ទីផ្សារម្រេចកំពត

សមាគមម្រេចកំពតមិនរំពឹងខ្ពស់ចំពោះទីផ្សារចិននោះទេ ទោះបីមាន FTA កម្ពុជា-ចិនក៏ដោយ


បើទោះបីជាកម្ពុជាកំពុងឈានទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ជាមួយចិននៅពេលឆាប់ៗនេះ ដែលគេរំពឹងថាទីផ្សារចិននឹងបើកចំហរកាន់តែធំសម្រាប់ផលិតផលកម្ពុជា ពិសេសផលិតផលកសិកម្មក៏ដោយចុះ ប៉ុន្ដែ សមាគមម្រេចកំពតបានលើគលើងថា ម្រេចកំពតមិនរំពឹងខ្ពស់ចំពោះការនាំចេញទៅកាន់ទីផ្សារចិននោះទេ ទោះបីមាន FTA នេះក៏ដោយ។
ម្រេចកំពត
ដោយ

ការអះអាង​របស់​សមាគម​ម្រេចកំពត​យ៉ាងដូច្នេះ ក៏ព្រោះតែ​តម្រូវការ​ម្រេចកំពត​ពីខាង​ទីផ្សារ​ចិន​នាពេល​កន្លងមក​នៅ​មានចំនួន​តិចតួច​បំផុត។

ប្រធាន​សមាគម​ម្រេចកំពត​ លោក ងួន ឡាយបាន​គូសបញ្ជាក់​ទៀត​ថា កម្ពុជាអាច​សង្ឃឹម​ចំពោះ​ផលិតផល​ផ្សេង​ដូចជាស្វាយ ចេក អង្ករ ប៉ុន្តែម្រេចកំពត​វិញ គឺមិនអាច​សង្ឃឹម​ទីផ្សារ​ចិន​បាននោះឡើយ ព្រោះចិន​ត្រូវការ​តែម្រេច​ដែលមាន​តម្លៃថោក​ប៉ុណ្ណោះ ដូចជាម្រេច​ដែលមិន​ប្រើឈ្មោះ​ម្រេចកំពត​ទំនងជា​អាចចូល​ទីផ្សារ​ចិនបាន ព្រោះវា​មាន​តម្លៃ​ថោក​ត្រឹមតែ ២​ដុល្លារ​ក្នុង១គីឡូក្រាម។

តាមការអះអាង​របស់​ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ​ក្រសួង ពាណិជ្ជកម្ម​បាន​ឲ្យដឹងថា តាមរយៈ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និងចិន  ដែល​នឹងត្រូវបាន​ចុះហត្ថលេខា និងចូលជាធរមាន នៅពេល​ខាងមុខនេះ យ៉ាងហោចណាស់​នឹង​អនុញ្ញាត​ឲ្យ​មុខទំនិញ​របស់​កម្ពុជាជាង ៣៤០ មុខ នឹងអាច​នាំចេញចូល​ទៅកាន់​ទីផ្សារចិន ដោយរួចពន្ធ ក្នុងនោះ ភាគច្រើន​ជាមុខ​ទំនិញ​កសិកម្ម និងឧស្សាហកម្មកែច្នៃ។ 

លោក ងួន ឡាយបាន​គូសបញ្ជាក់ទៀតថា​  ក្នុងចំណោម​ម្រេចកំពត​ទាំងអស់ ចំនួនប្រហែល ៥០ ភាគរយ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​សហគមន៍​អឺរ៉ុប ខណៈដែល ២០ ភាគរយ​ផ្សេងទៀត​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងៗ ជាពិសេស​សហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងរុស្ស៊ី ហើយនៅ​សល់ ៣០ ភាគរយ​ទៀត​ត្រូវបាន​ប្រើប្រាស់​ក្នុងស្រុក។

លោកងួន ឡាយ បញ្ជាក់ថា បច្ចុប្បន្នមាន​ក្រុមហ៊ុន​ចិនចំនួន២ ហើយបាន​ទាក់ទង​មក​សមាគម​ម្រេចកំពត ដើម្បីសិក្សា ស្ទាបស្ទង់ពីតម្លៃ ប៉ុន្តែមិនទាន់​មានលទ្ធផល​នោះទេ។ លោកថា វិនិយោគិន​ចិន​មិនមែន​ទើបតែ​វិនិយោគ​ដំណាំម្រេច​កំពត​នៅពេល​នេះទេ គឺកន្លងមក​ធ្លាប់មាន​វិនិយោគិន​ចិន​ធំមួយ​បានដាំម្រេច​កំពត​រួចហើយ​តែដោយ​សារកូវីដ-១៩ ត្រូវបាន​បោះបង់ការ​ដាំម្រេច​ទៅវិញ​តាំងពី​ខែមករា​មកម្លេះ ដោយសារ​ខ្វះទីផ្សារ​នៅចិន។

លោក បានឲ្យ​ដឹងទៀតថា ទិន្នផល​ម្រេចកំពត​ឆ្នាំនេះ​ទទួល​បានទាប​ជាងឆ្នាំ​ទៅមិញ​ពី​១០០តោន មកនៅ​ត្រឹមតែ​៩០តោនប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋ​ប្រមាណ​៤០ភាគរយ ដែលដាំម្រេច​លើផ្ទៃដី​ជាង ២០០ហិកតានោះ បានបោះបង់​ការដាំ​ម្រេច​ចោល ដោយសារ​តែខ្វះទីផ្សារ។

លោកបញ្ជាក់ថា ទីផ្សារម្រេច​ដែលគិតថា​វាតូចជាង​មុននេះ ក៏ដោយ​សារតែ​មានការ​រីករាលដាល​នៃជំងឺ​កូវីដ-១៩ ដែលធ្វើឲ្យ​ទីផ្សារ​ទេសចរ​នៅតាម​តំបន់ទេសចរ​ក្នុងស្រុក​មួយចំនួន​ដែល​កន្លងមក យ៉ាងហោច​ណាស់ ១កន្លែងៗ​គឺអាច​លក់​បានរហូត៥ ទៅ៨តោន​ផងដែរ​  ប៉ុន្តែឆ្នាំនេះ​គឺត្រូវបាត់ប​ង់ទាំងស្រុង ដែលធ្វើឲ្យ​ម្រេច​ដែលប្រើ​ឈ្មោះ​ម្រេចកំពត​នៅសល់​ក្នុងឃ្លាំង​ប្រមាណ​ជាង ១២៥ តោននៅឆ្នាំនេះ។

លោកបន្ថែមថា ម្រេចដែល​មិនប្រើ​ឈ្មោះម្រេច​កំពត​បានលក់ចេញ​ទៅទីផ្សារ​វៀតណាម ស្ទើរ​តែអស់​ទៅហើយ ប៉ុន្តែម្រេចដែលប្រើ​ឈ្មោះម្រេច​កំពត​វិញ ដែលជា​រួមលក់​បានប្រមាណ​ជុំវិញជាង ១០តោន​ប៉ុណ្ណោះទៅឲ្យ​ក្រុមហ៊ុនតែ ៤បួនទេ ​ដែលទទួល​ទិញម្រេច​កំពត​សម្រាប់ការ​នាំចេញ។

លោកបានអះអាងទៀតថា តម្លៃម្រេច​ដែលប្រើឈ្មោះ​ម្រេចកំពត​នៅរក្សា​តម្លៃដដែល​គឺមិនមាន​ការកើនឡើង ឬធ្លាក់ចុះនោះទេ​ពោលគឺម្រេច​ខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេច​ក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិន​បានប្រើឈ្មោះ​ម្រេចកំពត​វិញ គឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀល​ក្នុងមួយគីឡូក្រាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យឯកជននៅតែត្រូវការរាជរដ្ឋាភិបាលជួយអន្តរាគមន៍បន្ថែមទៀត​លើថ្លៃសេវាដឹកជញ្ជូន និងកំពង់ផែ

ព័ត៌មាន
បើទោះបីជាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រួលដល់ការកាត់បន្ថយការចំណាយបានមួយចំនួនលើសេវាដឹកជញ្ជូន និងកំពង់ផែក៏ដោយចុះ ប៉ុន្ដែសម្រាប់តម្ល…

កសិករស្នើឲ្យក្រសួងកសិកម្មបង្រួមនីតិវិធីធ្វើលិខិតដឹកជញ្ជូន ដើម្បីជំរុញការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មាន
«ក្នុងមួយខែ យើងអាចរកចំណូលបានចិញ្ចឹមកូនចៅអី បានប្រហែលជាងមួយពាន់អី(ដុល្លារ) រកបាន បើគាត់ធ្វើលក្ខណៈតូចតាច ពីរបីអាងគ្រាន់ចិញ្ចឹមលេង អាហ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ