អគារខ្ពស់​កប់ពពក

មហាសេដ្ឋី គិត ម៉េង បើកសម្ពោធសាងសង់អគារភ្លោះពាណិជ្ជកម្មកម្ពស់៦២ជាន់ ព្រឹកស្អែកនេះ


មហាសេដ្ឋីល្បី ឈ្មោះ និងមានឥទ្ធិពលខ្លាំងមួយរូប ក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗ ខ្លាំងៗរាប់រយនាក់នៅក្នុងប្រទេសកម្ពុជា គឺមហាសេដ្ឋី គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបោះទុនវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគមកពីចិនតៃវ៉ាន់ សាងសង់អគារភ្លោះពាណិជ្ជកម្មកម្ពស់ ៦២ជាន់ នៅព្រឹកស្អែកនេះហើយ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។
ផ្ទាំង​ប៉ាណូ​នៃ​គម្រោង​សំណង់​អគារ​ភ្លោះ​កម្ពស់ ៦២ជាន់ ឈ្មោះអគារ Royal One ដែល​វិនិយោគ​រួម​គ្នា​ដោយ​អ្នក​ឧកញ៉ា គិត ម៉េង និង​វិនិយោគិន​តៃវ៉ាន់។
ដោយ

នេះគឺជាការ​វិនិយោគថ្មី​មួយ​ប្រចាំ​ដើមឆ្នាំ​២០១៩នេះ របស់​មហាសេដ្ឋី គិត ម៉េង ដែល​​សាធារណជន​​ទូទៅ​ស្គាល់​យ៉ាង​ច្បាស់ថា ជាអ្នកជំនួញ​ខ្មែរ​មួយរួប បានធ្វើការ​វិនិយោគ​​គ្រប​​ដណ្ដប់​​លើ​វិស័យ​​សំខាន់ៗ​​ជា​ច្រើន ​ក្នុង​សេដ្ឋកិច្ច​​របស់​​កម្ពុជា មានដូចជា ​វិស័យ​​ទូរគមនាគមន៍ ​ការ​ដឹក​​ជញ្ជូន ថាមពល ប្រព័ន្ធ​​ផ្សព្វផ្សាយ ធនាគារ​ និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង សណ្ឋាគារ និង​រមណីយ​ដ្ឋាន ការ​អប់រំ អភិវឌ្ឍ​​អចលន​ទ្រព្យ ការជួញ​​ដូរ​ទំនិញ និង​​កសិកម្ម​​ជា​ដើម។

ជុំវិញទៅ​នឹងការ​បើក​សម្ពោធ​សាងសង់​អគារភ្លោះ​កម្ពស់ ៦២ជាន់នេះដែរ បើតាម​ការអះអាង​ពីកញ្ញា ប៊ុន ចាន់​លក្ខិណា អ្នក​លក់​​គម្រោង​​របស់​​ក្រុមហ៊ុន​​រ៉ូយ៉ាល់ គ្រុប បាន​​ប្រាប់​សារព័ត៌មាន​ អេឡិចត្រូនិច ខេម​បូណូមីស ថា អគារ​ដែល​​មាន​​ឈ្មោះ​ថា «Royal One» នេះ គឺ​ជា​ការ​​វិនិយោគ​រួម​គ្នា​​រវាង​​ក្រុមហ៊ុន Royal Group របស់​​អ្នក​ឧកញ៉ា គិត ម៉េង ជាមួយ​​អ្នក​វិនិយោគ​​មក​ពី​​តៃវ៉ាន់ ដែល​មាន​​កម្ពស់ ៦២​ជាន់ ស្មើ​នឹង ២៣០​ម៉ែត្រ ដោយ​ត្រូវ​​សាងសង់​​ឡើង​​លើ​ផ្ទៃ​ដី​​ទំហំ ៤.០៣៦​​ម៉ែត្រ​ការ៉េ។

«Royal One» គឺជា អគារ​ភ្លោះ​​​ប្រភេទ​​អគារ​​ពាណិជ្ជកម្ម និង​ខុនដូ នឹងផុស​លេចរូបរាង​ឡើង​នៅតាមបណ្ដោយ​ដង​មហា​វិថី​​សហព័ន្ធ​​រុស្ស៊ី ​កែង​​គ្នារវាង​និង​មហាវិថី​​ព្រះមុនីវង្ស ស្ថិតនៅក្នុង​តំបន់​​ពាណិជ្ជ​កម្ម​​​ប្រជុំ​ដោយ​អគារ​ខ្ពស់ៗ​ដូចជា អគារកាណា​ឌីយ៉ា អគារ​វឌ្ឍនៈ​ថៅវើរ និង អគារ Exchange Square ជាដើម។

យ៉ាង​ណាក៏ដោយកញ្ញា ប៊ុន ចាន់​លក្ខិណា មិន​អាច​​ប្រាប់​​ពី​ទំហំ​​ទុន​​វិនិយោគ​​បាន​​នោះ​ទេ ដោយ​គ្រាន់​​តែ​​បញ្ជាក់​ថា អគារនេះ ​នឹង​បើកសម្ពោធ​សាងសង់​នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០១៩ ព្រឹកស្អែក​នេះ​ហើយ និង ​គ្រោង​​បញ្ចប់​​ការ​សាងសង់​​នៅ​​ឆ្នាំ ​២០២១។

វិស័យសំណង់​នៅកម្ពុជា​បានកើនឡើង​យ៉ាងឆាប់​រហ័ស​ក្នុងរយៈ​ពេល​ជិត២ ទសវត្សន៍​មកនេះ រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រៀប​ចំដែនដី​នគរូបនីយកម្ម និងសំណង់ បានសម្រេច​ចេញ​លិខិត​អនុញ្ញាត​សាងសង់​សំណង់​នៅទូទាំង​ប្រទេស ប្រមាណ​ជាង ៤៣.១៣៦ គម្រោង ស្មើ​នឹង​តម្លៃទុន​វិនិយោគ​សរុប ជាង ៤៣.៣៧០ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ គម្រោងអគារខ្ពស់ៗ​ចាប់ពី៥ជាន់​ឡើង​ទៅ ជាង ១.២០០ អគារ និងលំនៅដ្ឋាន លក្ខណៈបុរី​ចំនួន ២៣៥ ទីតាំង។

សូមជម្រាប​ផងដែរថា នៅឆ្នាំ២០១៨ កន្លងមក​នេះ តម្លៃទុន​វិនិយោគ​លើវិស័យសំណង់​មានការថយចុះ​ប្រមាណ​ជាង ១៨ភាគរយ ដែលមាន​តម្លៃទុន​វិនិយោគ​ត្រឹមជាង ៥ពាន់​លាន​ដុល្លារ ខណៈឆ្នាំ​២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូតជាង ៦ពាន់​លាន​ដុល្លារ។ ចំណែក​ចំនួន​គម្រោង ​ស្នើ​សុំច្បាប់​សាងសង់​នៅក្នុង​វិស័យ​សំណង់ ក៏បង្ហាញ​ពីតួរលេខ​ថយចុះ​ដែរ ដែលមាន​ចំនួនគម្រោង​សរុប​ជាង ២.៨៦៧ គម្រោង បើធៀបនឹង​ឆ្នាំ​២០១៧ មាន​៣ពាន់​គម្រោង។

ក្នុងឆ្នាំ២០១៨ នោះដែរ មាន​សំណង់លំនៅ​ដ្ឋាន​ចំនួន ២.៤២០ គម្រោង ទុនវិនិយោគ​ប្រមាណជាង ១.៨០០​លានដុល្លារ ស្មើ​នឹងជាង ១,៨​ម៉ឺន​ខ្នង និងគម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥ជាន់​ឡើង​ទៅ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅឆ្នាំ​២០១៨ នេះដែរ គឺមាន​ចំនួន ១១០អគារ ខណៈ​បណ្តុំ​លំនៅដ្ឋាន​លក្ខណៈ​បុរី មានចំនួន ២៨ទីតាំង និងក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និងសាងសង់​ដែលបានចុះ​បញ្ជី​មានចំនួន​សរុប ៣០១ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុន​ក្នុង​ស្រុក មាន ១៨៦​ក្រុមហ៊ុន និងបរទេស ១១៥ ក្រុមហ៊ុន ពោលបើ​ធៀបនឹង​ឆ្នាំ ២០១៧ មានការកើន​ឡើង ២៦​ក្រុមហ៊ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី ៖ អេស៊ីលីដា កំពុង​ប្រែក្លាយ​ទៅ​រក​ធនាគារ ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា ធ្លាប់បានប្រកាសថា ខ្លួននឹងលែងពង្រីកប្រតិបត្តិការតាមរយៈការបើកការិយាល័យទៀតហើយ …

អាកាសចរណ៍ Emirates នឹង​តភ្ជាប់​​ភ្នំពេញ-បាងកក ជាមួយ​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ពី​ទីក្រុង​ឌូបៃ

ព័ត៌មាន
អាកាសចរណ៍​អ៊ែមមឺរ៉ែត (Emirates) នឹង​តភ្ជាប់​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ជាមួយ​នឹង​សេវាហោះហើរ​​ប្រចាំ​ថ្ងៃ​ថ្មី​របស់​ខ្លួន ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ