ទស្សនកិច្ច​អ្នកកាសែត​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម

អ្នក​កាសែត​ទៅ​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម, ស្វាគមន៍​ដោយ​ឡាន​ស៊ីរ៉ែន​បើក​ផ្លូវ, ក្រុម​តន្រ្តី​កម្សាន្ត​និង​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់ៗ


បើក​ផ្លូវ​ដោយ​ឡាន​ស៊ីរ៉ែន​និង​ស្វាគមន៍​ដោយ​ក្រុម​តន្រ្តី​និង​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់ៗ ក្រសួង​ការពារ​ជាតិ​បាន​នាំ​អ្នក​សារព័ត៌មាន​ទៅ​មើល​អគារ​និង​ផែ​ទឹក​ជ្រៅ​នៅ​មូលដ្ឋាន​ទ័ព​ រាម ដើម្បី​បញ្ជាក់​ថា មិន​​មាន​ចិន​ឈរ​ជើង​នៅ​ទីនោះ​ទេ។
មន្ត្រី​រដ្ឋាភិបាល​ដឹកនាំ​អ្នក​សារព័ត៌មាន​ទៅ​ទស្សនកិច្ច​មូលដ្ឋាន​ទ័ព​ជើង​ទឹក រាម នាថ្ងៃទី២៦ កក្កដា ២០១៩។
ដោយ

កាសែត​អាមេរិក  Wall Street Journal បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ថា ចិន​និង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​កាល​ពី​និទាឃរដូវ​កន្លង​ទៅ ដើម្បី​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ឱ្យ​ប្រទេស​ចិន​ក្នុង​ការ​ប្រើប្រាស់​ផ្នែក​មួយ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម នៅ​កម្ពុជា។

អត្ថបទ​នោះ​ដែល​ដក​ស្រង់​សម្ដី​មន្រ្តី​អាមេរិក​និង​សម្ព័ន្ធមិត្ដ​ដោយ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​នោះ គឺ​សម្រាប់​រយៈ​ពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​ជា​ស្វ័យ​ប្រវត្តិ​រយៈ​ពេល ១០​ឆ្នាំ​ទៀត។

ដើម្បី​ច្រាន​ចោល​ព័ត៌មាន​នោះ​ថា​ជា​ព័ត៌មានក្លែងក្លាយ ក្រសួង​ការពារ​ជាតិ​បាន​ដឹក​ជញ្ជូន​អ្នក​សារព័ត៌មាន​ចំនួន​ជាង ៧០នាក់ មក​ពី ៣៨​ស្ថាប័ន ផ្សេងៗ​គ្នា នៅ​ថ្ងៃ​សុក្រ ទី២៦ ខែ​កក្កដា​នេះ ទៅ​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក រាម ​ផ្ទាល់​តែ​ម្តង។

នាវាល្បាត​ នៅមូលដ្ឋាន​ទ័ព​ជើង​ទឹក​ រាម។

ជា​ករណី​ដ៏​កម្រ​ដែល​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន​គេ​ទទួល​យ៉ាង​រាក់ទាក់​ ព្រមទាំង​ការ​អម​ដំណើរ​ដោយ​មាន​ឡាន​ស៊ីរ៉ែន​អម​មុខ​ក្រោយ​ផង​នោះ លោក អ៊ុក សីហា មេ​បញ្ជាការ​មូលដ្ឋាន​ទ័ព​រាម​ បាន​និយាយថា «ស្វាគមន៍» ហើយ​ក៏​បាន​អះអាង​ថា ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង​ហើយ។

លោក អ៊ុក សីហា បាន​សង្ខេប​ថា ទីតាំង​រាម​នេះ មាន​ទំហំ​ប្រហែល​ជា ១០០​ហិកតា ហើយ​បាន​ចាប់​កំណើត​តាំងពី​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​បាន​ឯករាជ្យ​ពី​បារាំង។

លោក អ៊ុក សីហា បាន​នាំ​ក្រុម​អ្នក​កាសែត​ទៅ​មើល​អគារ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​គណៈកម្មាធិការ​សន្តិសុខ​លំហ​សមុទ្រ​កាល​ពី​ឆ្នាំ​២០១៧ ជា​ទីកន្លែង​ដែល​ទីក្រុង​វ៉ាស៊ីងតោន បារម្ភ​​ខ្លាច​ថា កម្ពុជា​ប្រគល់​ទៅ​ឲ្យ​ចិន។

អ្នកសារព័ត៌មាន ទៅមើល​អគារ​មួយ ដែល​សង់​ដោយ​ជំនួយ​សហរដ្ឋ​អាមេរិក។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​អះអាង​ថា កម្ពុជា​នឹង​ប្រគល់​ទីកន្លែង​នេះ​ទៅ​ឲ្យ​កងទ័ព​ជើង​ទឹក​កម្ពុជា ខណៈ​ដែល​គណៈកម្មាធិការ​សន្តិសុខ​លំហ​សមុទ្រ​នេះ នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ទីកន្លែង​ផ្សេង​វិញ។

ក្រុម​អ្នក​កាសែត​ក៏​ត្រូវ​បាន​គេ​នាំ​ទៅ​មើល​ផែ​ទឹក​ជ្រៅ ដែល​មាន​នាវា​ល្បាត​មួយ​ចំនួន​នៅ​ទីនោះ​ផង​ដែរ។ អ្នក​កាសែត​ត្រូវ​បាន​គេ​ឲ្យ​ថត​រូប​ពី​ក្នុង​ឡាន​ក្រុង​ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ពី​ឡាន​នោះ​ទេ។

នៅ​កន្លែង​ទាំង​នេះ អ្នកសារព័ត៌មាន​មិន​បាន​ឃើញ​ទាហាន​ចិន​ឬ​ក៏​សំណង់​អ្វី​ថ្មី​នោះ​ទេ។

ក្រុមតន្ត្រី​ទាហាន​ជើង​ទឹកប្រគំ​កំដរ​ក្រុមអ្នកសារព័ត៌មាន ពេល​កំពុង​ទទួល​ទាន​អាហារថ្ងៃត្រង់។

លោក ឈុំ សុជាតិ បាន​និយាយ​ដូច្នេះ​ថា ៖ «ពេល​នេះ​អស់​លោក​ជា​ភ្នែក​ជា​ច្រមុះ ទាំង​ជាតិ អន្តរជាតិ អាច​មក​ដល់​ឃើញ​ហើយ តើ​យើង​មាន​អ្វី​លាក់​បាំង​ទៀត ចំពោះ​បរទេស​ដែល​គេ​នៅ​តែ​ចោទ​ថា យើង​មាន​នេះ មាន​នោះ ធ្វើ​នេះ ធ្វើ​នោះ។»

លោក​បាន​បន្ត​ថា ៖ «ថ្ងៃ​នេះ យើង​បង្ហាញ​ទាំង​អស់​តែ​ម្តង។ រឿង​អី​ក៏​ដោយ​ អត់​មាន​អី​លាក់​លៀម​ទេ។ យើង​មិន​អាច​លាក់​លៀម​បាន​ទេ ព្រោះ​សម័យ​នេះ ក៏​លាក់​មិនជិតដែរ ព្រោះ​មាន​សាត់តើឡាយ [ផ្កាយរណប] មាន​ស្អីៗ​ច្រើន​ណាស់។»

នៅពេល​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​អ្នក​សារព័ត៌មាន គឺ​មាន​ម្ហូប​ច្រើន​មុខ មាន​ក្តាម​ធំៗ បង្គារ​ធំៗ​រួមទាំង​ស្រាបៀរ​ផង​ដែរ ដែល​លើក​ជូន​ដោយ​នាវិកនារី​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន ខណៈ​ដែល​ក្រុម​តន្រ្តី​លេង​កំដរ​អារម្មណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី SGMC តម្លៃវិនិយោគ ៨ លានដុល្លារ បើកដំណើរការ​នៅកម្ពុជា​ហើយ !

ព័ត៌មាន
ក្រោយពីបានចូលមកសិក្សាទីផ្សារនៅប្រទេសកម្ពុជា អស់មួយរយៈរួចមក នៅទីបំផុត មជ្ឈមណ្ឌលវេជ្ជសាស្ត្របែបទំនើបរបស់សិង្ហបុរី SGMC បានបើកដំណើរការមជ្ឈម…

សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ «ឲ្យផ្ដល់ដី ធ្វើផ្លូវបន្ថែម ក្នុង​តំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ»

ព័ត៌មាន
សម្តេច ហ៊ុន សែន បានស្នើដល់អ្នកកឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នកអភិវឌ្ឍនៅតំបន់ទីក្រុងរណបលី យ៉ុងផាត់ ត្រូវផ្ដល់ដី សម្រាប់រាជរដ្ឋាភិបាលយកមកអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ