កិច្ចព្រមព្រៀង CP TPP

កិច្ចព្រមព្រៀង CP TPP កំពុងក្លាយជាសង្វៀនដណ្តើមឥទ្ធិពលនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម?


កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CP TPP កំពុងក្លាយជាសង្វៀនប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង ក្រោយពេលប្រទេសចិនបានស្នើសុំជាផ្លូវការដើម្បីចូលជាសមាជិកមួយនេះ ប៉ុន្ដែ អូស្ត្រាលី ហាក់កំពុងដាក់លក្ខខណ្ឌមួយចំនួន ជាមួយចិន មុននឹងខ្លួនគាំទ្រចិនឲ្យចូលជាសមាជិកកិច្ចព្រមព្រៀង ដ្បិតថាអូស្ត្រាលី ក៏ជាសមាជិកមួយ និងមានទឹកមាត់ប្រៃខ្លាំងដែរនៅក្នុងកិច្ចព្រមព្រៀង CP TPPនេះ។
ចិន និងកោះតៃវ៉ាន់សុំចូលរួមជាមួយសមាជិក CP TPP ដូចគ្នា
ដោយ

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្រោយ​ពី​ចិន​បាន​ប្រកាស​ដាក់​ស្នើ​សុំ​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង CP TPP មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង កោះ​តៃវ៉ាន់​ឯណោះ​វិញ ក៏​បាន​ស្នើ​ជា​ផ្លូវការ​ដែរ ដើម្បី​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ដូច​គ្នា ហើយ​តៃវ៉ាន់ ក៏​បាន​ព្រលយ​ពាក្យ​សម្ដី​ថា ប្រសិនបើ​ចិន​អាច​ចូល​ក្នុង​កិច្ចព្រមព្រៀង CP TPP បាន​មុន​ខ្លួន វា​ក៏​អាច​នឹង​ជា​ហានិភ័យ​មួយ​សម្រាប់​កោះ​តៃវ៉ាន់​ផង​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​។

គេ​នៅ​ចាំ​បាន​ថា​ភាគី​ចិន ធ្លាប់​បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​មក​កាន់​រដ្ឋសភា​អូស្ត្រាលី ដើម្បី​ពឹង​ឲ្យ​ជួយ​សម្របសម្រួល​ខ្លួន ឲ្យ​បាន​ចូលរួម​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ឬ​ហៅ​កាត់​ថា ស៊ី​ភី​ធី​ភី​ភី (CPTPP)​។ ប៉ុន្តែ នៅ​មិនយូរ​ប៉ុន្មាន រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន បាន​ប្រកាស​ជា​ផ្លូវការ​តែ​ម្តង​ថា​ខ្លួន​បាន​ស្នើ​សុំ​ចូលរួម​ជាមួយ CPTPP ជា​ផ្លួ​វ​ការ​រួច​ហើយ តាម​រយៈ​ការ​ដាក់​សំណើ​ទៅ​ប្រទេស​ញូ​ហ្សេ​លែ​ន​។

បន្ទាប់​ពី​ប្រទេស​ចិន​បាន​ប្រកាស​ស្នើ​បេក្ខភាព​ជា​ផ្លូវការ​ដូចនេះ ភាគី​អូស្ត្រាលី​ដែល​ជា​សមាជិក​មួយ ក្នុង​ចំណោម​សមាជិក​ទាំង​១១​ប្រទេស ហើយ​ដែល​កំពុង​តែ​មាន​ភាព​តានតឹង​ជាមួយ​ចិន​ផង​នោះ បាន​ចេញ​មុខ​មក​ប្រតិកម្ម​ថា ខ្លួន​នឹង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ជុំវិញ​ការ​ស្នើ​សុំ​របស់​ចិន ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ ប្រសិនបើ​ក្រុង​ប៉េ​កាំ​ង​មិន​លុប​ចោល​រនាំង​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​អូស្ត្រាលី ដែល​ចិន​បាន​ដាក់ ជា​ការ​សងសឹក​អំឡុង​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​គ្នា​។ 

តើ​កិច្ចព្រមព្រៀង​CPTPP កំពុង​ក្លាយជា​សង្វៀ​ង​ប្រកួតប្រជែង​នយោបាយ រវាង​គ្នា ជា​ជាង​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ហើយ​មែន​ទេ?

តើ​អូស្ត្រាលី​ជា​ឧបសគ្គ​មួយ​របស់​ចិន​ក្នុង​ការ​ចូលរួម​ក្នុង CPTPP ដែរ​ទេ?

ដូច​បានដឹង​ស្រាប់​ហើយ​ថា អូស្ត្រាលី និង​ចិន​កំពុង​ពាក់មុខយក្ស​ដាក់​គ្នា​ខ្លាំង​ណាស់ រាប់​ចាប់តាំងពី​នយោបាយ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រហូត​ដល់​ចុង​ក្រោយ​ថ្មី​ៗ​នេះ អូស្ត្រាលី​បាន​ទៅ​ចាប់ដៃ​ជា​អា​មេ​រិ​ក និង​អង់គ្លេស ទិញ​នាវាមុជទឹក ដែល​ចិន​ហៅ​ថា ជា​ការ​គម្រាមកំហែង​ដល់​តំបន់​បន្ថែម​ទៀត​។

ចំពោះ​កិច្ចព្រមព្រៀង CP TPP​វិញ ដូច​បាន​រៀបរាប់​ខ្លះ​ៗ​ខាងលើ​ហើយ គឺ​អូស្ត្រាលី​នឹង​មិន​ពិនិត្យ​លើ​សំណើ​ចូលរួម​របស់​ចិន​នោះ​ទេ ប្រសិនបើ​ចិន​មិន​ព្រម​ដក​ចេញ​វិញ​នូវ​រនាំង​ពន្ធគយ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​អូស្ត្រាលី ដូច​ជា​កប្បាស ផលិតផល​គ្រាប់​ធញ្ញជាតិ ធ្យូងថ្ម សាច់​គោ និង​ជា​ពិសេស​គឺ​ស្រាក្រហម​តែ​ម្តង ដែល​ចិន បាន​តម្លើង​ពន្ធ​កប់​ពពក​។

អូស្ត្រាលី​ហ៊ាន​ដាក់​លក្ខខណ្ឌ​ដូច្នេះ ក៏​ដោយសារ​តែ​ក្រុង​កង់​បេ​រ៉ា មាន​ប្រៀប​ជាង​ប្រទេស​ចិន​។ មាន​ប្រៀប​នៅ​ត្រង់​ថា អូស្ត្រាលី​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង ១១​ប្រទេស​របស់ CP TPP ដែល​បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​មួយ​នេះ​រួច​ហើយ​។ ហេតុនេះ​ហើយ​បើ​តាម​និ​តិ​វិធី អូស្ត្រាលី​មាន​សិទ្ធិ​ពិនិត្យ​លើ​សំណើ​ចូលរួម​របស់​ប្រទេស​ដទៃ តួយ៉ាង សំណើ​របស់​ចិន​នេះ​តែ​ម្ដង​។ 

សូម​ជម្រាប​ដែរ​ថា ចិន​អាច​ចូលរួម​បាន ក៏​ត្រូវ​ទទួល​បានការ​យល់ព្រម «​កុងសង់ស៊ីស​» ពី​សមាជិក​ទាំងអស់​ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​យល់ព្រម​នេះ ចិន​ក៏​ត្រូវ​ចាំបាច់​បំពេញ​តាម​ស្តង់ដារ​តម្រូវ​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​កិច្ចព្រមព្រៀង​ដ៏​ធំ​នេះ​ដែរ​។

ចេញពី​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​ចិន និង​អូស្ត្រាលី យើង​មក​មើល​កោះ​តៃវ៉ាន់​វិញ​ម្ដង ដែល​កំពុង​តែ​តាម​ចែចូវ​ចូលរួម​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង CP TPP នេះ​ដូច​គ្នា​ដែរ​។

ជាក់ស្ដែង មិន​ដល់​មួ​យស​ប្តា​ហ៍​ផង បន្ទាប់​ពី​ប្រទេស​ចិន​បាន​ស្នើ​ចូលរួម​ជា​សមាជិក CP TPP កោះ​តៃវ៉ាន់​ឯណោះ​វិញ នៅ​ពុធ​ស​ប្តា​ហ៍​នេះ បាន​ប្រកាស​ដែរ​ថា ខ្លួន​បាន​ដាក់​សំណើសុំ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP ដែរ​។ ការ​ដាក់​សំណើ​ដ៏​លឿន​រហ័ស​នេះ ត្រូវ​បាន​ក្រុង​តៃប៉ិ​អះអាង​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ចិន​។ ក្នុង​ន័យ​នេះ តៃប៉ិ ត្រូវ​បង្កើន​ល្បឿន​ស្នើ​សុំ​ចូលរួម​ជាមួយ CP TPP ឲ្យ​បាន​មុន​ក្រុង​ប៉េ​កាំ​ង ពុំនោះ​ទេ វា​នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​កោះ​តៃវ៉ាន់ ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ជាក់​ជា​មិន​ខាន​។

សូម​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ គេ​សង្កេត​ឃើញ​សមាជិក CP TPP ចំនួន​ពីរ​ប្រទេស​ហើយ​ដែល​បាន​បង្ហាញ​ជំហរ​ជា​វិជ្ជមាន​ដល់​សំណើសុំ​ចូលរួម​របស់​ចិន ក្នុង​នោះ​រួម​មាន ម៉ា​ឡេ​ស៊ី និង សិង្ហ​បុរី​។ ប៉ុន្តែ សម្រាប់​សំណើ​របស់​កោះ​តៃវ៉ាន់​វិញ គេ​សង្កេត​ឃើញ​ថា មាន​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន ដោយ​បាន​និយាយ​ស្វាគមន៍​ពី​ការ​ស្នើ​សុំ​ចូលរួម​នេះ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័ន Fitch Ratings បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន ក្រោយមើលឃើញតម្រូវការអចលនទ្រព្យក្នុងស្រុកដាំក្បាលចុះ

ព័ត៌មាន
ស្ថាប័នពិនិត្យ និងវាយតម្លៃដ៏ល្បីមួយដែលមានឈ្មោះថា Fitch Ratings របស់អាមេរិក កាលនៅថ្ងៃព្រហស្បតិ៍ទី ២៣កញ្ញា បានទម្លាក់ការព្យាករ សេដ្ឋកិច្ច...

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា គ្មានបញ្ហាចោទចំពោះលទ្ធភាពសងបំណុលរបស់រដ្ឋនោះឡើយ ទោះបីបំណុលកើនឡើងក្ដី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា រាជរដ្ឋាភិបាលថៃ មិនមានបញ្ហានោះទេ ក្នុងការសងបំណុលសាធារណៈ បើទោះបីជា រាជរដ្ឋាភិបាលខ្ចីថែមទៀត ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ