យន្ដហោះផលិតដោយ​ក្រុម​ហ៊ុន​ជប៉ុន

ជប៉ុន ប្រើពេលជាង ៥០ឆ្នាំ ទើបអាចផលិតយន្ដហោះដំបូងរបស់ខ្លួន បានជោគជ័យ


ក្រុមហ៊ុនជប៉ុន ធំមួយ បានប្រើប្រាស់ពេលវេលា អស់៥០ ឆ្នាំ ទើបអាចផលិតយន្ដហោះ ដឹកអ្នកដំណើរបានដោយជោគជ័យ និងទើបតែទទួលបានការអនុញ្ញាតឲ្យចេញប្រតិបត្តិការហោះហើរសាកល្បង​ជាលើកដំបូងកាលពីខែមីនា កន្លងទៅនេះ ក្នុងទីក្រុង Moses Lake រដ្ឋWashington សហរដ្ឋអាមេរិក។
យន្ដហោះ ដែល​ផលិតដោយ ក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries Ltd (https://www.traveldailymedia.com)
ដោយ

ក្រោយពី ដើរតួ​ជាអ្នក​ផ្គត់ផ្គង់​គ្រឿងបង្គុំ​​យន្ដហោះ សម្រាប់​ការ​ផលិតយន្ដហោះ ប្រភេទ Boeing អស់រយៈពេល​ជាយូរឆ្នាំមក ពេលនេះ អ្វី​ដែលជា​មហិច្ឆតា ផលិត​យន្ដហោះ របស់​ក្រុមហ៊ុនជប៉ុន Mitsubishi Heavy គឺ​បាន​សម្រេចហើយ។

នារយៈពេល ជាង​១ ទសវត្សរ៍ មកនេះ ក្រុមហ៊ុន​ជប៉ុននេះ បាន​ចំណាយ​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិក ក្នុង​ប្រតិបត្តិការ​ផលិត​យន្ដហោះ​របស់ខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏កំពុងតែ​ស្វែងរក​ដៃគូរ​ដែលជា​ក្រុមហ៊ុន​ហោះហើរ និងចាប់ផ្ដើម​ដំបូង ​គឺ​ចាប់ដៃគូជាមួយ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍ជប៉ុន ANA Holdings Inc។ 

តាម​សារព័ត៌មាន​ Bloomberg ដែល​បាន​ផ្សាយ​នាពេលថ្មីៗនេះ បានឲ្យដឹង​ថា ក្រុមហ៊ុន​ជប៉ុន Mitsubishi Heavy Industries Ltd ដែលជា​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ដឹកអ្នកដំណើរ ដំបូងគេ​មួយ​របស់​ជប៉ុន​កំពុង​ចាប់ផ្ដើម​បោះពួយជើង​ហើបផុតពីដី ទៅលើ​អាកាស​ជាលើក​ដំបូង ក្រោយពី​ក្រុមហ៊ុននេះ បាន​បើក​រោងចក្រ​ផលិត​យន្ដហោះ តាំងតែ​ពីទសវត្សរ៍​ឆ្នាំ​៦០ មកម្លេះ ដែលគិត​ទៅ គឺ​មានរយៈពេលជាង​​៥០ឆ្នាំ​មកហើយ។ 

ជើងហោះហើរ​លើកដំបូង​របស់យន្ដហោះ​របស់​ក្រុមហ៊ុន ជប៉ុន Mitsubishi Heavy Industries Ltd បាន​សាកល្បង​ហោះហើរ​ ​នៅទីក្រុង​ Moses Lake នៃរដ្ឋ​ Washington សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុននេះ បាន​ចាប់ផ្ដើម​ទទួលបាន​សិទ្ធិ​​ហោះហើរ​ប្រភេទយន្ដ​ហោះ Boeing និង Airbus SE។

សារព័ត៌មាន Travel Daily Media បាន​ផ្សាយដែរថា ក្រុមហ៊ុន​ជប៉ុន​ផលិត​យន្ដហោះនេះ មានបំណង​នឹង​បញ្ចេញ​លក់យន្ដហោះ របស់ខ្លួន​លើកដំបូង នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០​ខាងមុខនេះហើយ បន្ទាប់ពីក្រុមហ៊ុននេះ បាន​ពន្យាពេល​ម្ដងហើយម្ដងទៀត ក្នុងការ​បញ្ចេញ​លក់យន្ដហោះ​របស់ខ្លួន បើសរុបទៅ គឺ​៥ លើកមក​ហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០១៣ មកម្លេះ ដោយសារតែ​មានការ​កែប្រែ​ការ​រៀបចំ​ការ​រចនា​ផ្សេងៗ។

ប្រភពព័ត៌មាន​ពី Bloomberg បាន​បញ្ជាក់ដែរថា មាន​ទីក្រុង​កាន់តែច្រើន ក្នុង​តំបន់​អាស៊ី និងអឺរ៉ុប កំពុង​ស្វែងរក​ការតភ្ជាប់​ជាមួយគ្នា រួមទាំង​​បណ្ដាញ​ការធ្វើដំណើរ​ផ្លូវអាកាស​សកល​ផងដែរ ហើយ​វត្តមាន របស់​យន្ដហោះ​ដឹកអ្នកដំណើរ​ក្រុមហ៊ុន Mitsubishi Heavy នេះ នឹង​ចូលខ្លួន​មកបំពេញ​តម្រូវការនេះ។ 

ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ផលិតយន្ដហោះ Boeing Co ត្រូវបាន​គេរាយការណ៍មកថា នឹងទិញ​ចំណែក៨០% នៃប្រតិបត្តិការ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន Embraer SA ក្រោមរូបភាព​ជាការ​បណ្ដាក់ទុនរួមគ្នា (Joint Venture)។ ផ្ទុយពីនេះ ក្រុមហ៊ុន Bombardier Inc បាន​លក់​សិទ្ធិ​គ្រប់គ្រង​របស់ខ្លួន លើ គម្រោង​ផលិតយន្ដហោះ ប្រភេទ C Series ទៅឲ្យ ក្រុមហ៊ុន Airbus SE ហើយ កំពុង​ស្វែងរក​ជម្រើស​យុទ្ធសាស្ត្រ សម្រាប់​ប្រតិបត្តិការ​យន្ដហោះ​ក្នុងតំបន់។ ក្រុម​អ្នកវិភាគ មើលឃើញថា ស្ថិតក្នុង​បរិការណ៍នេះ ការ​ចូល​ខ្លួន​មក​ប្រជែង​ទីផ្សារ​របស់​យន្ដហោះ ផលិត​ដោយ​ក្រុមហ៊ុនជប៉ុន Mitsubishi Heavy នាពេលនេះ គឺជាពេល​វេលា​ត្រឹមត្រូវណាស់។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy មិនមែន​ជា​ក្រុមហ៊ុន​ផលិត​យន្ដហោះទី១ នៅអាស៊ីនោះទេ ដែលអាច​ផលិត​យន្ដហោះ ក្នុងតម្លៃទាប និង​មានគុណភាព។ តួយ៉ាង ក្រុមហ៊ុន ចិន Commercial Aircraft Corp ដែលត្រូវបាន​គេស្គាល់ថា Comac ក៏មាន​សេវា​ថ្មី​ផលិត​យន្ដហោះ​ក្នុងតំបន់ ខណៈដែល​ក្រុមហ៊ុន កូរ៉េខាងត្បូង Korea Aerospace Industries Ltd ក៏កំពុង​សិក្សា លើការអភិវឌ្ឍ​យន្ដហោះ ដែល​អាច​ដឹកអ្នកដំណើរ​បាន​១០០​នាក់​ផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញសាច់ត្រីប្រា ទៅអង់គ្លេសកើនឡើងជិត ៧០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម នៅត្រីមាសទី ១ ឆ្នាំ២០១៩ នេះ បាននាំចេញត្រីប្រាទៅកាន់ ទីផ្សារប្រទេសអង់គ្លេសកើនឡើង រហូតដល់ជិត៧០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ…

វៀតណាមគ្រោង​ធ្វើ​ផ្លូវ​ដោយ​ប្រើ​សំណល់​ផ្លាស្ទិក​កែច្នៃ​ជាលើកដំបូង​

ព័ត៌មាន
ទីក្រុង​ ហៃផុង (Hai Phong) ភាគខាងជើង​ប្រទេស​វៀតណាម មាន​គម្រោង​ប្រើប្រាស់​សំណល់​ផ្លាស្ទិក​ដែល​ច្នៃ​ឡើងវិញ ដើម្បី​កសាង​ជា​ផ្លូវ​ជាប់​បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ