បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

បុរសខ្លាំងកូរ៉េខាងជើងប្ដេជ្ញាចិត្តថា នឹងប្រើ «អំណាចទល់នឹងអំណាច» នៅចំពេលស្ថានការកំពុងតានតឹងស្ទើរតែផ្ទុះ


ប្រទេសកូរ៉េខាងជើងបានតែងតាំងមន្ត្រីជាអ្នកចរចានុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន ទៅជារដ្ឋមន្ត្រីការបរទេស ខណៈដែលមេដឹកនាំប្រទេសនេះ គឺលោក គីម ជុងអ៊ុន បានប្តេជ្ញាចំពោះមន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាជាតិរបស់លោកថា លោកនឹងប្រើ «អំណាចទល់អំណាច» ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង ពីសំណាក់បច្ចាមិត្តទាំងអស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយនាចុងសប្ដាហ៍មុននេះ។
លោក គីម ជុងអ៊ុន បានប្តេជ្ញាចំពោះមន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាជាតិរបស់លោកថា លោកនឹងប្រើ «អំណាចទល់អំណាច» ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង ពីសំណាក់បច្ចាមិត្តទាំងអស់។
ដោយ

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​ផ្សាយ​ថា លោក ឆូ សុ​ន ហ៊ូ (Choe Son Hui) ដែល​ជា​សមាជិក​ដ៏​សំខាន់​មួយ​រូប នៃ​ក្រុម​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ជាមួយ​សហរដ្ឋអាមេរិក​នោះ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ហើយ​។

ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល សហរដ្ឋអាមេរិក​បាន​ព្រមាន​នៅ​ក្នុង​ខែ​នេះ​ថា កូរ៉េ​ខាងជើង​កំពុង​ត្រៀមខ្លួន​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​៧​របស់​ខ្លួន ហើយ​ថា សហរដ្ឋអាមេរិក​នឹង​ជំរុញ​ម្តងទៀត ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​អង្គការសហប្រជាជាតិ ប្រសិនបើ​រឿង​នោះ​កើតឡើង​ពិតមែន​។

ទោះ​យ៉ាងណា លោក គី​ម ជុង​អ៊ុ​ន បុរស​ខ្លាំង​កូរ៉េ​ខាងជើង មិន​បាន​និយាយ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​នោះ​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​របៀប ដែល​លោក​នឹង​ពង្រឹង​អំណាច​យោធា​នោះ​ដែរ ខណៈ​ដែល​ការ​ព្រួយបារម្ភ​របស់​អន្តរជាតិ​បាន​កើនឡើង​កាន់តែ​ខ្លាំង​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​នឹង​បញ្ជា​ឱ្យធ្វើ​តេស្ត​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​ឡើង​វិញ ក្រោយ​ពី​បាន​ខកខាន​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​។

លោក គី​ម ជុង​អ៊ុ​ន បាន​និយាយ​ថា សិទ្ធិ​ការពារ​ខ្លួនឯង គឺជា​បញ្ហា​នៃ​ការ​ការពារ​ដែន​អធិបតេយ្យភាព​ដោយ​បញ្ជាក់​ជា​ថ្មី​ទៀត​ពី​គោលការណ៍​ប្រយុទ្ធ ដែល​មិន​អាច​ផ្លាស់​ប្តូរ​បាន​របស់​បក្ស​កាន់​អំណាច​នោះ​គឺ​«​ការ​ប្រើ​អំណាច​ទល់​នឹង​អំណាច និង​ការ​ប្រកួត​តទល់​គ្នា​តែ​ម្ដង​»​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​លោក លី ជុង ស៊ុប (Lee Jong-sup) និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក ឡ​យ អូ​ស្ទី​ន (Lloyd Austin) កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​មុន បាន​ថ្កោលទោស​សកម្មភាព​យោធា​ដែល​កំពុង​តែ​បន្ត​មាន និង​ការ​ត្រៀមលក្ខណៈ​របស់​កូរ៉េ​ខាងជើង​សម្រាប់​ការ​សាកល្បង​នុយក្លេអ៊ែរ​ថា «​ជា​ការ​បង្កហេតុ​ដែល​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ​»​។

កិច្ចប្រជុំ​នៅ​ក្រៅ​ស​ន្និ​សិ​ទ​សន្តិសុខ​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី នា​ចុង​ស​ប្ដា​ហ៍​មុន​នេះ លោក ជុង​ស៊ុប រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង និង​លោក អូ​ស្ទី​ន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​យល់ព្រម​ពង្រីក​វិសាលភាព និង​ទំហំ​សមយុទ្ធ​រួម​រវាង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​ដូច​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ទាំង​២​នេះ ដើម្បី​រក្សា​ការ​រារាំង​យ៉ាង​ខ្ជាប់ខ្ជួន និង​ការ​ត្រៀមខ្លួន​ជា​និច្ច ទប់ទល់​នឹង​កូរ៉េ​ខាងជើង​។ នេះ​បើ​តាម​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថ្មី​ៗ​នេះ​។

ក្រសួងការពារជាតិ​អា​មេ​រិ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក អូ​ស្ទី​ន បាន​គូសបញ្ជាក់​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​អា​មេ​រិ​ក​ចំពោះ​វិស័យ​ការពារ​ជាតិ​របស់ កូរ៉េ​ខាងត្បូង គឺ​រឹង​មាំ​ដូច​ដែក​ថែម​អ៊ីចឹង និង​ហ៊ុម​ព័ទ្ធ​ជិត​ដោយ​សមត្ថភាព​របស់​អា​មេ​រិ​ក​រួម​ទាំង​នុយក្លេអ៊ែរ​ផង​ដែរ​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក ចេក ស៊ូ​លី​វ៉ា​ន (Jake Sullivan) បាន​និយាយ​ថ្មី​ៗ​នេះ​ដែរ​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ពី​លទ្ធភាព​បន្ត​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។

យ៉ាងណាមិញ នៅ​អំឡុង​កិច្ចប្រជុំ​សន្ដិសុខ​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​ប្រទេស​សិង្ហ​បុរី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក ណូ​ប៊ូ គី​ស៊ី (Nobuo Kishi) លោក អូ​ស្ទី​ន និង​លោក ជុង​ស៊ុប បាន​ព្រមព្រៀង​គ្នា​ថា នឹង​បន្ត​ធ្វើ​លំ​ហាត់​យោធា​រួម​គ្នា​ឡើង​វិញ ដោយ​គម្រោងការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​ឡើង នៅ​ចំ​ពេល​ដែល ភាព​តានតឹង​នៃ​ឧបទ្វីប​កូរ៉េ កំពុង​ដុត​កម្ដៅ​កាន់តែ​ខ្លាំង​ឡើង ពិសេស​ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្កើន​ល្បឿន​នៃ​ការ​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន​ជា​បន្ដបន្ទាប់​នៅ​មួយ​រយៈ​កន្លង​មកនេះ​។

កិច្ចប្រជុំ​សន្ដិសុខ​តំបន់​អាស៊ី​នេះ គឺជា​ជំនួប​ទល់មុខ​គ្នា​លើក​ដំបូង​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​៣​នេះ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​មាន​រយៈពេល ៤៥ នាទី ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ទាំង​៣​រូប​នេះ បាន​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​លំ​ហាត់​យោធា​រួម​គ្នា​នេះ​នៅឡើយ​ទេ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Facebook កំពុងពិចារណាឈប់បង់ប្រាក់រាប់សិបលានដុល្លារឱ្យស្ថាប័នព័ត៌មានធំៗ

ព័ត៌មាន
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងពិនិត្យមើលឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង់ប្រាក់រាប់សិបលានដុល្លារសម្រាប់…

ភាពចម្រូងចម្រាសរវាងអូស្ត្រាលី និងបារាំង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹកត្រូវបានដោះស្រាយ?

ព័ត៌មាន
រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សពលកររបស់ប្រទេសអូស្ត្រាលីបានឈានដល់ការដោះស្រាយជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយកាលពីឆ្នាំមុន ទាក់ទងនឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ