ទីផ្សារម្រេច​កំពត​ជួបបញ្ហា​ព្រោះកូវីដ-១៩

សមាគមម្រេចកំពត៖ ម្រេចកំពតមិនអាចនាំចេញបានសូម្បីតែមួយគ្រាប់ តាំងពីផ្ទុះកើតមានកូវីដ-១៩មក


នៅក្នុងអំឡុងពេលនៃការកើតមាននូវបញ្ហារីករាលដាលនូវកូវីដ-១៩នេះ មានផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមានទីផ្សារល្អ ក៏ប៉ុន្ដែក៏មានផលិតផលខ្លះទៀតបានជួបបញ្ហាផងដែរ។ ជាក់ស្ដែង ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) និងធ្លាប់តែលក់បានក្នុងតម្លៃខ្ពស់ នាំចេញទៅបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោកនោះ បាននិងកំពុងជួបបញ្ហាទីផ្សារ ដោយសារតែមិនអាចនាំចេញបាន ក្រោយពីមានបញ្ហាផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ ដែលបានធ្វើឲ្យម្ចាស់ចម្ការត្រូវបង្ខំចិត្តហាលម្រេចស្ដុកទុករងចាំលក់ក្រោយស្ថានភាពកូវីដ-១៩ ធូរស្បើយឡើងវិញ។
ម្រេចកំពត
ដោយ

លោក ងួន ឡាយ ប្រធានសមាគម​ម្រេច​កំពត​បាន​អះអាងថា នៅឆ្នាំនេះ អ្នកដាំម្រេច​កំពត​ជួប​បញ្ហា​ធ្ងន់ធ្ងរណាស់​តាំងពីកើតមាន​បញ្ហា​កូវីដ-១៩មក។ លោកថា តាំងតែ​ពីមានផ្ទុះកូវីដ-១៩ ម្រេចកំពត​សូម្បីតែ​មួយគ្រាប់​ក៏មិនបាន​នាំចេញទៅលក់​​ទៅក្រៅប្រទេស​ដែរ ខណៈដែលទីផ្សារ​ក្នុងស្រុក​ក៏គ្មានអ្នកទិញទៀត។

លោក ងួន ឡាយ មានប្រសាសន៍​យ៉ាងដូច្នេះ «មានអី! ឥឡូវសូន្យ សឺរ៉ូម៉ង! តាំងពីកូវីដហ្នឹងមក​ គឺសឺរ៉ូសុទ្ធម៉ង! .. កាលមុន​កូវីដ​នៅមាន​ដែរ កាល២០១៩​ យើងលក់បាន​ដល់ទៅ ៧៨​តោន​​! តាំងពីកូវីដហ្នឹងមក សូន្យ​តែម្ដង​ បើឆ្នាំ២០២០ទៀត សឺរ៉ូម៉ង! អត់ទាន់​មាន [ម្រេច​] អី​មួយគ្រាប់​ [នាំចេញ] ទៅណាទេ!»។

លោក ងួន ឡាយ​បន្ថែមទៀតថា កាលពីមុន​សម្រាប់​ទីផ្សារក្នុងស្រុកម្រេចកំពត​ គឺពឹងផ្អែក​លើអ្នកទិញជា​ភ្ញៀវទេសចរ​ ភោជនីយដ្ឋាន​ធំៗ​ទិញ ឥឡូវ​ទេសចរ​ស្ងាត់ ហាង ភោជនីយដ្ឋាន​​ក៏លែងមានភ្ញៀវ​ទៀត ធ្វើឲ្យម្រេច​កំពត​ត្រូវ​សល់​ហាលគរ​ទុក​រងចាំ​លក់​ក្រោយពេល​ស្ថានភាពធូរស្បើយ​មកវិញ។

«វាគ្រប់តែគ្នា​ចឹង គរទុក​ទៅ! វាមិនខូច​ទៅណាមកណាទេ គ្រាន់តែថា​ យើងអត់បាន​លក់ចេញ​ យើងអត់លុយជួល អត់លុយ​ធ្វើទៅមុខទៀតចឹងហ្ហា! ខ្លះ​អត់លុយ[ជួលកម្មក] បេះ មិនទាំងបេះផង ចោលទៅ ហើយខ្លះ​គាត់បេះចឹងបេះតែខ្លួនឯង​ចឹងទៅ ប្រពន្ធកូនចឹងទៅ ទ្រាំទៅ បានខ្លះអត់ខ្លះចឹងទៅ!»

តាមការ​ប៉ាន់ស្មាន​របស់​ប្រធាន​សមាគម​ម្រេចកំពត គិតមកទល់ពេលនេះ ម្រេច​កំពត​នៅសល់​​ព្រោះលក់មិនដាច់​ ប្រមាណ​ក្រោម​១០០តោន ខណៈកាលពីឆ្នាំ២០១៩​ម្រេចកំពត​ទទួលបាន​ទិន្នផល​ជាង​១២០តោន។

លោក ងួន ឡាយ បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ​ម្ចាស់​ចម្ការម្រេច​បានកាត់បន្ថយ​ចំនួន​កម្មករមកនូវ​តិចជាងមុន ហើយ​ម្ចាស់ចម្ការ​តូចៗមួយចំនួន​ត្រូវបង្ខំចិត្ត​ទុកចម្ការចោល ទៅរក​ការងារ​ធ្វើផ្សេងទៀត​ដើម្បី​បានចំណូល​មកផ្គត់ផ្គង់​គ្រួសារ។ គិតមកទល់ពេលនេះ​ ម្រេចកំពត​ប្រមូលផល​បានប្រមាណ ៩០% ។

បើតាម​ប្រធាន​សមាគម​ម្រេចរូបនេះ បញ្ហា​ដែលម្រេច​កំពត​ជួប​ប្រទះ​នឹង​វិបត្តិទីផ្សារ​នៅដើម​ឆ្នាំនេះ គឺដោយសារតែ​ប្រទេស​ដែលធ្លាប់តែ​ជាទីផ្សារ​នាំចេញ​របស់​ម្រេច​កំពត​នោះ បានជួប​បញ្ហា​ការរីករាលដាល​កូវីដ-១៩ ដែលធ្វើឲ្យប្រទេស​ទាំងនោះ មានការរឹតត្បឹត​លើការធ្វើដំណើរ ក៏ដូចជា​ដឹកជញ្ជូន។

លោកងួន ឡាយ បានគូសបញ្ជាក់ទៀតថា បើបញ្ហាកូវីដ-១៩ នៅតែអូសបន្លាយ​កាន់តែយូរទៀតនោះ ម្ចាស់ចម្ការ​ភាគច្រើន​នឹងត្រូវជួបបញ្ហា​ក្ស័យធន​លែងមាន​ទុនអ្វីមកធ្វើចម្ការ​ម្រេចបន្ត​ទៀត​ហើយ។ ​

បើតាម​ប្រធានសមាគម​ម្រេច​កំពត​រូបនេះ បានអះអាងថា តម្លៃម្រេច​កំពត គឺមានតម្លៃ​ ១៥ ដុល្លារសម្រាប់​ប្រភេទ​ម្រេចខ្មៅមួយគីឡូក្រាម​ ខណៈម្រេច​ក្រហម​លក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨​ដុល្លារ​សម្រាប់​ម្រេច​ស មួយគីឡូក្រាម។ លោកថា បើទោះបីជា​ម្រេច​កំពត​គ្មានទីផ្សារ ក៏តម្លៃ​នៅតែពង្រឹង​ត្រឹម​ប៉ុណ្ណេះដដែល​មិនមាន​ការលក់​បញ្ចុះថ្លៃនោះទេ ទោះបី​គ្មានអ្នកទិញក៏ដោយ។ នាពេល​កន្លងមក ម្រេចកំពត​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ជាច្រើន ក្នុងនោះ​មានភាគច្រើន​ជាប្រទេស​នៅសហគមន៍អឺរ៉ុប និងអាមេរិក ខណៈដែលបណ្ដា​ប្រទេស​ទាំងនោះ បច្ចុប្បន្ននេះ កំពុង​ជួប​ផល​ប៉ះពាល់​ខ្លាំង​ព្រោះតែ​បញ្ហា​កូវីដ-១៩។

បើទោះបីជា​ម្រេចកំពត​ជួបបញ្ហាទីផ្សារ មិនអាចនាំចេញ​បាន​ដោយសារតែ​បញ្ហាកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែ បើយើង​ក្រឡេក​ទៅមើល​ទីផ្សារម្រេច​នៅក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាមវិញ នៅតែ​មានទីផ្សារ​ចរចា​ទិញលក់​ធម្មតា។

លោក ប៊ុន សុវណ្ណរិទ្ធ​ ដែលជាឈ្មួញ​ទិញម្រេច​នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​បានគូសបញ្ជាក់ថា តម្លៃម្រេច​គិតមកទល់ពេលនេះ មានតម្លៃ​៦.៦០០រៀល ទៅ៦.៩០០រៀល​ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះ គឺហាក់​កើនឡើងបន្តិច​បើធៀបនឹង​កាលពី​ខែមុន នៅពេល​ដែលវៀតណាម​មានការ​បិទព្រំដែនដែន។ ទោះយ៉ាងណា លោកថា តម្លៃម្រេច​បច្ចុប្បន្ននេះ នៅតែ​មានតម្លៃទាបជាង​កាលពីឆ្នាំ២០១៩ដដែល ដែល​ធ្លាប់មាន​តម្លៃ ជាង​៨.០០០រៀល ក្នុងមួយគីឡូក្រាម។ 

បើតាម​របាយការណ៍​របស់ក្រសួងកសិកម្ម​បានអះអាងថា ម្រេច​ត្រូវបាននាំចេញ​នៅក្នុង​រយៈពេល​៣ខែ ២៨ថ្ងៃ នៃដើម​ឆ្នាំ២០២០នេះ​ក្នុងចំនួនជាង​២ពាន់តោន ទៅកាន់ប្រទេស​ជាច្រើន​ដោយភាគច្រើន​ជាប្រទេស​នៅតំបន់អឺរ៉ុប។

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ ឯកឧត្តម វេង សាខុន បាន​អះអាងថា បញ្ហាដឹកជញ្ជូន ទីផ្សារ និងបញ្ហាកូវីដ-១៩ ផងដែរ​គឺពិតជា​ជះ​ឥទ្ធិពល​លើ​ការនាំចេញ​របស់​កសិកផល​កម្ពុជាមួយចំនួន ជាក់ស្ដែង​ ការនាំចេញ​ស្វាយ​ទៅកាន់កូរ៉េខាងត្បូង នៅដើមឆ្នាំ២០២០នេះ មានបរិមាណ​តិចតួច​ប៉ុណ្ណោះ ដោយសារ​ការដឹកជញ្ជូន​តាមយន្ដហោះ​មួយថ្ងៃ បាន​តែ​ចន្លោះពី​ជាង ១តោន ទៅ៤តោនប៉ុណ្ណោះ ជួនកាល​ពុំបានដឹកជញ្ជូន​ទៀតផង អាស្រ័យ​ជើងយន្ដហោះ ដែលបាន​ហោះមក​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០២នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មីទេជិត ៣សប្តាហ៍មកនេះ

ព័ត៌មាន
គិតត្រឹមថ្ងៃទី០២ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០២នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០១ន…

តំណាង WHO នៅកម្ពុជាថា ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទំនង​ជា​មាន​រយៈពេល​វែង

ព័ត៌មាន
តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោកស្រី Li Ailan បាន​និយាយ​នៅ​ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០​នេះ ថា ការ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ