កាហ្វេ-ឧបករណ៍បុរាណ

Museum Cafe ទីកន្លែងប្រមូលផ្តុំឧបករណ៍ចំណាស់ៗដំបូងគេនៅភ្នំពេញ


នៅជាប់របងវត្តមង្គលវ័ន (ហៅវត្តថ្វាយដង្គុំ) ភាគខាងត្បូង ហាងពិព័រណ៍កាហ្វេ ឬ មានស្លាកយីហោជាភាសាអង់គ្លេសថា Museum Cafe បានទទួលការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់​ពីអតិថិជន បន្ទាប់ពីបានបើកដំណើរការបានរយៈពេល២ខែមក។ មិនមែនរសជាតិកាហ្វេឆ្ងាញ់ដាច់គេនោះ ប៉ុន្តែ ហាងនេះ មានលក្ខណៈពិសេសជាងគេ ដោយសារតែ ផ្ទៃហាងទាំងមូល មានតាំងឧបករណ៍ចាស់ៗយ៉ាងច្រើនប្រភេទ ដែលត្រូវបានប្រមូលមកពីពាសពេញពិភពលោក។
នេះជាហាងពិព័រណ៍កាហ្វេ ដែលត្រូវបង្កើតឡើងដោយជនជាតិខ្មែរ
ដោយ

លោក យឿន សុភារៈ អតិថិជន ដែលគាំទ្រហាងកាហ្វេនេះ តាំងតែពីចាប់ផ្តើមបើកដំបូង បានឲ្យដឹងថា លោកចង់ឃើញឧបករណ៍ចាស់ៗ មានអាយុកាលយូរអង្វែង ដែលលោកមិនដែលឃើញរបស់របរទាំងនេះពីមុនមក។

លោករៀបរាប់យ៉ាងដូច្នេះថា៖ «ហាងកាហ្វេនេះ មានរបស់បុរាណប្លែកៗជាច្រើន។ ដូច្នេះ ខ្ញុំចង់មកអង្គុយលេងញ៉ាំកាហ្វេ ហើយបានមើលរបស់របរទាំងអស់នេះផង»។

សូមទស្សនាវីដេអូខាងក្រោម៖  

តាមពិតទៅ សម្ភារចាស់ៗទាំងនេះ ស្ទើរទាំងអស់ទៅហើយ មិនមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននោះទេ ព្រោះ ឧបករណ៍ក្នុងហាងទាំងអស់ មានអាយុកាលយូរមកហើយ។ យ៉ាងណាក៏ដោយ គេនឹងបានឃើញ និង បានសិក្សាស្វែងយល់ពីឧបករណ៍បុរាណទាំងនេះដោយមិនគិតថ្លៃ ដោយគ្រាន់តែចំណាយប្រាក់តិចតួចផឹកកាហ្វេនៅហាង Museum Cafe។

លោក លី ប៉េងហេង ស្ថាបនិកហាងពិព័រណ៍កាហ្វេ បានចំណាយពេល២០ឆ្នាំ ប្រមូលឧបករណ៍ចំណាស់ៗជាច្រើនប្រភេទមកពីគ្រប់ទិសទីទាំងក្នុងស្រុក និង ក្រៅប្រទេស ដាក់តាំងនៅហាងកាហ្វេរបស់ខ្លួន ដែលបានបង្កើតឡើងបានទើបតែបាន២ខែប៉ុណ្ណោះ។ វាជាទីកន្លែងមួយ ដែលយុវជនខ្មែរជំនាញក្រោយ អាចបានឃើញ និងស្វែងយល់ឧបករណ៍បុរាណកម្រទាំងនេះ។

លោក លី ប៉េងហេង ស្ថាបនិកហាងពិព័រណ៍កាហ្វេ

លោកប្រាប់ ខេមបូណូមីស យ៉ាងដូច្នេះថា៖ «ឧបករណ៍ទាំងនេះ ៩០ភាគរយ ខ្ញុំទិញពីបរទេស ព្រោះ ប្រទេសយើងជួបសង្គ្រាម។ ដូច្នេះ វត្ថុបុរាណ បានវិនាសហិនហោច ដែលធ្វើឲ្យខ្ញុំប្រមូលវត្ថុចាស់ៗនៅក្នុងប្រទេសបានតិចតួចណាស់។ ហើយហាងកាហ្វេនេះ គឺជាគំនិតប្រពន្ធរបស់ខ្ញុំ មិនមែនគំនិតខ្ញុំទេ។ ប្រពន្ធខ្ញុំគាត់ថា ខ្ញុំមានវត្ថុបុរាណចាស់ៗស្រាប់។ ដូច្នេះ គាត់ក៏ចង់ឲ្យខ្ញុំបង្កើតហាងកាហ្វេ ដោយមានដាក់តាំងឧបករណ៍ទាំងនេះ»។

កំពុងអង្គុយផឹកកាហ្វេនិយាយលេងជាម្ចាស់ហាងយ៉ាងរីករាយ លោក ម៉ី កុសល្យ អតិថិជន ដែលចូលចិត្តវត្ថុបុរាណ បានប្រាប់ ខេមបូណូមីស ថា ហាងកាហ្វេនេះ ខុសពីហាងកាហ្វេដទៃទៀត ព្រោះ វាមានវត្ថុបុរាណ ដែលលោកចង់ឃើញ និងចង់ពិភាក្សាស្វែងយល់ពីរបស់របរបុរាណបន្ថែមទៀត។

នេះជាឧបករណ៍ស្ថិតក្នុងហាងពិព័រណ៍កាហ្វេ

លោកនិយាយបែបនេះថា៖ «ខ្ញុំមកទីនេះ ដើម្បីបានជួបបងៗ ដែលចូលចិត្តវត្ថុបុរាណដូចគ្នា។ ដូច្នេះ ហាងកាហ្វេនេះ ហាក់ដូចជាកន្លែងណាត់គ្នាមួយ ដើម្បីនិយាយពីវត្ថុបុរាណ។ កន្លងមក សង្គមយើង អត់ទាន់បានយល់ដឹង និងចាប់អារម្មណ៍ពីវត្ថុបុរាណ។ ប៉ុន្តែ ពីថ្ងៃនេះទៅ តាមរយៈ​ហាង​កាហ្វេ​នេះ យើងនាំគ្នាស្រឡាញ់វត្ថុបុរាណ។ ការបង្កើតហាងកាហ្វេរបស់ម្ចាស់ហាងនេះ បានជួយផ្តល់ឲ្យមហាជន បានស្គាល់របស់បុរាណកាន់តែច្រើន»៕

នេះជាកង់សម័យដើម ដែលមាននៅក្នុងហាងពិព័រណ៍កាហ្វេ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហោស្រពសិល្បៈ​អាស៊ី​ប៉ាស៊ីហ្វិក ប្រមូលផ្តុំសិល្បករវ័យក្មេង១០ប្រទេស មកប្រកួតនៅសៀមរាប

ព័ត៌មាន
មហោស្រពសិល្បអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Arts Festival) ដែលបង្កើតឡើងដោយប្រទេសសិង្ហបុរី បានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៩ ខែកុ…

អ្នកស្រី ជា សុខលាង៖ ជ្រើសរើសបុគ្គលិក ខ្ញុំមើលតែ២ចំណុចទេ! តើមានអ្វីខ្លះ?

ព័ត៌មាន
បុគ្គលិក គឺជាបេះដូងរបស់ក្រុមហ៊ុន ដ្បិត ក្រុមហ៊ុនបិទទ្វារ ឬ បើកទ្វារដំណើរការ អាស្រ័យយ៉ាងសំខាន់លើបុគ្គលិក។ តើបុគ្គលិកល្អ ត្រូវមានគុណសម្បត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ