តារាបាល់ទាត់ជប៉ុន​បោះទុន​វិនិយោគ​លើ​របរ​កសិកម្ម​នៅកម្ពុជា

Honda វិនិយោគលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ព្រោះ​ចង់​ជួយ​ដោះស្រាយភាពក្រីក្រ


ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក កេស៊ូកិ ហុងដា (Keisuke Honda) តារាបាល់ទាត់​ជប៉ុន ត្រូវបាន​មហាជន​ខ្មែរ ជាពិសេស អ្នក​ស្រលាញ់​កីឡាបាល់ទាត់ ស្គាល់​កាន់តែច្រើនឡើង ដោយសារ​តែ​លោក​បាន​ចូលរួម​ជួយ​គាំទ្រ និង​បង្វឹក​ក្រុម​កីឡាបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា។ ប៉ុន្តែ មាន​មនុស្ស​មិនច្រើន​ទេ ដែល​ដឹងថា លោក ហុងដា បាន​និងកំពុង​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។
លោក កេស៊ូកិ ហុងដា (Keisuke Honda) (រូបខាងស្ដាំ) ជួប​ជាមួយ​លោក Kengo Kitaura ​ជាស្ថាបនិក​ក្រុមហ៊ុន Agribuddy នៅឯ​ការិយាល័យ អេហ្គ្រីបាឌី នៅ​ភ្នំពេញ។
ដោយ

ថ្មីៗនេះ ខណៈ​​ដែល​មក​ទស្សនកិច្ច​ការិយាល័យ​ក្រុមហ៊ុន អេហ្គ្រីបាឌី ប្រចាំកម្ពុជា ជាក្រុមហ៊ុន​កសិកម្ម​មួយ​ដែល​លោក​បាន​ចូលរួម​បោះ​ទុន​វិនិយោគ លោក កេស៊ូកិ ហុងដា បាន​ប្រាប់​អ្នកសារព័ត៌មាន ខេមបូណូមីស ថា លោក​ស្រលាញ់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា និងថា ហេតុ​ដែល​លោក​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ជាមួយ​ក្រុមហ៊ុន អេហ្គ្រីបាឌី គឺដោយសារ​លោក​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​ភាពក្រីក្ររបស់​ប្រជាជន។ 

លោក កេស៊ូកិ ហុងដា បាន​និយាយ​យ៉ាង​ដូច្នេះ ៖ «ពេលខ្ញុំ​ជួប​លោក Kengo [លោក Kengo Kitaura ​ជាស្ថាបនិក​ក្រុមហ៊ុន Agribuddy] ដំបូង ខ្ញុំ​បាន​ឮ​គាត់​និយាយថា គាត់​មាន​ទស្សនវិស័យ​ចង់​ជួយ​ដោះស្រាយ​បញ្ហា​កសិកម្ម​នៅ​អាស៊ី ជាពិសេស នៅប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ក៏​មាន​ក្ដី​សុបិន​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្ររបស់​ប្រជាជន ដែល​មិនអាច​សម្រេចក្ដីសុបិន​របស់ពួកគេ​បាន ឧទាហរណ៍ កុមារ​ចង់ក្លាយ​ជា​កីឡាករ​បាល់ទាត់​នៅពេល​អនាគត ប៉ុន្តែ ពួកគេ​ត្រូវ​បោះបង់​ក្ដីសុបិន​នោះចោល ដោយសារតែ​ស្ថានភាពសេដ្ឋកិច្ច​។ ដូច្នេះ ខ្ញុំគិតថា អេហ្គ្រីបាឌី (Agribuddy) ដែល​ជា​ក្រុមហ៊ុន​ថ្មីថ្មោង​ដែលធ្វើការលើ​វិស័យ​កសិកម្ម អាច​ជួយដោះស្រាយបញ្ហា​របស់​ខ្ញុំ​បាន ... ដូច្នេះ ខ្ញុំ​ក៏គិតថា ខ្ញុំ​ចង់​ជួយ​គាត់»។ 

លោក កេស៊ូកិ ហុងដា (Keisuke Honda) ថតរូប​អនុស្សាវរីយ៍​ជាមួយកសិករ សហគ្រិន​ឆ្នើម និង​បុគ្គលិក​​របស់ អេហ្គ្រីបាឌី។

លោក កេស៊ូកិ ហុងដា គឺជាវិនិយោគិនមួយរូប ហើយក៏ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនអេហ្គ្រីបាឌី ជាក្រុមហ៊ុនជប៉ុន ដែលធ្វើប្រតិបត្តិការក្នុងបំណងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងកម្រិតជីវភាពរស់នៅរបស់កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា និងឥណ្ឌា។

បច្ចុប្បន្ន អេហ្គ្រីបាឌី ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ពីរ ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​ពី​មូលនិធិ​អ្នក​វិនិយោគ KSK ដែល​ជា​មូលនិធិ​វិនិយោគ​មួយ​បង្កើត​ឡើង​ដោយ លោក កេស៊ូកិ ហុងដា (Keisuke Honda) ផ្ទាល់។

គួរ​ជម្រាប​ថា អេហ្គ្រីបាឌី គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កសិកម្ម​មួយ​ ដែល​គិតត្រឹម​​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ បាន​ធ្វើការងារ​ជាមួយ​នឹង​កសិករ​រាប់​ពាន់​នាក់ ដោយ​បាន​សម្រប​សម្រួល​ទុន​ដល់​កសិករ​ដែល​ត្រូវការ​ទុន សម្រាប់​ការងារ​ផលិតកម្ម​កសិកម្ម និង​​សម្រប​សម្រួល​ទីផ្សារ​សម្រាប់​កសិផល​របស់​ពួកគាត់ តាមរយៈ​ការ​សហការ​ជាមួយ​នឹង​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​ទិញ​កសិផល​នានា។

អេហ្គ្រីបាឌី ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​បណ្ដា​ខេត្ត​ចំនួន ៧ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ដោយ​ផ្ដោតលើ​ដំណាំ​ស្រូវ ពោត និង​ដំឡូងមី៕




អត្ថបទបន្ទាប់


លោកស្រី រ៉ូណា ស្មីត អំពាវនាវ​ឲ្យ​កម្ពុជា​កំណត់​វិធីសាស្រ្ត​ឡើង​វិញ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ

ព័ត៌មាន
អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​របស់ ​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំព…

ព្រលានយន្តហោះខេត្តព្រះសីហនុ នឹងចាប់ផ្តើមពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅដើមឆ្នាំ ២០២០ខាងមុខ

ព័ត៌មាន
ដោយសារតែកំណើនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កាន់តែកើនឡើងឆាប់រហ័ស ជាពិសេសភ្ញៀវទេសចរចិន ក៏ដូចជាអ្នកវិនិយោគិនមកកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ