តំលៃស្វាយនៅកម្ពុជា

ក្រសួងកសិកម្មចេញមកបញ្ជាក់ជាថ្មីទៀតជុំវិញរឿងស្វាយធ្លាក់ថ្លៃ


ស្របពេលដែលប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការស្វាយត្អូញត្អែរអំពីតម្លៃស្វាយធ្លាក់ថ្លៃ ឬគ្មានទីផ្សារនោះ ក្រសួងកសិកម្មនៅថ្ងៃទី ២៣ ខែកុម្ភៈ បានចេញមកបញ្ជាក់ជូនជាថ្មីទៀត តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួន ដោយបានបញ្ជាក់ហេតុផលថា តម្លៃស្វាយកំពុងធ្លាក់ចុះនេះ ដោយសារតែអំឡុងពេលនេះ ជារដូវកាលប្រមូលផលស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងទៀត ដែលបណ្ដាលឲ្យមានបរិមាណស្វាយជន់ជោរច្រើនលើសលុបនៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុងស្ថិតក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរាលដាលកូវីដ-១៩។
រូបភាព៖ ហ្វេសប៊ុក​សមាគមស្វាយ​កំពង់ស្ពឺ
ដោយ

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​ដដែលនេះ បាន​គូសបញ្ជាក់ទៀតថា បច្ចុប្បន្ន​តម្លៃ​ផ្លែស្វាយ​នៅប្រទេសចិន​ក៏បានធ្លាក់ថ្លៃដែរ គឺចុះមកនៅត្រឹម​១ដុល្លារ១០សេន ទៅ ១ដុល្លារ​២០សេន​ប៉ុណ្ណោះ​ក្នុងមួយគីឡូក្រាម។

ជុំវិញ​រឿងស្វាយ​ធ្លាក់ថ្លៃ​នេះដែរ មិនមែនតែកសិករ​ម្ចាស់​ចម្ការ​ខ្នាតតូចៗ​ដែលរងផលប៉ះពាល់ទេ សូម្បីតែ​ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថា​ជាមហាសេដ្ឋីកសិកម្ម​នៅកម្ពុជា​នោះ ក៏ជួបបញ្ហា​ដូចគ្នាដែរ។ ប្រាប់សារព័ត៌មាន​តាមរយៈទូរស័ព្ទ​នាពេល​ថ្មីៗនេះ ឧកញ៉ា ម៉ុង ឫទ្ធី​បញ្ជាក់ថា ស្វាយលោក​នៅសល់​ប្រមាណ​៦ម៉ឺនដើម ស្មើនឹងជិត​១ពាន់តោន​ មិនទាន់បាន​បេះផ្លែនោះទេ ដោយសារតែ​គ្មានទីផ្សារ ព្រោះស្វាយលោកភាគច្រើន​លក់ចេញទៅក្រៅប្រទេស ប៉ុន្ដែ​ដោយសារ​កូវីដ-១៩ ធ្វើឲ្យរាំងស្ទះដល់ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​បានជា​ធ្វើឲ្យស្វាយ​របស់ឧកញ៉ា ម៉ុង​ឫទ្ធី​មិនអាច​ដឹកនាំចេញបាន។

ក្រុម​កសិករ​ម្ចាស់ចម្ការស្វាយ​នៅខេត្តត្បូងឃ្មុំ​បាន​ប្រាប់ខេមបូណូមីសដែរថា តម្លៃស្វាយ​ពិតជាបាន​ធ្លាក់ថ្លៃមែន ដោយ​កាលពីមុន​ធ្លាប់លក់បាន​មួយគីឡូក្រាម​១ពាន់៥រយ​ទៅ ២ពាន់រៀល ឥឡូវលក់​បានតែ​៤០០ ទៅ៥០០​រៀលប៉ុណ្ណោះ ហើយមិនសូវ​មានអ្នកទិញទៀតផង។

ក្រសួងកសិកម្ម​បាន​បញ្ជាក់ដែរថា ក្រសួង​កំពុង​ខិតខំណាស់​ដែរ​ក្នុងការ​ស្វះស្វែងរកទីភ្សារ​សម្រាប់​ផ្លែស្វាយនេះ ដូចជា​នៅប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ សម្រាប់​ទីផ្សារចិន បើទោះបីជា​មានកិច្ចព្រមព្រៀង​លើពិធីសារ​នាំចេញស្វាយ​ក៏ដោយចុះ ប៉ុន្ដែ បច្ចុប្បន្ន​មានក្រុមហ៊ុន​តែ៤ប៉ុណ្ណោះ ដែលបាន​បញ្ចប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដស្របតាម​ស្ដង់ដារ​តម្រូវ​សម្រាប់​ការវេចខ្ចប់នាំចេញ ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក៏បាន​ផ្ញើលិខិត​ស្នើសុំ​ការពិនិត្យ និងឯកភាព​ចុះបញ្ជី​ពីប្រទេសចិនរួចហើយដែរ​កាលពីថ្ងៃទី ១២ ខែកុម្ភៈ​កន្លងទៅថ្មីៗនេះ ដើម្បីឲ្យភាគីចិន​ពិនិត្យ​ និងសម្រេច​អនុញ្ញាត​ឲ្យ​នាំចេញ​ផ្លែស្វាយ​ស្រស់​ពីកម្ពុជា​ទៅកាន់ប្រទេសចិន។

ដូច្នេះ យើងរំពឹងថា​នឹង​អាចទទួលបាន​ចម្លើយពីខាង​មិត្តចិន​ឆាប់ៗ ដើម្បី​បើកទ្វារឲ្យ​ផ្លែស្វាយ​កម្ពុជា​នាំចេញ​ទៅកាន់ទីផ្សារចិន​ឲ្យបានលឿន ដើម្បី​ជាផ្នែកមួយ​ជួយ​សង្គ្រោះ​ដល់​ទិន្នផល​ស្វាយ​ដែលកំពុង​ជន់ជោរនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋប្រហារនៅភូមា៖សហភាពអឺរ៉ុបចេញមុខដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើពួកយោធា

ព័ត៌មាន
សហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទទី២២កុម្ភៈដើមសប្តាហ៍នេះ បានសម្រេចហើយថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមយោធាភូមា ដែលបានធ្វើរដ្ឋប្រហារ សម្លាប់លទ្…

ចិនរំពឹងការធ្វើដំណើរកម្សាន្ដក្នុងស្រុកហក់ឡើងខ្លាំងនៅឆ្នាំ២០២១ ខណៈដំណើរកម្សាន្ដទៅក្រៅប្រទេសធ្លាក់ចុះ

ព័ត៌មាន
ស្របពេលដែលការធ្វើដំណើរជាអន្តរជាតិរំពឹងថានឹងមានការដាំក្បាលចុះនៅអំឡុងពេលនៃមេរោគរាតត្បាតនេះ ប្រទេសចិនឯណោះវិញ រំពឹងថាកំណើននៃការធ្វើដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ