ទីផ្សារជ្រូកនៅក្នុងកម្ពជា

ក្រុមអ្នកចិញ្ចឹមសត្វ៖ ទីផ្សារជ្រូករស់ក្នុងស្រុកនឹងប្រសើរឡើង បើកម្ពុជាពិតជាអាចនាំចេញសត្វនិងផលិតផលសត្វទៅទីផ្សារចិន


អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មកម្ពុជាបានប្រាប់ដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រៀបចំបែបបទពាក់ព័ន្ធផ្សេងៗ សុំការអនុញ្ញាតពីភាគីចិន ក្នុងការជំរុញការនាំចេញសត្វ និងផលិតផលសត្វ ទៅកាន់ប្រទេសចិន ក្នុងគោលបំណងចូលរួមជំរុញនូវកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងលើកស្ទួយវិស័យចិញ្ចឹមសត្វក្នុងស្រុក។
ទីផ្សារជ្រូករស់ក្នុងស្រុកនឹងប្រសើរឡើង បើកម្ពុជាពិតជាអាចនាំចេញសត្វនិងផលិតផលសត្វទៅទីផ្សារចិន

ជុំវិញនឹងបញ្ហានេះ ប្រធានសមាគមចិញ្ចឹមសត្វ បានបង្ហាញក្ដីរំពឹងថា វិស័យ​ចិញ្ចឹមសត្វនៅកម្ពុជា នឹងកាន់តែរីកចម្រើន ក្រោយកម្ពុជា​អាចនាំចេញសត្វ និងផលិតផលសត្វទៅប្រទេសចិន ពិសេសទីផ្សារជ្រូករស់ក្នុងស្រុកតែម្ដង ខណៈកន្លងមក វិស័យចិញ្ចឹមជ្រូកក្នុងស្រុក តែងជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនឡើង៣៩% នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។ អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វបញ្ជាក់ថា ដើម្បីអាចនាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សារប្រទេសចិនបាន គឺទាមទារឲ្យភាគីកម្ពុជា រៀបចំបែបបទពាក់ព័ន្ធផ្សេងៗ សុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យនិងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ ជាមុនសិន។ ដ្បិតថា ដំណើរការនៃការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ប្រទេសចិន មានភាពស្មុគស្មាញបន្តិច ក៏ពិតមែន តែសមាគមចិញ្ចឹមសត្វកម្ពុជា បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតវិស័យចិញ្ចឹមសត្វក្នុងស្រុកមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែក្នុងវិស័យនេះ ក៏នៅតែជួបបញ្ហាប្រឈមមួយចំនួន ពិសេសបញ្ហាថ្លៃដើម​ផលិតខ្ពស់។ រីឯ តម្លៃជ្រូករស់លើទីផ្សារវិញ ហាក់នៅមានកម្រិតនៅឡើយ។ បើតាមប្រធានសមាគមចិញ្ចឹមសត្វរូបនេះ បច្ចុប្បន្ន តម្លៃជ្រូករស់ក្នុងស្រុក ហាក់មិនមានការប្រែប្រួលនោះទេ ខណៈនៅតំបន់ខ្លះអាចលក់បានជ្រូករស់បានក្នុងតម្លៃ ៩ពាន់រៀល ទៅ៩ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម តែតំបន់ខ្លះអាចលក់បានក្នុងតម្លៃ ១ម៉ឺនរៀល ទៅ ១ម៉ឺន១ពាន់រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោក ស្រ៊ុន ពៅ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា វិស័យចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមជ្រូកនៅកម្ពុជា នឹងប្រសើរឡើងជាងនេះ បន្ទាប់ពីកម្ពុជា អាចនាំចេញសត្វនិងផលិតផលសត្វទៅប្រទេសចិន។

លើសពីនេះ លោក ស្រ៊ុន ពៅ ក៏បានបញ្ជាក់ទៀតថា ដំណើរការនៃការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ប្រទេសចិន វាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះ លោកក៏បានអំពាវនាវដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកទាំង អនុវត្តឲ្យបានត្រឹមត្រូវនូវលក្ខខណ្ឌនៃការចិញ្ចឹមសត្វប្រកបដោយអនាម័យខ្ពស់ និងស្របតាមតម្រូវការរបស់ទីផ្សារប្រទេសចិន។

សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា បានចុះកិច្ចព្រមព្រៀង រៀបចំពិធីសារ និងបានដំណើរការនាំចេញនូវផលិតផលមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ ម្សៅដំឡូងមី ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ពោត និងមៀនជាដើម៕




អត្ថបទបន្ទាប់


ថៃ និងសិង្ហបុរីចាប់ផ្ដើមដំណើរគម្រោងស្ថាបនាព្រលានយន្ដហោះឡើងវិញ បន្ទាប់ពីកូវីដ១៩ស្ងប់ស្ងាត់

ព័ត៌មាន
គម្រោងស្ថាបនាសាងសង់អាកាសយានដ្ឋានកំពុងដំណើរការឡើងវិញនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលតម្រូវការសម្រាប់ជើងហោះហើរអ្នកដំណើរ និងដឹកជញ្ជូនទ…

ចំណូលពន្ធដារកើនដល់ជិត ២,៧ ពាន់លានដុល្លារ នៅ៩ខែ ឆ្នាំនេះ ស្មើនឹងជាង៩៥% នៃផែនការច្បាប់

ព័ត៌មាន
ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ