ពាណិជ្ជកម្មកម្ពុជា​-ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្យាថា ត្រឡប់ទៅវិញ នឹងជំរុញការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែមទៀត!


ថ្លែងនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mahamad បានអាះអាងថា ម៉ាឡេស៊ីនឹងពិចារណាលើការបញ្ជាទិញផលិតផលបន្ថែមពីកម្ពុជា ពិសេសគឺផលិតផលកសិកម្ម ដូចជា អង្ករ និងផ្លែឈើជាដើម ដ្បិតថា បច្ចុប្បន្នបើមើលលើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺម៉ាឡេស៊ីកំពុងមានប្រៀបច្រើនលើកម្ពុជា ពោលគឺ ការនាំចេញរបស់ម៉ាឡេស៊ីមកកម្ពុជាមានច្រើនលើសលុបជាងការនាំចេញរបស់កម្ពុជាទៅម៉ាឡេស៊ី។
លោក Mahathir Mahamad និងភរិយា (រូបឆ្វេង) និងសម្ដេច​ តេជោ ហ៊ុន សែន និងភរិយា (ស្ដាំ) [រូបភាព៖ ផេកហ្វេសប៊ុក​នាយករដ្ឋមន្ត្រីកម្ពុជា]
ដោយ

កាអះអាង​របស់​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បាន​ធ្វើឡើង​នៅក្នុងជំនួប​ជាមួយ​នឹង​សម្តេច​តេជោហ៊ុន សែន នៅឯវិមានសន្តិភាព កាលពីព្រឹកថ្ងៃ ០៣ កញ្ញា ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ច​ផ្លូវការ​បស់​លោក នៅក្នុងប្រទេស​កម្ពុជា។

លោក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហាធៀ មហាមេត បាន​និយាយថា ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និងម៉ាឡេស៊ី នាពេលបច្ចុប្បន្ន​មិនទាន់មាន​ធំណាស់ណា​នៅឡើយទេ ប៉ុន្ដែ ម៉ាឡេស៊ី​ហាក់មាន​ប្រៀបជាងកម្ពុជា​ពោលគឺម៉ាឡេស៊ី មានអតិរេកពាណិជ្ជកម្ម្​ខ្ពស់​ជាង។​ ប៉ុន្ដែ លោកមហាធៀ បាន​គូសបញ្ជាក់ថា ពេលត្រឡប់ទៅប្រទេសលោក​វិញ លោកនឹង​ជំរុញ​ដល់ពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន​ម៉ាឡេស៊ី​ឲ្យពិចារណា​ក្នុងការបញ្ជា​ទិញ​ផលិតផល​ពីកម្ពុជា​បន្ថែមទៀត​តាមដែលអាច​ធ្វើទៅបាន ដូចជាអង្ករ ឬផ្លែឈើ និងផលិតផល​ផ្សេងៗទៀត។

របាយការណ៍​ពី​ស្ថានទូតម៉ាឡេស៊ី​ប្រចាំកម្ពុជា បាន​បង្ហាញថា កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម​កម្ពុជា​ម៉ាឡេស៊ី មាន​ចំនួន​ជាង ៥៥៨ លាន​ដុល្លារអាមេរិក កើនឡើង​ជាង​២២% ធៀបនឹង​ឆ្នាំ​២០១៧។ ក្នុងនោះ ម៉ាឡេស៊ី​នាំចេញ​មកកម្ពុជា​មាន​ជាង​៣៨៣ លានដុល្លារអាមេរិក កើនឡើងជាង​៣២% ខណៈដែល​កម្ពុជា នាំទៅ​ម៉ាឡេស៊ីវិញ​មានតែ​ ​១៧៥ លាន​ដុល្លារអាមេរិក កើនឡើងជាង​៥%​ប៉ុណ្ណោះ។

របាយការណ៍​បានឲ្យដឹងទៀតថា តាំងពីឆ្នាំ​១៩៩៤ ដល់​២០១៨ ការវិនិយោគ​ពីម៉ាឡេស៊ី​មកកម្ពុជា​មានជាង​២.៧០០ លាន​ដុល្លារអាមេរិក ជាមួយគម្រោង​ដែលបាន​ចុះបញ្ជី​ចំនួន​១៣៧គម្រោង។

ក្រៅពីការជំរុញ​ដល់ការ​ការនាំចេញ​នាំចូល​រវាង​ប្រទេសទាំងពីរ លោក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏បាន​លើកឡើង​ផងដែរ អំពីការ​ជំរុញ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ ព្រោះវិស័យ​ទេសចរណ៍​មិនត្រឹមតែ​ជាផ្នែកមួយជំរុញដល់​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះទេ តែក៏ជា​ការបង្ហាញ​ពីទំនាក់ទំនងល្អ​រវាងប្រជាជន​ និងប្រជាជនផងដែរ។ 

សូមជម្រាបថា នៅក្នុងជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាមេត​និង សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជានេះដែរ ភាគីទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀ​សំខាន់ៗ​ចំនួនពីរ​ផងដែរ ដោយក្នុងនោះ កិច្ចព្រមព្រៀង ទី១ គឺស្ដីអំពីការលុប​បំបាត់​យកពន្ធ​ត្រួត​ស៊ីគ្នា លើកលែង​ពន្ធលើប្រាក់ចំណូល និង ការបង្ការការ​គេចវេះពន្ធ និងការចៀស​វាងពន្ធ។ និងកិច្ច​ព្រមព្រៀងទី២ គឺអនុស្សារណៈស្តីពី​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍។

ទាក់ទង​នឹង​វិស័យទេសចរណ៍​នេះដែរ បើតាម​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ដែរថា ភាគីទាំងពីរ ក៏កំពុងតែ​ពិនិត្យមើល​អំពី​ការឈានទៅរក​ការចុះកិច្ចព្រមព្រៀង​អំពី​ការ​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ទេសចរ​បរទេស​ដែលមកកម្សាន្ដ​នៅម៉ាឡេស៊ីហើយ អាចមានសិទ្ធិ​បន្តដំណើរកម្សាន្ដ​មកកម្ពុជា ឬមកកម្សាន្ដ​នៅកម្ពុជាហើយ អាចបន្តទៅដំណើរ​កម្សាន្ដ​ម៉ាឡេស៊ីបាន។ 

បន្ថែមពីនេះទៀត  ក្រោយជំនួបនេះដែរ រដ្ឋាភិបាលកម្ពុជា​បន្ដ​ស្វាគមន៍ធុរជនម៉ាឡេស៊ី មកស្វែង​រកឱកាស​វិនិយោគនៅកម្ពុជា ជាពិសេស​នៅក្នុងវិស័យ​កសិកម្ម អប់រំ ទេសចរណ៍ ហើយខាង​រដ្ឋាភិបាលម៉ាឡេស៊ី​លើកទឹកចិត្ត​ឲ្យវិស័យឯកជន​លើកកម្ពស់​ជំហរក្នុងការពង្រីក​ពាណិជ្ជកម្ម​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុងគម្រោង​អភិវឌ្ឍន៍​រយៈពេលវែង​របស់កម្ពុជា ហើយរដ្ឋាភិបាល​ម៉ាឡេស៊ី ក៏ប្ដេជ្ញាបង្កើនល្បឿន​ពាណិជ្ជកម្ម​តាមរយៈ​គំនិតផ្ដួចផ្ដើម​ដែលមាន​វិសាលភាព​ឆ្លងកាត់ព្រំដែន​នៅក្នុងអាស៊ាន និងវេទិកាឌីជីថល ​ដូចជាពាណិជ្ជកម្ម​អេឡិចត្រូនិច។

បើនិយាយពីការវិនិយោគវិញ គិតនៅត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបាន​ការវិនិយោគ​ពីប្រទេសម៉ាឡេស៊ី​ក្នុងចំនួនជាទឹកប្រាក់ ប្រមាណ​តែជិត​១០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ដែលបានធ្វើឲ្យ​ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ​៨ ក្នុងចំណោម​ប្រទេស​វិនិយោគ​ចូលក្នុងប្រទេសកម្ពុជា​ច្រើនជាងគេ។ នេះបើតាម​តួលេខ​ដែលផ្ដល់ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ដោយឡែក ចំពោះ​វិស័យទេសចរណ៍ បើតាមរបាយការណ៍ពីក្រសួង​ទេសចរណ៍ បង្ហាញថា គិតត្រឹម​ឆមាសទី ១ ដើមឆ្នាំ​ ២០១៩នេះ ប្រទេសកម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ម៉ាឡេស៊ី ជាង ៩ម៉ឺននាក់ ដែលមាន​កំណើន ៧ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំមុន ពោលគឺមាន​ចំណែក​ប្រមាណ ២,៨% នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯ​សន្និសីទ​ថ្នាក់តំបន់ រៀបចំ​ដោយ SCG

ព័ត៌មាន
និស្សិត​អាហារូបករណ៍​របស់​ក្រុមហ៊ុន SCG មកពីប្រទេសអាស៊ានចំនួន ៧ កាលពីពេលថ្មីៗកន្លងទៅនេះ បានចូលរួមនៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរ…

ក្រុមហ៊ុន ហាងបញ្ចាំ Cash-U-Up នឹងលក់ Franchise ចំនួន៣ សាខាទៀតក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន ហាង Cash-U-Up ដែលជាក្រុមហ៊ុន បញ្ចាំស្របច្បាប់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានសម្រេចលក់សិទ្ធិអាជីវកម្ម ឬហៅថា Franchise …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ