ម៉ាឡេស៊ីកំពុងដេញតាមឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស


ប្រទេសម៉ាឡេស៊ីកំពុងដើរតាមលំអានប្រទេសឥណ្ឌូនេស៊ីក្នុងការប្រឹងប្រែងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ខណៈដែលថ្មីៗនេះក្រុមហ៊ុនសេវាកម្មតាមគេហទំព័រអាម៉ាហ្សូន (AWS) បានប្រកាសពីគម្រោងមួយចំនួននៅក្នុងខែមីនានេះ ក្នុងការបណ្ដាក់ទុនវិនិយោគ ៦ ពាន់លានដុល្លារនៅប្រទេសម៉ាឡេស៊ីសម្រាប់រយៈពេលជាង ១៤ ឆ្នាំទៅមុខទៀត។ ប្រការនេះបានធ្វើឱ្យរដ្ឋាភិបាលម៉ាឡេស៊ីហាក់មានមោទកភាពយ៉ាងខ្លាំង ដោយចាត់ទុកគម្រោងនេះថាជាផ្លែផ្កាមួយសម្រាប់ប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ម៉ាឡេស៊ីកំពុងដេញតាមឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
ដោយ

ទីភ្នាក់ងារសារព័ត៌មានជាតិ Bernamaរបស់ម៉ាឡេស៊ី បានស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបាននិយាយនៅក្នុងសភាដោយសំដៅទៅលើប្រទេសអាស៊ានទាំង១០ថា ក្រុមហ៊ុនសេវាកម្មតាមគេហទំព័រអាម៉ាហ្សូន (AWS) ត្រូវបានប្រទេសអាស៊ានជាច្រើនអញ្ជើញទៅវិនិយោគក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែនៅទីបំផុតក្រុមហ៊ុនសេវាកម្មនេះបានជ្រើសរើសយកម៉ាឡេស៊ី។ នេះមានន័យថា វានឹងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគផ្សេងទៀត ក៏ដូចជាទាក់ទាញវិនិយោគិនផ្សេងៗមកពីបស្ចឹមលោក និងលោកខាងកើតផងដែរ។

ប៉ុន្តែការបណ្ដាក់ទុនរបស់ក្រុមហ៊ុនផ្តល់សេវាកម្មរបស់អាមេរិកមួយនេះ បានកើតឡើងនៅពេលអ្នកជំនាញនិយាយថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅប្រទេសម៉ាឡេស៊ីហាក់ស្ងប់ស្ងាត់មកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏ចាញ់ប្រទេសជិតខាង ដូចជាឥណ្ឌូនេស៊ីជាដើម នៅក្នុងការប្រជែងគ្នាទាញយកការវិនិយោគផ្ទាល់ពីបរទេស។

លោក យា គឹមឡេង (Yeah Kim Leng) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ សាន់វ៉េ របស់ម៉ាឡេស៊ី និងជាទីប្រឹក្សារបស់លោក អាន់វ៉ា បានប្រាប់ Nikkei Asia ថា ប្រទេសឥណ្ឌូនេស៊ីមានធនធានច្រើន មានប្រជាជនច្រើន មានស្ថិរភាពនយោបាយ និងមានអ្នកដឹកនាំដ៏មានសមត្ថភាពដែលចំណុចទាំងនេះហើយបានបង្កបរិយាកាសវិនិយោគដ៏អំណោយផល និងមានកំណើនខ្លាំងដែលកំពុងទាក់ទាញវិនិយោគិនមកពីជុំវិញពិភពលោកសម្រាប់រយៈពេលដ៏យូរអង្វែង។

ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏ធំនៃសេចក្តីប្រាថ្នារបស់ម៉ាឡេស៊ី។ ក្នុងនោះ សេដ្ឋកិច្ចប្រទេសនេះ បានឃើញពីជោគជ័យគួរឱ្យកត់សម្គាល់មួយចំនួនរួមទាំងការចេញលក់រថយន្តដំបូងគេរបស់ប្រទេសនេះគឺរថយន្ត Proton Saga ដោយសហការជាមួយក្រុមហ៊ុន Mitsubishi Motors របស់ជប៉ុន។

ប៉ុន្តែតាំងពីឆ្នាំ២០០៨មក ប្រទេសនេះបានទាក់ទាញការវិនិយោគប្រចាំឆ្នាំតិចជាងឥណ្ឌូនេស៊ីជារៀងរាល់ឆ្នាំលើកលែងតែឆ្នាំ២០១៦តែមួយគត់។ នេះបើតាមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ។ នៅក្នុងឆ្នាំ២០២១ ម៉ាឡេស៊ីបានទាញការវិនិយោគបរទេសក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ គឺច្រើនជាង ៣ ដងកាលពីឆ្នាំមុន ប៉ុន្តែចំនួននេះគឺខ្ពស់ជាងតួលេខកាលពីប្រាំឆ្នាំមុនតែបន្តិចប៉ុណ្ណោះ ចំណែកឥណ្ឌូនេស៊ីវិញទទួលបានទុនវិនិយោគដល់ទៅជាង ២០ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

រដ្ឋាភិបាលម៉ាឡេស៊ីដឹងថា ខ្លួនត្រូវតែចាប់ផ្តើមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដោយបាននិយាយថាកាលពីខែមុនថា ខ្លួននឹងកែលម្អនីតិវិធីសម្រាប់ការធ្វើអាជីវកម្មដើម្បីកាត់ផ្ដាច់ឧបសគ្គវិនិយោគមួយចំនួនផងដែរ៕




អត្ថបទបន្ទាប់


ចិនបន្តឈរលំដាប់កំពូលនៅក្នុងតារាងវិនិយោគទុនបរទេសនៅក្នុងប្រទេសថៃ

ព័ត៌មាន
វិនិយោគទុនចិនបានបន្តឈរនៅលើកំពូលតារាង នៃការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងតំបន់ឧស្សាហកម្មនៃប្រទេសថៃកាលពីខែកុម្ភៈកន្លងទៅ ដោយមានចំណែកដ…

ប្រមុខរាជរដ្ឋាភិបាលជឿជាក់ថា កម្ពុជា-ចិននឹងបង្កើនជើងហោះហើរ ៣០០ជើងក្នុង ១សប្តាហ៍ក្នុងពេលឆាប់ៗខាងមុខ

ព័ត៌មាន
កម្ពុជាជាប្រទេសដំបូងគេបង្អស់ ដែលត្រូវបានរដ្ឋាភិបាលចិនបើកឲ្យប្រជាពលរដ្ឋខ្លួនធ្វើដំណើរចេញចូលជាលក្ខណៈទេសចរណ៍នៅក្នុងអំឡុងនៃវិបត្តិជំងឺរាតត្បាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ