ប្រទេសចិន

លោក Jack Ma សុខចិត្តបោះបង់អំណាចគ្រប់គ្រងក្រុមហ៊ុន ដើម្បីគេចចេញពីការគាបសង្កត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង


លោក Jack Ma បច្ចុប្បន្នត្រូវបានគេដឹងថាកំពុងធ្វើដំណើរកម្សាន្តរយៈពេលច្រើនសប្តាហ៍នៅអឺរ៉ុប បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេលជិត ២ ឆ្នាំ ខណៈលោកបានសម្រេចចិត្តដកខ្លួនពីអាណាចក្រជំនួញរបស់ខ្លួន បន្ទាប់ពីមានការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។
លោក Jack Ma សុខចិត្តបោះបង់អំណាចគ្រប់គ្រងក្រុមហ៊ុន

បើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg និង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថា សហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding លោក Jack Ma វ័យ ៥៧ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅ​ភោជនីយដ្ឋានក្នុងប្រទេសអូទ្រីស ហើយបានធ្វើដំណើរទៅកាន់​សាកលវិទ្យាល័យ​មួយក្នុង​ប្រទេសហូឡង់ និង​បានទៅកាន់កោះ Mallorca របស់​ប្រទេស​អេស្ប៉ាញ។ មែនទែនទៅ នេះមិនមែន​ជាការធ្វើដំណើរ​លើកដំបូង​របស់​លោក Jack Ma ទៅក្រៅប្រទេស​ចិន​នោះទេ បើគិតចាប់តាំងពីលោក​បានរិះគន់​មន្ត្រីបក្សកុម្មុយនិស្តចិន​ក្នុងឆ្នាំ ២០២០ ជុំវិញ​បទប្បញ្ញត្តិ​របស់ទីក្រុងប៉េកាំងលើក្រុមហ៊ុន Fintech និង ក្រុមហ៊ុនយក្ស Ant Group។ ជោគវាសនារបស់មហាសេដ្ឋី​រូបនេះ​បានផ្លាស់ប្តូរបន្ទាប់ពី​បានបង្កើត​ការរិះគន់​របស់ខ្លួន​លើ​រដ្ឋាភិបាលចិនរួចមក ដោយកន្លងមក រដ្ឋអំណាច​ទីក្រុងប៉េកាំង​បានណែនាំ​មិនឱ្យលោកចាកចេញពីប្រទេសនោះឡើយ ហើយ​ភាគហ៊ុនរបស់ Alibaba បានខាតបង់ត្រឹមក្នុងរយៈពេលខ្លី​ចំនួនជាង ២៦ ពាន់លានដុល្លារ​ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​រាយការណ៍ថាអាជ្ញាធរបានដាក់ការហាមឃាត់​លើរូបលោក។

ក្រុមហ៊ុន Ant Group ដែលមានលោក Jack Ma ជាស្ថាបនិក កាលពីឆ្នាំ ២០២០ ក្រុមហ៊ុននេះបានទទួលរងនូវសម្ពាធពីនិយតករ​ទីក្រុងប៉េកាំងជាខ្លាំងក្នុងការកែលម្អប្រតិបត្តិការ ដើម្បីអនុលោមតាមការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ហើយបានពិភាក្សាជាទៀងទាត់​ជាមួយធនាគារកណ្តាលរបស់ប្រទេសអំពីរបៀបនៃកែតម្រូវ​ប្រតិបត្តិការរបស់ខ្លួន។

ដើម្បីគេចចេញពីសម្ពាធនេះ ក្រុមហ៊ុន Ant Group បានផ្តល់សញ្ញាដោយផ្ទាល់ដល់និយតករថា លោក Jack Ma មានបំណងដកខ្លួនចេញពីការគ្រប់គ្រងរបស់​លោក​លើក្រុមហ៊ុននេះ។ ប្រភពព័ត៌មាន​​បាន​និយាយ​ថា សំណើរមួយកំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​ទាក់​ទង​​នឹង​ការ​ផ្ទេរ​ភាគហ៊ុន​របស់លោក Jack Ma ទៅ​ឱ្យ​​នាយក​ប្រតិបត្តិ​ផ្សេង​ទៀត។ ទន្ទឹមនឹងនោះ នៅក្នុងឯកសារមួយ​ក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Alibaba បានរំលឹកឡើងវិញថា លោក Jack Ma មានបំណងកាត់បន្ថយអំណាចនៃ​ការគ្រប់គ្រង​របស់ខ្លួន ហើយកំពុងកំណត់ការគ្រប់គ្រងភាគហ៊ុនដោយផ្ទាល់ និង ដោយប្រយោលរបស់លោកនៅក្នុងក្រុមហ៊ុន Ant Group មិនលើសពី ៨,៨% ដែលបច្ចុប្បន្ន​លោកមានសិទ្ធិលើការបោះឆ្នោតជាង ៥០% នៅក្រុមហ៊ុន Ant Group។

លោក Justin Tang ប្រធានផ្នែកស្រាវជ្រាវអាស៊ី បាននិយាយថា ហានិភ័យដ៏ធំនឹងត្រូវដកចេញពី​ក្រុមហ៊ុន Ant Group ប្រសិនបើមហាសេដ្ឋី Jack Ma បោះបង់ការគ្រប់គ្រងរបស់ខ្លួន។

កាសែត Wall Street Journal បានរាយការណ៍មុននេះថា ក្រុមហ៊ុន Ant Group បានប្រាប់និយតករចិនថា លោក ​Jack Ma មានបំណងបោះបង់ការគ្រប់គ្រង ហើយអាចផ្ទេរអំណាចបោះឆ្នោតក្នុងក្រុមហ៊ុន​មួយចំនួនរបស់លោកទៅឱ្យនាយកប្រតិបត្តិកំពូលផ្សេងទៀតផងដែរ ក្នុងនោះ បុគ្គលដែលបាន​ដឹងពីបញ្ហានេះ​បាននិយាយថា លោក Jack Ma មិនមានតំណែងគ្រប់គ្រងនៅក្រុមហ៊ុន Ant Group ទៀតនោះទេ ហើយការបោះបង់ការគ្រប់គ្រងក្រុមហ៊ុននឹងធ្វើឱ្យមានការរំខានតិចតួចប៉ុណ្ណោះសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ដោយសារតែលោកមិនមានទំនាក់ទំនងស៊ីជម្រៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរជម្រាបថា ការសម្រេចចិត្តរបស់លោក Jack Ma នៅពេលនេះ​អាចជាមធ្យោបាយមួយដើម្បីស្របតាមចក្ខុវិស័យរបស់លោកប្រធានាធិបតីលោក Xi Jinping ក្នុងការសម្រេចបាននូវវិបុលភាពរួម។ ក្រុមហ៊ុនរបស់លោកកំពុងព្យាយាម​បំពេញតាមតម្រូវការរបស់អ្នកឃ្លាំមើលរបស់ប្រទេសចិន ដែលបានសន្យាថានឹងទប់ស្កាត់ការពង្រីកក្រុមហ៊ុន​បច្ចេកវិទ្យា ដែលមិនប្រុងប្រយ័ត្ន។ ជំហររបស់បក្សកុម្មុយនិស្តចិន ចំពោះវិស័យឯកជនបានក្លាយជាការអភិវឌ្ឍ​មួយ ដែលត្រូវបានឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត​នៅក្នុងទីផ្សារពិភពលោក​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអ្នកសង្កេតការណ៍​មួយចំនួនបានឈានទៅដល់ការហៅវិស័យ​អ៊ីនធើណែត​ដ៏ធំទូលាយរបស់ប្រទេសចិនថា មិនអាចវិនិយោគបាន៕




អត្ថបទបន្ទាប់


GDP របស់អាមេរិកធ្លាក់ចុះម្ដងទៀតក្នុងត្រីមាសទី២ឆ្នាំនេះ បង្កើនការព្រួយបារម្ភកាន់តែខ្លាំងពីការដាំក្បាលសេដ្ឋកិច្ចនៅពេញមួយឆ្នាំ២០២២

ព័ត៌មាន
សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីតួលេខធ្លាក់ចុះម្តងទៀតហើយ នៅក្នុងត្រីមាសទី២ឆ្នាំនេះចំពេលមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពីធនាគារកណ្ដាលអាមេ…

កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារចិនក្នុងតម្លៃជិត២ពាន់លានដុល្លារ នៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
បើទោះបី នៅអំឡុងវិបត្តិកូវីដ១៩ វិស័យកសិកម្ម បានជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់ តែវិស័យនេះនៅតែអាចឈរបានយ៉ាងរឹងមាំ និងបង្កើតឱកាសកាន់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ