ធ្វើ​បច្ចុប្បន្នភាព វេលាម៉ោង ៩ព្រឹក ថ្ងៃទី២៩ មករា ២០២០

ជប៉ុន,​ អាមេរិក​ ចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ​ចេញពី​ក្រុង​វូហាន​ ខណៈ​ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា​បន្តកើនឡើង


យន្តហោះជួល​មួយ​គ្រឿង ដែល​ដឹកជនជាតិ​ជប៉ុន​ប្រមាណ ២០០នាក់ ដែល​ជម្លៀស​ចេញពី​ទីក្រុង​វូហាន ប្រទេស​ចិន បាន​មក​ដល់​ទីក្រុង​តូក្យូហើយ នៅព្រឹកថ្ងៃពុធ (ទី២៩ មករា ២០២០)នេះ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​ជប៉ុន។
នៅថ្ងៃទី២៩ មករា ២០២០ ជប៉ុន និងអាមេរិក បានចាប់ផ្ដើម​ដឹកជញ្ជូន​ពលរដ្ឋ​ខ្លួន​ចេញបណ្ដើរៗពីទីក្រុង​វូហាន ប្រទេសចិន។
ដោយ

ទីភ្នាក់ងារ​ព័ត៌មាន ក្យូដូ ផ្សាយថា អ្នកដំណើរ​ទាំង​នេះ បានត្រូវ​បុគ្គលិកពេទ្យ​ ៤នាក់ ធ្វើការពិនិត្យ​សុខភាព​ក្នុង​អំឡុងពេល​ហោះហើរ ហើយ​នឹងត្រូវ​ស្នើ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះរយៈពេល ២សប្ដាហ៍ ដើម្បីតាមដាន​មើល​រោគសញ្ញា។ 

ប៉ុន្តែ ក្រសួងការបរទេស​ជប៉ុនបាន​បញ្ជាក់ថា អ្នកដំណើរជនជាតិជប៉ុនទាំង​អស់​នោះ ដែល​បាន​ជម្លៀស​ពីទីក្រុង​វូហាន ជាទីក្រុង​ដែល​ផ្ទុះ​មេរោគ​ កូរ៉ូណា មុនគេ ពុំ​មាន​ឆ្លង​មេរោគ កូរ៉ូណា ទេ។ 

នៅក្រុង​វូហាន មានជនជាតិ​ជប៉ុនសរុប ៦៥០ ហើយពួកគេ​បានស្នើសុំ​ការជម្លៀស​ចេញពីទីក្រុង​នេះ។ នៅល្ងាចថ្ងៃពុធនេះ ជើងហោះហើរមួយទៀត​​ត្រូវគេរំពឹង​ថា នឹង​ចាកចេញពីទីក្រុង​តូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុង​វូហាន ដើម្បី​​ដឹកជញ្ជូន​ជនជាតិ​ជប៉ុន​ចេញ​ជា​បន្តបន្ទាប់ទៀត។

តួលេខ​នៃ​ការវិវត្ត​របស់​មេរោគ កូរ៉ូណា គិតត្រឹមថ្ងៃទី២៩ មករា ២០២០ ម៉ោង ៩ព្រឹក។ ប្រភព៖ South China Morning Post

អាមេរិក​ជម្លៀស​ពលរដ្ឋរបស់ខ្លួនចេញពីទីក្រុង​វូហាន

នៅព្រឹកនេះ (ថ្ងៃទី២៩ មករា ២០២០) សហរដ្ឋ​អាមេរិក​បានចាប់ផ្ដើម​ការ​ជម្លៀស​ជើង​ទីមួយ នូវ​ពលរដ្ឋ​របស់ខ្លួន​ចេញពីទីក្រុង​ វូហាន ខេត្ត​ហ៊ើប៉ី ប្រទេស​ចិន ជាកន្លែង​ដែល​ផ្ទុះ​មេរោគ កូរ៉ូណា​ ឆ្លង​ដល់​មនុស្ស​រាប់​ពាន់​នាក់។ 

ក្រសួងការបរទេស​អាមេរិកបាន​បញ្ជាក់​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AP ថា ពលរដ្ឋ​អាមេរិកាំង ២៤០នាក់ ដែលរួមមាន​អ្នកការទូត និងពលរដ្ឋ​ដទៃទៀត ត្រូវបាន​ដឹក​ជញ្ជូនចេញពី​ទីក្រុង​វូហាន​ហើយ ដោយ​ជើងហោះហើរ​នេះ​នឹង​ហោះទៅ​រដ្ឋ​អាឡាស្កា បន្ទាប់​មក​ទៅ​ទីក្រុង​ អុនតារីអូ រដ្ឋ​កាលីហ្វ័រញ៉ា ដែល​នៅ​ចម្ងាយ ៥៦គីឡូម៉ែត្រ ពីទីក្រុង​ឡូសអ៊ែនជែឡេស។ 

យោងតាមសារព័ត៌មាន AP ពលរដ្ឋ​អាមេរិកាំងទាំង ២៤០នាក់នេះ នឹងត្រូវ​ពិនិត្យ​រក​មើល​មេរោគ កូរ៉ូណា និង​ដាក់​ឲ្យ​រស់នៅ​ដាច់​ដោយឡែក​នៅទីក្រុង​ អុនតារីអូ រយៈពេល​​អាច​ដល់ទៅ២សប្ដាហ៍ ដែល​កិច្ចការនេះ​នឹង​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋ​អាមេរិក។ 

ចំនួនអ្នកស្លាប់​នៅប្រទេសចិន កើនឡើងដល់ ១៣២នាក់

គិតត្រឹមព្រឹកថ្ងៃទី២៩ មករា ២០២០នេះ បើ​យោងតាម​សារព័ត៌មាន South China Morning Post ចំនួន​អ្នកស្លាប់ដោយសារ​ជំងឺរលាក​ផ្លូវដង្ហើម​បង្ក​ដោយ​មេរោគ កូរ៉ូណា នៅប្រទេស​ចិន កើនឡើងដល់ ១៣២នាក់​ហើយ។

ចំណែក ករណីឆ្លង​របស់​មេរោគ កូរ៉ូណា កើនឡើងដល់ ៦០៥២ករណី ក្នុងនោះ នៅក្នុង​ប្រទេស​ចិន ករណីឆ្លង​មាន ៥៩៧៤ករណី ក្រៅពីនោះ គឺ​ជាករណីឆ្លង​ដែលគេរកឃើញនៅ​ក្រៅ​ប្រទេសចិន៕

(ធ្វើ​បច្ចុប្បន្នភាព វេលាម៉ោង ៩ព្រឹក ថ្ងៃទី២៩ មករា ២០២០ ពីប្រភព​សារព័ត៌មាន South China Morning Post, The Guardian)




អត្ថបទបន្ទាប់


សាលា​ឧទ្ធរណ៍​តម្កល់​"ការ​ចាត់​របៀប"​លើ​រឿង​ក្ដី​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី

ព័ត៌មាន
សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ ទី២៨ ខែមករា​នេះ បាន​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចាត់​របៀប ឬ​ឲ្យ​បើក​ការស៊ើប​អង្កេ…

ស្ថាប័នរដ្ឋ និងឯកជន៖ ការនាំចេញកម្ពុជាទៅចិន​នៅតែមានសភាពធម្មតា ទោះការរីករាលដាលនៃវីរុសកូរ៉ូណាបន្ដកើនឡើង

ព័ត៌មាន
ករណីផ្ទុះឡើង និងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី បានក្លាយជាក្ដីបារម្ភមួយសម្រាប់ពិភពលោកទាំងនៅក្នុងវិស័យសុខភាព និងសេដ្ឋកិច្ច។ ចំពោះកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ