បញ្ហា Covid-19

ករណីជនជាតិជប៉ុន ដែលធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាមមាន Covid-19 ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទនៅរសៀលនេះ


ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើសន្និសីទកាសែត នៅរសៀលម៉ោង ៣ នៅថ្ងៃទី០៥ ខែមីនានេះ ជុំវិញករណីរកឃើញជនជាតិជប៉ុនម្នាក់ មានឆ្លងមេរោគ Covid-19 បន្ទាប់ពីអ្នកដំណើរ​ម្នាក់នេះ បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានខេត្តសៀមរាប ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម មុននឹងឡើងបន្តដំណើរ​ទៅកាន់ប្រទេសជប៉ុន។
ករណីជនជាតិជប៉ុន ដែលធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាមមាន Covid-19 ក្រសួងសុខាភិបាល នឹងធ្វើសន្នីសីទនៅរសៀលនេះ (រូបភាព៖ VN Express)
ដោយ

លោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បាន​បញ្ជាក់ប្រាប់​ខេមបូណូមីសថា ចំពោះ​ករណីនេះ ក្រសួង​សុខាភិបាល កំពុងធ្វើការងារនេះហើយ ក្រសួង​នឹង​បើកធ្វើសន្និសីទកាសែត អំពី​ករណីនេះ នៅរសៀ​លម៉ោង ៣ ថ្ងៃទី ០៥ មីនានេះ។

លោកជំទាវ ឱ វ៉ាន់ឌីន ប្រសាសន៍ថា «ចំពោះករណីហ្នឹង យើង​នឹងធ្វើ​សន្និសីទកាសែត នៅម៉ោង៣រសៀលនេះ អញ្ចឹង​ប្អូនអញ្ជើញមក​​ម៉ោង​៣រសៀលនេះ ដើម្បីបាន​ដឹង​ព័ត៌មាន​លម្អិត។ មីង មិនអាច​ធ្វើការ​ផ្ដល់ព័ត៌មានបានទេពេលនេះ ព្រោះ​ក្រសួង​កំពុង​ធ្វើការងារនេះហើយ។ អញ្ចឹង​ចង់ដឹងច្បាស់​ម៉ោង ៣រៀល អញ្ជើញមក។»

ការប្រកាស​ធ្វើសន្និសីទ របស់​ក្រសួង​សុខាភិបាល​កម្ពុជានេះ គឺធ្វើឡើង​បន្ទាប់ពីគេ​បាន​រកឃើញ​អ្នកដំណើរ​ជនជាតិ​ជប៉ុនម្នាក់ ដែលធ្វើដំណើរតាមជើងហោះហើរ​​ចេញពី​កម្ពុជា​ ទៅកាន់​​ប្រទេសវៀតណាម មុននឹង​បន្ត​ដំណើរ​ទៅ​ប្រទេសជប៉ុន គឺបានធ្វើតេស្ដ​ទៅ​រកឃើញថា មាន​​វិជ្ជមាន នៃវីរុស Covid-19។

បើតាមការរាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុកវៀតណាម អ្នកដំណើរ​ជប៉ុន​ម្នាក់ផ្ទុក​មេរោគ Covid-19 ម្នាក់នោះ គឺបានជិះយន្ដហោះ របស់ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ចេញពីខេត្តសៀមរាប ទៅកាន់ទីក្រុង ហូជីមិញ​នៅអង្គារ ទី៣ ខែមីនា មុននឹង​បន្តដំណើរ​ជើងហោះហើរនៃក្រុមហ៊ុន​អាសកាសចរណ៍​ដដែលនេះ ទៅកាន់​ប្រទេសជប៉ុន។​​

បន្ទាប់ពីបានចុះចត នៅឯអាកាសយានដ្ឋាន​ Nagoya របស់ជប៉ុន បុរស​ជាអ្នកដំណើរ​ជនជាតិ​ជប៉ុន​ម្នាក់នោះ បង្ហាញអាការៈ ឡើងកំដៅ​ខ្ពស់ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្រុក​។ លទ្ធផល​នៃការធ្វើតេស្ដ បញ្ហាញថា បុរសជនជាតិជប៉ុនម្នាក់នោះ ពិតជា​មាន​វិជ្ជមាន នៃវីរុស Covid-19។

ប្រភពព័ត៌មាន​បន្ថែមថា នៅឯអាកាសយានដ្ឋាន​សៀមរាប បុរស​ឆ្លង​មេរោគ Covid-19 ម្នាក់នោះ បាន​ Checked-in ដើម្បីធ្វើដំណើរ​ទៅកាន់​ព្រលាន​យន្ដហោះ​ Nagoya នៅប្រទេសជប៉ុន ដូច្នេះ មកដល់​ព្រលានយន្ដហោះ Tan Son Nhat នៃប្រទេសវៀតណាម គាត់​មិនបាន​ឈប់​ ដើម្បី​បន្ដូរយន្ដហោះថ្មីនោះទេ។ គាត់បាន ចូលទៅអង្គុយ​បន្ទប់​មានកៅអី​ជួរ C ប្រភេទកៅអី Business Class នៅម៉ោង ១០៖៣០ នាទី​យប់ ដើម្បី​រង់ចាំ​​ហោះហើរ​បន្ដ​ទៅជប៉ុន។​

បន្ទាប់ពី ដាក់អ្នកដំណើរ​អស់ នៅឯព្រលានយន្ដហោះ Nagoya យន្ដហោះ របស់ក្រុមហ៊ុន​វៀតណាម Vietnam Airlines បាន​ត្រឡប់​មកកាន់​ព្រលានយន្ដហោះ Tan Son Nhat វិញ នៅរសៀល​ថ្ងៃពុធ ទី ០៤ ខែមីនា ជាមួយអ្នកដំណើរ​ ៧៣នាក់ រួមជាមួយ​​បុគ្គលិកអាកាសចរណ៍ ១២នាក់។

បុគ្គលិកអាកាសចរណ៍​ទាំងអស់ រួមទាំង​អ្នកដំណើរ ៥១នាក់​ ដែលបាន​ធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ត្រូវបាន​ដាក់​ឲ្យនៅ ដាច់ដោយឡែក​ពីគ្នា។ រីឯ អ្នកដំណើរ​២២ នាក់​ផ្សេងទៀត ដែលត្រូវ​បន្ដដំណើរ​ទៅកាន់​គោលដៅ​ផ្សេងទៀត ត្រូវបាន​គេចាត់​វិធានការ ឲ្យនៅដាច់ដោយឡែក សម្រាប់​នីតិ​វិធី ភ្ជាប់ជើងហោះហើរ​របស់ពួកគេ។

ប្រទេសជប៉ុន មានករណីឆ្លង​មេរោគ Covid-19 គិតត្រឹមថ្ងៃពុធទី ០៤ ខែមីនា មាន ចំនួន ២៣០ ករណី ជាមួយអ្នកស្លាប់ ១២ករណី។

ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ Covid-19 នៅទូទាំង​សកលលោក មានការកើនឡើង ដល់ ៣២០២ នាក់់ មានភាគច្រើន​ គឺនៅចិនដីគោក និងបន្ទាប់មក មាននៅប្រទេស​អ៊ីតាលី (៧៩នាក់) អឺរ៉ង (៧៧នាក់) និងកូរ៉េខាងត្បូង (៣២នាក់) ខណៈដែល​សហរដ្ឋអាមេរិក (៩នាក់)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនខ្នាតយក្សល្បីៗជាច្រើនបានបោះទុនវិយោគ និងកំពុងចែចូវដីតំបន់សែនសុខ

ព័ត៌មាន
តំបន់តំបន់សែនសុខ៥ឆ្នាំចុងក្រោយ ត្រូវបានអ្នកជំនាញកត់សម្គាល់ឃើញថា មានការរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត ជាមួយនិងការអភិវឌ្ឍបុរីលំនៅដ្ឋាន …

ករណី​បុរសជប៉ុនមាន Covid-19 យ៉ាងហោចណាស់បានស្នាក់នៅកម្ពុជា ៥ថ្ងៃ មុនទៅដល់ជប៉ុន

ព័ត៌មាន
ករណីបុរសជនជាតិជប៉ុន ដែលបានធ្វើដំណើរអាកាសយានដ្ឋានខេត្តសៀមរាប ឆ្លងកាត់ប្រទេសវៀតណាម រួចបានទៅដល់ ប្រទេសជប៉ុន រកឃើញមានឆ្លងមេរោគ Covid-19…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ