កសិផល​នាំចេញទៅទីផ្សារចិន

ក្រុមហ៊ុន Longmate គ្រោងពង្រីកផ្ទៃដីដាំចេកឲ្យបាន១.០០០ ហិកតា នៅត្រឹមឆ្នាំ២០២០


ក្រុមហ៊ុន Longmate Agriculture ជាក្រុមហ៊ុនដាំដុះ និងវេចខ្ចប់ចេកនាំចេញទៅចិន មួយក្នុងចំណោមក្រុមហ៊ុន ៥ ផ្សេងទៀត ដែលទើបតែបាននាំចេញចេកផ្លូវការទៅទីផ្សារចិនកាលពីខែមុននេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនគ្រោងនឹងពង្រីកផ្ទៃដីដាំដុះចេករបស់ខ្លួនឲ្យបានដល់ ១.០០០ ហិកតា នៅឆ្នាំ ២០២០ ខាងមុខ ដើម្បីបំពេញតម្រូវការចេកនៃទីផ្សារប្រទេសចិន ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ ដាំដុះចេកបាន ៤០០ ហិកតារួចហើយ។
ក្រុមហ៊ុន Longmate គ្រោងពង្រីកផ្ទៃដីដាំចេកឲ្យបាន១.០០០ ហិកតា នៅត្រឹមឆ្នាំ២០២០
ដោយ

ឧកញ៉ា ហ៊ុន ឡាក់ នាយកប្រតិបត្តិក្រុមហ៊ុន Longmate Agriculture បានឲ្យ​ដឹងថា រហូតមកទល់​នឹង​ពេលនេះ ក្រុមហ៊ុន Longmate Agriculture បានពង្រីកផ្ទៃដីដាំ​ចេកអំបូង​លឿង​បានប្រមាណ ៤០០​ហិចតាហើយ ដោយនៅក្នុងរយៈពេលត្រីមាស​ទី១​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​បាននាំចេញ​ ចេកអំបូង​លឿង បាន​ប្រមាណជាង​១០០តោន​ហើយ ខណៈគម្រោងនាំចេញ គឺនឹងនាំចេញ​ឲ្យ​បាន ២,២ម៉ឺនតោន​នៅដំណាច់​ឆ្នាំ​នេះ។

លោក ឧកញ៉ា ហ៊ុន ឡាក់ ជឿជាក់ថា តាមរយៈគំរូ​របស់​នៃខ្សែច្រវាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ Longmate នេះ នឹងធ្វើឲ្យ​ភាគីចិន កាន់តែជឿជាក់​មកលើ​ការផលិត​កសិកម្ម​របស់​កម្ពុជា ដែលវានឹងបើក​ឱកាស​ឲ្យកសិផល​ដទៃទៀត អាចចូលទៅ​កាន់ទីផ្សារ​ចិន​បាន​កាន់តែប្រសើរ។ 

លោក លី ជានវៃ ប្រធាននាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពីបរទេស នៃអគ្គរដ្ឋបាល​គយចិន បានឲ្យដឹងថា​​​ក្រោយពីបាន​ទស្សនា​ក្នុងចម្ការ​ចេក និង​រោងចក្រ​វេចខ្ចប់​ចេករបស់​ក្រុមហ៊ុន Longmate Agriculture រួច​មក រដ្ឋបាលគយចិន ជឿជាក់​ទៅលើ​កម្ពុជា ថាពិតជា​អាចនាំកសិផល​ដែលមាន​គុណ​ភាព​​ទៅ​កាន់ទីផ្សារ ប្រទេសចិនកាន់​តែច្រើនទៀត​នាពេលអនាគត។

លោក  លី ជានវៃ បញ្ជាក់ថា រោងចក្រវេចខ្ចប់ចេក​របស់ក្រុមហ៊ុន Longmate agriculture  គឺពិតជា​មានស្ដង់ដារ​បច្ចេកទេស​ខ្ពស់​គួរឲ្យចាប់អារម្មណ៍។ លោកបន្ត ​ប្រសិនបើ​កសិដ្ឋាន​នៅ​កម្ពុជា​មានស្ដង់ដារ​បច្ចេកទេស​ល្អដូចនេះ នោះកម្ពុជា ពិតជា​អាចនាំចេញ​កសិផល​ជាច្រើនមុខទៀត ដែលមានគុណភាព​​ទៅ​កាន់ទីផ្សារ ប្រទេសចិន​ នាពេលអនាគត។ 

លោក លី ជានវៃ ប្រធាននាយកដ្ឋានកិច្ចការនាំចូលកសិផលពីបរទេស នៃអគ្គរដ្ឋបាលគយចិន

បើតាម ការបញ្ជាក់​របស់ មន្ត្រី​រដ្ឋបាលគយចិន​ លោក លី ជានវៃ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ប្រទេសចិន មានតម្រូវការ​ចេក នាំចូលពីបរទេស​ប្រមាណ ១០ លានតោន ក្នុងមួយឆ្នាំៗ ដូច្នេះ លោកសង្ឃឹមថា កម្ពុជា​នឹងអាច​នាំចេញចេក​កាន់តែច្រើន​ថែមទៀត​ទៅកាន់​ប្រទេសចិន។ ក្រៅពីនេះ មន្ត្រីគយចិន​រូបនេះ ក៏បានគូស​បញ្ជាក់ដែរថា លោកក៏បាន​ជួបជាមួយនឹង​មន្ត្រីក្រសួងកសិកម្ម ដើម្បីពិភាក្សា​អំពីលទ្ធភាព ក្នុងការ​នាំចូល​ផ្លែស្វាយ និងតាង៉ែន ពីប្រទេស​កម្ពុជា​ផងដែរ ដោយភាគីទាំងពីរ​នឹងបន្ដធ្វើការរួម​គ្នា​បន្ថែមទៀត ដើម្បីអាច​នាំចេញ​តាង៉ែនពីកម្ពុជាទៅចិន បន្ទាប់មក អាចជាផ្លែស្វាយ។ 

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយ​កក្រុមហ៊ុន Longmate Agriculture

តាមការបញ្ជាក់ពីឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ធ្លាប់បាន​លើកឡើងថា កម្ពុជា​មានគម្រោង​លើកជាកញ្ចប់​ស្នើដល់ភាគីចិន ដើម្បីនាំចេញ​ផលិតផលកសិកម្ម​ទៅកាន់ទីផ្សារ​ប្រទេសចិន ដូចជា ផ្លែស្វាយ តាង៉ែន ស្រការនាគ និងទឹកមាត់ត្រចៀកកាំជាដើម។

ជុំវិញដំណើរ​ទស្សនកិច្ចនៃគណៈប្រតិភូអគ្គរដ្ឋបាល​គយ​នៃសាធារណៈរដ្ឋប្រជាមានិត​ចិននោះដែរ ត្រូវ​បាន​ ឯកឧត្តម សម សេរីរ័ត្ន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានអះអាងថា ក្រៅពីប្រទេសចិន ក្រសួងនឹង​ខិតពង្រីក​ទីផ្សារ​កសិផល​របស់ខ្លួន​បន្ថែម​ទៀត ដើម្បីអាចនាំចេញ​ផលិត​កសិកម្ម​កម្ពុជាទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ឲ្យ​បានជា​អតិបរមា។

ក្រសួងកសិកម្ម​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់ទីផ្សារ​ប្រទេសចិន មានដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ចុងអង្ករ និងចេក ខណៈកាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចេញ​ផលិតផល​ទាំងនេះ ទៅកាន់ប្រទេសចិន ក្នុងចំនួនជាង ៤៥ម៉ឺនតោន ហើយរំពឹងថានៅ ឆ្នាំ២០២០ នឹងកើនឡើង លើស ១លានតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា នឹងខ្ចីបំណុលបរទេសថ្មីបន្ថែមទៀត ចន្លោះពី ២ពាន់លាន ទៅជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទំហំនៃការខ្ចីថ្មីបន្ថែម ក្នុងរង្វង់ ១,៥ ពាន់លាន SDR (ប្រហែល ២ពាន់លានដុល្លារអាមេរិក) ទៅ ២ ពាន់លាន SDR (ប្រ…

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅថៃ ក្នុង​សប្ដាហ៍នេះ នឹងជជែកពីអ្វីខ្លះ?

ព័ត៌មាន
ប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​២២-២៣ មិថុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ