ធុរជន​ល្បីៗ​នៃ​កម្ពុជា

ឧកញ៉ា សៀ ឫទ្ធី អ្នក​ជំនួញ​ជើង​ខ្លាំង​ក្នុង​ការ​​កៀរគរ​វិនិយោគ​ពី​បរទេស


ឧកញ៉ា សៀ ឫទ្ធី ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ថា ជា​បុគ្គល​ជើង​ខ្លាំង​ ពូកែ​ផ្នែក​ទំនាក់​ទំនង​កៀរគរ​​វិនិយោគ​បរទេស​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។ ហើយ​ក្នុង​នោះ​ដែរ លោក​ក៏​បាន​បោះទុន​វិនិយោគ​រួម​គ្នា​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ជាមួយ​នឹង​វិនិយោគិន​មក​ពី​ក្រៅ​ប្រទេស​ទាំង​នោះ​ផង​ដែរ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

ឧកញ៉ា​និង​អ្នក​រកស៊ី​មួយ​ចំនួន ដែល​ស្គាល់​ឧកញ៉ា សៀ ឫទ្ធី បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ៖ «ឧកញ៉ា សៀ ឫទ្ធី ជា​មនុស្ស​ពូកែ​ទំនាក់​ទំនង​រកស៊ី ជាមួយ​បរទេស​ក្រុមហ៊ុន​គាត់ វិនិយោគ​នៅ​កម្ពុជា​ស្ទើរតែ​ទាំង​អស់ បោះ​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បរទេស​ធំៗ​នៅ​ក្រៅ​ប្រទេស មនុស្ស​ដូច ឫទ្ធី មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ នៅ​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន។ 

ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា សៀ ឫទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា សៀ ឫទ្ធី ពិត​ជា​មាន​ជំនាញ​ទំនាក់​ទំនង​ប្រមែ​ប្រមូល​កៀរគរ​វិនិយោគិន​បរទេស​ជា​ច្រើន​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នាំ​មក​ជាមួយ​នូវ​ទឹក​​ប្រាក់​វិនិយោគ​រាប់​លាន​ដុល្លារ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ដែល​លោក​វិនិយោគ​ជាមួយ សុទ្ធ​តែ​បាន​បង្កើត​ការងារ ផ្តល់​​ការងារ​ដល់​ប្រជាជន​ខ្មែរ​រាប់​រយ​នាក់។

នៅក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​សារព័ត៌មាន ខេមបូណូមីស កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាង​ថា លោក​មិន​ព្យាយាម​វិនិយោគ​តែ​នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​នោះ​ទេ។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ព្យាយាម​ផឹក​ទឹក​អណ្តូង​ខ្លួន​ឯង​ទេ បើ​សិន​ជា​យើង​នាំ​គ្នា​ផឹក​ទឹក​អណ្តូង​របស់​យើង​គ្រប់​គ្នា នៅ​ថ្ងៃ​ណា​មួយ អណ្តូង​របស់​យើង​នឹង​រីង។ ដូច្នេះ ខ្ញុំ​ត្រូវ​ស្វែង​​រក​ប្រភព​ទឹក​ទន្លេ​និង​សមុទ្រ​ពី​ខាង​ក្រៅ នោះ​ទើប​យើង​មិន​ចេះ​រីង​ស្ងួត»។ 

នេះ​គឺ​ជា​ទ្រឹស្តី​ពាណិជ្ជកម្ម​ដែល​និយាយ​បែប​មាន​ន័យ​ធៀប។ តាម​ពិត​ន័យ​ត្រង់ លោក​ឧកញ៉ា​ចង់​បញ្ជាក់​ថា លោក​មិន​ព្យាយាម​ធ្វើការ​វិនិយោគ​តែ​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ លោក​ត្រូវ​ស្វែងរក​ប្រភព​ជំនួញ​ពាណិជ្ជកម្ម​ធំៗ​​មក​ពី​ក្រៅ​ប្រទេស ដើម្បី​សហការ​វិនិយោគ​រួម​គ្នា នោះ​ទើប​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​លោក​កាន់តែ​រីក​ចម្រើន​មិន​ចេះ​រីង​ស្ងួត ហើយ​នាំ​មក​នូវ​ចំណូល​ចូល​ជាតិ តាម​រយៈ​ការ​បង់​ពន្ធ​ផ្សេងៗ​ផង។

ឧកញ៉ា សៀ ឫទ្ធី បាន​ប្រាប់​ពី​ចំណុច​ពិសេស ២​យ៉ាង ដែល​លោក​តែងតែ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ក្រៅ​ប្រទេស។ លោក​​ថា បើ​សិន​ជា​យើង​ចង់​ទាក់ទាញ​វិនិយោគ​ក្រៅ​ប្រទេស​មក​​សហការ​ជាមួយ​យើង ទី១ យើង​ត្រូវ​តែ​កសាង​មូលដ្ឋាន​គ្រឹះ​ក្រុមហ៊ុន​ឲ្យ​រឹង​មាំ ទី២ មាន​ហិរញ្ញ​វត្ថុ​ច្បាស់​លាស់ និង​បញ្ជី​ស្នាម​ត្រឹម​ត្រូវ។

នៅ​ពេល​ដែល ខេមបូណូមីស សួរ​ថា តើ​លោក​ឧកញ៉ា​ចូលរួម​ចំណែក​អ្វី​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នោះ? លោក​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា ជា​ការ​ពិត បើ​និយាយ​ពី​ការ​អភិវឌ្ឍ គឺ​ជា​ការ​បោះ​ទុន​វិនិយោគ លោក​បាន​ខិត​ខំ​កៀរគរ​វិនិយោគ​ជា​ច្រើន​មក​ស្រុក​ខ្មែរ និង​អភិវឌ្ឍ​ប្រែ​ក្លាយ​ដី​ដែល​មាន​ស្មៅ ព្រៃ ដុះ​ទ្រុប​ទ្រុល ដែល​គ្មាន​តម្លៃ គ្មាន​មនុស្ស​រស់នៅ មក​ជា​ដី​ដែល​មាន​តម្លៃ​ខ្ពស់ និង​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម លំនៅ​ដ្ឋាន​ប្រណីតៗ បង្កើត​ការងារ បង្កើត​ចំណូល​ចូល​រដ្ឋ​តាម​រយៈការ​បង់​ពន្ធ ។ល។ និង ។ល។

ទាំង​អស់​នេះ​ហើយ​ ដែល​លោក​ឧកញ៉ា​ថា ​ជា​ការ​ចូលរួម​ចំណែក​របស់​លោក​នៅ​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​រាជ​រដ្ឋាភិបាល​ផង​ដែរ។

ក្រុមហ៊ុន​របស់​ឧកញ៉ា សៀ ឫទ្ធី ទាំង​អស់​ជាង ៣០​ក្រុមហ៊ុន សុទ្ធតែ​រួម​សហការ​គ្នា​វិនិយោគ​ជាមួយ​ដៃគូ​មក​ពី​ក្រៅ​ប្រទេស​ទាំង​អស់។ ប្រទេស​និង​ក្រុមហ៊ុន​បរទេស​ធំៗ​ល្បីៗ ដែល​លោក​ឧកញ៉ា សៀ ឫទ្ធី បោះទុន​រក​​ស៊ី​ជាមួយ មាន​មក​ពី​ប្រទេស​ចិន ហុងកុង តៃវ៉ាន់ សិង្ហ​បុរី រុស្ស៊ី អាល្លឺម៉ង់ អូស្ត្រាលី ថៃ វៀតណាម និង​ភូមា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លុយរៀល​និង​លុយ​យ៉ន់​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​លើ​ប្រតិបត្តិការ​ទូទាត់​ពាណិជ្ជកម្ម​​​កម្ពុជា​-ចិន

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​និង​ចិន​កំពុង​មាន​ភាព​ល្អូក​ល្អឺន​នឹង​គ្នា​បេះ​មិន​ដាច់​ឡើយ ទាំង​ផ្នែក​នយោបាយ​ការទូត និង​សេដ្ឋកិ…

យុទ្ធសាស្រ្ដ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​សហគ្រិន​នឹង​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច!

ព័ត៌មាន
ប្រសិន​បើ​អ្នក​នៅ​ក្មេង ហើយ​កំពុង​មាន​អារម្មណ៍​រំជើប​រជួល​ចង់​ចេញ​រកស៊ី​ដោយសារ​ឃើញ​គេ​ជោគជ័យ មើល​ទៅ​ដូចជា​ងាយ​ណាស់ បើក​ភ្លាម​ជោគជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ