Jack Ma ចូលនិវត្តន៍

Jack Ma ប្រកាសចូលនិវត្តន៍ពីជីវិត​ជំនួញ ទៅធ្វើគ្រូបង្រៀន តែមិនបង្រៀនពីរបៀបជោគជ័យឡើយ!


ថ្មីៗនេះ ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន អាលីបាបា ដែលពិភពលោកស្គាល់យ៉ាងច្បាស់តាមរយៈសំនួនវោហារចាក់ទឹកមិនលិច លោក Jack Ma បានប្រកាសពីផែនការរបស់ខ្លួន ថានឹងចូលនិវត្តន៍នៅឆ្នាំក្រោយនេះ និងចង់ចាប់យកអាជីពជាគ្រូបង្រៀនវិញ ប៉ុន្ដែ មិនបង្រៀនពីជីវិតជោគជ័យ ឬរបៀបជោគជ័យអ្វីនោះទេ។
លោក ជេក ម៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Alibaba។
ដោយ

ក្រោយពី​មហាសេដ្ឋី​​ប្រាក់​ពាន់​លានដុល្លារ​ដ៏ល្បី​​ឈ្មោះ​រូបនេះ បានសម្រេចចិត្ត​នឹង​ចូល​និវត្តន៍​​នៅវ័យ ៥៥ នៅឆ្នាំ​ក្រោយ ក្រុមហ៊ុន​អាលីបាបា ក៏បាន​ត្រៀម​ផ្ទេរ​តំណែង ប្រធាន​ប្រតិបត្តិ (Executive Chairman) ក្រុមហ៊ុន​ Alibaba ទៅឲ្យ​​លោក Daniel Zhang ដើម្បី​​គ្រប់​គ្រង​បន្ត។

បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Alibaba លោក Jack Ma នឹងនៅ​បន្តតំណែង​ជា ប្រធានប្រតិបត្តិ ក្រុមហ៊ុន​​អាលីបាបា នៅត្រឹម​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។ 

បើតាម​​ការលើក​ឡើងនៅ​ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​​សារព័ត៌មាន​​បរទេស​​កាលពីពេល​កន្លង​ទៅ លោក Jack Ma បានបង្ហើប​ឲ្យដឹងថា ក្រោយពី​ការចូលនិវត្តន៍​ពីជីវិត​ជំនួញ លោកចង់ ត្រឡប់​ចូល​ធ្វើការងារ​ក្នុងវិស័យ​អប់រំវិញ ពោលគឺ ធ្វើជា​គ្រូបង្រៀន​​យុវជន​ក្មេងៗ ព្រោះវា​ជាអ្វីដែល​ធ្វើឲ្យ​លោក​រំភើប និងចង់ធ្វើ​បំផុតក្នុង​ជីវិត។

ប៉ុន្ដែ មហាសេដ្ឋី​​ចិន​រូបនេះ បានបដិសេធ​ថា លោកនឹង​មិនបង្រៀន​​ពីរបៀប​ធ្វើជំនួញ​ជោគជ័យ ឬជីវិតជោគជ័យ​អ្វីនោះទេ ប៉ុន្ដែ​​លោកនឹង​បង្រៀន​​យុវជន អំពី​​របៀប​ប្រឈមមុខ​នឹងបញ្ហា និងរបៀប​ដោះស្រាយ​បញ្ហា​។ 

តាមគម្រោង​របស់​ក្រុមហ៊ុន​អាលីបាបា លោក Daniel Zhang ដែល​បច្ចុប្បន្ន​ជា នាយកប្រតិបត្តិ ឬ ហៅថា CEO របស់​ក្រុមហ៊ុន​អាលីបាបា នឹងត្រូវ​​លើកឲ្យ​កាន់តំណែង​ជា ប្រធានប្រតិបត្តិ Executive Chairman នៅឆ្នាំក្រោយ ជំនួសលោក Jack Ma ខណៈដែល​លោក Jack Ma នឹងត្រូវ​​ធ្វើជា​​ក្រុម​ប្រឹក្សាភិបាល (Board of Director) រហូត​ដល់កិច្ច​ប្រជុំប្រចាំ​ឆ្នាំ​ជាមួយ​នឹង​ភាគ​ហ៊ុនិក នៅឆ្នាំ២០២០។ 

នៅក្នុង​លិខិត​ដែល​លោក Jack Ma ផ្ញើទៅ​កាន់បុគ្គលិក​របស់ខ្លួន បានសរសេរ​ថា ការផ្លាស់ប្តូរនេះ បង្ហាញថា ក្រុមហ៊ុន​​អាលីបាបា បានបោះជើងមួយ​ជំហាន​ទៀត ឆ្ពោះទៅរក​កម្រិត​អភិបាលកិច្ច​សាជីវកម្ម​ជាបន្ត​បន្ទាប់​ ដែលធ្លាប់​តែជាក្រុម​ហ៊ុនពឹង​ផ្អែក​លើបុគ្គល មកក្លាយ​ជា​ក្រុមហ៊ុន​ដែលមាន​កសាង​នូវប្រព័ន្ធ​​គ្រប់គ្រង​អង្គភាព​យ៉ាងល្អ​ប្រសើរ ព្រមទាំង​​មានវប្បធម៌​នៃការ​​អភិវឌ្ឍ​ទេពកោសល្យ​បានយ៉ាង​ល្អផងដែរ។ 

លោកជេក ម៉ា បាននិយាយ​ទៀតថា ក្រុមហ៊ុន​អាលីបាបា មិនមែនជា​របស់ Jack Ma នោះទេ ប៉ុន្ដែ Jack Ma ជាកម្មសិទ្ធិ​របស់​អាលីបាបា​ជារៀង​រហូត។ 

គួរជម្រាប​ថា លោក Jack Ma ដើមឡើយ​​គ្រាន់តែ​ជាគ្រូ​បង្រៀន​​ភាសា​អង់គ្លេស​​ម្នាក់​ប៉ុណ្ណោះ បន្ទាប់មក​នៅឆ្នាំ​១៩៩៩ លោកបាន​ចាប់ផ្ដើម​បង្កើត​​ក្រុមហ៊ុន អាលីបាបា ហើយបច្ចុប្បន្ន​នេះ លោក​ត្រូវ​បានគេ​ចាត់ទុក​ថា​ ជាអ្នកមាន​បំផុត​មួយរូប​នៅប្រទេស​ចិន ក៏ដូចជា​ក្នុងពិភពលោក​ផងដែរ ដែលមាន​ទ្រព្យ​សម្បត្តិ​សរុប​ ៣៦,៦ ពាន់លាន​ដុល្លារ​អាមេរិក (តួរលេខពីគេហទំព័រ Forbes)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CPL ចាប់​ដៃគូ​ជាមួយ​ធនាគារ MB ផ្ដល់​សេវាវាយតម្លៃ​អចលនទ្រព្យ​ផ្តាច់មុខ

ព័ត៌មាន
ក្រុមហ៊ុន ស៊ីភីអិល (CPL) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​និង​ល្បីល្បាញ​ជាង ២០ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ថ្មីៗនេះ សម្រេច​ចាប់​ដៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ