ធនធាន​រ៉ែ​និង​ប្រេងកាត

អ្នក​​​សេដ្ឋកិច្ច​ប្រាប់​ពី​យុទ្ធសាស្រ្ត​ប្រើប្រាស់​ធនធាន​រ៉ែ​ឲ្យ​មាន​ប្រសិទ្ធភាព


កម្ពុជា​សម្បូរ​ធនធាន​រ៉ែ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​កម្រ​ទាំង​នេះ ហាក់​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ធនធាន​រ៉ែ ដែល​គេ​សំដៅ​លើ​ប្រេង​កាត មាស និង​រ៉ែ​ដែក​ជាដើម គឺ​ជា​ធនធាន​​ធម្មជាតិ​ដ៏​មាន​តម្លៃ​និង​មិន​កកើត​ឡើង​វិញ​នោះ​ទេ។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា កម្ពុជា​នឹង​មាន​តំណក់​ប្រេង​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៩ អ្នក​ជំនាញ​សេដ្ឋកិច្ច​២​រូប បាន​បង្ហាញ​យុទ្ធសាស្រ្ត​មួយ​ចំនួន ក្នុង​ការ​ប្រើប្រាស់​ធនធាន​ដ៏​មាន​តម្លៃ​របស់​កម្ពុជា ឲ្យ​មាន​និរន្តភាព និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ពលរដ្ឋ​គ្រប់​ជំនាន់។

បណ្ឌិត​ជំនាញ​សេដ្ឋកិច្ច លោក គឹម សុភា បាន​ថ្លែង​ថា ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ដែល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​សិក្សា​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ ការ​ដេញ​ថ្លៃ​ប្រកប​ដោយ​តម្លាភាព បង្កើន​ប្រសិទ្ធភាព​នៃ​ការ​​តាមដាន​ក្រុមហ៊ុន ជា​ពិសេស ការ​កំណត់​តម្លៃ​ពន្ធ​ឲ្យ​បាន​សមស្រប។

លោក​មាន​ប្រសាសន៍​ថា៖ «ឧទាហរណ៍ យើង​នឹង​បូម​ប្រេង​នៅ​ប្លុក A ១A ដែល​មាន​ផ្ទៃ​១៩៨​គីឡូម៉ែត្រ​ក្រឡា ដោយ​បូម​មួយ​ថ្ងៃ​បាន ៧ ទៅ ៨​ម៉ឺន​បារ៉ែល។ តាំង​ពី​ដំណើរការ​បូម​ចូល​រោងចក្រ​ចម្រាញ់ រហូត​ដល់​បាន​​ប្រេង​លក់​លើ​ទីផ្សារ តើ​ក្រុមហ៊ុន​បាន​ផល​កម្រៃ​ប៉ុន្មាន? យើង​សិក្សា​មួយ​ដំណាក់ៗ​ឲ្យ​បាន​លម្អិត​សិន ទើប​យើង​កំណត់​ពន្ធ​ឲ្យ​សមស្រប ព្រោះ​អ្នកឯង​(ក្រុមហ៊ុន)​មិន​អាច​រកស៊ី​ដោយ​ធ្វើ​នំ​អត់​ម្ស៉ៅ​បាន​ទេ មិន​អាច​​ចំណេញ​បាន​ច្រើន​លើស​លប់​បាន​ទេ ព្រោះ​ប្រាក់​ពន្ធ​នឹង​ចូល​រដ្ឋ ហើយ​វា​ជា​ប្រាក់​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស»។

លោក​បណ្ឌិត គឹម សុភា អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច។

ការ​ថ្លែង​របស់​លោក​បណ្ឌិត គឹម សុភា គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត បន្ទាប់​ពី​សម្រាក​អាហារ​សម្រន់​ក្នុង​វេទិកា​យុវជន​មួយ ដែល​គេ​ពិភាក្សា​អំពី​យុទ្ធសាស្រ្ត​នៃ​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេង​កាត ដែល​រៀបចំ​កាល​ពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៧។

បើ​តាម​លោក គឹម សុភា កម្ពុជា​មាន​ធនធាន​រ៉ែ​ប្រេងកាត​នៅ​ក្នុង​សមុទ្រ​ចំនួន​៦​ប្លុក និង​រ៉ែ​លើ​ដី​គោក​មាន​ចំនួន​១៩​ប្លុក។ រ៉ែ​នៅ​លើ​ដីគោក ត្រូវ​បាន​លោក គឹម សុភា អះអាង​ថា ភាគច្រើន​មាន​នៅ​តំបន់​ភ្នំ និង​ខ្ពស់​រាប ដូចជា នៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពត និង​ខេត្ត​កែប។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ថ្លែង​ថា ការ​បូម​ប្រេង​កាត គឺ​មិន​មាន​និរន្តរភាព​នោះ​ទេ ព្រោះ​ប្រេង​កាត​នឹង​លែង​មាន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ពេល​ណា​មួយ​ជា​មិន​ខាន។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ។

លោក​ពន្យល់​ថា ៖ «និរន្តរភាព​នៃ​ធនធាន​ដែល​យើង​ប្រមូល​បាន គឺ​ត្រូវ​បង្វែរ​ទៅ​ជា​ធនធាន​សង្គម​និង​សេដ្ឋកិច្ច មាន​ន័យ​ថា យើង​អាច​យក​ទៅ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន ដូចជា ធ្វើ​ផ្លូវ​ថ្នល់​ឲ្យ​បាន​រឹង​មាំ​ល្អ និង​វិនិយោគ​លើ​ធនធាន​មនុស្ស​ជា​ដើម»។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ប្រយោជន៍​យូរ​អង្វែង​ដល់​មនុស្ស​គ្រប់​ជំនាន់ ដែល​អាច​ទទួល​បាន​ផល​ពី​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល របស់​កម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A របស់​កម្ពុជា។ 

គេរំពឹង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​តំណក់​ប្រេង​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០ ព្រមទាំង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​ទៀត​ផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស៊ិន ចន្ធី៖ ការ​វិនិយោគ​ផ្លូវ​ក្រវាត់​ក្រុង​ភ្ជាប់​ទៅ​តំបន់​ព្រំដែន​ជា​មេដែក​ស្រូប​សេដ្ឋកិច្ច​ដ៏​សំខាន់

ព័ត៌មាន
អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥ ដែល​តភ្ជាប់​ពី​ព្រំដែន​ប្រទេស​ថៃ មក​រ…

មាន​ការ​ភ្ញាក់​ផ្អើ​ល​និង​បារម្ភ​ ​ពេល​ឮ​ថា ចិន​នឹង​សង់​ព្រលាន​យន្តហោះ​ធំ​បំផុត​នៅ​វៀតណាម

ព័ត៌មាន
នៅ​ក្នុង​ប្រទេស​វៀតណាម មាន​ការ​ចោទ​ជា​សំណួរ​ទៅ​លើ​ជំនាញ​របស់​ក្រុមហ៊ុន​ចិន ដែល​ត្រូវ​គេ​ដាក់​ស្នើ​សុំ​ឲ្យ​កសាង​ព្រលាន​យន្តហោះ​ដ៏​ធំ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ