ទូរទស្សន៍​រុស្ស៊ី Russia Today និយាយថា លោក រ៉ាត់ រដ្ឋមុនី គ្រាន់​តែ​ជា​អ្នក​បកប្រែ!

អ្នក​ជួយ​ធ្វើ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ជាប់​ពន្ធនាគារ​២​ឆ្នាំ


តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃទី​២៦ ខែ​មិថុនា បាន​សម្រេច​ផ្តន្ទាទោស លោក រ៉ាត់ រដ្ឋមុនី ដាក់​ពន្ធនាគារ​២​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​មាន​ការរើសអើង បន្ទាប់​ពី​បាន​ជួយ​ធ្វើ​ខ្សែ​ភាពយន្ត​ឯកសារ​ឈ្មោះ​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ឲ្យ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Russia Today (RT)។
លោក រ៉ាត់ រដ្ឋមុនី (រូបលើកដៃ) ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នាគារ ២ឆ្នាំ ពីបទ​ញុះញង់​ឲ្យ​មាន​ការរើសអើង។ រូបភាព៖ ហេង ភារម្យ
ដោយ

អាជ្ញាធរ​ប្រទេស​ថៃ​បាន​ចាប់​លោក រ៉ាត់ រដ្ឋមុនី  អាយុ ៤៨ឆ្នាំ ហើយ​បាន​បញ្ជូន​លោក​មក​ប្រទេស​កម្ពុជា​វិញ កាលពី​ឆ្នាំ​២០១៨ បន្ទាប់ពី​លោក​និង​គ្រួសារ​របស់​លោក​ប៉ុនប៉ង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហូឡង់។

លោក កុយ សៅ ចៅក្រម​ជំនុំជម្រះ ក៏​បាន​បង្គាប់​ឲ្យ​លោក រ៉ាត់ រដ្ឋមុនី សង​ជា​សំណង​ខូចខាត​ដល់​ម្តាយ​ចំនួន​ពីរ​នាក់ គឺ​លោកស្រី ទេព ស្រីលីន និង​លោកស្រី កែវ ម៉ាឡៃ ដែល​បាន​សម្ភាសន៍​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នោះ គឺ​ម្នាក់​ចំនួន ៣៥​លាន​រៀល​ផងដែរ។

បន្ទាប់ពី​ប្រកាស​សាលក្រម​ហើយ លោកស្រី កែវ ម៉ាឡៃ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ ថា ការដាក់ទោស​នេះ​គឺ​ជា​យុត្តធម៌​ដែល​អាច​ទទួល​យក​បាន​ហើយ​សម្រាប់​កូនស្រី​របស់​គាត់។ លោកស្រី​បាន​បន្ត​ថា លោកស្រី​មិន​បាន​លក់​កូនស្រី​ ដូច​ផ្សាយ​ក្នុង​ខ្សែ​ភាពយន្ត​នោះទេ។

លោកស្រី កែវ ម៉ាឡៃ បាន​និយាយ​ដូច្នេះ​ថា ៖ «គាត់ (លោកមុនី)សន្យា​ថា នឹង​ជួយ​បើក​ហាង​ឲ្យ​ ជួនកាល​គាត់​ឲ្យ​លុយ​ម្តង១០​ដុល្លារ, ២០​ដុលា្លរ។ ខ្ញុំ​អត់​បាន​លក់​កូន​ទេ តែគាត់​ឲ្យ​និយាយ​អ៊ីចឹង, ឲ្យ​និយាយ​រឿង​អវិជ្ជមាន​ទៅ នឹង​មាន​ជំនួយ​មក​ច្រើន។»

លោកស្រី ទេព ស្រីលីន ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​តុលាការ​ផង​ដែរ ថា លោកស្រី​អត់​បាន​លក់​កូនស្រី​ទេ ហើយ​ថា លោក មុនី បាន​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​លោកស្រី ជាថ្នូរ​នឹង​ការ​សម្ភាស។

លោកស្រី ឡុង គឹមហៀង បាន​ហៅ​ការ​ដាក់​ទោស​មក​លើ​ប្តី​របស់​លោកស្រី ថា​ជា​រឿង​អយុត្តិធម៌ ដោយ​បាន​អះអាង​ថា លោក មុនី បាន​ជួយ​ធ្វើការ​ឲ្យ​ RT ត្រឹមតែ​ជា​អ្នក​បកប្រែ​ប៉ុណ្ណោះ។

លោកស្រី ឡុង គឹមហៀង បាន​និយាយ​ដូច្នេះ​ថា ៖ «ការ​កាត់​ទោស​ឲ្យ​ប្តី​ខ្ញុំ​ជាប់​គុក​ពីរ​ឆ្នាំ ហើយ​មាន​បង់​ពិន័យ​នេះ ជា​រឿង​អយុត្តិធម៌ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា តុលាការ​កម្ពុជា​ ប្រព័ន្ធ​យុត្តិធម៌ នៅកម្ពុជា គឺ​ស្ថិត​ក្នុង​វិបត្តិ ស្ថិត​ក្នុង​ហានិភ័យ។»

បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Russia Today ក៏ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​រួច​ហើយ​ថា ខ្លួន​មិន​ដែល​បង់​លុយ​ដើម្បី​ឲ្យ​បាន​ការសម្ភាស​នោះទេ​ ហើយ​ក៏​បាន​ប្រកាស​ផងដែរ​ថា លោក មុនី គា្រន់តែ​ជា​អ្នក​បកប្រែ​ប៉ុណ្ណោះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍៍​ថា តុលាការ​គួរតែ​ទម្លាក់​ចោល​ការផ្តន្ទាទោស​ទៅ​លើ​លោក មុនី ហើយ​ដោះលែង​លោក​ដើម្បី​ឲ្យ​លោក​បាន​ទៅ​ជួបជុំ​ជាមួយ​ប្រពន្ធ​និង​កូន​ប្រុស​របស់​លោក​វិញ៕




អត្ថបទបន្ទាប់


អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ

ព័ត៌មាន
ស្ថានទូត​អាមេរិក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ លើ​បញ្ហា​«អភិបាល​កិច្ច…

គម្រោងបុរី កៀនស្វាយ ផាក បើកលក់ដំបូង ជាមួយនឹងការបញ្ចុះ​តម្លៃពិសេស

ព័ត៌មាន
ក្រុមហ៊ុន KFA Property Co,.Ltd បើកផ្ទះល្វែងដំបូងក្នុងគម្រោងកៀនស្វាយផាក គឹមានតែចំនួនផ្ទះល្វែងមានត្រឹមតែ ១៦៨ល្វែងប៉ុណ្ណោះ។ គម្រោងបុរីកៀនស្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ