Advertisement
កឹម សុខា រួច​ផុត​ពីការជាប់​ឃុំ​ក្នុង​ផ្ទះ ខណៈ សម រង្ស៊ី មក​ដល់​ម៉ាឡេស៊ី

តុលាការ​ដោះលែង​លោក កឹម សុខា ពី​ការឃុំ​ក្នុង​ផ្ទះ, អង្គការ​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យមាន​ការ​ដោះលែងថែមទៀត


សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា​នេះ បាន​សម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​សម្រាប់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដោយ​អនុញ្ញាត​ឲ្យ​​លោក​អាច​ចាកចេញ​ពី​ផ្ទះ​របស់​លោក​បាន ក៏ប៉ុន្តែ មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ទេ។
ដោយ
រូប​គំនូរ​នៃ​លោក កឹម សុខា ព្យួរ​នៅនឹង​ជញ្ជាំង​ផ្ទះ​របស់​លោក។ (ស៊ុន ណារិន)
Advertisement

ការចាប់​ខ្លួន​របស់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មាន​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ ខណៈ​ដែល​សហគមន៍​អឺរ៉ុប បាន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​កម្មវិធី​អនុគ្រោះពន្ធ EBA បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ការ​សម្រេច​បន្ធូរ​បន្ថយ​នេះ​កើតឡើង ​បន្ទាប់ពី​ការ​មក​ដល់​ប្រទេស​ម៉ាឡេស៊ីរបស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ម្នាក់​ទៀត គឺ​លោក សម រង្ស៊ី នៅថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០១៩នេះ។

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ លោក កឹម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ច​សហការល្អ។ ហេតុ​ដូច្នេះ​ហើយ ចៅក្រម​បាន​កែប្រែ​កាតព្វកិច្ច​មួយចំ​នួន ដោយ​មាន​លក្ខខណ្ឌ​តែ​បី​ទេ នោះ​គឺ​មិន​ឱ្យ​​ចាកចេញ​ពី​កម្ពុជា មិនឲ្យ​​ធ្វើ​នយោបាយ និង​ត្រូវ​ឆ្លើយ​មុខ​សមត្ថកិច្ច ពេល​កោះ​ហៅ។

អតីត​សមាជិក​សភា​ហ្វ៊ីលីពីន លោក Teddy Baguilat បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នេះ ជា​ការ​ប៉ុនប៉ង​របស់​នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ដើម្បី​បញ្ជៀស​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​រូប​លោក និង​រដ្ឋាភិបាលរបស់​លោក។

លោក Teddy Baguilat បាន​និយាយ​ដូច្នេះ​ថា «អាជ្ញាធរ​កម្ពុជា​ត្រូវតែ​ប្រគល់​សិទ្ធិ​ទាំងអស់​ជូន​លោក កឹម សុខា ជាបន្ទាន់ រួមទាំង​សិទ្ធិ​ក្នុង​ការ​ធ្វើ​ដំណើរ និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​នយោបាយ និង​កិច្ចការ​សាធារណៈ និង​ទម្លាក់​ចោល​រាល់​ការចោទ​ប្រកាន់​ខាង​នយោបាយ​ប្រឆាំង​នឹង​រូប​លោក។»

លោក Teddy Baguilat បាន​បន្ត​ថា «លោក [កឹម សុខា] ក៏​គួរតែ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​និង​សំណង​សម្រាប់​ការ​ឃុំខ្លួន​ខុស​ច្បាប់​លើរូប​លោក។»

លោក Phil Robertson មកពី​អង្គការ​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​និយាយ​ថា គេ​ពុំ​គួរភ្លេច​ឡើយ​ថា ខណៈ​ពេល​ដែល​លោក កឹម សុខា ត្រូវ​បាន​គេ​ឃុំឃាំង​ក្នុង​ផ្ទះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ទូទាំង​ប្រទេស ប្រមាណ​ជា ៨០​នាក់ ដោយ​ចោទ​ប្រកាន់​ថា​​មាន​​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ។

លោក Phil Robertson បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដូច្នេះ​ថា «ករណី​ប្រឆាំង​សកម្មជន​ទាំង​អស់​នេះ ក៏គួរតែ​ត្រូវ​បាន​គេ​ទម្លាក់​ការ​ចោទ​ប្រកាន់​ជា​បន្ទាន់ ហើយ​ពួកគេ​គួរតែ​ត្រូវ​បាន​ដោះលែង​ឱ្យ​វិល​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ​របស់​ពួកគេ​វិញ ទាន់​ពេលវេលា​ដើម្បី​រីករាយ​ចូលរួម​​ពិធី​​បុណ្យ​អុំទូក»៕

Advertisement



អត្ថបទបន្ទាប់


អាមេរិក និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ តម្លៃជិត ៣ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
សហរដ្ឋអាមេរិក និងវៀតណាម កាលពីថ្ងៃទី ៨ វិច្ឆិកាឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ...

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា៖ ការ​ឃាត់​ខ្លួន​អ្នកកាសែត​​នៅប៉ោយប៉ែត ជាការរឹតត្បិត​សេរីភាព​

ព័ត៌មាន
សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃ​អាទិត្យ (ទី១០ វិច្ឆិកា)នេះ បានសម្ដែង​ការសោកស្ដាយចំពោះ​ទង្វើ​របស់​កងរាជអាវុធ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ