ការវិនិយោគពីម៉ាឡេស៊ី

ក្រុមហ៊ុនម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគគម្រោងសណ្ឋាគារ ២ពាន់បន្ទប់ តម្លៃ ៤ ពាន់ លានដុល្លារ នៅកម្ពុជា


នៅមុនថ្ងៃ នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកម្ពុជា ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានថ្លែងប្រាប់អ្នកសារព័ត៌មានម៉ាឡេស៊ី​ថា មានក្រុមហ៊ុនម៉ាឡេស៊ីកាន់តែច្រើន បាននិងកំពុងចាប់ផ្ដើម និងផ្ដោតការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗដែលនឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Tun Ma Mahathir Mohamad មកទស្សនកិច្ច៣ ថ្ងៃនៅកម្ពុជា (ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ២០១៩) [រូបភាព៖ https://www.thesundaily.my)
ដោយ

សារព័ត៌មានម៉ាឡេស៊ី Bernama ដែលបាន​ស្រង់​ប្រសាសន៍​របស់​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំកម្ពុជា បាន​ឲ្យដឹងថា ក្នុងរយៈពេល ៣ខែ ដំបូង​នៅឆ្នាំ២០១៩នេះ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំកម្ពុជា​បាន​ទទួល​សំណើ​សុំ​ពីក្រុមហ៊ុន​ម៉ាឡេស៊ី​ដើម្បី​វិនិយោគ​នៅកម្ពុជា​ចំនួន​២០ ក្រុមហ៊ុន ក្នុងនោះ រួមមាន​គម្រោង​សណ្ឋាគារ​២ពាន់បន្ទប់ ដែលមានតម្លៃទុន​វិនិយោគ​សរុប​ប្រមាណ ៤ ពាន់​លាន​ដុល្លារអាមេរិក​ផងដែរ។ ទោះយ៉ាងណា ឯកអគ្គរាជទូតរូបនេះ មិនបានបញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​នោះ​ជាសាធារណៈនោះទេ។

ចំពោះ​ដំណើរ​ទស្សនកិច្ច​​នៅកម្ពុជា​រយៈពេល​៣ថ្ងៃ (ថ្ងៃទី២ ដល់ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៩) របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Tun Ma Mahathir Mohamad នៅលើកនេះ ត្រូវបាន​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​លោក Eldenn Husaini បាន​គូស​បញ្ជាក់ទៀតថា គឺ​នឹង​មានការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សំខាន់ៗមួយចំនួន​ពិសេស​គឺ ទាក់ទង​នឹង​ការបញ្ជៀស​ការ​យកពន្ធ​ត្រួតគ្នា (DTA) រវាងប្រទេសទាំងពីរ។ 

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim () (រូបភាព៖ (http://bernama.com))

ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំកម្ពុជា​ជឿជាក់ថា វា​នឹង​ជាផ្នែកមួយ​ជួយ​ជំរុញដល់​ការពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ម៉ាឡេស៊ី និងកម្ពុជា​កាន់តែប្រសើរឡើង​មួយកម្រិតទៀត។

លើសពីនេះទៀត តាមរយៈ​ដំណើរទស្សនកិច្ច​ផ្លូវការនេះដែរ បើតាម​ការបញ្ជាក់​របស់​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​នៅក្នុងសារព័ត៌មាន​ម៉ាឡេស៊ី បាន​ឲ្យដឹងថា ថ្នាក់ដឹកនាំ​ម៉ាឡេស៊ី និងកម្ពុជា​ក៏រំពឹងថា នឹង​មានការ​ពិភាក្សា​គ្នា​បន្ថែម ទាក់ទង​នឹង​​ការធ្វើពាណិជ្ជកម្ម វិនិយោគ​និងកិច្ចសហការ​ក្នុងវិស័យ​កសិកម្ម​រួមទាំង​ការការពារ និង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ហាឡាល់ ផងដែរ។

បើនិយាយពីការវិនិយោគវិញ គិតនៅត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបាន​ការវិនិយោគ​ពីប្រទេសម៉ាឡេស៊ី​ក្នុងចំនួនជាទឹកប្រាក់ ប្រមាណ​តែជិត​១០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ដែលបានធ្វើឲ្យ​ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ​៨ ក្នុងចំណោម​ប្រទេស​វិនិយោគ​ចូលក្នុងប្រទេសកម្ពុជា​ច្រើនជាងគេ។ នេះបើតាម​តួលេខ​ដែលផ្ដល់ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ 

ដោយឡែក ចំពោះ​វិស័យទេសចរណ៍ បើតាមរបាយការណ៍ពីក្រសួង​ទេសចរណ៍ បង្ហាញថា គិតត្រឹម​ឆមាសទី ១ ដើមឆ្នាំ​ ២០១៩នេះ ប្រទេសកម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ម៉ាឡេស៊ី ជាង ៩ម៉ឺននាក់ ដែលមាន​កំណើន ៧ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំមុន ពោលគឺមាន​ចំណែក​ប្រមាណ ២,៨% នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប។

សូមជម្រាបថា បើតាម​ទិន្នន័យ​ពីសារព័ត៌មានម៉ាឡេស៊ី​ Bernama បានឲ្យដឹងថា ទំហំពាណិជ្ចកម្ម រវាង​កម្ពុជា និងម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបាន​៥៥៨ លាន​ដុល្លារអាមេរិក ខណៈដែល​នៅ៦ ខែ​ឆ្នាំ២០១៩នេះ សម្រេច​បាន​ ជាង​៤២២ លាន​ដុល្លារ កើនឡើង​ជាង​៣៩% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ កម្ពុជា គឺជា​ប្រទេស​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី ៨ របស់​ម៉ាឡេស៊ី នៅក្នុង​តំបន់អាស៊ាន ហើយជា​ប្រទេស​ដៃគូពាណិជ្ជកម្ម​ទី៥០ នៅទូទាំងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រៅពីចិន ក្រុមហ៊ុនស៊ីភីអែលកំពុងទាក់ទាញវិនិយោគិន​អចលនទ្រព្យ មកពីអ៊ីស្រាអែលបន្ថែមទៀត!

ព័ត៌មាន
ក្រោយពីបានសម្ពោធចំការម៉ៃសាក់ជិត ៣៥០ហិកតារបស់ក្រុមហ៊ុនធីកហ្វាម មកពីអ៊ីស្រាអែល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចមក ឧញ៉ា ចេង ខេង អគ្គនាយក…

វៀតណាម ចង់ក្ដោបយក​​វិនិយោគ​កាស៊ីណូបន្ថែម តាមរយៈ​ការសម្រួល​លក្ខខណ្ឌវិនិយោគ

ព័ត៌មាន
វៀតណាម ដែលត្រូវបានគេស្គាល់ថា ជាប្រទេសមានការតឹងរឹងហាមឃាត់ពលរដ្ឋខ្លួនចូលលេងល្បែងកាស៊ីណូនោះ នាពេលនេះបែរជាចង់កែប្រែលក្ខខណ្ឌច្បាប់វិនិយោគថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ