ផ្សារ​ម៉ាក្រូ​គ្រោង​បើក​សាខា​ច្រើន​ថែមទៀត!

មហិច្ឆតា​ផ្សារម៉ាក្រូថៃ គ្រោង​នឹង​ពង្រីក​អាជីវកម្ម​សាខា ៨-៩ ទីតាំង​បន្ថែម​ទៀត​ឆាប់ៗ​នេះ


ក្រុមហ៊ុន​ស្យ៉ាម​ម៉ាក្រូ​របស់​ថៃ ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ផ្សារ​ម៉ាក្រូ បាន​បង្កើន​មហិច្ឆតា​ពង្រីក​សាខា​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​ដល់​ទៅ ៨-៩​ទីតាំង​បន្ថែម​ទៀត នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ មហិច្ឆតា​ចង់​ក្តោបក្តាប់​ទីផ្សារ​បោះដុំ​ទំនិញ​១​ម៉ឺន​មុខ​នៅ​ស្រុក​ខ្មែរ និង​ចង់​វាយ​ដណ្តើម​សង្គ្រប់​ផ្សារ​តូចៗ​ក្នុង​ស្រុក​នេះ ផុស​ឡើង​បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​នៅផ្សារ​ម៉ាក្រូ​សាខា​ទី១ នៅ​ភ្នំពេញ និង សាខា​ទី២ នៅ​ខេត្ត​សៀមរាប។
មហិច្ឆតា​ផ្សារម៉ាក្រូថៃ គ្រោង​នឹង​ពង្រីក​អាជីវកម្ម​សាខា ៨-៩ ទីតាំង​បន្ថែម​ទៀត​ឆាប់ៗ​នេះ
ដោយ

ដំណើរការ​ផ្សារ​ម៉ាក្រូ​ទី២ នៅ​ក្រុង​សៀមរាប អង្គរ មិន​ទាន់​ទាំង​ដល់​ពេល​មួយ​ខែ​ផង លោក Thomas Humpmer អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​ម៉ាក្រូ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អន្តរជាតិ បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមីស ថា ជា​ការពិត​ណាស់ ក្រុមហ៊ុន​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត បន្ទាប់​ពី​សាខា​ទី១ ទី២ នេះ ទទួល​បាន​ជោគជ័យ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ។

លោក ថូម៉ាស បន្ត​ថា ក្រុមហ៊ុន​កំពុងតែ​សម្លឹង​មើល​ការ​ពង្រីក​ទីតាំង​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ បន្ថែម​ទៀត ហើយ​អ្វីៗ​គ្រប់​យ៉ាងកំពុងស្ថិត​នៅ​ក្នុង​ការចរចា​នៅ​ឡើយ​ទេ។  មិនមែន​មាន​តែ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​ទេ ក្រុមហ៊ុន​នឹង​មើល​ឲ្យ​បាន​ច្រើន​ទីតាំង សម្រាប់​ពេល​អនាគត ដែល​អាច​គាំទ្រ​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន។ ហើយ​ការ​បើក​ពង្រីក​អាជីវកម្ម​សាខា​នីមួយៗ​ត្រូវតែ​ផ្អែក​ទៅ​លើ​តម្រូវការ​របស់​អតិថិជន ដង់ស៊ីតេ​ប្រជាជន​រស់នៅ និង​សក្តានុពល​តំបន់។ ក្រុមហ៊ុន​មាន​គំនិត​ជា​វិជ្ជមាន​យ៉ាង​ច្រើន ក្នុង​ការ​ពង្រីក​អាជីវកម្ម​បន្ថែម​នៅ​ប្រទេស​​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​ម៉ាក្រូ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អន្តរជាតិ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ៖ “នៅ​ក្នុង​ដំណាក់​ដំបូង​របស់​យើង គឺ​យើង​នឹង​ពង្រីក​សាខា​ប្រមាណ ៧​សាខា​ទៀត។ ដំបូង​ឡើយ យើង​គិត​ថា យើង​នឹង​បើក​ប្រមាណ ៨ ទៅ ៩​ទីតាំង ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ យើង​នឹង​មើល​ទៅ​លើ​ចំនួន​ប្រជាជន តម្រូវការ​អតិថិជន ដង់ស៊ីតេ​ប្រជាជន និង​ចំនួន​អាជីវកម្ម ដើម្បី​បើក​ផ្សារ​ម៉ាក្រូ​ឲ្យ​ត្រូវ​ទីតាំង និង បម្រើ​ដល់​ពួកគេ​ឲ្យ​បាន​ល្អ”។

លោក Thomas Humpmer អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​ម៉ាក្រូ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អន្តរជាតិ

លោក​បាន​បន្ត​ថា នៅ​ក្នុង​ប្រទេស​ថៃ គិតត្រឹម​ដំណាច់​ឆ្នាំ​២០១៨ មាន​ផ្សារ​ម៉ាក្រូ​ចំនួន ១២៩​ផ្សារ។ ក្រុមហ៊ុន​មើលឃើញ​ឱកាស​សម្រាប់​ពង្រីក​បន្ថែម ដូចជា កំពុង​ដំណើរការ​នៅ​កម្ពុជា​នៅ​ពេល​នេះ​ផ្ទាល់។ 

ក្រុមហ៊ុនមាន ៣​សាខា នៅ​ប្រទេស​​ឥណ្ឌា ហើយ​​ក្រុមហ៊ុន​ទើប​នឹង​ចុះ​បញ្ជី​បើក​ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ការិយាល័យ​នៅ​ប្រទេស​ចិន។ ក្រុមហ៊ុន ស្យ៉ាម ម៉ាក្រូ នឹង​ស្វែងរក​ឱកាស​សក្តានុពល សម្រាប់​ការ​ពង្រីក​បន្ថែម។ អ្វី​ដែល​ក្រុមហ៊ុន​ពេញ​ចិត្ត​ជាង​គេ គឺ​ប្រទេស​កម្ពុជា ដោយសារ​តែ​ម៉ាក្រូ​នៅ​កម្ពុជា ជា​ផ្សារ​ក្រៅ​ប្រទេស​ដំបូង​បង្អស់​ដែល​ទទួល​បាន​​ជោគជ័យ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ចាក់​បន្ថែម​ថាមពល​ដើម្បី​ពង្រីក​ឲ្យ​បាន​ច្រើន។ 

បើតាម​ការ​អះអាង​ពី​លោក យ៉ុត្តាផម ចារឺនសុខ (Yuttapoom Jarernsuk) អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ផ្សារ ម៉ាក្រូ ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា ការ​ពង្រីក​សាខា​ផ្សារ​ម៉ាក្រូ​នីមួយៗ​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។

ចុះ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ផ្សារ​ម៉ាក្រូ ដែល​ជា​ផ្សារ​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​របស់​ថៃ​មួយ​នេះ ទុក​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា?

ជុំវិញ​សំណួរ​នេះ​ លោក Thomas Humpmer អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​ម៉ាក្រូ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អន្តរជាតិ បក​ស្រាយ​ថា​ ដោយសារ​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រីក​ចម្រើន​យ៉ាង​រឹងមាំ​ប្រមាណ ៧​ភាគរយ ជាង ២០​ឆ្នាំ​កន្លង​មក​ហើយ។ ហើយ​កម្ពុជា​មាន​លក្ខខណ្ឌ​អំណោយ​ផល​យ៉ាង​ខ្លាំង​សម្រាប់​ការ​វិនិយោគ។ ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​ទីនេះ កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ងាយ​ស្រួល ហើយ​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក បាន​ផ្តល់​ការ​យល់​ដឹង​ច្បាស់លាស់​ដល់​ពួក​យើង ដែល​អនុញ្ញាត​ឲ្យ​យើង​ដើរ​នៅ​ក្នុង​គន្លង​ផ្លូវ ដែល​បាន​កំណត់​សម្រាប់​អាជីវកម្ម​រួច​ជា​ស្រេច។

ផ្សារ​ម៉ាក្រូ ដែល​បើក​ក្រោម​ស្លាក​ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ជា​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​រវាង ក្រុមហ៊ុន Siam Makro Public Company Limited របស់ថៃ។ ផ្សារ​នេះ​ស្តុក​លក់​ទំនិញ​បោះដុំ​រហូត​ដល់​ជាង ១​ម៉ឺន​មុខ ហើយ​ផ្សារ​នេះ​ត្រូវគេ​មើល​ឃើញ​ថា នឹង​ដើរតួ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ម្ហូប​អាហារ​ដ៏​ធំ និង​សំខាន់​ជាង​គេ​មួយ សម្រាប់​វិស័យ​លក់រាយ​នៅ​កម្ពុជា។

ជារៀង​រាល់​ឆ្នាំ ថៃ​បាន​ធ្វើ​ការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា តាមរយៈ​ការ​នាំចូល​ទំនិញ​ជា​ច្រើន​ប្រភេទ​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា ហើយ​តាម​ការ​សង្កេត ពលរដ្ឋ​ខ្មែរ​និយម​ចូល​ចិត្ត​ប្រើ​ប្រាស់​ផលិត​ផល​ថៃ ដោយ​បាន​អះអាង​ថា ផលិតផល​ថៃ​មាន​គុណភាព​ល្អ​និង​មាន​តម្លៃ​សមរម្យ។ ហើយ​កម្ពុជា គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំចេញ​របស់​ថៃ។

នា​ពេល​កន្លង​មក ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ ឲ្យ​បាន​ដល់ ១៥​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួប​ ត្រាំ-គីម នៅវៀតណាម៖ ហេតុ​អ្វី​មិន​មែន​នៅ​កម្ពុជា?

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ លោក គីម ជុងអ៊ុន នឹងជួបគ្នា​ជា​លើកទីពីរ នៅថ្ងៃទី២៧-២៨ ខែ…

ថៃ បញ្ចេញកញ្ចប់ថវិកាប្រចាំឆ្នាំ ៤០លានដុល្លារ សម្រាប់វិស័យ SME នៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលថៃ បានកំណត់បែងចែកកញ្ចប់ថវិកាប្រចាំឆ្នាំ ប្រមាណ ជាង ១.២០០ លានបាត ឬស្មើនឹងប្រមាណ ៤០លានដុល្លារអាមេរិក សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ