ជប៉ុន និងអាមេរិកនឹងលើកបញ្ហាសិទ្ធិមនុស្សនុងជំនួប ២បូក២

ជប៉ុន និងអាមេរិកនឹងលើកបញ្ហាសិទ្ធិមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមកពិភាក្សាក្នុងជំនួប ២បូក២នៅចុងខែនេះ


ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងព្រមព្រៀងគ្នាបង្កើតគោលការណ៍ណែនាំសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងការការពារសិទ្ធិមនុស្សនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ នៅពេលដែលមន្ត្រីគោលនយោបាយបរទេស និងសេដ្ឋកិច្ចកំពូលៗរបស់ប្រទេសទាំង២នេះ នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅចុងខែកក្កដា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ Nikkei។
ជប៉ុន និងអាមេរិកនឹងលើកបញ្ហាសិទ្ធិមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមកពិភាក្សាក្នុងជំនួប ២បូក២នៅចុងខែនេះ
ដោយ

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Koichi Hagiuda នឹងជួបសមភាគីអាមេរិករបស់ពួកគេគឺលោក Antony Blinken រដ្ឋមន្ត្រីការបរទេស និង លោកស្រី Gina Raimondo រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក សម្រាប់ជាទម្រង់សេដ្ឋកិច្ចលើកដំបូង នៃកិច្ចពិភាក្សា 2 បូក 2 ដែលមានបន្ដធ្វើឡើងមកអស់រយៈពេលជាយូរមកហើយ ស្តីពីវិស័យការទូត និងវិស័យការពារ រវាងជប៉ុន និងអាមេរិក។

សម្ព័ន្ធមិត្តជប៉ុន និងសហរដ្ឋអាមេរិកមានបំណងកំណត់ស្តង់ដារបង្រួបបង្រួមសម្រាប់ការអនុ ម័តដ៏ទូលំទូលាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើងតាមរយៈទីតាំងមូលដ្ឋានរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម និងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ។

របៀបវារៈនៃកិច្ចប្រជុំនេះ ទំនងជានឹងគ្របដណ្ដប់លើការពិភាក្សាអំពីបញ្ហាបំពានសិទ្ធិមនុស្សនៅខេត្តស៊ីនជាំងប្រទេសចិន ដែលជាអ្នកផលិតកប្បាសដ៏សំខាន់សម្រាប់តម្រូវការប្រើប្រាស់របស់ក្រុមហ៊ុន សម្លៀកបំពាក់ពិភពលោក និងជាមជ្ឈមណ្ឌលប្រមូលផ្តុំគ្រឿងបង្គុំអេឡិចត្រូនិច។ ទោះយ៉ាងណា កន្លងមក ប្រទេសចិនបានបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានគាបសង្កត់ជនជាតិភាគតិចអ៊ុយហ្គ័រមូស្លីមនៅប្រទេសចិន។

នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីខែឧសភា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាលើគោលការណ៍ជាមូលដ្ឋានរួមទាំងការគ្រប់គ្រងការនាំចេញដ៏តឹងរ៉ឹងលើបច្ចេកវិទ្យាដែលអាចនាំឱ្យមានការគាបសង្កត់ដូចជា បច្ចេកវិទ្យាដែលអាចចំណាំមុខមនុស្សជាដើម។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេផ្ទាល់អំពីតម្រូវការក្នុងការដកកម្លាំងពលកម្មដោយបង្ខំចេញពីខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។

គោលការណ៍បែបនេះនឹងបង្កើតជាមូលដ្ឋានសម្រាប់ស្តង់ដាររួមសម្រាប់សម្ព័ន្ធមិត្តទាំង២នេះ។ កិច្ចប្រជុំ ពីរបូកពីរ ឬ 2-plus-2 នេះក៏នឹងស្វែងរកភាពច្បាស់លាស់ពីរបៀបដែលក្រុមហ៊ុនពហុជាតិគួរតែឆ្លើយតបទៅនឹងការបង្ហាញពីពលកម្មដោយបង្ខំ ឬការរំលោភបំពានផ្សេងទៀតនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ។

បន្ទាប់ពីអាមេរិកបានដាក់ការរឹតបន្តឹងលើការនាំចូលលើផលិតផលដែលប្រើកម្លាំងពលកម្មទាំងបង្ខំនៅខេត្តស៊ីនជាំងនោះ ផលិតផលដែលក្រុមហ៊ុនជប៉ុនផលិតនាំចេញ ទៅអាមេរិក ប៉ុន្ដែមានប្រើវត្ថុធាតុដើមពីតំបន់ស៊ីនជាំងប្រទេសចិន ក៏ត្រូវបានរឹបអូស ដោយអាជ្ញាធរគយសហរដ្ឋអាមេរិកដែរ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនខ្វះឧបករណ៍ច្បាប់ និងបទប្បញ្ញត្តិ ដើម្បីរឹតបន្តឹងការនាំចូល និងការនាំចេញដោយគ្រាន់តែសម្ដែងការព្រួយបារម្ភពីសិទ្ធិមនុស្សប៉ុណ្ណោះ។ តាមរយៈការបង្កើតស្តង់ដាររួមជាមួយអាមេរិកសម្រាប់ការអនុវត្តគោលនយោបាយពាណិជ្ជកម្មទាក់ទងនឹងសិទ្ធិមនុស្សនេះ ទីក្រុងតូក្យូមានបំណងផ្តល់ឱ្យអាជីវកម្មនូវភាពប្រាកដប្រជាបន្ថែមទៀត សម្រាប់ការធ្វើផែនការរបស់ពួកគេ ជុំវិញការអនុវត្តអាជីវកម្មប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការងារដោយបង្ខំ។

នៅពេលប្រទេសជប៉ុន និងសហរដ្ឋអាមេរិកយល់ព្រមលើស្តង់ដាររួមជាមួយគ្នារួចហើយនោះ ជំហានបន្ទាប់របស់ពួកគេ គឺត្រូវស្វែងរកការយល់ព្រមនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬហៅថា ជី៧ និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ។

ជំនួបរវាង រដ្ឋមន្ត្រីសំខាន់ៗរវាងអាមេរិក និងជប៉ុននេះ ក៏នឹងពិភាក្សាពីការស្រាវជ្រាវរួមគ្នាចំពោះបច្ចេកវិទ្យាជឿនលឿនដូចជា បញ្ញាសិប្បនិម្មិត ព្រមទាំងថាមពល និងសន្តិសុខស្បៀងផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ទីផ្សារផ្លែស្វាយស្រស់អាចប្រសើរឡើងវិញ នៅពេលប្រទេសចិនធូរស្បើយពីកូវីដ១៩

ព័ត៌មាន
ផ្លែស្វាយស្រស់អាចនិយាយបានថា ជាផលិតផលកសិកម្មមួយ ដែលមានជួបបញ្ហាទីផ្សារខ្លាំងជាងគេនៅឆ្នាំនេះ ដោយតម្លៃស្វាយនៅឆ្នាំនេះ បានធ្លាក់ចុះថ្លៃទាបមែនទ…

ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃវិស័យដឹកជញ្ជូន

ព័ត៌មាន
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃប្រេងឥន្ធនៈសកល ក៏ដូចជានៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ