រទេសអន្តរការី សម្រាប់ការបញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអ៊ីរ៉ង់។

បើតាមអ្វីដែលជាផែនការ អ៊ីរ៉ង់ នឹងនាំចូលឧស្ម័នពីរុស្ស៊ី ហើយនាំចេញឧស្ម័នរបស់ខ្លួនលក់ទៅកាន់ទីផ្សារបរទេសវិញ ហើយបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ការធ្វើបែបនេះ នឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រទេសនេះ ក្នុងការកាត់បន្ថយការចំណាយនៃការផ្ទេរឧស្ម័នពីតំបន់ភាគខាងត្បូង ទៅកាន់តំបន់ភាគខាងកើតនៃប្រទេសខ្លួន។

បន្ថែមពីនេះទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសទាំងពីរ នឹងយល់ព្រមលើលើព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសម្រាប់ការផ្លាស់ប្ដូរប្រេង ដែលបានពិភាក្សារួចកាលពីខែតុលាផងដែរ ដោយក្នុងនោះ សម្ព័ន្ធមិត្តទាំងពីរ នឹងផ្ដោតលើការចរចាដោះដូរប្រេង ជាមួយគោលដៅប្រចាំឆ្នាំ ១០លានតោនឯណោះ៕




អត្ថបទបន្ទាប់


ក្រោយការបើកប្រទេសឡើងវិញបាន១ឆ្នាំ តើសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
គិតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ មានរយៈពេល ១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្ដារសង្គម-សេដ្ឋកិ…

មេផ្សារមូលបត្រកម្ពុជារមពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជាកើនដល់១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំក្រោយ

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាសង្ឃឹមខ្ពស់ថា ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជានឹងអាចកើនដល់ទំហំ១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២៣ ខាងមុខ ក្រោយពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ