វិនិយោគិនជប៉ុន

តំណាងវិនិយោគិនជប៉ុន៖ វិស័យកសិកម្មកម្ពុជា មានភាពអំណោយផលសម្រាប់ការវិនិយោគ


ប្រធានសមាគមជប៉ុន-កម្ពុជា ដែលបានដឹកនាំ វិនិយោគិនជប៉ុនប្រមាណ ជិត​២០ ក្រុមហ៊ុនមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា នាពេលថ្មីៗនេះ បានអះអាងថា កម្ពុជាមានវិស័យជាច្រើនដែលទាក់ទាញចិត្តវិនិយោគិនជប៉ុន ដោយក្នុងនោះ គឺចាប់ផ្ដើមពីវិស័យកសិកម្មទៅ ដោយសារតែកម្ពុជាមានភាពអំណោយផលសម្រាប់ការផលិត និងកែច្នៃដើម្បីនាំចេញ។
លោក. Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា (រូបភាព៖ ធនាគារអេស៊ីលីដា)
ដោយ

នៅក្នុងជំនួប​ផ្គូរផ្គង​ដៃគូរអាជីវកម្ម រវាង​វិនិយោគិន​ជប៉ុន មកពី​១៧ ក្រុមហ៊ុន ជាមួយនឹង​វិនិយោគិន​ខ្មែរ​ ដែលរៀបចំ​ឡើង​ដោយ​ធនាគារ​អេស៊ីលីដា​កាលពីពេល​ថ្មីៗនេះ លោក. Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា​បាន​លើកឡើងថា ប្រទេស​កម្ពុជា មានស្ថិរភាព​កំណើន​លូតលាស់​សេដ្ឋកិច្ចរឹងមាំ​ជាង​ពីរទសវត្សរ៍មកហើយ ដែលវា​គឺជា​លក្ខខណ្ឌ​ដ៏ល្អប្រសើរ​មួយសម្រាប់​វិនិយោគិន​បរទេស​ ក្នុងការ​ចូលមកវិនិយោគ។

លោក Takahashi បន្ថែមទៀតថា តាមរយៈ ជំនួប​រវាង​វិនិយោគិនជប៉ុន និងកម្ពុជានេះ នឹងផ្ដល់លទ្ធភាព​ឲ្យ​វិនិយោគិន​ជប៉ុន​បាន​ស្វែងយល់​កាន់តែច្បាស់​ពីឱកាស​វិនិយោគ និង​បានស្គាល់ពីដៃគូ​វិនិយោគ​មានសក្ដានុពល​នៅកម្ពុជា។ ហើយលោក ជឿជាក់ថា អាច​នឹង​មានវិស័យ​សំខាន់ៗមួយចំនួន ដែល​វិនិយោគិនជប៉ុន​សំឡឹងឃើញ​សម្រាប់ការវិនិយោគ ពិសេស​គឺវិស័យ​កសិកម្ម​តែម្ដង។

ជំនួប​ផ្គូរផ្គង់ដៃគូវិនិយោគ​រវាង​វិនិយោគិន​កម្ពុជា និងជប៉ុន (រូបភាព៖ ធនាគារអេស៊ីលីដា)

លោក Takahashi បានមានប្រសាសន៍​យ៉ាងដូច្នេះថា​«ខ្ញុំគិតថា មាន​វិស័យជាច្រើន ដែលអាច​ចាប់ផ្ដើមចេញពីវិស័យ​កសិកម្មទៅ ព្រោះថា ប្រទេសកម្ពុជា​មានភាពអំណោយផល​ដូចជា​​មានអាកាសធាតុ​ល្អ និងលក្ខខណ្ឌអំណោយផល​ផ្សេងៗទៀត​ និងអាច​ផលិត​ជាផលិតផល​កសិកម្ម​បាន​ក្នុងតម្លៃទាប និងគុណភាពខ្ពស់ ដែលវា​ជាឱកាស​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​អាចស្វែងការវិនិយោគ ហើយខ្ញុំជឿជាក់ថា ប្រសិនបើ​ក្រុមហ៊ុន​ចាប់អារម្មណ៍ នោះពួកគេ​នឹង​ស្វែងរក​ផលិតផល​ដែលល្អ​សម្រាប់​អាជីវកម្ម​របស់ពួកគេ មិនត្រឹមតែ​ធ្វើការ​នាំចេញ​ទៅជប៉ុន​តែមួយនោះទេ ប៉ុន្ដែ​អាច​ធ្វើការ​នាំចេញ​ទៅកាន់​ពិភពលោកផងដែរ។ ហើយក៏មាន​រួចហើយ​នូវផលិតផល​របស់​កម្ពុជា មិនមែន​តែ​ផលិតផលកសិកម្មទេ តែជាផលិតផល​ក្នុងវិស័យ​ឧស្សាហកម្ម​ គឺត្រូវបាន​នាំចេញ​ទៅទីផ្សារអឺរ៉ុប អាមេរិក និងបណ្ដាប្រទេស​ជាច្រើនទៀត។»

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (រូបភាព៖ ធនាគារអេស៊ីលីដា)

ជាមួយគ្នានេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានលើកឡើងថា ហេតុផល​ដែលជំរុញ​ឲ្យមានការបង្កើត​នូវជំនួប​រវាង​វិនិយោគិនជប៉ុន និងកម្ពុជា​នេះឡើង គឺធ្វើឡើង​ស្របទៅនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលកន្លងមក​ប្រមុខរាជ​រដ្ឋាភិបាល​បាន​ជំរុញ​ធ្វើយ៉ាងណា​ចាប់យក​វិនិយោគិន​បរទេស​កាន់តែច្រើនចូលមក​កម្ពុជា ពិសេស​វិនិយោគីន​ជប៉ុន។ លោកបណ្ឌិត អ៊ិន ចាន់នី បាន​គូសបញ្ជាក់ទៀតថា វិនិយោគិន​​ជប៉ុន​មានលក្ខណៈសម្បត្តិ​សំខាន់ៗជាច្រើនយ៉ាងណាស់ ដែល​មិនត្រឹមតែកម្ពុជា​ចង់​បាននោះទេ សូម្បីតែ​ប្រទេស​ក្នុងតំបន់ ក៏ខិតខំ​ទាក់ទាញ​វិនិយោគិនជប៉ុន​ឲ្យចូល​វិនិយោគ​ក្នុងប្រទេស​ខ្លួនផងដែរ។

«ប្រទេសជប៉ុន​នាំមកនូវ​ គេហៅថា Brand of trust (យើងអាចជឿជាក់បាន) ហើយនាំមកនូវ​ Quality of investment (ការវិនិយោគ​ប្រកបដោយគុណភាព) ហើយវិនិយោគិនជប៉ុន គេគិតអំពី គេហៅ គិតគូរអំពី​លក្ខណៈ​យុទ្ធសាស្ត្រ យុទ្ធសាស្ត្រ​គឺរយៈពេលវែង មិនគិតពីរយៈពេលខ្លីទេ កាលណាបោះទុន​ធ្វើអាជីវកម្មនៅក្នុងប្រទេសមួយ គឺគិតរយៈពេលវែង។ ចឹងជាវិនិយោគិន​ដែលយើងអាចទុកចិត្ត​ ជាវិនិយោគិន ដែលគោរពច្បាប់​ជាតិ និងអន្តរជាតិ ជាវិនិយោគិន​ដែលមានបទពិសោធន៍ ជាវិនិយោគិន​ដែលមានប្រភពទុន​ច្បាស់លាស់ត្រឹមត្រូវ គឺជាវិនិយោគិន​ដែលគាំទ្រ​គោលដៅសេដ្ឋកិច្ច​របស់​កម្ពុជា​តាំងពីដើម​រៀងមក»។ ប្រសាសន៍​របស់លោកបណ្ឌិត អ៊ិន ចាន់នី។ 

លោកបណ្ឌិត អ៊ិន ចាន់នី ក៏បាន​លើកឡើង​ពីលក្ខណៈ​សម្បត្តិ​ពិសេស​មួយចំនួនរបស់​កម្ពុជាផងដែរ ដែល​បាន​ធ្វើឲ្យ​វិនិយោគិន​បរទេស​តែងតែ​ចាប់អារម្មណ៍ និងចង់ធ្វើការវិនិយោគ​នៅកម្ពុជា រួមមាន​ដូចជា​កំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និង​ស្ថិរភាពសង្គម រួមជាមួយកត្តា​រួមផ្សំជាច្រើនទៀតទាក់ទង​នឹង​ការ​អនុគ្រោះផ្នែកពន្ធ និង​ការទូលាយ​សម្រាប់​ការទូទាត់​ដោយប្រើប្រាស់​រូបិយវត្ថុ​បរទេស ដុល្លារអាមេរិក​ជាដើម។

គួរបញ្ជាក់ថា បើតាម​ទិន្នន័យពីអង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះកម្ពុជាបាននាំចេញ​ទំនិញទៅ​ជប៉ុន មានតម្លៃ​ជាទឹកប្រាក់ជាង ១ពាន់២៧៩ លានដុល្លារ ដោយបានកើនឡើងជាង ៨ ភាគរយ ​ខណៈជប៉ុន​នាំចូលមក​កម្ពុជាវិញ​ក្នុងទឹកប្រាក់ជិត៤០០ លានដុល្លារ កើនឡើង ៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

ទិន្នន័យពី JETRO បានបង្ហាញទៀតថា ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនពីខែមករា ដល់បំណាច់ខែកញ្ញា ឆ្នាំ២០១៩នេះនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ពោលគឺកម្ពុជា​ស្ថិតនៅលេខ​រៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន។

ដោយឡែក បើតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន១៣៧​គម្រោង ដែលវិនិយោគផ្តោតសំខាន់លើ ផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ២ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ យើង​កំពុង​តាមដាន​ការ​កាត់ក្តី​មេដឹកនាំ​​បក្ស​ប្រឆាំង​នៅ​កម្ពុជា

ព័ត៌មាន
រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​ធ្នូ​នេះ ថា សហរដ្ឋ​អាមេរិក​កំពុងតែ​តាមដាន​ដំណើរកា…

បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ចុងឆ្នាំ២០១៩ ត្រៀមស្វាគមន៍ឆ្នាំ ២០២០

ព័ត៌មាន
ក្រុមហ៊ុនបុរីប៉េង ហួត នាពេលថ្មីៗនេះ បានសម្រេចសម្ពោធបើកលក់គម្រោងធំៗចុងក្រោយរបស់ខ្លួនចំនួន២ បន្ថែមទៀតសម្រាប់២០១៩នេះ ដើម្បីត្រៀមស្វាគមន៍ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ