តំបន់​ពិសេស​សម្រាប់ SME

លោក​ឧកញ៉ា សៀ ឫទ្ធី ប្ដេជ្ញា​បង្កើត​តំបន់​សម្រាប់ SME ឲ្យ​ចេញ​នៅ​​ឆ្នាំ​នេះ!


លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ដែល​ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​ថា ជា​អ្នក​អភិវឌ្ឍ​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា និង​ក្ដោប​ក្ដាប់​នូវ​មុខ​ជំនាញ​ពហុ​វិស័យ​នោះ បាន​ប្រកាស​ថា នឹង​ប្ដេជ្ញា​វិនិយោគ​លើគម្រោង​ថ្មី​មួយ​ទៀត​នៅ​ឆ្នាំ​នេះ គឺ​តំបន់​សម្រាប់​សហគ្រាស​ធុនតូច​និង​មធ្យម ហើយ​បាន​​​គូស​បញ្ជាក់​ថា គម្រោង​នេះ​នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​ឆ្នាំ​នេះ​ហើយ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Land
ដោយ

ការវិនិយោគ​លើ​តំបន់​ដែល​ជា​ទីតាំង​សម្រាប់​បម្រើ​ដល់​សង្វាក់​ផលិតកម្ម​របស់​សហគ្រាស​ធុនតូច​និង​មធ្យម​នេះ គឺ​ដោយសារ​តែ​លោក​ឧកញ៉ា សៀ ឫទ្ធី បាន​មើល​ឃើញ​ថា វិស័យ​ឧស្សាហកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​មាន​ការ​រីក​ចម្រើន​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ក៏​កំពុង​មាន​តម្រូវការ​ទីតាំង​សម្រាប់​គាំទ្រ​ដល់​សង្វាក់​ផលិតកម្ម​កាន់​តែ​ច្រើន​ផង​ដែរ។

លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា ការ​វិនិយោគ​លើ​តំបន់​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ ក៏​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​ក្រៅ​ប្រទេស​នៃ​វិស័យ​នេះ​ផង​ដែរ។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ជា​ទិសដៅ​របស់​យើង! យើង​មិន​ចង់​ឲ្យ​មាន​លំហូរ​សាច់​ប្រាក់​ចេញ​ពី​ស្រុក​ខ្មែរ​យើង ទៅ​កាន់​ប្រទេស​ជិត​ខាង ឬ​ប្រទេស​ក្នុង​តំបន់​នោះ​ទេ។ ឧទាហរណ៍ យើង​នាំ​ចេញ​តែ​ផលិត​ផល​មួយ តែ​យើង​ត្រូវ​ទិញ​ពី​គេ​មក​វិញ​១០ ដែល​នេះ​ជា​អ្វី​ដែល​យើង​មិន​ចង់​ឲ្យ​មាន​លំហូរ​សាច់​ប្រាក់​ទាំង​នេះ​ទៅ​ក្រៅ​ប្រទេស។ ដូច្នេះ ដើម្បី​ឲ្យ​សាច់​ប្រាក់​របស់​យើង​មាន​ចរន្ដ​វិល​ចុះ​ឡើង​នៅ​ក្នុង​ស្រុក​បាន យើង​ចាំបាច់​ត្រូវ​បង្កើត​ឲ្យ​មាន​ជា​សង្វាក់​ផលិត​កម្ម​ឲ្យ​កាន់​តែ​ច្រើន​ឡើង ហើយ​យើង​ត្រូវ​ជួយ​ជ្រោម​ជ្រែង​ឲ្យ​មាន​ការ​ផលិត​ក្នុង​ស្រុក ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ធនធាន និង​កម្លាំង​ពលកម្ម​ក្នុង​ស្រុក។ ហើយ​ជា​ទិសដៅ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​វិនិយោគ​បង្កើត​តំបន់​សម្រាប់ SME នេះ​ឲ្យ​មាន​ចេញ​ជា​រូបរាង​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ»។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​គូស​បញ្ជាក់​ទៀត​ថា ការ​បង្កើត​នូវ​ទីតាំង​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​និង​ឱកាស​ជា​ច្រើន​សម្រាប់​ពួកគេ តួយ៉ាង សង្វាក់​ផលិត​កម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ គួប​ផ្សំ​ជាមួយ​នឹង​ហិរញ្ញប្បទាន​ដែល​ផ្ដល់​ដោយ​ធនាគារ​ជាដើម ព្រោះ​ថា នៅ​ពេល​ដែល​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំង​នោះ មក​ធ្វើការ​ផលិត​នៅ​ក្នុង​ទីតាំង​នៃ​ឆ័ត្រ​តែ​មួយ​នោះ​ ពួកគេ​នឹង​ងាយ​ទទួល​បាន​ការ​ផ្ដល់​ជូន​ហិរញ្ញប្បទាន​ពី​ធនាគារ និង​ការ​គាំទ្រ​មួយ​ចំនួន​ពី​រាជ​រដ្ឋាភិបាល​ផង​ដែរ។  

សូម​ជម្រាប​ថា តាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​បង្ហាញ​ថា ត្រឹម​ដំណាច់​ឆ្នាំ​២០១៧​កន្លង​ទៅ សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម ដែល​បាន​ចុះ​បញ្ជី​ផ្លូវការ មាន​ចំនួន​សរុប ជាង ១៥​ម៉ឺន ៥​ពាន់ មូលដ្ឋាន និង​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាង ១​លាន​នាក់ ខណៈ​ដែល​រោងចក្រ​ធុន​ធំ ដែល​បាន​ចុះ​បញ្ជី មាន​ចំនួន​សរុប​ជាង​១​ពាន់​៥០០​រោងចក្រ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​កាបូប ព្រម​ជាមួយ​នឹង​ការ​ផ្ដល់​ការងារ​ជាង ៨៤​ម៉ឺននាក់ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា លី យ៉ុងផាត់ បោះ​ទុន​ជាង​១០​លាន​ដុល្លារ សង់​រោងការ​លំដាប់​ប្រណីត

ព័ត៌មាន
អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មហា​សេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ពហុវិស័យ​នៅ​កម្ពុជា …

អ្នក​ដាំ​ត្រកួន​-កញ្ឆែត​នៅ​បឹង​ទំពុន បារម្ភ​ខ្លាច​បាត់​មុខរបរ ខណៈ​បឹង​នេះ​កំពុង​លុប​ដើម្បី​អភិវឌ្ឍ

ព័ត៌មាន
ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​ពឹង​អាស្រ័យ​ផល​លើ​របរ​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​បឹងទំពុន ដែល​ស្ថិត​នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ កំពុង​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ