Advertisement
ផ្នត់គំនិត​សហគ្រិន

សេដ្ឋីកាក់ល្អិត ឧកញ៉ា លី ហួរ៖ គ្មានឱកាសណា ធ្លាក់មកពីលើមេឃទេ!


ឧកញ៉ា លី ហួរ ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាកំពូលមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗនៅកម្ពុជា។ ប៉ុន្ដែ មិនមានមនុស្សច្រើននោះទេដែលបានដឹងពីចិត្តគំនិតសហគ្រិនរបស់មហាសេដ្ឋីកាក់ល្អិតរូបនេះ។ មានអ្នកខ្លះ ថា សេដ្ឋីស្រុកខ្មែរជាច្រើន គឺមានបានដោយសារតែឱកាសប៉ុណ្ណោះ មិនមែនដោយសារតែសមត្ថភាពទាំងស្រុងនោះឡើយ។ តែយ៉ាងណា លោកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា «គ្មានឱកាសណាមួយធ្លាក់មកពីលើមេឃ ឬទេវតាផ្ដល់ឲ្យទេ តែវាកើតឡើងដោយគំនិត និងការខិតខំរបស់ខ្លួនយើងតែប៉ុណ្ណោះ»។
ឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប (រូបថត៖ ហេង ភារម្យ)
Advertisement

លោកឧកញ៉ា លី ហួរ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប និងមាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ប្រមាណ​​១០ ក្រុមហ៊ុន ដែលកំពុង​រកស៊ីពហុវិស័យ ដូចជា​វិស័យ​ហិរញ្ញវត្ថុ និងអចលនទ្រព្យ​ជាដើម។

ថ្លែង​នៅក្នុង​បទសម្ភាសន៍​ពិសេស​មួយ ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស នាពេល​ថ្មីៗនេះ លោក ឧកញ៉ា លី ហួរ បាន​បញ្ជាក់​យ៉ាងដូច្នេះថា «ភ័ពព្រេងសំណាង មិនធ្លាក់មក​ពីលើមេឃ ឬទេវតា​ផ្ដល់ឲ្យទេ តែវាកើតឡើង​ពីខិតខំ​ដោយយើងខ្លួនឯង។ បើយើង​មិនគិត មិនខិតខំ គ្មាន​នរណា​ម្នាក់​មកជួយយើងទេ។ ម្ង៉ៃៗ​ខ្ញុំខំណាស់ ទាំងប្ដី​ទាំងប្រពន្ធ បើប្រពន្ធខ្ញុំវិញ គាត់មិនសូវ​បាន​ឈប់ឈរអីទេ អ្នកស្គាល់ បាន​ដឹងច្បាស់»។ 

សេដ្ឋី​ដែលរកស៊ី​ផ្ដើមភាព​ជោគជ័យ​ពីរបរ​កាក់ល្អិតប្ដូរប្រាក់ និងទិញលក់មាស រូបនេះ ធ្លាប់បញ្ជាក់ថា ដើមទុន​ចេញ​រកស៊ីដំបូង​គឺលោក​មាន​តែមាស​២ ជីប៉ុណ្ណោះ ដែលបានមក​ពីការលក់​ជ្រូក​មួយក្បាល។ តាមរយៈ​បទពិសោធន៍​ក្នុងវិស័យ​ជំនួញ​ជាច្រើន​ទស្សវត្សរ៍​មកនេះ លោក​យល់ឃើញថា ការធ្វើអាជីវកម្ម​មួយ​ជោគជ័យ​ទៅបាន គឺមិនអាស្រ័យ​លើដើមទុន​ជាប្រាក់កាស​ច្រើននោះទេ ប៉ុន្ដែ វាអាស្រ័យ​លើគំនិត​ល្អ គំនិត​បែបស៊ី​ជម្រៅ​ទៅវិញទេ។

លោកឧកញ៉ា លី ហួរ​គូសបញ្ជាក់ថា «មតិសាធារណជន​ខ្លះគាត់ថា យ៉ាងណា គឺយើង​នៅតែទទួលយក ប៉ុន្ដែ បើនិយាយថា ភាពមានបាន​គឺដោយសារតែ​ឱកាស វាក៏ត្រូវ​មួយបែបដែរ ប៉ុន្ដែ ពេលខ្លះ ឱកាសមាន​តែ​ការអនុវត្ត​មិនត្រូវតាម​ឱកាស​មិនត្រូវពេលវេលា​ វាក៏ធ្វើឲ្យ​យើង​មិនជោគជ័យនោះដែរ។»

មហា​សេដ្ឋីល្បីឈ្មោះ​រូបនេះ បាន​បញ្ជាក់ទៀតថា «ឱកាស​គឺ​បានមកពីការ​ខិតខំ!​ បុគ្គលិក​គេធ្វើការ​តែ៥ថ្ងៃប៉ុណ្ណោះ ក្នុងមួយអាទិត្យ តែយើងជាថៅកែ​ធ្វើការ​៧ថ្ងៃ ហើយ​ពេលខ្លះ ធ្វើថ្ងៃផង យបផង។ ថ្ងៃខ្លះ គ្មានបាន​សម្រាកទេ យប់ឡើង​ដេកលក់ហើយ ក៏ត្រូវ​ភ្ញាក់មកវិញ ព្រោះគិតច្រើនពេក។»

នៅពេលដែល​សួរថា តើលោកឧកញ៉ា​ធ្លាប់​បរាជ័យ​ដែរទេ ក្នុងជីវិត​ជំនួញនេះ? លោកឧកញ៉ា លី ហួរ​បាន​បញ្ជាក់ថា បើនិយាយ​ពីការបរាជ័យ គឺពិតជាមាន ប៉ុន្ដែ សម្រាប់​ជីវិតជំនួញ​របស់លោក​ មិនធ្លាប់មាន​ការបរាជ័យ​ធំដុំនោះទេ តែក៏មិនធ្លាប់​មានភាព​ជោគជ័យ​ ឬរកស៊ីចំណេញ​ជាដុំកំភួន​អីនឹងគេដែរ ពោលគឺ​វាផ្ដើមចេញ​ពីកាក់ល្អិត​តក់ៗ មករហូត និងប្រមែរ​ប្រមូល​ពូតផ្ដុំវា​បន្ដិចម្ដងៗ​ដូចដែលមាន​រហូត​មកដល់​បច្ចុប្បន្ននេះ។ 

មកទល់ពេលនេះ ក្រុមហ៊ុន​លី ហួរ គ្រុប​មាន​ក្រុមហ៊ុន​ជាបុត្រសម្ព័ន្ធ ប្រមាណ ១០ ក្រុមហ៊ុន ដែលរកស៊ី ក្នុងវិស័យ​ហិរញ្ញវត្ថុ ដូចជា ប្តូរប្រាក់​និងលក់​គ្រឿងអលង្ការ ក្រុមហ៊ុន វេប្រាក់ ក្រុមហ៊ុនបញ្ចាំ ក្រុមហ៊ុន​ជួលរថយន្ដ គ្រឹះស្ថាន​មីក្រូហិរញ្ញ ក្រុមហ៊ុន​ធានារ៉ាប់រង​ការអភិវឌ្ឍ​បុរីលំនៅដ្ឋាន និងវិនិយោគក្នុង​វិស័យ​កសិកម្ម​ជាដើម។

ចក្ខុវិស័យ​របស់​លោកឧកញ៉ា លី ហួរ​សម្រាប់​សម្ព័ន្ធអាជីវកម្ម​របស់លោក គឺ​ធ្វើយ៉ាងណា អភិវឌ្ឍ​ខ្លួន​ទៅក្រុមហ៊ុន​ដែលមានការគ្រប់គ្រង​បែបស្ដង់ដារ​អន្តរជាតិ និងអាច​បន្ដកិត្យានុភាព​ដល់​កូនចៅ​រាប់ជំនាន់​ក្រោយៗទៀត៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយរដ្ឋមន្ត្រីអង់គ្លេសថ្លែង​លាលែងពីតំណែង​ទាំងអួល​ដើម ក !

ព័ត៌មាន
នាយករដ្ឋមន្ត្រីស្ត្រីទីពីរ​នៃ​ចក្រភព​អង់គ្លេស លោកស្រី ថេរេសា ម៉េ (Therera May) បានប្រកាស​លាលែងពីតំណែងជា​នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ឧ...

ស្ថាបនិក Huawei៖ ការយក Apple មកធ្វើការសងសឹកអាមេរិក ទំនងមិនអាចកើតឡើងទេ

ព័ត៌មាន
បញ្ហារបស់ក្រុមហ៊ុន Huawei នៅតែជាចំណុចក្ដៅ ក្នុងសង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន ដែលពិភពលោកចាប់អារម្មណ៍ និងត្រូវបានអ្នកវិភាគជាច្រើន ប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ