Advertisement
Advertisement
Advertisement
ឌឹ ព្រីមៀរ សែនសុខ សេនធ័រ

មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​មជ្ឈមណ្ឌល​អាពាហ៍ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​ប្រណីត​នៅ​តំបន់​សែនសុខ


ដូច​ការ​គ្រោងទុក​អ៊ីចឹង ទីបំផុត​ទៅ មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​និង​លំដាប់​ប្រណីត​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដែល​បាន​បោះទុន​វិនិយោគ​សាងសង់​អស់​ទឹក​ប្រាក់​ជាង ១០​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​​ចាប់​ពី​ថ្ងៃ​នេះ ត​ទៅ​ហើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ នៅ​ក្បែរ​ផ្សារ​ទំនើប AEON ទី២។
មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​មជ្ឈមណ្ឌល​អាពាហ៍ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​ប្រណីត​នៅ​តំបន់​សែនសុខ។
ដោយ
Advertisement

មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​ប្រណីត​មួយ​នេះ វិនិយោគ​សាងសង់​ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.Y.P Group ដែល​ជា​វិនិយោគិន​ខ្មែរ​វិនិយោគ​នៅ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។ 

ឧកញ៉ា លី យ៉ុងផាត់ បាន​មើល​ឃើញ​ពី​តម្រូវការ​ចាំបាច់​ក៏​ដូចជា​ការ​ខ្វះខាត​នូវ​ទីតាំង​សន្និបាត ពិព័រណ៍ និង​កន្លែង​រៀប​មង្គលការ​ប្រណីតៗ​នៅ​ភ្នំពេញ ទើប​ធ្វើ​ឲ្យ​អ្នក​ឧកញ៉ា  លី យ៉ុងផាត់ សម្រេច​ចិត្ត​បោះទុន​វិនិយោគ​ដោយ​ឥត​ស្ទាក់ស្ទើរ នៅ​ក្នុង​ជំនួញ​វិស័យ​ថ្មី​មួយ​នេះ​បន្ថែម​ទៀត។

លោក មាន សំអុល នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​ប្រណីត​មួយ​នេះ បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ ដែល​ផ្ដល់​សេវាកម្ម​រៀបចំ​កម្មវិធី​ផ្សេងៗ ពិសេស កម្មវិធី​រៀបចំ​មង្គលការ​តែម្តង។ រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ មាន​ការ​ទទួល​កក់​កន្លែង​រៀបចំ​អាពាហ៍​ពិពាហ៍​ចំនួន ២៨៥​គូ ស្មើនឹង ៥០០​អគារ។ ហើយ​ក្នុង​នោះ​មាន ៧​គូ នឹង​ចាប់​ផ្តើម​សម្ពោធ​រៀបចំ​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​១១ ខែ​១១ ក្នុង​ខែ​នេះ​តែម្តង។ ចំណែក​ឯ​កម្មវិធី​សន្និបាត​និង​សិក្ខា​សាលា​ក៏​ទទួល​បាន​ការ​កក់​ច្រើន​គួរសម​ដែរ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​លោក​ជំទាវ ក្នុង​ឱកាស​សម្ពោធ​មជ្ឈមណ្ឌល​សន្និបាត ឌឹ ព្រីមៀរ សែនសុខ សេនធ័រ។

ឌឹ ព្រីមៀរ សែនសុខ សេនធ័រ នេះ វិនិយោគ​ទឹក​ប្រាក់​ជាង ១០​លាន​ដុល្លារ​មួយ​នេះ មាន​អគារ​សរុប​ចំនួន ៧​អគារ ហើយ​ក្នុង​មួយ​បន្ទប់ អាច​ដាក់​តុ​ការ​បាន​ចាប់​ពី ៥០​តុ ឡើង​ទៅ ហើយ​បើ​រំលាយ​បន្ទប់​នៃ​អគារ​ទាំង​៧​នេះ បញ្ចូល​គ្នា អាច​ដាក់​បាន​រហូត​ដល់ ៥០០​តុ​ការ ស្មើ​នឹង​ចំនួន​មនុស្ស ៥០០០​នាក់ ខណៈ​ដែល​ទីធ្លា​ចត​រថយន្ដ​មាន​សមត្ថភាព​ដាក់​រថយន្ដ​បាន​រហូត​ដល់ ១២០០​គ្រឿង និង​ម៉ូតូ ៧០០​គ្រឿង។

ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដែល​ជា​មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ ប្រណីត​មួយ​នេះ អាច​ចាត់​ទុក​ថា គឺ​ជា​អគារ​ដ៏​ធំ​ពិសេស​ជាង​គេ​មួយ​នៅ​តំបន់ សែនសុខ ជាមួយ​នឹង​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​រចនាបថ​បែប​ខ្មែរ លាយ​ឡំ​ជាមួយ​រចនាបថ​បែប​បស្ចិម​ប្រទេស ដែល​មាន​លក្ខណៈ​ទំនើប​ប្លែក​ភ្នែក ខុស​ពី​រោងការ​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ ឬ​អាច​និយាយ​បាន​ថា ដូចទៅ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥​ដែរ។

អគារ​មជ្ឈមណ្ឌល​សន្និបាត ឌឹ ព្រីមៀរ សែនសុខ សេនធ័រ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ មិន​មាន​ច្រើន​ទេ នូវ​មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ និង​ពិព័រណ៍​ ប្រណីតៗ សម្រាប់​ជួល​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ផ្សេងៗ ពិសេស ពិធី​មង្គលការ​ដែល​មាន​ទំហំ​ទីតាំង​ធំ​ទូលាយ​នៅ​រាជ​ធានី​ភ្នំពេញ គឺ​មានតែ​នៅ​កោះពេជ្រ​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​វិនិយោគ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន OCIC របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ។ 

ទោះយ៉ាងណា នៅពេល​ដែល​មាន​កម្មវិធី​រៀប​មង្គលការ​ច្រើន​ម្ដងៗ ការ​ធ្វើ​ដំណើរ​ទៅ​មក​រោងការ​នៅ​កោះពេជ្រ​នេះ ហាក់​មាន​ភាព​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង។ ដូច្នេះ​ក្រោយ​ពី​មាន​វត្តមាន​របស់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​មួយ​ទៀត​នៅ​ខណ្ឌ​សែនសុខ​នេះ នឹង​ជួយ​បំពេញ​តម្រូវការ​បន្ថែម​ទៀត ហើយ​វា​ក៏​ជា​ការ​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​កណ្ដាល​ក្រុង​ផង​ដែរ៕ 

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហា​សេដ្ឋី​​ឧកញ៉ា លី យ៉ុងផាត់ នឹង​បើក​សួន​កម្សាន្ត ដាយណូស័រ នៅ​ខែវិច្ឆិកានេះ!

ព័ត៌មាន
គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​ជំនួញ​ថ្មី​មួយ​ទៀត​របស់​មហាសេដ្ឋី លី យ៉ុងផាត់ គឺ​សួន​កម្សាន្ត​ ដាយណូស័រ ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន...

កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ការងារ​ជាង​២​ម៉ឺន​កន្លែង

ព័ត៌មាន
ប្រទេស​កម្ពុជា​បាន​និង​កំពុង​ប្រកាស​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង​សម្រាប់​ឆ្នាំ​២០១៨ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ